១. អត្ថប្រយោជន៍ដែលអ្នកជំងឺទឹកនោមផ្អែមទទួលបានពីការធ្វើសកម្មភាព និងហាត់កីឡាក្រៅផ្ទះ
- ការហាត់ប្រាណសំខាន់ណាស់សម្រាប់គ្រប់គ្នាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្ដែងចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១(T1D) គឺកាន់តែសំខាន់ទៅទៀត ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យកាន់តែល្អប្រសើរឡើង។
- ចង់ដឹងពីឥទ្ធិពលនិងគុណប្រយោជន៍ដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១(T1D)ទទួលបានពីការហាត់ប្រាណ កាន់តែលម្អិតសូម ចុចទីនេះ
- ការដែលមានជំងឺទឹកនោមផ្អែមប្រភេទ១(T1D) មិនគួរជាហេតុផលហាត់កីឡាមិនបាននោះទេ។ ទម្លាប់ហាត់ប្រាណ និងលេងកីឡាក្រៅផ្ទះ អាចជួយឲ្យពួកគេជួបមិត្តភក្ដិថ្មី ស្គាល់កន្លែងថ្មី ទទួលអារម្មណ៍ប្លែក និងអាចស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅថ្មីៗថែមទៀតផង។
- ការរៀបចំទុកមុនបានល្អ និងការយល់ដឹងពីអ្វីដែលត្រូវប្រុងប្រយ័ត្ន ពិតជាអាចជួយឬការពារគ្រោះថ្នាក់ជាយថាហេតុដល់អ្នកជំងឺឲ្យពួកគេកក់ក្ដៅនិងមានអារម្មណ៍សប្បាយដូចអ្នកឯទៀតដែលមិនមានជំងឺអ៊ីចឹង។
២. អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួររៀបចំអ្វីខ្លះឲ្យ មុនចេញទៅហាត់ប្រាណ?
- បើនៅសាលា គួរប្រាប់គ្រប់គ្នាពិសេសលោកគ្រូ/អ្នកគ្រូ និងមិត្តភ័ក្ដិ របស់កូនៗថាគេមានជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) ។ ត្រូវប្រាកដក្នុងចិត្តថាមានអ្នកចាំជួយគេបានពេលដែលកម្រិតជាតិស្ករក្នុងឈាមចុះទាបឬឡើងខ្ពស់។
- ដើម្បីស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែមប្រភេទ១(T1D) អ្នកគួរតែប្រាប់កូនៗឲ្យជួយណែនាំអ្នកជិតដិតទាំងនោះឲ្យស្គាល់ពីគេហទំព័រ ឬទំព័រហ្វេសបុក HelloType1 ។
- រំលឹកកូនៗឲ្យតេស្តកម្រិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់មុនចាប់ផ្ដើមនិងក្រោយពេលលេង កីឡា។
- គួររៀបចំអាហារសម្រន់ឲ្យកូនៗ បម្រុងទុកសម្រាប់ពេលឃ្លាន
- ក្រៅពីអាហារសម្រន់គួរត្រៀមភេសជ្ជៈមកជាមួយដែរដូចជា ទឹកដែលមានជាតិរ៉ែសម្រាប់អ្នកលេងកីឡាឬទឹកដូង
- ក្រៅពីចំណីចំណុកហូបចុក ត្រូវប្រាកដថាកូនៗបានយកកញ្ចប់ត្រៀមពេលចុះជាតិស្ករ Hypo Kit ដើម្បីព្យាបាលពេលចុះជាតិស្ករនិងកញ្ចប់សម្ភារៈសង្គ្រោះបឋមមកជាមួយ។
- គួរប្រាប់កូនឲ្យពាក់ស្រោមជើងធ្វើពីកប្បាស និង ស្បែកជើងកីឡាល្មមជើង (មិនចង្អៀតពេក)។
- ចំពោះរយៈពេលហាត់ប្រាណ បើហាត់យូររាងកាយអាចត្រូវការថាមពល(កាបូអ៊ីដ្រាត)កាន់តែច្រើន ហើយកម្រិតចាក់អាំងស៊ុយលីនដែលត្រូវចាក់អាចថយចុះ។ ករណីនេះ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលកំពុងតាមដានការព្យាបាលឲ្យបានច្បាស់មុនសម្រេចចិត្តថាកូនៗត្រូវហាត់កីឡារយៈពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងទើបល្អសមស្របតាមសុខភាពរាងកាយ។
- សូមរក្សាអាំងស៊ុយលីនក្នុងសីតុណ្ហភាពសមស្របតាមការណែនាំ។ ចង់ដឹងការណែនាំលម្អិតចុច ទីនេះ
- បើអាកាសធាតុក្ដៅ សូមឲ្យកូនៗលាបក្រែមការពារកំដៅថ្ងៃ និងពាក់មួកបើចាំបាច់ ស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យ កុំរឹតតឹងពេកដើម្បី ស្រួលធ្វើចលនារាងកាយនិងដកដង្ហើម។
- បើអាកាសធាតុត្រជាក់ គួរស្លៀកពាក់ឲ្យបានច្រើនជាន់ដើម្បីបន្ថយភាពត្រជាក់និងរក្សាកម្ដៅរាងកាយកុំឲ្យចាញ់រងា។
- ប្រាប់កូនៗឲ្យប្រុងប្រយ័ត្នឲ្យមែនទែនចំពោះសញ្ញាថយចុះ ឬកើនឡើងជាតិស្ករក្នុងឈាមជាពិសេសនៅពេលហាត់ប្រាណយូរ។ សូមអានបន្ថែមពីការគ្រប់គ្រងពេល ជាតិស្ករថយចុះក្នុងឈាម និងជាតិស្ករកើនឡើងក្នុងឈាមនៅទីនេះ។
៣. ក្រោយពីហាត់ប្រាណ អ្នកជំងឺត្រូវធ្វើអ្វីខ្លះ?
- ត្រូវតេស្ដជាតិស្ករមើលថាតើសកម្មភាពទាំងនោះបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមពួកគេប្រែប្រួលយ៉ាងណាដើម្បីកំណត់និងកម្រិតបរិមាណអាំងស៊ុយលីនដែលត្រូវចាក់ឲ្យបានត្រឹមត្រូវបំផុត។
- ត្រូវពិនិត្យជើងកូនៗរកមើលថាមានសញ្ញាមួយចំនួនដូចជា ការឈឺចាប់ ពងទឹក ក្រហាយ មុត ឬរបួសណាមួយឬអត់។
- ត្រូវលាងសម្អាត ជើងកូនៗឲ្យបានស្អាត ជូតឲ្យស្ងួតល្អ ហើយលាបឡេពីលើបើចាំបាច់ដើម្បីការពាររបួស។
- បើជើងឡើងហើមឬតឹងខុសប្រក្រតីឲ្យគេគេងដាក់ជើងឲ្យខ្ពស់ឬត្រាំជើងក្នុងទឹកក្ដៅឧណ្ណៗ។
- ករណីមានរបួស ២ថ្ងៃហើយ នៅតែអត់ជាសះវិញ សូមទាក់ទងទៅគ្រូពេទ្យភ្លាម។
- ក្រោយហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយជាតិស្ករក្នុងឈាមអាចបន្តធ្លាក់ចុះ ចន្លោះពី ៦ម៉ោង ទៅ ១៥ម៉ោង។ បើកម្រិតជាតិស្ករក្នុងឈាមនៅតែបន្ដធ្លាក់ចុះក្រោយពេលហាត់ប្រាណ គួរបន្ថយបរិមាណអាំងស៊ុយលីនដែលត្រូវចាក់មុននិងក្រោយហាត់ប្រាណ។ សូមទាក់ទងទៅកាន់គ្រូពេទ្យដើម្បីប្រឹក្សាពីស្ថានភាពរាងកាយជាក់ស្ដែង បន្ថែម។
៤. ចំណុចសំខាន់ផ្សេងទៀត អ្នកជំងឺគួរដឹងអំឡុងពេលហាត់ប្រាណ
- ការហាត់ប្រាណឬលេងកីឡាបែងចែកទៅតាមប្រភេទ កម្រិតស្រាលធ្ងន់ និងរយៈពេលដែលហាត់(សូមមើលក្នុងតារាងខាងក្រោម)
- គួរដឹងពីបរិមាណអាំងស៊ុយលីននៅសល់ក្នុងខ្លួន(គិតពីពេលចាក់អាំងស៊ុយលីនចុងក្រោយបំផុត)
- អាហារនិងពេលវេលាញ៉ាំចុងក្រោយបំផុត
- កម្រិតជាតិស្ករក្នុងឈាមមុនពេលហាត់ប្រាណ(ជាធម្មតា ចន្លោះពី៧ – ១០mmol/L ឬ ១២៦ –១៨០ mg/dL)
- ភាពរឹងមាំ នៃរាងកាយរបស់កូនៗកម្រិតណា
- អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គ្រប់គ្នា មានសកម្មភាពរាងកាយ ហាត់ប្រាណ ឬត្រូវការបរិមាណ អាំងស៊ុយលីនមិនដូចគ្នាទេ ដូច្នេះគួរតាមដាននិងជួយឲ្យពួកគេដឹងពីតម្រូវការរាងកាយផ្ទាល់ខ្លួនជាការប្រសើរបំផុត។
- ជារឿងធម្មតាទេដែលមានការឡើងចុះកម្រិតជាតិស្ករក្នុងឈាមពេលកំពុងហាត់ ឬក្រោយពេលហាត់ប្រាណ។
- ពន្យល់ប្រាប់កូនឲ្យអនុវត្ត ពិសោធ និងកត់ត្រាទុកដើម្បីដឹងពីបម្រែបម្រួលរាយកាយ ពិសេសជាតិស្ករក្នុងឈាមពេលកំពុងហាត់ ក្រោយហាត់ ឬការបញ្ចេញសកម្មភាពនានាផ្សេងទៀតនៅខាងក្រៅផ្ទះ។
- នាំកូនទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានជាប់ជាប្រចាំ។
- ពួកគេនឹងដឹងពីការរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម ពីការហាត់ប្រាណ ដែលបានទាំងអត្ថប្រយោជន៍ចំពោះសុខភាពនិងភាពសប្បាយរីករាយ បើបានហាត់កីឡាឬធ្វើសកម្មភាព ជាមួយមិត្តភ័ក្ដិ ឬជាក្រុម។