១. ជំងឺទឹកនោមផ្អែមប្រភេទ១ជាអ្វី?
ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺប៉ះពាល់ដល់វិធីដែលរាងកាយយើងប្រើប្រាស់ជាតិគ្លុយកូស។ គ្លុយកូសជាស្ករមួយប្រភេទដែលជាប្រភពផ្ដល់ថាមពលចំពោះរាងកាយ។ រាងកាយយើងត្រូវការជាតិស្ករដើម្បីដំណើរការ។
ខាងក្រោមនេះជាវិធីសាស្ត្រដែលរាងកាយយើងដំណើរការ៖
ពេលយើងញ៉ាំអាហារ ជាតិស្ករនៅក្នុងអាហារនឹងចូលទៅក្នុងចរន្តឈាម។ លំពែងផលិតអ័រម៉ូនមួយប្រភេទហៅថា អាំងស៊ុយលីន (Insulin) ដែលជួយដឹកជាតិស្ករ(គ្លុយកូស) ចូលទៅក្នុងកោសិកានានារបស់រាងកាយយើង។ ហេតុនេះហើយទើបរាងកាយយើងអាចមានថាមពលដែលត្រូវការ។
ប៉ុន្តែបើនរណាម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទ១ រាងកាយមិនអាចផលិតអាំងស៊ុយលីនបានទេ ឬផលិតបានដែរ ប៉ុន្តែមានកម្រិតមិនគ្រប់គ្រាន់។ ដោយសារតែគ្មានអាំងស៊ុយលីន ជាតិស្ករដែលបានពីអាហារនឹងមិនអាចចូលទៅក្នុងកោសិការបស់រាងកាយបានទេ ហើយនឹងបន្តកើនឡើងក្នុងចរន្តឈាម។ ជាតិស្ករច្រើននៅក្នុងឈាមនឹងធ្វើឲ្យយើងធ្លាក់ខ្លួនឈឺបើសិនជាមិនបានទទួលការព្យាបាលបានត្រឹមត្រូវ។
២. តើសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានអ្វីខ្លះ?
ពេលចាប់ផ្ដើមកើតដំបូងអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ជាទូទៅមានបញ្ហាដូចជា៖
- នោមញឹក៖ ព្រោះរាងកាយព្យាយាមបញ្ចេញចោលជាតិស្ករដែលលើសក្នុងឈាមចេញមកក្រៅរាងកាយតាមរយៈទឹកនោម។
- ស្រេកទឹកខ្លាំង៖ ញ៉ាំទឹកច្រើន ដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ដោយសារការនោមញឹក។
- ឆាប់ឃ្លាន៖ ញ៉ាំច្រើន ញ៉ាំញឹក ព្រោះជាតិស្ករដែលបានពីអាហារនឹងមិនអាចរលាយចូលទៅក្នុងកោសិការបស់រាងកាយយើងបាន។
- ស្រកទម្ងន់៖ ដោយសាររាងកាយចាប់ផ្ដើមប្រើជាតិខ្លាញ់ និងសាច់ដុំរបស់រាងកាយដើម្បីបង្កើតថាមពល ដោយសារតែមិនអាចប្រើជាតិស្ករតាមវិធីធម្មតាបាន។
- អស់កម្លាំង៖ អាចអស់កម្លាំងល្ហិតល្ហៃ ព្រោះរាងកាយយើងមិនអាចប្រើស្ករធ្វើជាថាមពលបាន។
សញ្ញាផ្សេងទៀតរួមមាន៖
- ខ្យល់ដង្ហើមមានក្លិនដូចផ្លែឈើ
- ស្រវាំងភ្នែក
- ឈឺពោះ
- ចង្អោរ ឬក្អួត
- សន្លប់បាត់ស្មារតី
- ដកដង្ហើមញាប់ ឬដកដង្ហើមធំ
៣. តើជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវព្យាបាលយ៉ាងដូចម្ដេច?
ការចាក់អាំងស៊ុយលីន គឺជាវិធីព្យាបាលតែមួយគត់ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ ការចាក់អាំងស៊ុយលីននឹងជួយជំនួសជាតិអាំងស៊ុយលីនដែលរាងកាយយើងមិនអាចផលិតបាន។ ការធ្វើតេស្តជាតិស្ករក្នុងឈាម ផែនការរបបអាហារ និងការធ្វើលំហាត់ប្រាណ គឺជារឿងសំខាន់ដើម្បីជួយយើងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
៤. តើយើងអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទ១ បានដូចម្ដេច?
មូលហេតុពិតប្រាកដដែលនាំឲ្យមានជំងឺទឹកនោមផ្អែមប្រភេទ១ គឺនៅមិនទាន់ដឹងនៅឡើយទេទោះបីជាកត្តាប្រឈមមួយចំនួនបានរកឃើញហើយក៏ដោយ។ កត្តាប្រឈមដែលនាំឲ្យកើតជាជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងកើនឡើងប្រសិនបើរាងកាយរបស់យើងមានប្រភេទហ្សែនមួយចំនួន។
យើងមិនមែនជាអ្នកបង្កឲ្យមានជំងឺនេះទេ ហើយមិនមានវិធីណាដែលយើងអាចការពារកុំឲ្យជំងឺនេះកើតឡើងបានដែរ។
៥. តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងបង្កការប៉ះពាល់ដល់ជីវិតរបស់យើងដូចម្ដេច?
យើងនៅតែមានសភាពធម្មតា បើសិនជាទទួលបានការព្យាបាលត្រឹមត្រូវ ហើយយើងនៅតែអាចធ្វើអ្វីគ្រប់យ៉ាងដូចមនុស្សទូទៅដែរ រួមមាន៖
- ទៅសាលារៀន
- ហាត់កីឡា
- ធ្វើការ
- រៀបការ និងមានកូនចៅទៅអនាគត។