១. គួរស្វែងយល់ពីអាំងស៊ុយលីនសិន
អាំងស៊ុយលីន គឺជាអ័រម៉ូនដែលជួយឱ្យជាតិគ្លុយកូស (ស្ករមួយប្រភេទក្នុងឈាម) ចូលទៅក្នុងកោសិកានៃរាងកាយដើម្បីបម្លែង និងបង្កើតថាមពល។ រាងកាយរបស់កូនដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ មិនផលិតអាំងស៊ុយលីនទេ។ ដូច្នេះកូនយើងត្រូវការចាក់អាំងស៊ុយលីនរាល់ថ្ងៃ។
គោលដៅចម្បងក្នុងការព្យាបាលដោយអាំងស៊ុយលីននេះ គឺធ្វើយ៉ាងម៉េចឲ្យកម្រិតអាំងស៊ុយលីនដែលចាក់ ដូចគ្នានឹងកម្រិតអាំងស៊ុយលីនដែលរាងកាយត្រូវការ មិនថាពេលណាទេ។ ការធ្វើដូចនេះ មានន័យថាកម្រិតគ្លុយកូសនៅក្នុងឈាមគឺត្រូវធ្វើឲ្យកៀកនៅកម្រិតធម្មតាតាមដែលអាចធ្វើបាន ដើម្បីអាចឲ្យអ្នកជំងឺចៀសផុតពីបញ្ហារយៈពេលខ្លី និងបញ្ហារយៈពេលវែងផ្សេងៗដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម។
ប្រភេទអាំងស៊ុយលីន និងកម្រិតដែលអ្នកជំងឺទឹកនោមផ្អែមត្រូវប្រើរៀងរាល់ថ្ងៃ គឺខុសៗគ្នាអាស្រ័យលើការព្យាបាលជំងឺទឹកនោមផ្អែមរបស់កូនយើង។ ផែនការព្យាបាលខ្លះ ត្រូវចាក់ថ្នាំអាំងស៊ុយលីនពីរដងក្នុងមួយថ្ងៃ ឯខ្លះទៀតត្រូវចាក់បីដង ឬច្រើនជាងនេះ ដើម្បីអាចរក្សាកម្រិតជាតិស្ករក្នុងកម្រិតសុវត្ថិភាពមួយ។
២. តើអាំងស៊ុយលីនមានប្រភេទអ្វីខ្លះ?
អាំងស៊ុយលីនមានសកម្មភាពរយៈពេលខ្លី (Short acting)
អាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលខ្លី អាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមភ្លាមៗដែលកើតឡើងនៅពេលដែលញ៉ាំអាហារ។ អាំងស៊ុយលីនប្រភេទនេះមានសកម្មភាពលឿន ប៉ុន្តែបានរយៈពេលខ្លីប៉ុណ្ណោះ។ ពេលពិតប្រាកដដែលអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនប្រភេទនេះ គឺអាស្រ័យលើរយៈពេលញ៉ាំអាហាររបស់អ្នកជំងឺ។ ជាធម្មតា គួរចាក់នៅ៣០នាទី ឬភ្លាមៗ មុនទទួលទានអាហារ ហើយក៏អាស្រ័យលើប្រភេទអាំងស៊ុយលីនដែលអ្នកជំងឺប្រើដែរ។
អាំងស៊ុយលីនមានសកម្មភាពរយៈពេលវែង (Long acting)
អាំងស៊ុយលីនមានសកម្មភាពរយៈពេលវែង (long acting) មានសកម្មភាពយឺតៗ និងមានប្រសិទ្ធភាពស្ទើរតែពេញមួយថ្ងៃ។ អាំងស៊ុយលីនប្រភេទនេះជួយកែសម្រួលកម្រិតជាតិស្ករនៅក្នុងឈាម ចន្លោះពេលអាហារ រក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យថេរ ទាំងថ្ងៃ ទាំងយប់។ ជាធម្មតាអាំងស៊ុយលីនប្រភេទនេះ ច្រើនតែចាក់នៅពេលចូលគេង។
ពេលវេលាចាក់អាំងស៊ុយលីននេះពិតប្រាកដ គឺអាស្រ័យលើប្រភេទអាំងស៊ុយលីនដែលអ្នកជំងឺប្រើ។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីពេលវេលា និងកម្រិតប្រើប្រាស់ដែលល្អបំផុតសម្រាប់កូនរបស់យើង។ ដោយសារតែកូនយើងលូតលាស់ ចម្រើនវ័យ ដូចនេះហើយកម្រិតអាំងស៊ុយលីនដែលត្រូវការក៏វិវត្តទៅតាមហ្នឹងដែរ។ ដំណោះស្រាយនោះគឺ ប៉ាម៉ាក់ត្រូវឧស្សាហ៍និយាយជាមួយកូនរបស់យើងពីស្ថានភាពជំងឺរបស់ពួកគេ និងជួបពិភាក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់បំផុត។
៣. ប្រសិទ្ធភាពរបស់អាំងស៊ុយលីន
យើងមិនអាចបញ្ឈប់សកម្មភាពអាំងស៊ុយលីនឡើយក្រោយចាក់បញ្ចូល ហើយសកម្មភាព និងឥទ្ធិពលរបស់វានឹងកើតមានឡើង។ ដូចនេះ ប៉ាម៉ាក់ត្រូវប្រាកដថាបានឲ្យកូនប្រើអាំងស៊ុយលីនត្រូវតាមកម្រិតដែលត្រូវការទាំងនៅពេលថ្ងៃ និងពេលយប់។
ការគ្រប់គ្រងបានល្អគឺជាលទ្ធផលនៃការពិនិត្យផែនការប្រចាំថ្ងៃដែលរៀបចំល្អ។ ប៉ាម៉ាក់ត្រូវប្រកាន់ខ្ជាប់នូវផែនការអាហាររបស់អ្នកជំងឺ(កូនយើង)ជាប្រចាំថ្ងៃ ហើយចាត់ចែងពេលខ្លះសម្រាប់កូនហាត់ប្រាណយ៉ាងតិច ៣០នាទី រាល់ថ្ងៃដើម្បីបង្កើនចង្វាក់បេះដូង។ បើកូនយើងលំហាត់ប្រាណបានទៀងទាត់រាល់ថ្ងៃ ការគ្រប់គ្រងជាតិស្ករក៏ល្អទៅតាមនោះដែរ។
ទោះបីជាប៉ាម៉ាក់ គ្រូពេទ្យ និងកុមារខ្លួនឯង ដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ នេះបានខិតខំអនុវត្តទៅតាមផែនការព្យាបាលយ៉ាងណាក៏ដោយ ក៏កម្រិតជាតិស្ករនៅក្នុងឈាមមិនអាចត្រូវបានគ្រប់គ្រងបានល្អឥតខ្ចោះនោះដែរ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ទាំងអស់ មិនថាកុមារ ឬមនុស្សធំ នឹងអាចមានពេលខ្លះ អាចចាក់បរិមាណអាំងស៊ុយលីនតិចឬ ច្រើនពេក។
បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុតដែលកើតមានចំពោះអ្នកដែលប្រើអាំងស៊ុយលីន គឺ គ្លុយកូសក្នុងឈាមទាប ឬជាតិស្ករក្នុងឈាមចុះទាប (Hypoglycemia) អាចកើតមានគ្រប់ពេល ក្នុងលក្ខខណ្ឌជាក់លាក់មួយចំនួន។ ឧទាហរណ៍ថា អ្នកទាំងនោះញ៉ាំអាហារតិច ឬហាត់ប្រាណច្រើនជាងធម្មតា។
ចំពោះក្មេងមួយចំនួនដែលមានជំងឺទឹកនោមផ្អែម ការចាក់អាំងស៊ុយលីនម្តងហើយ ម្ដងទៀត អាចបណ្ដាលឱ្យជាលិកាខ្លាញ់ឡើងក្រាស់នៅក្រោមស្បែកដែលត្រូវបានគេហៅថា lipodystrophy (ឬ lipohypertrophy) ។ បញ្ហានេះទំនងជាកើតមាន ប្រសិនបើការចាក់(អាំងស៊ុយលីន) នៅកន្លែងតែមួយដដែលៗ មិនចាក់នៅកន្លែងផ្សេងៗគ្នាតាមការណែនាំរបស់ពេទ្យ។ ក្នុងករណីខ្លះទៀត អាំងស៊ុយលីនចាក់ចំបរិវេណស្បែកដែលមាន lipodystrophy ប្រហែលជាមិនអាចស្រូបជាតិថ្នាំចូលទៅក្នុងប្រព័ន្ធឈាមបានទេ។ បញ្ហានេះអាចធ្វើឱ្យកម្រិតអាំងស៊ុយលីនចំណាយពេលយូរជាងធម្មតាដើម្បីធ្វើការ។