១. អ្វីទៅជាជាតិស្ករនៅក្នុងឈាម?
ជាតិស្ករក្នុងឈាម ឬសារធាតុគ្លុយកូសនៅក្នុងឈាម គឺសំដៅលើកម្រិតបរិមាណជាតិស្ករនៅក្នុងចរន្តឈាម។ ជាតិស្ករទាំងនោះ គឺមានប្រភពចេញពីអាហារ ឬភេសជ្ជៈដែលយើងញ៉ាំ និងចេញពីការបញ្ចេញជាតិស្ករដែលបម្រុងទុកនៅក្នុងថ្លើម និងសាច់ដុំ។
២. ចុះអ្វីទៅជាការពិនិត្យតាមដានជាតិស្ករក្នុងឈាម?
ការធ្វើតេស្តពិនិត្យមើលជាតិស្ករក្នុងឈាមដោយខ្លួនឯង គឺជាវិធីដែលសំខាន់បំផុតក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងការពារពីផលវិបាកផ្សេងៗរបស់ជំងឺនេះ។ ប៉ាម៉ាក់អាចធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យកូន នៅផ្ទះបាន ដោយប្រើឧបករណ៍អេឡិចត្រូនិកមួយ ហៅថាប្រដាប់វាស់ជាតិស្ករក្នុងឈាម (Glucometer) ដែលឧបករណ៍នេះ ត្រូវការឈាមតែមួយដំណក់តូចប៉ុណ្ណោះ ចេញពីចុងម្រាមដៃរបស់កូន។
ការពិនិត្យមើលជាតិស្ករនៅក្នុងឈាម គឺជាវិធីដែលល្អបំផុត ដែលអាចប្រាប់យើងពីតុល្យភាពអាំងស៊ុយលីន ជាតិស្ករក្នុងអាហារ និងរបៀបធ្វើលំហាត់ប្រាណ ។
៣. ពេលណាខ្ញុំត្រូវធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមឲ្យកូន?
តេស្តកម្រិតជាតិស្ករឈាមចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ គឺត្រូវធ្វើមុនពេលញ៉ាំអាហារ និងនៅមុនពេលចូលគេង មុនពេលលេងកីឡា ឬ ហាត់ប្រាណ។ កូនយើងក៏ត្រូវធ្វើតេស្តផងដែរនៅពេលដែលកូន (អ្នកជំងឺ) មានអារម្មណ៍មិនស្រួលខ្លួន ឬពេលដែលកូនមានចេញរោគសញ្ញាជាតិស្ករក្នុងឈាមចុះទាប (Hypoglycemia) ឬកម្រិតជាតិស្ករក្នុងឈាមកើនឡើង (Hyperglycaemia)។
៤. ការពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមមានសារៈសំខាន់បែបណា?
ចំពោះអ្នកដែលមិនមានជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាម គឺនឹងន ដោយសារតែរាងកាយអាចគ្រប់គ្រងនៅក្នុងកម្រិតថេរបាន។ ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ ១ ជាតិស្ករនៅក្នុងឈាមអាចកើនឡើង ឬ ធ្លាក់ចុះខ្លាំងខុសពីធម្មតាជាញឹកញាប់។
ប្រសិនបើមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានត្រឹមត្រូវទេនោះ អ្នកជំងឺនឹងជួបហានិភ័យ វិវត្តទៅជាផលវិបាកធ្ងន់ធ្ងរផ្សេងៗដូចជា ងងឹតភ្នែក ជំងឺបេះដូង ជំងឺតម្រងនោម ឬឈានដល់បាត់បង់អវយវៈ ដោយសារកាត់ចេញ។ ក្រៅពីនេះក៏អាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត ផងដែរដូចជា បញ្ហា Diabetesketoacidosis (DKA-ករណីកើនជាតិអាស៊ីដក្នុងឈាម ដោយសារបរិមាណជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ) និងសន្លប់ដោយសារជាតិស្ករក្នុងឈាមខ្ពស់ (Diabetic coma)។
ក្រៅពីការតាមដានកុំឲ្យបរិមាណជាតិស្ករក្នុងឈាមឲ្យជាប់លាប់ ព្រោះអាចជួយអ្នកជំងឺទឹកនោមផ្អែមជាច្រើនទៀតដូចជា៖
- អាចដឹងពីស្ថានភាព អាការៈ ព្រមទាំងអាចគ្រប់គ្រងបញ្ហាបាន
- អាចដឹងពីបញ្ហាកំពុងប្រឈម ហើយឈានទៅដល់ការផ្លាស់ប្ដូរផែនការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានទាន់ពេល និងមានប្រសិទ្ធិភាពបំផុត
- អាចគ្រប់គ្រងការថែទាំថ្ងៃឈឺថ្កាត់បានល្អ
- យល់កាន់តែច្រើននិងកាន់តែច្បាស់ពីចំណីអាហារ របៀបហាត់ប្រាណ និងការប្រើប្រាស់ថ្នាំដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករ