១. ការស្វែងយល់ និងទទួលយកការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ១
ជំងឺទឹកនោមផ្អែមប្រភេទ១ មិនត្រឹមតែធ្វើឲ្យប៉ះពាល់រាងកាយរបស់យើងទេ ជំងឺនេះក៏ធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ដែរ។ យុវវ័យដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចមានការព្រួយបារម្ភពីបញ្ហាប្រឈមប្រចាំថ្ងៃ ក្នុងការគ្រប់គ្រងស្ថានភាពជំងឺរបស់ខ្លួន និងអនាគត។ ក្នុងនាមជាមនុស្សធំម្នាក់ ជាពេលសំខាន់មួយដែលយើងត្រូវរៀនពីវិធីសាស្ត្រឯករាជ្យម្ចាស់ការដោយខ្លួនឯង ចេញពីឪពុកម្ដាយ និងរៀបផែនការជីវិតបន្ទាប់ ដូចជាការសិក្សានៅសាកលវិទ្យាល័យ ការងារ ឬ ចាប់ផ្ដើមបង្កើតគ្រួសារដោយខ្លួនឯង។
វាជារឿងធម្មតាទេ ដែលមានអារម្មណ៍សោកសៅ ខឹង ឬមិនសប្បាយចិត្ត នៅក្នុងដំណាក់កាលនេះ ដោយសារតែភាគច្រើននៃយុវវ័យដទៃទៀតមិនមានរឿងប្រឈមដូចយើង។ ប៉ុន្តែត្រូវជឿជាក់ថា ពេលយើងមានភាពឯករាជ្យម្ចាស់ការ កាន់តែខ្លាំង ជំងឺទឹកនោមផ្អែមប្រភេទ១ ក៏កាន់តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយកាន់តែមានអារម្មណ៍ថាយើងមានជីវិតធម្មតាដូចយុវវ័យដទៃទៀតដែរ។
ពេលខ្លះ យើងអាចនឹងបាក់ទឹកចិត្ត ហើយពេលខ្លះទៀតយើងក៏អាចនឹងបន្លប់ខ្លួនឯងថាជំងឺនេះបានបាត់ ឬមិនមានទាល់តែសោះនៅលើខ្លួនយើងដែរ។ ប៉ុន្តែសូមយល់ថាវិធីដែលល្អបំផុតដែលយើងត្រូវធ្វើ គឺទទួលយកការពិត ហើយគិតវាដូចជាមិត្ត មិនមែនសត្រូវឡើយ។ ភាពសោកសៅ និងកំហឹង នឹងមិនអាចជួយនរណាម្នាក់បានយូរនោះឡើយ។ ប្រសិនបើយើងមិនគិត ឬមិនចង់និយាយពីជំងឺទឹកនោមផ្អែម នោះស្ថានភាពនឹងកាន់តែអាក្រក់។
ដូចនេះហើយ សូមយើងកុំធ្វើជាមិត្តអាក្រក់នឹងជំងឺមួយនេះ សូមធ្វើជាមិត្តល្អ ដែលតែងតែយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ មួយទៀតសូមធ្វើដូចជាមនុស្សម្នាក់ដែលទាក់ទងគ្នាជាប្រចាំ ជាមួយមនុស្សម្នាក់ទៀតដែលជិតស្និទខ្លាំង។ ធ្វើដូចនេះ យើងនឹងរៀនពីជំងឺនេះកាន់តែឆាប់ និងដឹងពីវិធីដោះស្រាយកាន់តែលឿន ដើម្បីអាចគ្រប់គ្រងស្ថានភាពជំងឺបានកាន់តែប្រសើរ។
ដឹងថាពេលខ្លះ យើងធំដឹងក្ដីហើយ ពិតជាចង់មានឯករាជ្យលើខ្លួនឯងមែន តែគ្នាយើងដឹងទេ ពេលខ្លះយើងក៏នៅតែត្រូវការប៉ាម៉ាក់ ដើម្បីជាកម្លាំងចិត្តដែរ។ ដូចជាពេលនេះ អ៊ីចឹង យើងគឺពិតជាត្រូវការពួកគាត់ដើម្បីលើកទឹកចិត្ត ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភែត១ នេះ។ ដូចនេះហើយ បើយើងមានបញ្ហាពិបាកចិត្ត ត្រូវចែករំលែកជាមួយពួកគាត់ ព្រោះថាទោះយើងអាយុច្រើនប៉ុណ្ណា ក៏ប៉ាម៉ាក់នៅតែបារម្ភពីយើង។ នេះមានន័យថាទោះជាយើងធំដឹងក្ដីហើយមែន យើងក៏នៅតែត្រូវការ ការគាំទ្រពីប៉ាម៉ាក់នៅពេលខ្លះដែរ។
២. ដំណោះស្រាយជាមួយអារម្មណ៍
ជំហានដ៏សំខាន់មួយរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គឺការទទួលយកការពិត ដោយរៀនពីវិធីដែលយើងអាចសម្របខ្លួនទៅនឹងស្ថានភាពជំងឺ និងអាចគ្របគ្រងវាបាននៅក្នុងជីវិតយើង។ យើងមិនគួរដាក់ចិត្តឲ្យខ្វល់លំបាកតែពីជំងឺនេះទេ តែយើងត្រូវរៀនពីវាវិញ នោះស្ថានភាពផ្លូវចិត្តរបស់យើងនឹងកាន់តែប្រសើរបន្តិចម្ដងៗ។
យើងមិនមែនរស់នៅក្នុងផែនដីនេះតែម្នាក់ឯងទេ ដូចនេះ យើងព្យាយាមរកជំនួយពីមនុស្សនៅជុំវិញខ្លួន ហើយស្នើឲ្យពួកគេជួយគាំទ្រយើង និងផ្ដល់ព័ត៌មានដែលយើងត្រូវការ។
អ្វីៗស្ថិតក្នុងដៃរបស់យើង បើយើងចង់គ្រប់គ្រងជំងឺនេះ យើងនឹងអាចធ្វើបាន។ ដូចគ្នាដែរ អ្នកដែលអាចបញ្ឈប់យើងពីការតាំងចិត្តនេះ ក៏មានតែខ្លួនយើងដែរ។ ដឹងថាយើងមិនអាចមានអារម្មណ៍ល្អ និងរឹងមាំ រាល់ថ្ងៃនោះទេ ប៉ុន្តែយើងគឺខ្លាំងជាងអ្វីដែលខ្លួនយើងគិតទៅទៀត។ យើងអាចធ្វើការងារដ៏អស្ចារ្យបាន ប៉ុន្តែយើងត្រូវតែព្យាយាមដើម្បីធ្វើវាដែរ។
វាជារឿងធម្មតាទេដែលយើងមានអារម្មណ៍ប្រែប្រួលខុសៗគ្នា ទៅលើស្ថានភាពជំងឺរបស់យើង ប៉ុន្តែយើងនឹងអាចសម្របខ្លួន មើលថែជំងឺខ្លួនឯងបាន ហើយនឹងធ្វើឲ្យការថែទាំនោះទៅជាទម្លាប់ប្រចាំថ្ងៃទៀតផង។ យើងនឹងនៅតែជាយុវវ័យ ធម្មតាម្នាក់ ដូចទៅនឹងអ្នកដទៃដែរ ដោយគ្រាន់តែបន្ថែមទម្លាប់ប្រចាំថ្ងៃមួយចំនួនក្នុងជីវិត មិនខុសអីដូចយើងទម្លាប់ដុះសម្អាតធ្មេញជាប្រចាំថ្ងៃអ៊ីចឹង។ ពេលយើងជោគជ័យក្នុងការបន្ថែមទម្លាប់ប្រចាំថ្ងៃកាន់តែច្រើន នោះយើងនឹងគិតពីរឿងអាក្រក់របស់ជំងឺទឹកនោមផ្អែមប្រភេទ១កាន់តែតិច ហើយផលវិបាកនៃជំងឺក៏មានកាន់តែតិចទាំងនៅពេលនេះ នឹងពេលខាងមុខ។
៣. ក្លាយជាបុគ្គលមានម្ចាស់ការលើខ្លួនឯង
នៅពេលវ័យយើងកាន់តែច្រើន ការត្រូវចេះឯករាជ្យម្ចាស់ការលើខ្លួនឯងក៏ត្រូវមានកាន់តែច្រើនដែរ ដូចជាយើងត្រូវមានការទទួលខុសត្រូវលើខ្លួនឯង និងចេះគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ របស់យើងអ៊ីចឹងដែរ។ យើងត្រូវចេះរៀបចំពេលលេវាចាត់ចែងបញ្ហាម្ដងមួយៗ និងមិនចាំបាច់ប្រញាប់ពេកនោះទេ ព្រោះវាវាមិនមែនជារឿងងាយស្រួលទេពេលយើងត្រូវទម្លាប់ធ្វើអ្វីមួយឲ្យបានទៀងទាត់នោះ។
នៅពេលមួយដែលយើងអាចសម្របខ្លួនទៅនឹងទម្លាប់របស់យើង គ្រប់គ្រងជំងឺរបស់យើងបាន នោះយើងជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងកាន់តែឯករាជ្យម្ចាស់ការថែមទៀត។
៤. ថែរក្សាផ្លូវចិត្តឲ្យបានល្អ
ដឹងថាយើងពិតជាមិនងាយស្រួលទេក្នុងការរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ១រាល់ថ្ងៃនោះ ពេលខ្លះយើងអាចពិបាកចិត្ត ដែលនេះជារឿងធម្មតារបស់មនុស្សយើងទេ។
– បាក់ទឹកចិត្ត
បើយើងចេះតែពិបាកចិត្ត ហើយអារម្មណ៍បែបនេះមិនបាត់ទៅវិញទេ យើងប្រហែលជាប្រឈមនឹងជំងឺបាក់ទឹកចិត្តហើយ។ ការមានជំងឺបាក់ទឹកចិត្ត ពេលយើងមានជំងឺទឹកនោមផ្អែម គឺមិនមែនជារឿងចម្លែកអ្វីពេកទេ អ្នកជំងឺទឹកនោមផ្អែមគឺអាចវិវត្តទៅជាមានបញ្ហាបាក់ទឹកចិត្តដល់ទៅពីរដងខ្ពស់ជាងអ្នកដែលមិនមានជំងឺនេះ។
ការដែលមានអារម្មណ៍បាក់ទឹកចិត្ត គឺនៅពេលខ្លះយើងមានអារម្មណ៍ថាអស់សង្ឃឹម និងមិនមានអារម្មណ៍វិជ្ជមានទាល់តែសោះពីជីវិតរបស់ខ្លួនឯង។ យើងអាចនឹងដាក់ខ្លួនឯងឲ្យនៅឯកោ កាន់តែច្រើន និងនៅឆ្ងាយពីអ្នកដទៃកាន់តែច្រើន។ អ្វីដែលយើងត្រូវដឹងនោះ គឺថាយើងមិនមែនឯកាទេ ទោះជាមានអារម្មណ៍ដូចនោះម្ដងម្កាលក៏ដោយ។ ដូចនេះហើយ ជាការសំខាន់ ដែលយើងត្រូវដឹងពីសញ្ញានៃការបាក់ទឹកចិត្ត និងចែករំលែកបញ្ហានេះ ទៅគ្រួសារ និងគ្រូពេទ្យរបស់យើង។
– ពិបាកចិត្ត
ពេលខ្លះយើងអាចនឹងមានអារម្មណ៍ខកចិត្ត ស្ដាយក្រោយ សោកសៅ ឬព្រួយបារម្ភ។ ក្រៅពីនេះយើង ក៏អាចនឹងមានបញ្ហាថប់អារម្មណ៍ ពីការដែលមានជាតិស្ករក្នុងឈាមទាប ឬក៏មានផលវិបាកផ្សេងទៀតដោយសារជំងឺនេះដែរ។ ប្រសិនបើអារម្មណ៍ទាំងនេះមិនបាត់ទៅវិញទេ ឬធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់យើងមានបញ្ហា នោះវាជាការសំខាន់ដែលយើងត្រូវនិយាយប្រាប់នរណាម្នាក់ហើយ និងវាក៏មិនចម្លែកអីដែរ បើសិនជាយើងមានអារម្មណ៍បែបនេះនៅពេលខ្លះ តែកុំភ្លេងយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ ត្រូវស្វែងរកជំនួយ។
– អារម្មណ៍ និងអាហារត្រូវញ៉ាំ
ជំងឺទឹកនោមផ្អែមប្រភេទ១ គឺតម្រូវឲ្យយើងផ្ដោតការយកចិត្តទុកដាក់លើអាហារដែលយើងត្រូវញ៉ាំ។ ដោយហេតុនេះហើយ ទើបពេលខ្លះអាចធ្វើឲ្យយើងស្ត្រេសបាន។ អ្នកជំងឺខ្លះ អាចញ៉ាំកាន់តែច្រើននៅពេលដែលពួកគេស្ត្រេស ឬញ៉ាំតិច ពេលដែលគេពិបាកចិត្ត។ ការញ៉ាំអាហារខុសៗគ្នា អាចបង្កឲ្យប៉ះពាល់ដល់អារម្មណ៍យើងដូចគ្នា។
ពេលខ្លះ អាចមកពីការផ្ដោតសំខាន់ទៅលើរូបរាង និងទម្ងន់រាងកាយខ្លាំងពេកផងដែរ។ ទាំងនេះ ហើយ គឺសុទ្ធតែជាមូលហេតុដែលនាំឲ្យការញ៉ាំអាហារមិនល្អចំពោះសុខភាព ដែលពេលខ្លះគេហៅថាបញ្ហាក្នុងការញ៉ាំទៀតផង។ អ្វីទាំងនេះ គឺជាបញ្ហាធ្ងន់ធ្ងរដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចកើតមាន។ ប្រសិនបើយើងមានបញ្ហាដូចនេះ ជាការសំខាន់ដែលគួរលើកយកបញ្ហានេះឡើងដើម្បីស្វែងរកជំនួយពីក្រុមគ្រូពេទ្យ ឬអ្នកផ្សេងទៀត។
៥. រៀបចំផែនការ
ដោយសារតែយើងជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ យើងត្រូវតែ ត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលអាចកើតមានឡើងចំពោះសុខភាពយើង។ ទោះបីជាយើងបានសម្របខ្លួនទៅនឹងជំងឺនេះបានទៅហើយក្ដី តែមានពេលខ្លះក៏យើងនៅតែ ប្រឈមខ្លះទៅនឹងបញ្ហាឡើងចុះជាតិស្ករក្នុងឈាមដែរ បើទោះបីជាយើងព្យាយាមធ្វើតាមការណែនាំរបស់គ្រូពេទ្យហើយក្ដី។
អ្វីទាំងនេះ គឺទាមទារឲ្យយើងព្យាយាមអត់ធ្មត់ និងត្រូវសម្លឹងមើលទៅមុខដោយជំនឿចិត្ត សេចក្ដីក្លាហាន និងមោទនភាពចំពោះអ្វីដែលយើងបានធ្វើ។
ចំពោះការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម យើងក៏ត្រូវចេះសម្របខ្លួនរៀនគិតពីចំណុចវិជ្ជមានដូចគ្នាដែរ។ ពេលយើងអាចសម្របខ្លួនទៅនឹងជំងឺទឹកនោមផ្អែមបាន យើងនឹងមានភាពជឿជាក់លើខ្លួនឯង ពោរពេញដោយក្ដីសង្ឃឹម ទទួលបានការគាំទ្រ និងកាន់តែរឹងមាំ។
នៅពេលមួយ យើងនឹងក្លាយជាអ្នកជំនាញក្នុងការយល់ និងអាចដោះស្រាយជាមួយនឹងអារម្មណ៍ខ្លួនយើងបាន ហើយក៏អាចថែទាំសុខភាពបានកាន់តែល្អប្រសើរ។ ជាការពិតទៅការមានជំងឺទឹកនោមផ្អែមអាចបង្រៀនយើងពីវិធីដើម្បីដោះស្រាយនិងសម្របទៅនឹងបញ្ហាប្រឈមក្នុងជីវិតតាមរបៀបដែលមនុស្សវ័យក្មេងដទៃទៀតមិនអាចធ្វើបាន។ ប៉ុន្តែសូមចង់ចាំអ្វីដែលមានសរសេរនៅក្នុងអត្ថបទនេះ។ យុវវ័យគឺជាវ័យដែលសំខាន់បំផុតក្នុងជីវិតចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ១។
ជាពេលវេលាដែលមានការផ្លាស់ប្តូរច្រើននៅក្នុងខ្លួនរបស់យើង ហើយវាជាពេលវេលាដែលការគ្រប់គ្រងជាតិស្ករបានល្អ ជាការចាំបាច់ ប្រសិនបើចង់ជៀសវាងផលវិបាកនៃជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅពេលក្រោយ។
សូមកុំខ្លាច គ្រាន់តែទទួលយកការពិតនេះ ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីអាចទទួលបានការគ្រប់គ្រងជាតិស្ករល្អបំផុត។ នោះគឺជាអ្វីដែលយើងគ្រប់គ្នាអាចធ្វើបាន។ ដូចដែលនិយាយអ៊ីចឹង គឺមានរឿងតែមួយគត់ដែលបញ្ឈប់យើងបាន នោះគឺខ្លួនយើងផ្ទាល់។