១. ទាំងនេះជាឧបករណ៍ចាំបាច់សម្រាប់វាស់កម្រិតជាតិស្ករក្នុងឈាមកូនៗ
ឧបករណ៍វាស់កម្រិតជាតិស្ករ
ឧបករណ៍នេះជាឧបករណ៍អេឡិចត្រូនិកដែលយើងប្រើសម្រាប់វាស់ជាតិស្ករនៅក្នុងឈាមរបស់យើងថាតើមានកម្រិតប៉ុនណា។ ឧបករណ៍នេះអាចវាស់ជាតិស្ករក្នុងឈាមរបស់កូនៗយើងបានដោយគ្រាន់តែត្រូវ ការយកដំណក់ឈាមពីចុងម្រាមដៃប៉ុណ្ណោះ។ ឧបករណ៍នេះគួរថែរក្សា និងប្រើប្រាស់ទៅតាមការណែនាំរបស់ក្រុមហ៊ុនផលិត ដែលការថែទាំ និងប្រើប្រាស់នេះអាចមានភាពខុសប្លែកគ្នាខ្លះៗពីប្រភេទឧបករណ៍មួយទៅឧបករណ៍មួយផ្សេងទៀត។ ដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ យើងត្រូវអានសេចក្ដីណែនាំ ឬក៏អាចសាកសួរគ្រូពេទ្យពីវិធីប្រើ និងទុកដាក់ឧបករណ៍មួយនេះ។
បន្ទះតេស្ត
បន្ទះតេស្តត្រូវប្រើជាមួយតែឧបករណ៍វាស់កម្រិតជាតិស្ករដែលផលិតមកជាមួយគ្នាប៉ុណ្ណោះ ហើយបន្ទះនេះមិនអាចប្រើលើសពីម្ដងនោះទេ។ នេះមានន័យយើងត្រូវប្រើបន្ទះតេស្តថ្មីមួយទៀតនៅពេលណាយើងចង់វាស់កម្រិតជាតិស្ករឲ្យកូនទៀត។ មួយវិញទៀត ហាមផ្ដាច់ប្រើបន្ទះវាស់ជាតិស្ករដែលផុតសុពលភាពប្រើប្រាស់។ គ្នាយើងត្រូវរក្សាបន្ទះតេស្តនេះទៅតាមការណែនាំ និងចៀសវាងដាច់ខាតរក្សាទុកនៅក្នុងទូទឹកកក។
ប្រដាប់ជោះឈាម
ប្រដាប់ជោះឈាមនេះ មានម្ជុលនៅខាងចុង ដែលអាចជោះយកឈាមពីចុងម្រាមដៃកូនបាន ដើម្បីយកទៅពិនិត្យជាតិស្ករ។ គ្រូពេទ្យនឹងប្រាប់យើងថាឧបករណ៍មួយណាល្អប្រើ ដោយផ្អែកទៅតាមអាយុរបស់កូនៗយើង។
២. ពេលណា និងញឹកញាប់ប៉ុនណាដែលយើងត្រូវពិនិត្យជាតិស្ករឲ្យកូនៗ?
យើងគួរតេស្តជាតិស្ករឲ្យកូនៗយ៉ាងតិចពី ២-៤ដង ក្នុងមួយថ្ងៃ ហើយត្រូវកត់ត្រាលទ្ធផលតេស្តឲ្យបានត្រឹមត្រូវ។ ពេលវេលាល្អបំផុតដែលត្រូវតេស្ដគឺ៖
១. ពេលកូនភ្ញាក់ពីគេង និងមុនញ៉ាំអាហារពេលព្រឹក
២. មុនពេលកូនញ៉ាំអាហារថ្ងៃត្រង់
៣. មុនពេលកូនញ៉ាំអាហារពេលល្ងាច និង
៤. មុនពេលកូនចូលគេង។
“ប៉ាម៉ាក់កាន់តែ ត្រូវធ្វើតេស្តជាតិស្ករនេះញឹកញាប់ជាងធម្មតា បើកូនឈឺ ឬក៏មានការផ្លាស់ប្ដូររបៀបរស់នៅ ឬក៏ការផ្លាស់ប្ដូរផែនការព្យាបាលជំងឺទឹកនោមផ្អែមកូន។ ការមិនអាចគ្រប់គ្រងបាននូវកម្រិតជាតិស្ករនៅក្នុងឈាម មិនត្រឹមតែអាចធ្វើឲ្យមានបញ្ហារយៈពេលខ្លី ដូចជា កម្រិតជាតិស្ករក្នុងឈាមចុះទាបទេ តែថែមទាំងអាចគំរាមកំហែងដល់អាយុជីវិត ដូចជាករណី
diabeticketoacidosis (ករណីកើនជាតិអាស៊ីដក្នុងឈាម ដោយសារបរិមាណជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ) និងអាចធ្វើឲ្យកូនសន្លប់ដោយសារកម្រិតជាតិស្ករក្នុងឈាមខ្ពស់ (diabetic coma )។”
ពេលខ្លះទៀតយើងក៏អាចត្រូវធ្វើតេស្តកម្រិតជាតិស្ករឲ្យកូនយើងនៅពាក់កណ្ដាលយប់ដែរ បើសិនជាកូន ឈឺ ឬក៏មានកម្រិតជាតិស្ករក្នុងឈាមថយចុះ។ ចំពោះកូនៗដែលពិនិត្យឃើញថាទើបតែមានជំងឺទឹកនោមផ្អែមប្រភេទ១ ការធ្វើតេស្តជាតិស្ករក៏ទាមទារឲ្យធ្វើឡើងញឹកញាប់ដែរ ដើម្បីឲ្យបានដឹងថារាងកាយរបស់កូនមានប្រតិកម្មយ៉ាងណាទៅនឹងការចាក់អាំងស៊ុយលីន។
៣. របៀបពិនិត្យកម្រិតជាតិស្ករក្នុងឈាម
១. លាងសម្អាតដៃកូនយើងឲ្យបានស្អាត
២. ដាក់បន្ទះតេស្តចូលទៅក្នុងឧបករណ៍វាស់ជាតិស្ករ
៣. យកប្រដាប់ជោះឈាមមកជោះលើចុងម្រាមដៃរបស់កូន
៤. ដាក់ដំណក់ឈាមលើបន្ទះតេស្តរហូតឈាមជ្រាបចូលបានល្អ
៥. រង់ចាំប៉ុន្មានវិនាទី ឧបករណ៍នេះនឹងបង្ហាញលទ្ធផលលើអេក្រង់
៦. កត់ត្រាលទ្ធផលតេស្តជាតិស្ករនេះក្នុងកូនសៀវភៅ ហើយទុកដាក់ឲ្យបានល្អ
៧. បោះចោលប្រដាប់ជោះឈាម និងបន្ទះតេស្តឲ្យបានត្រឹមត្រូវ និងរក្សាឧបករណ៍វាស់កម្រិតជាតិស្ករឲ្យបានស្រួលបួល ក្រោយប្រើរួច។
ចំណាំ៖ យើងមិនគួរជោះឈាមពីម្រាមដៃដដែលៗទេ ដើម្បីកុំឲ្យកូនមានអារម្មណ៍ថាឈឺ ហើយពេលជោះឈាមយើងអាចជោះត្រង់ចំហៀងចុងម្រាមដៃ។
៤. របៀបមើលលទ្ធផល
ជាទូទៅកម្រិតជាតិស្ករដែលល្អនៅក្នុងឈាមគឺចន្លោះពី ៥ – ១០ មិលីលិម៉ូល/លីត្រ (៩០ – ១៨០ មិល្លីក្រាម/ដេស៊ីលីត្រ) ។
កម្រិតជាតិស្ករក្នុងឈាមដែលល្អសម្រាប់ក្មេងម្នាក់ៗមានភាពខុសគ្នា។ ដូចនេះប៉ាម៉ាក់ត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងថាតើកម្រិតជាតិស្ករប៉ុន្មានល្អសម្រាប់កូន។
បើសិនជាលទ្ធផលចេញមកទាបជាង៥ មីល្លិម៉ូល/លីត្រ (៩០មិល្លីក្រាម/ដេស៊ីលីត្រ) នោះបង្ហាញថាកម្រិតជាតិស្ករក្នុងឈាមទាប។ ដូចនេះដើម្បីដឹងថាកម្រិតជាតិស្ករក្នុងឈាមទាបមានផលប៉ះពាល់យ៉ាងម៉េច ប៉ាម៉ាក់ត្រូវទៅអានព័ត៌មានបន្ថែមដែលនិយាយពីរឿងនេះ។ ចំពោះក្មេងខ្លះទៀតលទ្ធផលអាចចេញមកលើស ឬប្រហែល ៥ មិលីលិម៉ូល/លីត្រ(៩០មិលីលិក្រាម/ដេស៊ីលីត្រ) តែក៏នៅតែចាត់ទុកថាមានកម្រិតជាតិស្ករក្នុងឈាមទាបដែរ។
ក្នុងករណីកម្រិតជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ពេលមិនទាន់ញ៉ាំអាហារ នោះមានន័យថាកម្រិតដំណើរការនៃកម្រិតអាំស៊ុយលីនក៏ប្រហែលជាទាបដែរ។
ផ្ទុយទៅវិញក្នុងករណីកម្រិតជាតិស្ករក្នុងឈាមមុនពេលញ៉ាំអាហារតែងមានមានកម្រិតទាបវិញ នោះមានន័យថាដំណើរការនៃកម្រិតអាំងស៊ុយលីនក៏ប្រហែលខ្ពស់ពេក។
ពេលខ្លះកម្រិតជាតិស្ករក្នុងឈាមម្ដងទាប ម្ដងខ្ពស់ មុនពេលញ៉ាំអាហារវិញ នោះអាចមកពីបរិមាណអាំងស៊ុយលីន អាហារដែលកូនយើងបានញ៉ាំ និងការហាត់ប្រាណជាដើម។ បើមានករណីបែបនេះ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ។