១. ហេតុអ្វីត្រូវហាត់ប្រាណ?
ការហាត់ប្រាណមានសារៈសំខាន់សម្រាប់មនុស្សយើងគ្រប់គ្នា ដោយវាអាចជួយយើងឲ្យមានថាមពល និងរក្សាទម្ងន់ក្នុងកម្រិតមួយមានសុខភាពល្អ។ ពិតណាស់ ការហាត់ប្រាណកាន់តែមានសារៈសំខាន់មួយកម្រិតទៀតសម្រាប់ក្មេងមានជំងឺទឹកនោមផ្អែមប្រភេទ១ ដោយអាចជួយក្មេងឲ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អប្រសើរ និងបង្កើនទំនុកចិត្តលើខ្លួនឯង។
គ្រប់លំហាត់ប្រាណទាំងអស់សុទ្ធតែល្អចំពោះសុខភាព រាប់ចាប់តាំងពីការដើរ ជិះកង់ និងលេងបាល់ទាត់ជាដើម។ ប៉ាម៉ាក់គួរលើកទឹកចិត្តកូនឲ្យព្យាយាមហាត់ប្រាណបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ជាជំហានដំបូង ប៉ាម៉ាក់អាចកំណត់ឲ្យកូនហាត់ប្រាណត្រឹម ៣០នាទីក្នុងមួយថ្ងៃ បន្ទាប់មកយើងអាចបន្ថែមដល់ ៦០នាទីក្នុងមួយថ្ងៃ ដោយហាត់ពី៥ ទៅ៦ថ្ងៃក្នុងមួយសប្ដាហ៍។ ជាការពិតណាស់ បើសិនជាប៉ាម៉ាក់អាចចូលរួមហាត់ប្រាណជាមួយកូនទៀតរឹតតែពិសេស ដោយថានេះនឹងជួយលើកទឹកចិត្តកូន និងធ្វើឲ្យកូនមានទម្លាប់ហាត់ប្រាណជាប្រចាំតែម្ដង។
បើសិនជាកូនយើងទើបតែសាកល្បងហាត់ប្រាណ ឬលេងកីឡា ការទទួលបានការគាំទ្រផ្នែកស្មារតីពីប៉ាម៉ាក់គឺសំខាន់ណាស់។ ដូចគ្នាដែរ បើប៉ាម៉ាក់ខ្លាច ឬបារម្ភពេក មិនឲ្យកូនចូលលេងកីឡា ឬហាត់ប្រាណ នោះនឹងធ្វើឲ្យកូនធ្លាក់ខ្លួនឈឺ ឬមិនស្រួលខ្លួនទៅវិញទេ។
២. ការហាត់ប្រាណមានឥទ្ធិពលបែបណាលើកម្រិតជាតិស្ករក្នុងឈាម?
ការហាត់ប្រាណ ក៏ដូចជាការធ្វើសកម្មភាពផ្សេងៗ គឺមានឥទ្ធិពលទៅលើកម្រិតជាតិស្ករក្នុងឈាមតាមបែបផ្សេងៗគ្នា។
ជាធម្មតាវាអាចធ្វើឲ្យកម្រិតជាតិស្ករចុះទាបដោយសារ៖
- សាច់ដុំបំប្លែងជាតិស្ករទៅជាថាមពល
- រាងកាយចាប់ផ្ដើមមានប្រតិកម្មខ្លាំងទៅនឹងអាំងស៊ុយលីន
ឬក៏ពេលខ្លះអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងដែរ ដោយសារ៖
- ផលប៉ះពាល់ពីអ័រម៉ូនផ្សេងៗលើរាងកាយ (ជាទូទៅកើតឡើងបណ្ដោះអាសន្នដោយសារបញ្ហាស្ត្រេស ឬរំភើបពេកជាដើម)
- មិនស្រួលខ្លួន
៣. រៀបចំផែនការសម្រាប់កូន
ប៉ាម៉ាក់ត្រូវជួយពិនិត្យកម្រិតជាតិស្ករឲ្យកូនជាមុន ដើម្បីដឹងថាកូនត្រូវការអាហារកម្រិតណាមុនចាប់ផ្ដើមហាត់ប្រាណ។
មួយវិញទៀត ប៉ាម៉ាក់ក៏ត្រូវត្រៀមដែរ ក្រែងកូនមានបញ្ហាឡើងជាតិស្ករ។ ប៉ាម៉ាក់ត្រូវប្រាកដថា កូនបានយកទៅជាមួយដូចជា ទឹកផ្លែឈើ និងនំឃុកឃី ជាដើមពេលទៅហាត់ប្រាណ។
ក្រៅពីនោះប៉ាម៉ាក់ក៏គួរនិយាយជាមួយគ្រូបង្ហាត់របស់កូនផងដែរ ដោយត្រូវប្រាដកថា ពេលកូនយើងមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាម គ្រូអាចជួយកូនយើងបាន។
ប៉ាម៉ាក់ក៏មិនត្រូវភ្លេចដែររឿងចាក់អាំងស៊ុយលីន។ ប៉ាម៉ាក់ត្រូវចាំថា ចៀសវាងឲ្យកូនហាត់ប្រាណក្នុងអំឡុងពេល ២ម៉ោងបន្ទាប់ពីចាក់អាំងស៊ុយលីន ដោយហេតុថា វាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះលឿនខ្លាំង។ បើសិនជាយើងមិនច្បាស់ពីពេលវេលាចាក់អាំងស៊ុយលីនឲ្យកូនទេនោះ យើងគួរពិភាក្សារឿងនេះជាមួយគ្រូពេទ្យ។
ញ៉ាំអាហារមុនទៅហាត់ប្រាណ។ ចំពោះរឿងនេះបើប៉ាម៉ាក់មិនច្បាស់ទេត្រូវសួរនាំគ្រូពេទ្យ តើគួរឲ្យកូនញ៉ាំអាហារកម្រិតប៉ុនណាទើបសមល្មមមុនចេញទៅហាត់ប្រាណ។ ជម្រើសដែលល្អនោះគឺអាចញ៉ាំផ្លែឈើ ទឹកដោះគោមានខ្លាញ់ទាប យ៉ាអួរ នំឃុកឃី និងនំប៉័ង ជាដើម។
ករណីកូនយើងហាត់ប្រាណយូរជាងធម្មតា កូនយើងប្រហែលជាត្រូវការជាតិកាបូអ៊ីដ្រាតបន្ថែម ឬក៏កាត់បន្ថយដូសអាំងស៊ុយលីនជាដើម។ ចំពោះរឿងនេះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
៤. លើកទឹកចិត្តកូនឲ្យចេះថែទាំសុខភាព
ក្មេងដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ការដែលក្មេងចេះថែទាំសុខភាពគឺជារឿងសំខាន់។ ពិសេសបើកូនយើងក្នុងវ័យចូលរៀនទៀតក៏អាចថាប្រឈមដែរ ដោយពិបាកសុំគ្រូចេញក្រៅថ្នាក់ដើម្បីពិនិត្យជាតិស្ករ ឬចាក់អាំងស៊ុយលីនជាដើម។ ប៉ុន្តែប៉ាម៉ាក់អាចប្រាប់គ្រូរបស់កូនយើងពីរឿងនេះ និងអាចឲ្យកូនយើងមានពេលសម្រាប់គ្រប់គ្រងបញ្ហាទឹកនោមផ្អែមនេះបានដោយត្រឹមត្រូវ ទោះក្នុងម៉ោងរៀនក៏ដោយ។
ក្រៅពីអាចសុំគ្រូចេញក្រៅថ្នាក់ កូនយើងក៏អាចផ្អាកលេងកីឡា ឬហាត់ប្រាណបានដូចគ្នា ដើម្បីញ៉ាំអាហារសម្រន់ក្នុងករណីកម្រិតជាតិស្ករក្នុងឈាមចុះទាប ឬពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាដើម។