១. តើអ្វីទៅជាបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាម?
កម្រិតជាតិស្ករក្នុងឈាម គឺសំដៅលើបរិមាណជាតិស្ករដែលមាននៅក្នុងឈាមរបស់យើង។ នៅពេលដែលកម្រិតជាតិស្ករនេះធ្លាក់ចុះទាបខ្លាំង គេហៅបញ្ហានេះថាជាការធ្លាក់ចុះទាបនៃកម្រិតជាតិស្ករនៅក្នុងឈាម (Hypoglycaemia)។ កម្រិតជាតិស្ករដែលទាបពេក អាចបណ្ដាលឲ្យយើងមានរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនដែលត្រូវការការព្យាបាលភ្លាមៗ។
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវព្យាយាមរក្សាកម្រិតជាតិស្ករនៅក្នុងឈាមកុំឲ្យឡើងខ្ពស់ពេក ឬកុំឲ្យចុះទាបពេក។
២. តើយើងអាចសម្គាល់ធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងដូចម្ដេច?
សញ្ញានិងរោគសញ្ញានៃការធ្លាក់ចុះជាតិស្ករក្នុងឈាមខ្លាំងអាចអាស្រ័យលើភាពផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ និងថាកម្រិតធ្លាក់ចុះនោះលឿនប៉ុនណា។
សញ្ញានៃការធ្លាក់ចុះជាតិស្ករក្នុងឈាមខ្លាំងរួមមាន៖
- បែកញើស
- ឃ្លានខ្លាំង
- ចង្វាក់បេះដូងលោតញាប់
- និយាយមិនច្បាស់
- ឆាប់ខឹងមួម៉ៅ
- វិលមុខ
- អស់កម្លាំង
- ស្រវាំងភ្នែក
- យំដោយគ្មានមូលហេតុ
- ញ័រដៃជើង
ពេលខ្លះបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមនេះ អាចនឹងធ្ងន់ធ្ងរខ្លាំង និងអាចធ្វើឲ្យយើងសន្លប់ ឬប្រកាច់ទៀតផង។
យើងត្រូវចាំថា៖ រោគសញ្ញាទាំងអស់នេះ មិនមែនសុទ្ធតែបណ្ដាលមកពីការធ្លាក់ចុះទាបជាតិស្ករក្នុងឈាមនោះទេ។យើងអាចធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាម នៅពេលដែលយើងមានអារម្មណ៍មិនស្រួលខ្លួន។ យើងត្រូវចាំថាមិនត្រូវទាយផ្ដេសផ្ដាសពីរោគសញ្ញាទាំងនេះទេ។
ប្រសិនបើយើងធ្លាប់មានបញ្ហាធ្លាក់ចុះជាតិស្ករក្នុងឈាមនៅពេលយប់ យើងអាចនឹងយំខ្លាំង មានសុបិនអាក្រក់ ឬបែកញើសពេលយប់ (មានសើមលើកម្រាលពូក ឬសំលៀកបំពាក់គេងយប់) ហើយអាចភ្ញាក់ឡើងមានអារម្មណ៍ថាខ្សោយ ឬឈឺក្បាល។
៣. មូលហេតុដែលកម្រិតជាតិស្ករក្នុងឈាមរបស់យើងចុះទាប
យើងអាចមានបញ្ហានេះនៅពេល៖
- រំលងពេលញ៉ាំអាហារ ឬញ៉ាំអាហារមិនគ្រប់គ្រាន់នៅអំឡុងពេលបាយ
- ហាត់កីឡាយូរពេក ឬខ្លាំងជាធម្មតាពេក ដោយមិនញ៉ាំអាហារបន្ថែម
- ចាក់អាំងស៊ុយលីនលើសកម្រិត
- ចាក់អាំងស៊ុយលីនមិនទៀងពេល មិនសមស្របនិងអាហារ អាហារសម្រន់ និងហាត់ប្រាណ
- កើតអំឡុងពេលគេង ដែលគេហៅថា nocturnal hypoglycemia
- ច្រើនម៉ោងក្រោយហាត់ប្រាណ ដែលគេហៅថា delayed post-exercise hypoglycemia
- បន្ទាប់ពីអ្នកជំងឺផឹកស្រា (ជាតិអាល់កុល)។ ជាតិអាល់កុល ធ្វើឲ្យខូចសមត្ថភាព របស់រាងកាយក្នុងការរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា ដែលនេះជាមូលហេតុនាំឲ្យធ្លាក់ចុះជាតិស្ករភ្លាមៗ។
យើងអាចស្វែងយល់ពីគ្រោះថ្នាក់នៃជាតិអាល់កុល និងថ្នាំញៀនចំពោះសុខភាពរបស់យើង។ ក៏ដូចគ្នានេះដែរ សកម្មភាពមួយចំនួនផ្សេងទៀតអាចបង្កើនគ្រោះថ្នាក់ប្រឈមនឹងបញ្ហាកម្រិតជាតិស្ករធ្លាក់ចុះទាបដូចគ្នាដែរ។
សកម្មភាពទាំងនោះរួមមាន៖
- ចាក់អាំងស៊ុយលីនចូលក្នុងសាច់ដុំ ជាជាងចាក់ចូលស្រទាប់ខ្លាញ់នៅក្រោមស្បែក។
- ចាក់អាំងស៊ុយលីនចូលទៅក្នុងផ្នែកណាមួយនៃរាងកាយដែលប្រើច្រើនក្នុងសកម្មភាពកីឡា ដូចជាចាក់នៅជើង មុនពេលលេងហាត់បាល់ទាត់ជាដើម។
ស្ថានភាពមានរៀបរាប់ទាំងអស់ខាងលើនេះ នឹងបង្កើនឱកាសធ្វើឲ្យយើងជាអ្នកជំងឺមានបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាម។
៤. ការធ្វើតេស្តមើលកម្រិតជាតិស្ករទាបនៅក្នុងឈាម
វិធីតែមួយគត់ដែលអាចដឹងប្រាកដថាយើងមានបញ្ហាកម្រិជាតិស្ករក្នុងឈាមទាប គឺការធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាម តែបើសិនយើងមិនអាចពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗទេ ជាការសំខាន់យើងត្រូវព្យាបាលដោយខ្លួនឯង ចំពោះបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាម ភ្លាមៗដើម្បីការពារកុំឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមខ្លះ ជាធម្មតាមិនងាយសម្គាល់ឃើញសញ្ញាខ្លះៗ នៃកម្រិតជាតិស្ករក្នុងឈាមចុះទាបនោះទេ។ ចំពោះអ្នកទាំងនោះ រឹតតែសំខាន់ទៅទៀតដែលត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់ និងបន្ថែមការប្រុងប្រយ័ត្នដើម្បីការពារកុំឲ្យជាតិស្ករនៅក្នុងឈាមចុះទាប (សូមមើលគន្លឺះការពារខាងក្រោម)។ បើសិនយើងមានអារម្មណ៍មិនល្អជំពោះរោគសញ្ញានៃការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម យើងត្រូវប្រាប់គ្រូពេទ្យឲ្យបានដឹងរឿងនេះផង។
៥. តើយើងត្រូវព្យាបាលបញ្ហាធ្លាក់ចុះទាបកម្រិតជាតិស្ករក្នុងឈាមយ៉ាងដូចម្ដេច?
បើសិនកម្រិតជាតិស្ករក្នុងឈាមរបស់កូនទាបជាង ៧០មិល្លីក្រាម/ដេស៊ីលីត្រ ឬ៤មិល្លីម៉ូល/លីត្រ(70mg/dl ឬ4.0 mmol/l) ប៉ាម៉ាក់គួរតែឆាប់ដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត។
ខាងក្រោមនេះជាជំហានដែលយើងត្រូវធ្វើ៖
ជាជំហានដំបូងបើដឹងថាកូនមានកម្រិតជាតិស្ករទាបជាង៧០មិល្លីក្រាម/ដេស៊ីលីត្រ ឬ៤មិល្លីម៉ូល/លីត្រ(70mg/dl ឬ4.0 mmol/l) យើងត្រូវឲ្យកូនញ៉ាំទឹកឃ្មុំ ១ស្លាបព្រាបាយ ឬ ផឹកភេសជ្ជៈផ្អែមកន្លះពែងដូចជា ទឹកផ្លែឈើ ឬ ទឹកក្រូចជាដើម និងត្រូវសម្រាក១៥នាទី បន្ទាប់មកត្រូវធ្វើតេស្តពិនិត្យមើលជាតិស្ករក្នុងឈាម។
ក្រោយការធ្វើតេស្តនេះករណីកម្រិតជាតិស្កក្នុងឈាមខ្ពស់ជាង៧០មិល្លីក្រាម/ដេស៊ីលីត្រ ឬ៤មិល្លីម៉ូល/លីត្រ(70mg/dl ឬ4.0 mmol/l) យើងត្រូវញ៉ាំអាហារសម្រន់ ដូចជានំប៉័ង ១ចំណិត ឬផ្លែប៉ោម១ផ្លែ ឬ អាហារមួយពេល (ប្រសិនបើដល់ពេលបាយហើយ)។
ដូចគ្នាដែរបើករណីកម្រិតជាតិស្កក្នុងឈាមទាបជាង៧០មិល្លីក្រាម/ដេស៊ីលីត្រ ឬ៤មិល្លីម៉ូល/លីត្រ(70mg/dl ឬ4.0 mmol/l) យើងត្រូវញ៉ាំទឹកឃ្មុំ ១ស្លាបព្រាបាយ ឬ ផឹកភេសជ្ជៈផ្អែមកន្លះពែង ដូចជា ទឹកផ្លែឈើ ឬទឹកក្រូច និងត្រូវសម្រាក១៥នាទី និងបន្ទាប់មកត្រូវតេស្តមើលជាតិស្ករក្នុងឈាមរបស់យើងម្ដងទៀតដែរ។
ខុសពីចំណុចពីរខាងលើនេះ យើងត្រូវប្រុងប្រយ័ត្នដែរថា បើសិនកម្រិតជាតិស្ករក្នុងឈាមរបស់យើងទាបជាង៤០មិល្លីក្រាម/ដេស៊ីលីត្រ ឬ២,២មិល្លីម៉ូល/លីត្រ (40mg/dl ឬ2.2 mmol/l ) យើងត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់។
ត្រូវដឹងថាប្រសិនបើយើង ឬនរណាម្នាក់ធ្លាប់មានអាការៈប្រកាច់ ឬសន្លប់ ដោយសារបញ្ហានេះ គឺមិនត្រូវព្យាមយាមញ៉ាំអាហារ ឬផ្ដល់អាហារដល់អ្នកទាំងនោះទេ ដោយសារតែការញ៉ាំអាហារនេះអាចប្រឈមនឹងគ្រោះថ្នាក់បណ្ដាលឲ្យអ្នកជំងឺស្លាក់បាន។