១. អ្វីជាបញ្ហាឡើងជាតិស្ករក្នុងឈាម (hyperglycaemia)?
បញ្ហាឡើងជាតិស្ករនៅក្នុងឈាម គឺកើតមានឡើងនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមកូនយើងកើនឡើងខ្ពស់ពេក និងកើនលើសពី២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ ១៤មិល្លីម៉ូល/លីត្រ។
បញ្ហាឡើងជាតិស្ករនៅក្នុងឈាម គឺជាបញ្ហាដែលកើតមានញឹកញាប់ ហើយអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ សឹងគ្រប់គ្នាគឺសុទ្ធតែធ្លាប់ឆ្លងកាត់បញ្ហានេះ។ បើសិនជាកូនយើងទទួលបានការព្យាបាលត្រឹមត្រូវ កម្រិតជាតិស្ករនៅក្នុងឈាមនឹងធ្លាក់ចុះមកកម្រិតធម្មតាវិញបន្ទាប់ពីប៉ុន្មានម៉ោងក្រោយ
តែបើសិនជាមិនបានព្យាបាលទេ បញ្ហានេះអាចនឹងកាន់តែធ្ងន់ធ្ងរ និងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដែលតម្រូវឲ្យមានការថែទាំសង្គ្រោះបន្ទាន់ ដូចជាបញ្ហាសន្លប់ដោយសារជំងឺទឹកនោមផ្អែមជាដើម។
ការដែលមានជាតិស្ករច្រើននៅក្នុងឈាមក្នុងរយៈពេលវែង អាចធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ សរសៃឈាម និងសរីរាង្គសំខាន់ៗ ដែលអាចនាំឲ្យមានបញ្ហាដូចជា គាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល (stroke) ខ្សោយតម្រងនោម ងងឹតភ្នែក របួសមិនជាសះស្បើយ និងពិការជើងជាដើម។
២. យើងដឹងបញ្ហាឡើងជាតិស្ករនៅក្នុងឈាមកូនបានយ៉ាងដូចម្ដេច?
សញ្ញា និងរោគសញ្ញានៃការឡើងខ្ពស់ជាតិស្ករនៅក្នុងឈាមអាចខុសៗគ្នាអាស្រ័យលើក្មេងម្នាក់ៗ។
ទាំងនេះគឺជារោគសញ្ញាខ្លះដែលកូនរបស់យើងអាចធ្លាប់ជួបប្រទះ៖
- ស្រេកទឹកគ្រប់ពេល
- បត់ជើងតូចច្រើន ជាពិសេសពេលយប់
- ស្រវាំងភ្នែក
- អស់កម្លាំងខ្លាំងគ្រប់ពេល
- ស្ងួតមាត់
បើសិនជាករណីធ្ងន់ធ្ងរ នៃការឡើងជាតិស្ករខ្ពស់នៅក្នុងឈាម កូនយើងអាចនឹងមានអាការៈ៖
- ចង្អោរ
- ឈឺក្រពះ
- ដង្ហើមខុសប្រក្រតី
- ក្លិនដង្ហើមធុំដូចអាល់កុល
បញ្ហាឡើងជាតិស្ករនៅក្នុងឈាមអាចកាន់តែធ្ងន់ធ្ងរ ហើយកូនយើងអាចនឹងសន្លប់ ឬបាត់បង់ស្មារតី បើសិនកូនយើងមានចេញសញ្ញាណាមួយខាងលើ យើងត្រូវតែនាំកូនទៅមន្ទីរពេទ្យ។
៣. ម៉េចបានកូនមានបញ្ហាឡើងជាតិស្ករនៅក្នុងឈាម?
បញ្ហាឡើងជាតិស្ករនៅក្នុងឈាមអាចកើតមានដោយសារមូលហេតុជាច្រើនយ៉ាង។ បញ្ហាទាំងនោះរួមមាន៖
- ញ៉ាំអាហារ ឬផឹកភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាត ឬស្ករច្រើនពេក
- ញ៉ាំអាហារ ឬអាហារសម្រន់ ញឹកញាប់ពេក
- ហាត់ប្រាណតិចជាងធម្មតា
- ពេលខ្លះកើតមាននៅអំឡុងពេល ឬបន្ទាប់ពីពេលហាត់ប្រាណខ្លាំងជ្រុល (Stress effect)
- អាចមកពីយើងវាស់កម្រិតជាតិស្ករនៅក្នុងឈាមភ្លាមៗបន្ទាប់ពីអាហាររួច ដែលជាទូទៅយើងត្រូវរងចាំពីរម៉ោងបន្ទាប់ពីញ៉ាំអាហារ។
- កម្រិតអាំងស៊ុយលីនអាចនឹងទាបពេក ឬអ្នកជំងឺភ្លេចចាក់អាំងស៊ុយលីន
- អាំងស៊ុយលីន ហួសកាលកំណត់ប្រើប្រាស់ ឬរក្សាទុកមិនបានត្រឹមត្រូវ
- ដុំពកខ្លាញ់នៅក្រោមស្បែក (lipohypertrophy )នៅទីតាំងដែលចាក់អាំងស៊ុយលីន បើសិនយើងចាក់អាំងស៊ុយលីនឲ្យកូននៅកន្លែងដដែលៗ ច្រើនដង។
- បញ្ហាអារម្មណ៍ ដូចជា រំជួលចិត្ត ឬស្ត្រេសខ្លាំង
- ការបង្ករោគ គ្រុនក្ដៅ ឬមានជំងឺផ្សេងទៀត
៤. ការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម
ដោយសារតែការពិនិត្យកម្រិតជាតិស្ករក្នុងឈាម គឺជាផ្នែកមួយនៃផែនការគ្រប់គ្រងជំងឺទឹកនោមផ្អែម ម៉ាក់ប៉ាអាចនឹងត្រូវពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់កូនច្រើនដងក្នុងមួយថ្ងៃដោយប្រើឧបករណ៍វាស់កម្រិតជាតិស្ករ (Glucometer)។ ការធ្វើដូចនេះអាចជួយយើងតាមដានដឹងនៅពេលកូនយើងមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលអាការៈនេះពេលខ្លះមិនបញ្ចេញរោគសញ្ញានោះទេ។ ក្មេងដែលមិនធ្វើតេស្តឈាមញឹកញាប់ អាចនឹងមានកម្រិតជាតិស្ករខ្ពស់ដោយមិនដឹងខ្លួន ដែលអាចនាំឲ្យមានការខូចខាតដល់រាងកាយទៀតផង។
បើសិនយើងរកឃើញថាកូនកំពុងមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាមច្រើនដង នោះគ្រូពេទ្យអាចនឹងណែនាំឲ្យផ្លាស់ប្ដូរកម្រិតអាំងស៊ុយលីន ឬផែនការរបបអាហារ ដើម្បីធ្វើឲ្យកម្រិតជាតិស្ករត្រលប់មកកម្រិតធម្មតាដែលនាំឲ្យមានសុខភាពល្អវិញ។
៥. ត្រូវព្យាបាលបញ្ហាឡើងខ្ពស់ជាតិស្ករក្នុងឈាមយ៉ាងម៉េច?
យើងជាប៉ាម៉ាក់ត្រូវតែដោះស្រាយបញ្ហាឡើងជាតិស្កររបស់កូនឲ្យបានរហ័ស ប្រសិនបើជាតិស្ករនៅក្នុងឈាមរបស់កូនកើនខ្ពស់ជាង២៥០មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីម៉ូល/លីត្រ។
ខាងក្រោមនេះ គឺជាជំហានផ្សេងៗ ដែលម៉ាក់ប៉ាត្រូវធ្វើ៖
- ពិនិត្យមើលជាតិកម្រិតជាតិស្ករនៅក្នុងឈាមរបស់កូន និងចាក់អាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលខ្លី។
- ក្នុងករណីមិនច្បាស់ក្នុងចិត្តប៉ាម៉ាក់ត្រូវទាក់ទងទៅគ្រូពេទ្យដើម្បីសួរពីកម្រិតអាំងស៊ុយលីនត្រូវចាក់បន្ថែមក្នុងកម្រិតប៉ុន្មានដែលត្រឹមត្រូវសម្រាប់កូន ឬបើសិនយើងមិនប្រាកដថាត្រូវធ្វើយ៉ាងដូចម្ដេច។
- ញ៉ាំទឹកឲ្យបានច្រើន (យ៉ាងហោចណាស់ ១កែវក្នុងពេលមួយម៉ោង)
- ចៀសវាងការហាត់ប្រាណខ្លាំងៗ
បន្ទាប៉ពីអនុវត្តដូចបានរៀបរាប់ខាងលើហើយ ២ម៉ោងក្រោយយើងត្រូវពិនិត្យមើលកម្រិតជាតិស្ករនៅក្នុងឈាមឲ្យកូនម្ដងទៀត។
បើសិនយើងពិនិត្យឃើញថាជាតិស្ករនៅក្នុងឈាមរបស់កូននៅតែលើស ២៥០មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីម៉ូល/លីត្រ ត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
បើសិនជាតិស្ករកូនខ្ពស់ជាង ៤០០មិល្លីក្រាម/ដេស៊ីលីត្រ ឬឬ២២មិល្លីម៉ូល/លីត្រ នោះមានន័យថាកូនយើងកំពុងមានបញ្ហាឡើងខ្ពស់ជាតិស្ករនៅក្នុងឈាមកម្រិតធ្ងន់ធ្ងរហើយ។ ដូចនេះត្រូវចាក់អាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលខ្លីភ្លាមៗ (១០% នៃកម្រិតចាក់ប្រចាំថ្ងៃ) និងត្រូវទាក់ទងទៅគ្រូពេទ្យ ឬបញ្ជូនកូនទៅមន្ទីរពេទ្យជាបន្ទាន់។