១. ពេលកូនមិនស្រួលខ្លួនប៉ះពាល់អ្វីខ្លះដល់កម្រិតជាតិស្ករក្នុងឈាម?
កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងឈឺម្ដងម្កាលដូចក្មេងទូទៅដែរ។ ដោយសារតែជំងឺផ្សេងៗនេះ រាងកាយរបស់កូនយើងអាចបង្កឲ្យកើតឡើង ឬធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម។ ដូចនេះហើយប៉ាម៉ាក់ត្រូវដឹងពីជំហានការពារបន្ថែមដើម្បីជួយកូនយើងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។
កម្រិតជាតិស្ករនៅក្នុងឈាមអាចនឹងពិបាកក្នុងការទស្សន៍ទាយខ្លាំងណាស់នៅពេលដែលកូនឈឺ។ យើងមិនអាចដឹងទេថា ជំងឺទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់កូនយ៉ាងដូចម្ដេចនោះឡើយដែរ។ ដូចនេះហើយ វាជាការសំខាន់ដែលប៉ាម៉ាក់ត្រូវជួយពិនិត្យកម្រិតជាតិស្ករក្នុងឈាមកូនញឹកញាប់ជាងធម្មតា នៅថ្ងៃដែលកូនមានជំងឺ ឬមិនស្រួលខ្លួន និងកែតម្រូវកម្រិតអាំងស៊ុយលីនបើចាំបាច់។
នៅពេលកូនយើងមានជំងឺ ដូចជាផ្ដាសាយ ក្ដៅខ្លួន ឬជំងឺផ្សេងទៀត ទោះមាន ឬមិនមានគ្រុនក្រៅក្ដី នោះរាងកាយរបស់កូននឹងត្រូវការថាមពលបន្ថែមដើម្បីប្រឆាំងនឹងមេរោគ ហើយវាអាចធ្វើឲ្យរំខានដល់សកម្មភាពអាំងស៊ុយលីនដែលយើងចាក់ឲ្យកូន។
កោសិកាអាចនឹងត្រូវការអាំងស៊ុយលីនបន្ថែមដើម្បីធ្វើការ ឬត្រូវការអាំងស៊ុយលីនតិចជាងមុនដើម្បីធ្វើការ។ ការញ៉ាំអាហារ ផឹកទឹក ការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម និងចាក់ថ្នាំអាំងស៊ុយលីន គឺចាំបាច់ខ្លាំងណាស់នៅពេលដែលកូនយើងឈឺ។
ប្រសិនបើកោសិកាមិនអាចទទួលបានថាមពលគ្រប់គ្រាន់នោះទេ ឬមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ ដើម្បីជួយឲ្យជាតិស្ករចូលក្នុងកោសិកាទេនោះ រាងកាយរបស់កូននឹងបំបែកជាតិខ្លាញ់និងសាច់ដុំនៅក្នុងខ្លួនកូនយើង ដើម្បីផ្ដល់ជាថាមពល។ ដំណើរការដូចនេះ វានឹងផលិតសំណល់ដែលហៅថា សេតូន (Ketones) ដែលបង្កគ្រោះថ្នាក់ខ្លាំងនៅពេលដែលមានចំនួនច្រើន។
បើសិនជាការកើនឡើងកម្រិតជាតិស្ករមិនបានទទួលការព្យាបាល ជាតិសេតូននឹងវិវត្តន៍ទៅមុខ ហើយកូនយើងអាចនឹងកាន់តែឈឺខ្លាំង ដោយសារបញ្ហា Diabetic Ketoacidosis (DKA) ទោះបីជាមិនមានជំងឺអ្វីផ្សេងក៏ដោយ។
២. ប៉ាម៉ាក់ត្រូវត្រៀមខ្លួនជួយកូនបែបណាចំពោះបញ្ហានេះ?
ការដឹងវិធីគ្រប់គ្រងកម្រិតជាតិស្ករនៅពេលកូនឈឺ អាចជួយកូនចៀសផុតរពីបញ្ហាធំៗមួយចំនួន និងផលវិបាកផ្សេងៗ។
គោលដៅនៃការថែរទាំនៅពេលកូនឈឺរួមមាន៖
- ការពារកុំឲ្យបាត់បង់ជាតិទឹក
- ការពារកុំឲ្យមាន បញ្ហា Ketoacidosis (កម្រិតជាតិស្ករ និងសេតូនខ្ពស់នៅក្នុងឈាម)
- ការពារពីបញ្ហាធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមទាប (Hypoglycaemia)
៣. របៀបសម្គាល់ការកើតមានជាតិសេតូនក្នុងឈាម
ទាំងនេះគឺជារោគសញ្ញាខ្លះៗដែលប៉ាម៉ាក់គួរដឹងនៅពេលជាតិសេតូនក្នុងឈាមកូនត្រូវរាងកាយផលិតឡើង៖
- ខ្យល់ដង្ហើម ធុំក្លិនដូចអាល់កុល
- កម្រិតជាតិស្ករក្នុងឈាមកើនខ្ពស់
- ទៅបន្ទប់ទឹកញឹកញាប់
- ស្រេកទឹកគ្រប់ពេល
- នឿយហត់ខ្លាំងជាងធម្មតា
- ឈឺក្រពះ
- ប្រែប្រួលចង្វាក់ដង្ហើម
- វង្វេងវង្វាន់
- សន្លប់
- មានអារម្មណ៍ថាមិនស្រួលខ្លួន”
វិធីដែលល្អបំផុត គឺធ្វើតេស្តមើលជាតិសេតូន ដោយប្រើបន្ទះតេស្តមើលជាតិសេតូនក្នុងឈាម។ យើងអាចមិនមានបន្ទះតេស្ត និងម៉ាស៊ីនមើលជាតិសេតូនក្នុងឈាមនៅផ្ទះនោះទេ។ ដូចនេះប៉ាម៉ាក់គួរនាំកូនទៅមន្ទីពេទ្យ ឬគ្លីនិកទទួលបានការធ្វើតេស្តនេះ។
៤. ប៉ាម៉ាក់ត្រូវធ្វើម៉េចពេលកូនឈឺ?
សូមធ្វើតាមគោលការណ៍ណែនាំទូទៅខាងក្រោមនេះនៅពេលកូនយើងមានជំងឺ៖
- មិនត្រូវឈប់ចាក់អាំងស៊ុយលីនដាច់ខាត
- កម្រិតអាំងស៊ុយលីនប្រហែលជាអាចនឹងត្រូវបង្កើន ឬបន្ថយកម្រិត អាស្រ័យលើកម្រិតជាតិស្ករក្នុងឈាម (BG) និងអាហារដែលកូនយើងបានញ៉ាំ។
- សូមបង្កើនការពិនិត្យមើលជាតិស្ករក្នុងឈាមរៀងរាល់ ៣ ទៅ ៤ម៉ោងម្ដង បើសិនជាមានបន្ទះតេស្តគ្រប់គ្រាន់។
- បើសិនជាមិនអាចធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាមនៅផ្ទះទេ សូមទៅមន្ទីរពេទ្យដើម្បីអាចទទួលបានការធ្វើតេស្តទៀងទាត់។
- ត្រូវប្រាកដថាកូនញ៉ាំទឹកបានច្រើន ។
ឧទាហរណ៍ជាតិទឹកដែលល្អចំពោះក្មេងអំឡុងពេលឈឺរួមមានទឹកសាបធម្មតា ទឹកស្រូវ Barley និងទឹកស៊ុប broth ជាដើម។ ប៉ាម៉ាក់ត្រូវជំរុញកូនផឹកទឹកតិចៗ ប្រហែលកន្លះពែងរៀងរាល់ម៉ោង។ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដែលអាចបង្កឲ្យបាត់បង់ជាតិទឹកដូចជា ទឹកក្រូច តែ និងកាហ្វេ។
- ព្យាបាលគ្រុនក្ដៅ
- ប៉ាម៉ាក់ត្រូវជំរុញឲ្យកូនញ៉ាំអាហារក្នុងកម្រិតធម្មតា ប៉ុន្តែប្រសិនបើមិនអាចញ៉ាំបាន ត្រូវប្រាកដថា កូនបានញ៉ាំទឹក ឬអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្លះ ដើម្បីការពារពីការធ្លាក់ចុះភ្លាមៗកម្រិតជាតិស្ករក្នុងឈាម។
ការពិនិត្យរកមើលជាតិសេតូននៅក្នុងទឹកនោម ឬឈាម គឺជារឿងចាំបាច់ណាស់។ ការបន្ថែមអាំងស៊ុយលីនជាទូទៅ គឺមានសារសំខាន់ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម(លើកលែងតែ ជំងឺបង្កឲ្យធ្លាក់ចុះជាតិស្ករក្នុងឈាម)។
ករណីកូនយើងឡើងជាតិស្ករនៅក្នុងឈាមដោយគ្មាន ឬមានសេតូនតិចតួច ត្រូវចាក់អាំងស៊ុយលីន ៥ ទៅ ១០% នៃកម្រិតប្រើប្រចាំថ្ងៃសរុប ដោយប្រើអាំងស៊ុយលីនមានសកម្មភាពខ្លី ឬលឿន ហើយត្រូវបន្តចាក់ទៀតរៀងរាល់ ២ ទៅ ៤ម៉ោងម្ដង។
ករណីកូនយើងឡើងជាតិស្ករនៅក្នុងឈាមដោយមានជាតិសេតូនកម្រិតធម្យមឬ ច្រើន ត្រូវ ចាក់អាំងស៊ុយ ១០ ទៅ ២០% នៃកម្រិតប្រើប្រចាំថ្ងៃសរុប ដោយប្រើអាំងស៊ុយលីនមានសកម្មភាពខ្លី ឬលឿន ហើយត្រូវចាត់រៀងរាល់ ២ ទៅ ៤ម៉ោងម្ដង។
ក្នុងករណីកូនយើងមានចេញអាការៈក្អួត នេះជាសញ្ញានៃការធ្លាក់ចុះកម្រិតអាំងស៊ុយលីន និងបញ្ហា Diabetic Ketoacidosis (DKA) ហើយ។ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ឬបញ្ជូនកូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។