១. សារៈសំខាន់នៃអាហារ និងភេសជ្ជៈដែលយើងញ៉ាំ
អាហារដែលយើងញ៉ាំ មានសារៈសំខាន់ណាស់ ព្រោះថាបានផ្ដល់ដល់រាងកាយយើងនូវសារធាតុចិញ្ចឹមផ្សេងៗដែលយើងត្រូវការដើម្បីឲ្យរាងកាយមានសុខភាពល្អ។
អាហារយើងញ៉ាំមានសារធាតុចិញ្ចឹមសំខាន់ៗចំនួនបី គឺកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីន ហើយក្រៅពីនេះក៏នៅមានសារធាតុចិញ្ចឹមបន្ទាប់បន្សំមួយចំនួនទៀតដូចជាវីតាមីន និងរ៉ែផ្សេងៗ។ របបអាហារដែលមានបរិមាណសារធាតុចិញ្ចឹមទាំងនេះក្នុងកម្រិតត្រឹមត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង។ យើងក៏គួរផឹកទឹកឲ្យបានច្រើន ដើម្បីជួយឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់។
តើសារធាតុចិញ្ចឹមមានតួរនាទីអ្វីខ្លះ?
- កាបូអ៊ីដ្រាត៖ ជាប្រភពថាមពលដ៏សំខាន់សម្រាប់ខួរក្បាល និងរាងកាយរបស់យើង
- ប្រូតេអ៊ីន៖ ជួយដល់ការលូតលាស់ និងជួសជុលកោសិការាងកាយ
- ខ្លាញ់៖ ផ្ដល់ថាមពលសម្រាប់ការលូតលាស់ និងសកម្មភាពរាងកាយ
- វីតាមីន និងរ៉ែផ្សេងៗ៖ ជួយគ្រប់គ្រងដំណើរការរបស់រាងកាយ និងជួយឲ្យយើងមានសុខភាពល្អ។-
២. ទំនាក់ទំនងរវាងកាបូអ៊ីដ្រាត និងកម្រិតជាតិស្ករក្នុងឈាម
ទោះបីជាកូនយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ក្ដី តែក៏មិនគួរឲ្យឈប់ញ៉ាំកាបូអ៊ីដ្រាតនោះដែរ។ ប៉ុន្តែវាជារឿងសំខាន់ដែលកូនយើងត្រូវញ៉ាំកាបូអ៊ីដ្រាតក្នុងកម្រិតត្រឹមត្រូវ ហើយយើងជាប៉ាម៉ាក់ត្រូវដឹង ឬប្រាប់កូនឲ្យដឹងដែរថាកាបូអ៊ីដ្រាតបែបណាល្អ និងបែបណាមិនល្អ ដែលអាចបង្កជាបញ្ហាដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ របស់កូនយើង។
កាបូអ៊ីដ្រាតដែលល្អមាននៅក្នុងបន្លែស្លឹកបៃតង ដោយបន្លែទាំងនោះផ្ទុកស្ករធម្មជាតិ និងជួយឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងយឺត។
ចំណែកកាបូអ៊ីដ្រាតមិនល្អវិញមាននៅក្នុងបង្អែម ឬភេសជ្ជៈមានជាតិស្ករផ្សេងទៀត ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់កូនយើងឡើងលឿន។
ការហាត់ប្រាណ និងចាក់អាំងស៊ុយលីន គឺជាជម្រើសដ៏ឆ្លាតវៃក្នុងការជួយឲ្យកូនយើងអាចញ៉ាំអាហារដោយរីករាយ និងមានសុខភាពល្អ។
តើកាបូអ៊ីដ្រាតមាននៅក្នុងអ្វីខ្លះ?
- ធញ្ញជាតិ និងបន្លែមានជាតិម្សៅ៖ បាយ គុយទាវ នំប៉័ង ដំឡូង ពោត ត្រាវ និងល្ពៅជាដើម។
- ទឹកដោះគោ និងទឹកសណ្ដែក
- ផ្លែឈើ មានដូចជាល្ហុង ស្វាយ ម្នាស់ ឪឡឹក និងក្រូច ជាដើម។
- បន្លែផ្សេងទៀតដូចជា ត្រប់វែង ប៉េងប៉ោះ ត្រសក់ ផ្កាខាត់ណា ឬផ្សិត ជាដើម។
- អាហារ និងភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកក្រូច ទឹកផ្លែឈើ ស្ករគ្រាប់ ទឹកដោះគោផ្អែម និងនំខេក ជាដើម។ អាហារទាំងនេះធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្លាំង។
៣. សន្ទស្សន៍ជាតិស្ករ
ក្រោយពីកូនយើងញ៉ាំអាហារ រាងកាយនឹងបំប្លែងកាបូអ៊ីដ្រាតទៅជាគ្លុយកូស និងបន្តជ្រាបចូលក្នុងចរន្តឈាមរបស់កូនយើង ហើយការជ្រាបចូលនេះ វាក៏អាស្រ័យលើប្រភេទនៃកាបូអ៊ីដ្រាត និងអាហារដែលមានសារធាតុនេះដែរ។
អាហារមានផ្ទុកកាបូអ៊ីដ្រាតមួយចំនួនអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកូនរបស់យើងឡើងលឿន និងខ្លះទៀតធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងយឺត។
សន្ទស្សន៍ជាតិស្ករ (Glycemic indexឬGI) អាចវាស់វែងដឹងថាអាហារណាមួយអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលឿនកម្រិតណាបាន។
អាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលឿន ជាងអាហារមានសន្ទស្សន៍ជាតិស្ករទាប។
ខាងក្រោមនេះប៉ាម៉ាក់នឹងឃើញថាពីសន្ទស្សន៍កម្រិតជាតិស្ករនៅក្នុងបន្លែ និងផ្លែឈើដែលប្រជាពលរដ្ឋខ្មែរយើងចូលចិត្តញ៉ាំ។
លឿង៖ អាចញ៉ាំច្រើនបាន
ពណ៌ទឹកក្រូច៖ ត្រូវញ៉ាំក្នុងកម្រិតល្មម
ពណ៌ក្រហម៖ គួរចៀសវាងញ៉ាំ ឬញ៉ាំបានតាមការណែនាំរបស់គ្រូពេទ្យ (ដាក់រូបភាពខាងក្រោម)
ក្រៅតែពីការជួយកូនយើងឲ្យមានកម្រិតជាតិស្ករក្នុងឈាមស្ថិតនៅកម្រិតល្អដោយសាររបបអាហារមានតុល្យភាពជាមួយនឹងកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ ប៉ាម៉ាក់ក៏អាចមានវិធីផ្សេងមួយចំនួនទៀតដូចជា៖
- ត្រូវប្រាកដថាយើងបានធ្វើតេស្តកម្រិតស្ករឲ្យកូនបានទៀងទាត់ (យ៉ាងហោច៤ដងក្នុងមួយថ្ងៃ)
- លើកទឹកចិត្តកូនឲ្យហាត់ប្រាណបាន៣០នាទីក្នុងមួយថ្ងៃជាប្រចាំ ឬបើអាចយើងគួរហាត់ប្រាណជាមួយកូនដែរ។
- ត្រូវច្បាស់ថាកូនយើងបានចាក់អាំងស៊ុយលីនក្នុងបរិមាណត្រឹមត្រូវ និងត្រូវតាមពេល
- រៀបចំអាហារមានសារធាតុកាបូអ៊ីដ្រាតសម្រាប់កូនតាមការណែនាំរបស់គ្រូពេទ្យ។