ស្រា និង ជំងឺទឹកនោមផ្អែមប្រភេទ១
១. ចំណុចសំខាន់គួរយល់ដឹងអំពីគ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទទី១
គ្រឿងស្រវឹងគឺជាថ្នាំកំសាន្តដែលប្រើជាទូទៅហើយអាចរកបានដោយស្របច្បាប់ អាស្រ័យលើអាយុ និងទីកន្លែងដែលអ្នករស់នៅ។
សូមពិនិត្យមើលច្បាប់ក្នុងប្រទេសរបស់អ្នកអំពីការប្រើប្រាស់គ្រឿងស្រវឹង និងអាយុដែលអាចផឹកដោយស្របច្បាប់។
ដូចថ្នាំផ្សេងៗទៀតដែរ គ្រឿងស្រវឹងមានហានិភ័យច្រើន ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានលើសុខភាព សុខុមាលភាព និងទំនាក់ទំនងរបស់អ្នក។
ការផឹកគ្រឿងស្រវឹងច្រើនពេកអាចនាំឱ្យមានការសម្រេចចិត្តមិនបានល្អ និងធ្វើឱ្យអ្នកងាយរងគ្រោះ។
ប្រសិនបើមនុស្សជាទីស្រឡាញ់ ឬកូន របស់លោកអ្នក មានជំងឺទឹកនោមផ្អែមប្រភេទទី 1 នោះពួកគេនៅតែអាចផឹកគ្រឿងស្រវឹងបាន ប៉ុន្តែវាមានហានិភ័យខ្ពស់ដែលកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេប្រែប្រួល។
វាជាការចាំបាច់ណាស់ដែលពួកគេត្រូវដឹងអំពីហានិភ័យទាំងនេះ ដើម្បីការពារ និងជៀសវាងស្ថានភាពគ្រោះថ្នាក់ទាំងឡាយដែលអាចនឹងកើតមាន។
២. ការផឹកគ្រឿងស្រវឹងនិងការថយចុះជាតិស្ករក្នុងឈាម
ជាតិអាល់កុលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម (BGLs) ដែលអាចបណ្តាលឱ្យមានការថយចុះជាតិស្ករក្នុងឈាម (‘hypo’)។
គ្រឿងស្រវឹងមានច្រើនប្រភេទ ហើយវាប៉ះពាល់ដល់ជាតិស្ករក្នុងឈាមតាមរបៀបផ្សេងៗគ្នា។ ឧ. ស្រាបៀរ និងស្រាផ្អែម មានកាបូអ៊ីដ្រាតច្រើន ដែលនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង។ ស្រាបិត (ឧ. វីស្គី វ៉ូដកា និងជីន) អាចបណ្តាលឱ្យជាតិស្ករក្នុងឈាមថយចុះ។
- សម្រាប់មនុស្សទូទៅ នៅពេលដែលពួកគេផឹកគ្រឿងស្រវឹង ថ្លើមគិតថាវាជាជាតិពុលដែលត្រូវការកែច្នៃ
- ប៉ុន្តែសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១វិញ ជាធម្មតាថ្លើមបញ្ចេញជាតិគ្លុយកូសក្នុងបរិមាណតិចតួចទៅក្នុងចរន្តឈាម ហើយនិងត្រូវបានគ្រប់គ្រងដោយអាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលវែង
- ពេលដែលថ្លើមកំពុងមមាញឹកបញ្ចេញជាតិអាល់កុលចេញពីរាងកាយ វានឹងឈប់បញ្ចេញជាតិគ្លុយកូសទៅក្នុងចរន្តឈាម ដែលនាំឱ្យមានហានិភ័យជាតិស្ករក្នុងឈាមចុះទាបអំឡុងពេលដែលអ្នកជំងឺផឹកគ្រឿងស្រវឹង។
- ជាដំបូងកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេកើនឡើងដោយសារនៅក្នុងគ្រឿងស្រវឹងមួយចំនួនមានផ្ទុកជាតិគ្លុយកូសដែលជាស្ករ ហើយបន្ទាប់មកថយចុះនៅពេលដែលថ្លើមចាប់ផ្តើមបំប្លែងជាតិអាល់កុលនោះ។
- អ្នកជំងឺនិងមិត្តភ័ក្តិរបស់គេប្រហែលជាមិនបានចាប់អារម្មណ៍ពីសញ្ញាចុះជាតិស្ករទេ ព្រោះវា ស្រដៀងគ្នានឹងអាការស្រវឹងដែរ។
- ដោយសារតែបែបនេះហើយទើបធ្វើឱ្យ អ្នកជំងឺផ្ទាល់ អាណាព្យាបាល ឬមិត្តភ័ក្តិរបស់ពួកគេពិបាកនឹងដឹងថាគេចុះជាតិស្ករ និងមិនបានទទួលជំនួយទាន់ពេលវេលា។
- សញ្ញា នៃការចុះជាតិស្ករ មានដូចជា ញ័រដៃជើង បែកញើស វិលមុខ ឈឺក្បាល យំ រអ៊ូរទាំ ស្រេកឃ្លាន ងងុយដេក ច្របូកច្របល់ បេះដូងលោតញាប់ ស្ពឹកជុំវិញបបូរមាត់ និងម្រាមដៃ។
- ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មានរោគសញ្ញាទាំងនេះ អ្នកដែលជាអាណាព្យាបាល ឬអ្នកជំងឺខ្លួនឯង ត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើវាតិចជាង 4 mmol/L ត្រូវព្យាបាលការចុះជាតិស្ករភ្លាមៗដោយញ៉ាំអាហារសម្រន់នៅក្នុង Hypo Kit ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបកំណត់ និងព្យាបាលការចុះជាតិស្ករក្នុងឈាម សូមមើលអត្ថបទរបស់យើងនៅទីនេះ។
៣. គន្លឹះផឹកគ្រឿងស្រវឹងដោយសុវត្ថិភាពសម្រាប់នឹងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 1
- ត្រូវពិនិត្យជាតិស្ករក្នុងឈាម មុនពេល អំឡុងពេល និងក្រោយពេលផឹកគ្រឿងស្រវឹង។
- ពួកគេកាន់តែប្រឈមនឹងការចុះជាតិស្ករក្នុងឈាម ប្រសិនបើពួកគេចេញក្រៅ ជាពិសេសបើពួកគេរាំ ឬសកម្មជាងធម្មតា!
- យ៉ាងហោចណាស់ត្រូវមានមនុស្សម្នាក់ដែលនៅក្បែរ ដឹងថាគេមានជំងឺទឹកនោមផ្អែមប្រភេទទី 1 និងវិធីព្យាបាលនៅពេលជាតិស្ករក្នុងឈាមចុះទាប ហើយរំលឹកគេឱ្យពិនិត្យកម្រិតជាតិស្ករក្នុងឈាម។
- ព្យាយាមឲ្យពួកគេញាំចំណីដែលមានជាតិផ្អែមខ្លះមុនពេលផឹកគ្រឿងស្រវឹង ហើយកុំផឹកគ្រឿងស្រវឹងពេលពោះទទេ។
- រំលឹកពួកគេឲ្យបន្តញ៉ាំអាហារសម្រន់ដែលមានជាតិកាបូអ៊ីដ្រាតរៀងរាល់ពីរបីម៉ោងម្តង នៅពេលគេកំពុងផឹកគ្រឿងស្រវឹង។
- រំលឹកពួកគេឲ្យផឹកគ្រឿងស្រវឹងយឺតៗ កុំផឹកលឿនពេក ហើយគួរតែផឹកទឹកមួយកែវបន្ទាប់ពីផឹកភេសជ្ជៈមានជាតិអាល់កុលរួច។
- ត្រូវដឹងពីបរិមាណកាបូអ៊ីដ្រាតនៅក្នុងគ្រឿងស្រវឹងដែលគេផឹក។
- ភេសជ្ជៈដែលលាយស្រាប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់បន្ទាប់ពីផឹក ។ យល់ល្អគួរតែឲ្យពួកគេជៀសវាងភេសជ្ជៈទាំងនេះ ព្រោះគេពិបាកកំណត់ពីបរិមាណជាតិស្ករដែលមានក្នុងភេសជ្ជៈទាំងនេះ។
- ពិនិត្យកម្រិតជាតិស្ករក្នុងឈាម មុនពេលចូលគេង និងត្រូវប្រាកដថា វាមិនលើសពី L
- ពួកគេគួរតែញាំអាហារសម្រន់មុនពេលចូលគេង ហើយត្រូវចាំថា រាងកាយរបស់ពួកគេនៅតែបន្តដំណើរការបំប្លែងជាតិស្រវឹង ទោះបីក្រោយពេលឈប់ផឹកក៏ដោយ។
- ត្រូវតែមានកញ្ចប់ព្យាបាលពេលចុះជាតិស្ករ ឬថ្នាំសម្រាប់ព្យាបាលនៅក្បែរគ្រែ ដែលប្រាកដថាពួកគេអាចយកដល់នៅពេលយប់ ឬពេលពួកគេត្រូវការ។
- ត្រូវដាក់ម៉ោងរោទិ៍ដើម្បីជួសជាតិស្ករក្នុងឈាមនៅពេលយប់ឲ្យគេ ប្រសិនបើពួកគេមិនអាចធ្វើខ្លួនឯងបាន។
- ជួយពួកគេឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ថ្ងៃបន្ទាប់ និងត្រូវបន្តពិនិត្យកម្រិតជាតិស្ករក្នុងឈាម ហើយចាក់អាំងស៊ុយលីនដូចធម្មតា។
៤. ពេលណាដែលអ្នកទឹកនោមផ្អែមប្រភេទ១ មិនគួរផឹកគ្រឿងស្រវឹង
- បើសិនពួកគេមិនចង់ផឹក ឬពួកគេមានសម្ពាធក្នុងការផឹកគ្រឿងស្រវឹង
- នៅពេលដែលការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេមិនបានល្អ ពោលគឺកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលញឹកញាប់ម្តងខ្ពស់ ម្តងទាប។
- ប្រសិនបើពួកគេមានការខូចខាតសរសៃប្រសាទ ឬភ្នែកដោយសារជំងឺទឹកនោមផ្អែមប្រភេទទី 1
- បើពួកគេធាត់លើសទម្ងន់ វាជាការល្អបើគេមិនផឹកគ្រឿងស្រវឹង ។
- កុំផឹកពេលពោះទទេ មិនទាន់ញ៉ាំអី។ ត្រូវប្រាកដថាពួកគេបានញ៉ាំកាបូអ៊ីដ្រាតខ្លះនៅក្នុងអាហារ ឬអាហារសម្រន់ មុនពេលចាប់ផ្តើមផឹកគ្រឿងស្រវឹង។
- សម្រាប់អ្នកដែលមានជម្ងឺទឹកផ្អែមប្រភេទ១ ពួកគេមិនគួរផឹកគ្រឿងស្រវឹងតែម្នាក់ឯងទេ។ ត្រូវប្រាកដថាពួកគេមានមិត្តភក្កិដែលដឹងថាគេមានជំងឺទឹកនោមផ្អែមប្រភេទទី១ផឹកជាមួយ។
ថ្នាំញៀន និង ជំងឺទឹកនោមផ្អែមប្រភេទ១
១. តើអ្វីខ្លះជាថ្នាំញៀន?
ថ្នាំគឺជាសារធាតុគីមីដែលមនុស្សប្រើចូលទៅក្នុងខ្លួន ហើយវាផ្លាស់ប្តូររបៀបដែលរាងកាយ ឬខួរក្បាលដំណើរការ។ ថ្នាំអាចត្រូវបានយកទៅប្រើសម្រាប់ព្យាបាលតាមក្បួនវេជ្ជសាស្រ្ត ឬសម្រាប់ការកម្សាន្ត។
២. ថ្នាំកំសាន្ត
ការប្រើប្រាស់ថ្នាំសម្រាប់ការកម្សាន្តគឺជាការប្រើប្រាស់សារធាតុគីមី ដើម្បីសប្បាយ។គ្រឿងស្រវឹង ថ្នាំជក់ និងជាតិកាហ្វេអ៊ីនអាចត្រូវបានចាត់ថ្នាក់ជាថ្នាំកំសាន្ត។
ថ្នាំកំសាន្ត ត្រូវបានគេយកមកប្រើប្រាស់ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវនោះទេ។ អ្នកខ្លះហៅថ្នាំកំសាន្តទាំងនោះថាជាថ្នាំប្រើនៅកន្លែងជប់លៀង ដូចជាកញ្ឆា ថ្នាំរវើរវាយ កូកាអ៊ីន និង អំហ្វេតាមីន។
ថ្នាំខាងលើនេះភាគច្រើន ជាប្រភេទថ្នាំខុសច្បាប់ក្នុងបណ្តាប្រទេសផ្សេងៗនៅលើសកលលោក។
សូមពិនិត្យមើលច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់របស់អ្នកជុំវិញការប្រើប្រាស់គ្រឿងញៀន។
អ្នកជំងឺប្រហែលជាមានអារម្មណ៍ថាចង់សាកល្បងប្រើថ្នាំដើម្បីបន្ធូរអារម្មណ៍ ឬត្រូវបានមនុស្សក្បែរខ្លួនបង្ខំឲ្យប្រើ ។
ការប្រើប្រាស់ថ្នាំកម្សាន្តមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ និង ស្មារតី ហើយជះឥទ្ធិពលអវិជ្ជមានដល់ការសិក្សា ការងារ និងជីវិតសង្គម។ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែជាជារឿងខុសច្បាប់ប៉ុណ្ណោះទេ វាជាទម្លាប់អាក្រក់មួយដែលនាំឱ្យមានបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារថែមទៀតផង។
ប្រសិនបើនរណាម្នាក់ដែលអ្នកស្គាល់មានបញ្ហាគ្រឿងញៀន សូមរកវិធីដើម្បីជួយពួកគេ
៣. ថ្នាំនិងជំងឺទឹកនោមផ្អែមប្រភេទទី 1
ប្រសិនបើមនុស្សជាទីស្រឡាញ់ ឬកូនអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ហើយប្រើប្រាស់ថ្នាំញៀន ពួកគេងាយភ្លេចចាក់អាំងស៊ុយលីន ភ្លេចញ៉ាំអាហារ ភ្លេចផឹកទឹក និងឈានទៅរកការស្លាប់យ៉ាងឆាប់ រហ័ស។ពួកគេមានហានិភ័យខ្ពស់ក្នុងការមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងការវិវត្តទៅជាផលវិបាកនៃជំងឺទឹកនោមផ្អែម ketoacidosis (DKA) ឬធ្វើឱ្យសរីរាង្គខាងក្នុងរបស់ពួកគេលែងដំណើរការ។ ប្រសិនបើពួកគេមានរោគសញ្ញាដូចជា ឈឺក្រពះ ដកដង្ហើមធំក្លិនផ្លែឈើ ហត់ ក្អួត ឬខ្សោះជាតិទឹក អ្នកត្រូវបញ្ជូនពួកគេឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់។
សូមអានបន្ថែមអំពីផលវិបាកនៃជំងឺទឹកនោមផ្អែមនៅទីនេះ និងរបៀបព្យាបាលនៅពេលជាតិស្ករក្នុងឈាមថយចុះ ឬ ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរតែចងចាំជានិច្ចនូវចំណុចខាងក្រោម៖
- ត្រូវដឹងថាខ្លួនឯងកំពុងប្រើថ្នាំប្រភេទអី ពោលគឺត្រូវស្វែងយល់ពីផលប៉ះពាល់របស់ថ្នាំនោះជាមុនសិន មុនពេលសម្រេចចិត្តសាកល្បងប្រើវា ហើយត្រូវពិភាក្សាជាមួយគ្រូពេទ្យព្យាបាល។
- កុំប្រើ ប្រសិនបើពួកគេមិនស្គាល់ថាជាថ្នាំអ្វី។
- អ្នកជំងឺគួរកុំប្រើប្រាស់ថ្នាំតែម្នាក់ឯង។ ប្រសិនបើពួកគេសម្រេចចិត្តថាប្រើថ្នាំ ត្រូវ មាននរណាម្នាក់ដែលគេទុកចិត្តបាន(គាត់មិនប្រើថ្នាំជាមួយទេ) គាត់ស្គាល់ថ្នាំដែលគេប្រុងលេប ហើយដឹងថាគេមានជំងឺទឹកនោមផ្អែមប្រភេទទី 1។
- ត្រូវប្រើថ្នាំនៅកន្លែងដែលមានសុវត្ថិភាព និងផាសុកភាព។
- ត្រូវតែបន្តប្រើថ្នាំអាំងស៊ុយលីន ឬពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេ។
យើងសូមណែនាំយ៉ាងមុតមាំថា អ្នកមិនត្រូវប្រើថ្នាំកម្សាន្តនោះទេ ព្រោះវាគ្មានសុវត្ថិភាព ហើយការញៀនថ្នាំអាចបង្កបញ្ហាជាច្រើនដល់សុខភាព ការងារ និងទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសារថែមទៀតផង។
HelloType1 content is based on published, internationally recognised guidelines and then reviewed by local experts to ensure it fits local context. The translation is based on simplified English language to ensure it conveys the safest and clearest possible message in regional languages. Basic insulin and blood glucose testing access is still an issue in the South-East Asia region and our chief aim is to address this. HelloType1 content is not intended to replace the advice of individual healthcare professionals but as a collaborative tool to help them improve the outcomes of disadvantaged people with Type 1 Diabetes in the region.