គ្រឿងញៀន គ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១ គ្រឿងស្រវឹង

fb

September 5th, 2022

គ្រឿងញៀន គ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១  គ្រឿងស្រវឹង

ស្រា និង ជំងឺទឹកនោមផ្អែមប្រភេទ១

១. ចំណុចសំខាន់គួរយល់ដឹងអំពីគ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១

គ្រឿងស្រវឹងគឺជាថ្នាំកំសាន្តដែលប្រើជាទូទៅហើយអាចរកបានដោយស្របច្បាប់ អាស្រ័យលើអាយុ និងទីកន្លែងដែលអ្នករស់នៅ។

សូមពិនិត្យមើលច្បាប់ក្នុងប្រទេសរបស់អ្នកអំពីការប្រើប្រាស់គ្រឿងស្រវឹង និងអាយុដែលអាចផឹកដោយស្របច្បាប់។

ដូចថ្នាំផ្សេងៗទៀតដែរ គ្រឿងស្រវឹងមានហានិភ័យច្រើន ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានលើសុខភាព សុខុមាលភាព និងទំនាក់ទំនងរបស់អ្នក។

ការផឹកគ្រឿងស្រវឹងច្រើនពេកអាចនាំឱ្យមានការសម្រេចចិត្តមិនបានល្អ និងធ្វើឱ្យអ្នកងាយរងគ្រោះ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី 1 នោះអ្នកនៅតែអាចផឹកគ្រឿងស្រវឹងបាន ប៉ុន្តែវាមានហានិភ័យខ្ពស់ដែលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកប្រែប្រួល។

វាជាការចាំបាច់ណាស់ដែលអ្នកត្រូវដឹងអំពីហានិភ័យទាំងនេះ ដើម្បីការពារ និងជៀសវាងស្ថានភាពគ្រោះថ្នាក់ទាំងឡាយដែលអាចនឹងកើតមាន។

២. ការផឹកគ្រឿងស្រវឹងនិងការថយចុះជាតិស្ករក្នុងឈាម

ជាតិអាល់កុលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម (BGLs) ដែលអាចបណ្តាលឱ្យមានការថយចុះជាតិស្ករក្នុងឈាម (‘hypo’)។

គ្រឿងស្រវឹងមានច្រើនប្រភេទ ហើយវាប៉ះពាល់ដល់ជាតិស្ករក្នុងឈាមតាមរបៀបផ្សេងៗគ្នា។ ឧ. ស្រាបៀរ និងស្រាផ្អែម មានកាបូអ៊ីដ្រាតច្រើន ដែលនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង។ ស្រាបិត (ឧ. វីស្គី វ៉ូដកា និងជីន) អាចបណ្តាលឱ្យជាតិស្ករក្នុងឈាមថយចុះ។

  • សម្រាប់មនុស្សទូទៅ នៅពេលដែលពួកគេផឹកគ្រឿងស្រវឹង ថ្លើមគិតថាវាជាជាតិពុលដែលត្រូវការកែច្នៃ
  • ប៉ុន្តែសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១វិញ ជាធម្មតាថ្លើមបញ្ចេញជាតិគ្លុយកូសក្នុងបរិមាណតិចតួចទៅក្នុងចរន្តឈាម ហើយនិងត្រូវបានគ្រប់គ្រងដោយអាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលវែង
  • ពេលដែលថ្លើមកំពុងមមាញឹកបញ្ចេញជាតិអាល់កុលចេញពីរាងកាយ វានឹងឈប់បញ្ចេញជាតិគ្លុយកូសទៅក្នុងចរន្តឈាម ដែលនាំឱ្យមានហានិភ័យជាតិស្ករក្នុងឈាមចុះទាបអំឡុងពេលដែលអ្នកជំងឺផឹកគ្រឿងស្រវឹង។
  • ជាដំបូងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងដោយសារនៅក្នុងគ្រឿងស្រវឹងមួយចំនួនមានផ្ទុកជាតិគ្លុយកូសដែលជាស្ករ ហើយបន្ទាប់មកថយចុះនៅពេលដែលថ្លើមចាប់ផ្តើមបំប្លែងជាតិអាល់កុលនោះ។
  • អ្នកនិង​មិត្តភ័ក្តិ​ ប្រហែល​ជា​មិន​បាន​ចាប់អារម្មណ៍​ពី​សញ្ញា​ចុះជាតិស្ករទេ ព្រោះ​វា​ ស្រដៀងគ្នា​នឹង​អាការស្រវឹងដែរ។
  • ដោយសារតែបែបនេះហើយទើបធ្វើឱ្យ អ្នក ឬមិត្តភ័ក្តិពិបាកនឹងដឹងថាខ្លួនឯងចុះជាតិស្ករ និងមិនបានទទួលជំនួយទាន់ពេលវេលា។
  • សញ្ញា នៃការចុះជាតិស្ករ មានដូចជា ញ័រដៃជើង បែកញើស វិលមុខ ឈឺក្បាល យំ រអ៊ូរទាំ ស្រេកឃ្លាន ងងុយដេក ច្របូកច្របល់ បេះដូងលោតញាប់ ស្ពឹកជុំវិញបបូរមាត់ និងម្រាមដៃ។
  • ប្រសិនបើអ្នក មានរោគសញ្ញាទាំងនេះ អ្នកត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើវាតិចជាង 4 mmol/L ត្រូវព្យាបាលការចុះជាតិស្ករភ្លាមៗដោយញ៉ាំអាហារសម្រន់នៅក្នុង កញ្ចប់ព្យាបាលពេលស្ករចុះ(Hypo Kit) ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបកំណត់ និងព្យាបាលការចុះជាតិស្ករក្នុងឈាម សូមមើលអត្ថបទរបស់យើងនៅទីនេះ។

៣. គន្លឹះផឹកគ្រឿងស្រវឹងដោយសុវត្ថិភាពសម្រាប់នឹងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 1

  • ត្រូវពិនិត្យជាតិស្ករក្នុងឈាម មុនពេល អំឡុងពេល និងក្រោយពេលផឹកគ្រឿងស្រវឹង។
  • អ្នកកាន់តែប្រឈមនឹងការចុះជាតិស្ករក្នុងឈាម ប្រសិនបើអ្នកចេញទៅដើរលេងនៅខាងក្រៅ ជាពិសេសបើរាំ ឬសកម្មជាងធម្មតា!
  • យ៉ាងហោចណាស់ត្រូវមានមនុស្សម្នាក់ដែលនៅក្បែរ ដឹងថាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី 1 និងវិធីព្យាបាលនៅពេលជាតិស្ករក្នុងឈាមចុះទាប ហើយក្រើនរំលឹកអ្នកឱ្យពិនិត្យកម្រិតជាតិស្ករក្នុងឈាម។
  • ព្យាយាមញ៉ាំចំណីដែលមានជាតិផ្អែមខ្លះមុនពេលផឹកគ្រឿងស្រវឹង ហើយកុំផឹកគ្រឿងស្រវឹងពេលពោះទទេ។
  • អ្នកត្រូវបន្តញ៉ាំអាហារសម្រន់ដែលមានជាតិកាបូអ៊ីដ្រាតរៀងរាល់ពីរបីម៉ោងម្តង នៅពេលកំពុងផឹកគ្រឿងស្រវឹង។
  • អ្នកត្រូវផឹកគ្រឿងស្រវឹងយឺតៗ កុំផឹកលឿនពេក ហើយគួរតែផឹកទឹកមួយកែវបន្ទាប់ពីផឹកភេសជ្ជៈមានជាតិអាល់កុលរួច។
  • ត្រូវដឹងពីបរិមាណកាបូអ៊ីដ្រាតនៅក្នុងគ្រឿងស្រវឹងដែលអ្នកកំពុងផឹក។
  • ភេសជ្ជៈដែលលាយស្រាប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បន្ទាប់ពីផឹក ។ យល់​ល្អអ្នក​គួរតែជៀសវាង​ភេសជ្ជៈ​ទាំងនេះ ព្រោះ​ពិបាក​កំណត់ពីបរិមាណ​ជាតិ​ស្ករដែលមានក្នុង ភេសជ្ជៈទាំងនេះ​។
  • ហាមភ្លេចចាក់អាំងស៊ុយលីន
  • ត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម មុនពេលចូលគេង និងប្រាកដថា វាមិនលើសពី L
  • អ្នកគួរតែញាំអាហារសម្រន់មុនពេលចូលគេង ហើយត្រូវចាំថា រាងកាយនៅតែបន្តដំណើរការបំប្លែងជាតិស្រវឹង ទោះបីក្រោយពេលឈប់ផឹកក៏ដោយ។
  • ត្រូវតែមានកញ្ចប់ព្យាបាលពេលចុះជាតិស្ករ ឬថ្នាំសម្រាប់ព្យាបាលនៅក្បែរគ្រែ ហើយអ្នកអាចលូកដៃយកដល់នៅពេលយប់ ឬពេលត្រូវការ។
  • ត្រូវដាក់ម៉ោងរោទិ៍ដើម្បីជួសជាតិស្ករក្នុងឈាមនៅពេលយប់ ឬ ពឹងសមាជិកគ្រួសារឲ្យចាំជួសជាតិស្ករឲ្យអ្នកនៅពេលយប់
  • ត្រូវរក្សាឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ថ្ងៃបន្ទាប់ និងត្រូវបន្តពិនិត្យកម្រិតជាតិស្ករក្នុងឈាម ហើយចាក់អាំងស៊ុយលីនដូចធម្មតា។

៤. ពេលណាដែលអ្នកទឹកនោមផ្អែមប្រភេទ១ មិនគួរផឹកគ្រឿងស្រវឹង

  • បើសិនជាអ្នកមិនចង់ផឹក ឬត្រូវបានគេបង្ខំឲ្យផឹកគ្រឿងស្រវឹង
  • នៅពេលដែលការគ្រប់គ្រងជំងឺទឹកនោមផ្អែម មិនបានល្អ ពោលគឺកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលញឹកញាប់ម្តងខ្ពស់ ម្តងទាប។
  • ប្រសិនបើអ្នកមានការខូចខាតសរសៃប្រសាទឬខូចភ្នែកដោយសារជំងឺទឹកនោមផ្អែមប្រភេទទី 1
  • បើអ្នកធាត់លើសទម្ងន់ អ្នកមិនគួរផឹកគ្រឿងស្រវឹងទេ ។
  • កុំផឹកពេលពោះទទេ មិនទាន់ញ៉ាំអី។ អ្នកត្រូវញ៉ាំកាបូអ៊ីដ្រាត ឬអាហារសម្រន់ខ្លះ មុនពេលចាប់ផ្តើមផឹកគ្រឿងស្រវឹង។
  • អ្នកមិនគួរផឹកគ្រឿងស្រវឹងតែម្នាក់ឯងទេ។អ្នកគួរតែប្រាប់មិត្តភក្កិថាខ្លួនឯង ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១ ដើម្បីអាចឲ្យគេជួយបានទាន់ពេលវេលាបើមានបញ្ហាណាមួយកើតឡើង

ថ្នាំញៀន និង ជំងឺទឹកនោមផ្អែមប្រភេទ១

១. តើអ្វីខ្លះជាថ្នាំញៀន?

ថ្នាំគឺជាសារធាតុគីមីដែលមនុស្សប្រើចូលទៅក្នុងខ្លួន ហើយវាផ្លាស់ប្តូររបៀបដែលរាងកាយ ឬខួរក្បាលដំណើរការ។ ថ្នាំអាចត្រូវបានយកទៅប្រើសម្រាប់ព្យាបាលតាមក្បួនវេជ្ជសាស្រ្ត ឬសម្រាប់ការកម្សាន្ត។

២. ថ្នាំកំសាន្ត

ការ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ការ​កម្សាន្ត​គឺ​ជាការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ ​ដើម្បីសប្បាយ។គ្រឿងស្រវឹង ថ្នាំជក់ និងជាតិកាហ្វេអ៊ីនអាចត្រូវបានចាត់ថ្នាក់ជាថ្នាំកំសាន្ត។

ថ្នាំកំសាន្ត ត្រូវបានគេយកមកប្រើប្រាស់ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវនោះទេ។ អ្នកខ្លះហៅថ្នាំកំសាន្តទាំងនោះថាជាថ្នាំប្រើនៅកន្លែងជប់លៀង ដូចជាកញ្ឆា ថ្នាំរវើរវាយ កូកាអ៊ីន និង អំហ្វេតាមីន។

ថ្នាំខាងលើនេះភាគច្រើន ជាប្រភេទថ្នាំខុសច្បាប់ក្នុងបណ្តាប្រទេសផ្សេងៗនៅលើសកលលោក។

សូមពិនិត្យមើលច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់របស់អ្នកជុំវិញការប្រើប្រាស់គ្រឿងញៀន។

អ្នក​ប្រហែល​ជា ​​ចង់​សាកល្បង​ប្រើ​ថ្នាំ​ដើម្បី​បន្ធូរអារម្មណ៍ ឬ​ត្រូវ​បាន​មនុស្សក្បែរខ្លួនបង្ខំឲ្យប្រើ​ ។

ការប្រើប្រាស់ថ្នាំកម្សាន្តមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ និង ស្មារតី ហើយជះឥទ្ធិពលអវិជ្ជមានដល់ការសិក្សា ការងារ និងជីវិតសង្គម។ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែជាជារឿងខុសច្បាប់ប៉ុណ្ណោះទេ វាជាទម្លាប់អាក្រក់មួយដែលនាំឱ្យមានបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារថែមទៀតផង។

ប្រសិនបើអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់មានបញ្ហាគ្រឿងញៀន សូមរកដំណោះស្រាយសមស្រប

៣. ថ្នាំនិងជំងឺទឹកនោមផ្អែមប្រភេទទី 1

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ហើយប្រើប្រាស់ថ្នាំញៀននោះអ្នកងាយភ្លេចចាក់       អាំងស៊ុយលីន ភ្លេចញ៉ាំអាហារ ភ្លេចផឹកទឹក និងឈានទៅរកការស្លាប់យ៉ាងឆាប់​​រហ័ស។អ្នកមានហានិភ័យខ្ពស់ក្នុងការមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងការវិវត្តទៅជាផលវិបាកនៃជំងឺទឹកនោមផ្អែម ketoacidosis (DKA) ឬធ្វើឱ្យសរីរាង្គខាងក្នុងលែងដំណើរការ។ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ឈឺក្រពះ ដកដង្ហើមធំក្លិនផ្លែឈើ ហត់ ក្អួត ឬខ្សោះជាតិទឹក អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

សូមអានបន្ថែមអំពីផលវិបាកនៃជំងឺទឹកនោមផ្អែមនៅទីនេះ និងរបៀបព្យាបាលនៅពេលជាតិស្ករក្នុងឈាមថយចុះ ​ឬ ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរតែចងចាំជានិច្ចនូវចំណុចខាងក្រោម៖

  • ត្រូវដឹងថាខ្លួនឯងកំពុងប្រើថ្នាំប្រភេទអី ពោលគឺត្រូវស្វែងយល់ពីផលប៉ះពាល់របស់ថ្នាំនោះជាមុនសិន មុនពេលសម្រេចចិត្តសាកល្បងប្រើវា ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យព្យាបាល។
  • កុំប្រើ ប្រសិនបើអ្នកមិនស្គាល់ថាវាជាថ្នាំអ្វី។
  • អ្នកមិនគួរប្រើប្រាស់ថ្នាំតែម្នាក់ឯងទេ។ ប្រសិនបើសម្រេចចិត្តថាប្រើថ្នាំ ត្រូវ មាននរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន(គាត់មិនប្រើថ្នាំជាមួយទេ) ​គាត់ស្គាល់ថ្នាំដែលអ្នកប្រុងលេប ហើយដឹងថាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី 1។
  • ត្រូវប្រើថ្នាំនៅកន្លែងដែលមានសុវត្ថិភាព និងផាសុកភាព។
  • អ្នកត្រូវតែបន្តប្រើថ្នាំអាំងស៊ុយលីន ឬពិនិត្យកម្រិតជាតិស្ករក្នុងឈាម។

យើងសូមណែនាំយ៉ាងមុតមាំថា អ្នកមិនត្រូវប្រើថ្នាំកម្សាន្តនោះទេ ព្រោះវាគ្មានសុវត្ថិភាព ហើយការញៀនថ្នាំអាចបង្កបញ្ហាជាច្រើនដល់សុខភាព ការងារ និងទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសារថែមទៀតផង។

 

 

HelloType1 content is based on published, internationally recognised guidelines and then reviewed by local experts to ensure it fits local context. The translation is based on simplified English language to ensure it conveys the safest and clearest possible message in regional languages. Basic insulin and blood glucose testing access is still an issue in the South-East Asia region and our chief aim is to address this. HelloType1 content is not intended to replace the advice of individual healthcare professionals but as a collaborative tool to help them improve the outcomes of disadvantaged people with Type 1 Diabetes in the region.


HelloType1 content is curated for the topics using information only taken from accredited sources such as the International Diabetes Foundation (IDF) and the International Society for Paediatric and Adolescent Diabetes (ISPAD).

This content is then reviewed and adapted by a panel consisting of healthcare experts (e.g. endocrinologist, nutritionist, diabetes nurse, psychologist) and members of the South-East Asia T1D communities, helping ensure the information is appropriate in a local context.

Writers of HelloType1 content:

Kara Winney- Programme Manager – Digital Innovation at A4D

 

Content Reviewers – healthcare professionals:

Prof. Dr May Ng, Paediatric Endocrinologist, Chief Medical Advisor A4D, UK

Assoc Prof Emeritus Nguyen Thy Khue, Endocrinologist, Vietnam

Lena Lim,Clinical Nurse Consultant Credentialed Diabetes Educator, Australia

Dr Amphayvanh Manivong – Paediatrician, Laos

 

Content Reviewers – people with Type 1 Diabetes:

Marlena Laura Wilson – Nursing Student, Thailand

អានបន្ថែមទៀត

អ្នក​​ជំងឺទឹកនោម​ផ្អែម​ប្រភេទ១ ​គ្រប់​គ្រង​ជំងឺ​បែបណា​​ពេល​មិនស្រួល​ខ្លួន?

អ្នក​​ជំងឺទឹកនោម​ផ្អែម​ប្រភេទ១ ​គ្រប់​គ្រង​ជំងឺ​បែបណា​​ពេល​មិនស្រួល​ខ្លួន?

គ្នាយើងណាខ្លះដឹងថាអ្វីទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

គ្នាយើងណាខ្លះដឹងថាអ្វីទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

ផ្ទាំងរូបភាព

A4D

UK Registered Charity: 1166447
9,Parkfield Road, Taunton, Somerset
TA1 4RL, United Kingdom
admin@action4diabetes.org