១. ហេតុអ្វីបានជាផែនការអាហារសំខាន់សម្រាប់កូនមានជំងឺទឹកនោមផ្អែមប្រភេទ១
ក្មេងៗមានជំងឺទឹកនោមផ្អែមប្រភេទ១ មិនចាំបាច់ត្រូវតែមានរបបអាហារតឹងរឹងពេកនោះទេ តែអ្វីដែលសំខាន់គឺប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ពីអ្វីដែលកូនយើងបានញ៉ាំ និងក្នុងកម្រិតប៉ុន្មាន។ ហេតុអ្វី? ព្រោះថាការដឹងបែបនេះជួយឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់កូនយើងស្ថិតក្នុងកម្រិតល្អសម្រាប់សុខភាព។ ការរៀបចំផែនការអាហារបានត្រឹមត្រូវនឹងជួយកូនយើងឲ្យញ៉ាំអាហារបានត្រឹមត្រូវ និងមានសុខភាពល្អ។
ប៉ាម៉ាក់ត្រូវជួយកូនឲ្យរក្សាឲ្យបាននូវតុល្យភាពរវាងកាបូអ៊ីដ្រាតដែលកូនបានញ៉ាំ និងអាំងស៊ុយលីនដែលកូនបានចាក់ ក៏ដូចជាកម្រិតសម្មភាពរាងកាយដែលកូនបានធ្វើ ដើម្បីអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យនៅល្អបាន។ ការធ្វើដូចនេះ គឺដើម្បីការពារកុំឲ្យកើតមានបញ្ហាសុខភាពរយៈពេលវែងកើតលើកូនរបស់យើង។
ដូចគ្នាដែរ ប៉ាម៉ាក់ត្រូវដឹងថាពីសារធាតុចិញ្ចឹមមាននៅក្នុងអាហាររបស់កូនយើង។ រឿងដែលសំខាន់គឺត្រូវដឹងថាអាហារណាមានផ្ទុកកាបូអ៊ីដ្រាត ហើយជាកាបូអ៊ីដ្រាតល្អ ឬមិនល្អ។
កាបូអ៊ីដ្រាតល្អ ប៉ាម៉ាក់អាចរកបាននៅក្នុងបន្លែមានស្លឹកបៃតង និងបន្លែផ្សេងទៀតដូចការ៉ុត និងត្រប់វែង។ ចំណែកកាបូអ៊ីដ្រាតមិនល្អវិញមាននៅក្នុងអាហារកែច្នៃ និងអាហារមួយចំនួនទៀតដូចជានំខេក នំផ្អែម សូកូឡា និងស្ករគ្រាប់ ឬភេសជ្ជៈផ្អែមជាដើម។
ប៉ាម៉ាក់ត្រូវប្រយ័ត្នដែរពេលកូនញ៉ាំអាហារ និងភេសជ្ជៈតាមផ្លូវមួយចំនួន ដែលអាចថាអ្នកលក់មានដាក់ទឹកដោះគោខាប់ ឬមានបន្ថែមស្ករច្រើនជាដើម។
បើនៅតាមផ្សារទំនើបវិញ ពេលទិញអាហារណាមួយប៉ាម៉ាក់ត្រូវអានព័ត៌មានទាក់ទងនឹងសារធាតុចិញ្ចឹម គ្រឿងផ្សំ និងចំនួនកាឡូរីជាដើម។ ដូចគ្នាដែរបើយើងទិញអាហារគេចម្អិនលក់តាមផ្លូវ យើងកុំស្ទាក់ស្ទើរក្នុងការសួរនាំអ្នកលក់ពីគ្រឿងផ្សំ និងសួរថាមានបន្ថែមស្ករដែរឬយ៉ាងណា។
២. វិធីកំណត់អាហារញ៉ាំដោយបែងចែកជាភាគៗក្នុងចាន
ប៉ាម៉ាក់ត្រូវព្យាយាមរក្សាតុល្យភាពរបស់កាបូអ៊ីដ្រាត និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងអាហារកូន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ ក៏ដូចជាធានាថាកូនបានញ៉ាំអាហារឆ្ងាញ់ដូចគ្នា។
យើងអាចប្រើវិធីបែងចែកអាហារលើចានជាភាគៗដូចខាងក្រោម៖
- ញ៉ាំកន្លះចានសម្រាប់បន្លែស្លឹកបៃតង និងបន្លែគ្មានជាតិម្សៅ មានដូចជាស្ពៃក្ដោប ខាត់ណាខៀវ ការ៉ុត ត្រសក់ និងត្រកួនជាដើម។
- ញ៉ាំ១ភាគ៤ នៃចានសម្រាប់កាបូអ៊ីដ្រាតបានពីធញ្ញជាតិ និងបន្លែមានជាតិម្សៅ ដូចជាបាយ ឬនំប៉័ង ពោត ដំឡូងបារាំង ឬត្រាវ។
- ញ៉ាំ១ភាគ៤នៃចានសម្រាប់ប្រូតេអ៊ីន មានដូចជាសាច់ទ្រូងមាន់ ត្រី និងស៊ុតជាដើម។
សម្រាប់ជម្រើសផ្សេងទៀត៖ញ៉ាំទឹកដោះគោមានខ្លាញ់ទាបមួយកែវ ឬផ្លែឈើស្រស់
វាជារឿងចាំបាច់ដែលយើងអាចឲ្យកូនទទួលបានទាំងអាហារមានសុខភាពល្អ និងអាហារឆ្ញាញ់ៗ តែយើងក៏ត្រូវស្គាល់ច្បាស់ពីអាហារទាំងនោះ និងផលប៉ះពាល់របស់វាដែរ។ អាហារប្រៀបដូចជាមិត្តភក្ដិអ៊ីចឹងដែរ បើកូនយើងជ្រើសរើសបានអាហារល្អ គឺដូចជាកូនយើងមានមិត្តល្អ និងជួយរក្សាសុខភាពឲ្យនៅបានល្អដូចគ្នា។
៣. គន្លឹះសំខាន់ៗជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មានសុខភាពល្អ
ប៉ាម៉ាក់ត្រូវលើកទឹកចិត្តកូន៖
- កុំឲ្យរំលងពេលញ៉ាំអាហារ និងត្រូវញ៉ាំអាហារឲ្យបានទៀងពេលជាប្រចាំ
- ញ៉ាំសារធាតុកាបូអ៊ីដ្រាត ឬអាហារមានសារធាតុកាបូអ៊ីដ្រាតក្នុងកម្រិតថេរជារៀងរាល់ថ្ងៃ
- ញ៉ាំទឹកឲ្យបានច្រើនរាល់ថ្ងៃ
- ញ៉ាំបាយដាំពីអង្ករសម្រូប ជាជាងញ៉ាំបាយអង្ករស ឬអង្ករដំណើប
- ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
- បើចង់ញ៉ាំអាហារសម្រន់ គួរញ៉ាំផ្លែឈើ
- លើកទឹកចិត្តកូនឲ្យហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ហើយបើយើងអាចហាត់ជាមួយកូនដែរកាន់តែល្អ។
- ភេសជ្ជៈមានជាតិស្ករ អាហារសម្រន់ប្រភេទកៃច្នៃ ឬបង្អែម
- អាហារកែច្នៃដូចជាសាច់កំប៉ុង ឬសាច់ក្រក
- កាត់បន្ថយអំបិលក្នុងរបបអាហារកូន។
អ្វីគួរចៀសវាង ឬកាត់បន្ថយ៖