១. ជំងឺទឹកនោមផ្អែមប្រភេទ១ និងផលវិបាកចំពោះភ្នែក
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺភ្នែក ដែលគេហៅថាការខូចសរសៃឈាមបាតភ្នែកដោយជំងឺទឹកនោមផ្អែម(diabetic retinopathy) ដែលបញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់គំហើញអ្នកជំងឺ។
បើសិនជាកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ជាប្រចាំ នោះវានឹងអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់សរសៃឈាម។ ពេលប៉ះពាល់ដល់សរសៃឈាមរបស់ភ្នែក នោះឈាមនឹងមិនមានគ្រប់គ្រាប់សម្រាប់ស្រទាប់រ៉េទីន (Retina) ដែលជាផ្នែកមួយរបស់ភ្នែកជួយឲ្យយើងមើលឃើញ។
នៅពេលសរសៃឈាមត្រូវបំផ្លាញ នោះមានន័យថាស្រទាប់រ៉េទីនមិនអាចទទួលបានឈាមគ្រប់គ្រាន់តាមតម្រូវការទេ ហើយវាក៏មិនអាចដំណើរការបានត្រឹមត្រូវដែរ។ មានន័យថាយើងនឹងមិនអាចមើលឃើញបានច្បាស់ ហើយអាចធ្លាក់ខ្លួនពិការភ្នែកទៀតផង។
ទោះយ៉ាងណាយើងអាចមានវិធីច្រើនយ៉ាងដើម្បីការពារការបាត់បង់គំហើញនេះ សំខាន់យើងត្រូវដឹងពីសញ្ញាព្រមានផ្សេងៗឲ្យបានលឿនទាន់ពេល។ រឿងសំខាន់បំផុតគឺ អ្នកជំងឺត្រូវរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតនៅកម្រិតល្អតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការកុំឲ្យកើតមានផលវិបាកផ្សេងៗ។ ទៅពិនិត្យភ្នែករៀងរាល់ឆ្នាំ ដើម្បីឲ្យគ្រូពេទ្យអាចតាមដានបញ្ហាភ្នែក មុនមានបញ្ហាធ្ងន់។
២. បញ្ហាផ្សេងៗអាចកើតមានលើភ្នែក
- បញ្ហាភ្នែកឡើងបាយ៖ គឺការឡើងក្រាស់ និងមានឡើងដុំសលើកញ្ចក់ភ្នែក ដែលនាំឲ្យភ្នែកទៅជាព្រឹល ឬពិបាកមើលនៅពេលយប់។
- ជំងឺទឹកដក់នៅបាតភ្នែក៖ ពេលមានសម្ពាធកើតឡើងក្នុងភ្នែក នោះអាចនឹងកាត់បន្ថយលំហូរឈាមទៅកាន់ស្រទាប់រ៉េទីន និងប្រព័ន្ធប្រសាទអុបទិក(optic nerve) និងអាចធ្វើឲ្យខូចខាតបាន។ ពេលបញ្ហានេះកើតឡើងយូរអង្វែង មិនបានព្យាបាលទាន់ពេល ជំងឺនេះនឹងធ្វើឲ្យពិការភ្នែក។
- បញ្ហាខូចសរសៃឈាមបាតភ្នែកដោយជំងឺទឹកនោមផ្អែម៖ បញ្ហានេះកើតឡើងនៅពេលមានការប្រែប្រួលក្នុងស្រទាប់រ៉េទីន ដោយសារតែការខូចខាត ឬការកើតមានបញ្ហាលើសរសៃឈាមតូចៗរបស់ស្រទាប់រ៉េទីន។
៣. ការដឹងបញ្ហាភ្នែកទាន់ពេលវេលា
មធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាភ្នែករបស់យើងមានបញ្ហាឬអត់ គឺការទទួលបានការត្រូវពិនិត្យភ្នែកពីគ្រូពេទ្យជំនាញ។ ការខូចខាតភ្នែកអាចកើតឡើងបានដូចគ្នា បើទោះបីជាភ្នែករបស់យើងមើលទៅធម្មតាក៏ដោយ។ បញ្ហាភ្នែក មិនអាចសម្គាល់បានត្រឹមតែ ការត្រូវការពាក់វ៉ែនតានោះទេ។
ដូចដែលបាននិយាយអ៊ីចឹង វាជាការសំខាន់ណាស់ដែលយើងត្រូវតាមដាន និងដឹងឲ្យបានទាន់ពេលពីបញ្ហាភ្នែកដែលអាចកើតមាន ដើម្បីការពារការវិវត្តទៅជាបាត់បង់គំហើញ។ ដើម្បីបានដឹងពីបញ្ហាទាំងនេះ យើងត្រូវរៀបចំពិនិត្យភ្នែករៀងរាល់ឆ្នាំ ហើយត្រូវចាំថាការពិនិត្យនេះមិនមែនពិនិត្យដូចដែលយើងវាស់ភ្នែកសម្រាប់កាត់វ៉ែនតានោះទេ។
ការពិនិត្យភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺត្រូវពិនិត្យដោយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញផ្នែកចក្ខុនឹងថតភ្នែករបស់យើងយកមកពិនិត្យមើលពីភាពប្រែប្រួលផ្សេងៗនៅលើស្រទាប់រ៉េទីន និងតាមដានមើលក្រែងមានសញ្ញាណាមួយទាក់ទងនឹងការខូចខាតសរសៃបាតភ្នែក(retinopathy)។
បើសិនជាបញ្ហាអស់នេះ ត្រូវបានរកឃើញទាន់ពេលវេលា យើងអាចមានវិធីព្យាបាល ដែលអាចទប់ស្កាត់កុំឲ្យភ្នែកយើងឈានដល់ដំណាក់កាលបាត់បង់គំហើញបាន។ គ្រូពេទ្យអាចដឹងពីរឿងទាំងនេះបាន ដរាបណាយើងមានរបាយកាណ៍ពិនិត្យភ្នែកប្រចាំឆ្នាំ។
៤. តិចនិកជួយកាត់បន្ថយបញ្ហាលើភ្នែក
- រឿងដែលសំខាន់ត្រូវធ្វើ គឺយើងត្រូវរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅល្អតាមកម្រិតដែលគ្រូពេទ្យបានណែនាំ។
- យើងត្រូវតែទៅពិនិត្យភ្នែកឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ។
- ក្រៅពីនេះក៏ត្រូវតាមដានការប្រែប្រួលនៅលើភ្នែក ដូចជាបញ្ហាព្រឹលភ្នែក ភ្នែកឡើងបាយ និងភ្នែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យជាដើម។
- វីដែលមិនអាចរំលងបាននោះគឺញ៉ាំអាហារសុខភាពតាមគោលការណ៍ណែនាំ និងចៀសវាងញ៉ាំអាហារមានកាបូអ៊ីដ្រាតមិនល្អ ដូចជាភេសជ្ជៈកំប៉ុង បង្អែម ឬអាហារកែច្នៃ ដូចជាដំឡូងបារាំងបំពងជាដើម។
- ចំណុចមួយទៀត ដែលយើងគួរដឹងដែរគឺត្រូវហាត់ប្រាណឲ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ។