១. ជំងឺទឹកនោមផ្អែមប្រភេទ១ និងផលវិបាកលើភ្នែកកូនក្មេង
ក្មេងៗដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចមានហានីភ័យខ្ពស់ក្នុងការកើតជំងឺភ្នែក ដែលគេហៅថាការខូចសរសៃឈាមបាតភ្នែកដោយជំងឺទឹកនោមផ្អែមដែលបញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់គំហើញរបស់ក្មេង។
បើសិនជាកម្រិតជាតិស្ករក្នុងឈាមរបស់កូនយើងឡើងខ្ពស់ជាប្រចាំ នោះវានឹងអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់សរសៃឈាម។ ពេលវាប៉ះពាល់ដល់សរសៃឈាមភ្នែក នោះឈាមនឹងមិនមានគ្រប់គ្រាន់សម្រាប់ស្រទាប់រ៉េទីន (Retina) ដែលជាផ្នែកមួយរបស់ភ្នែកជួយឲ្យយើងមើលឃើញ។
នៅពេលសរសៃឈាមត្រូវបំផ្លាញ នោះមានន័យថាស្រទាប់រ៉េទីនមិនអាចទទួលបានឈាមគ្រប់គ្រាន់តាមតម្រូវការទេ ហើយវាក៏មិនអាចដំណើរការបានត្រឹមត្រូវដែរ។ នេះមានន័យថា កូនរបស់យើងនឹងមិនអាចមើលឃើញបានច្បាស់ ហើយអាចធ្លាក់ខ្លួនពិការភ្នែកទៀតផង។
ប៉ាម៉ាក់អាចមានវិធីច្រើនយ៉ាងដើម្បីការពារការបាត់បង់គំហើញរបស់កូន សំខាន់យើងត្រូវដឹងពីសញ្ញាព្រមានផ្សេងៗឲ្យបានលឿនបំផុត។ រឿងចាំបាច់ជាងគេ គឺត្រូវរក្សាកម្រិតជាតិស្ករក្នុងឈាមកូនឲ្យស្ថិតនៅកម្រិតល្អតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការកុំឲ្យកើតមានផលវិបាកផ្សេងៗ។ ប៉ាម៉ាក់ត្រូវនាំកូនទៅពិនិត្យភ្នែករៀងរាល់ឆ្នាំ ដើម្បីឲ្យគ្រូពេទ្យអាចតាមដានបញ្ហាភ្នែករបស់កូនយើងបានទាន់ពេល មុននឹងអ្វីៗហួសអស់ និងនាំឲ្យកូនយើងធ្លាក់ខ្លួនពិការភ្នែក។
២. បញ្ហាផ្សេងៗអាចកើតមានលើភ្នែក
- បញ្ហាភ្នែកឡើងបាយ៖ គឺការឡើងក្រាស់ និងមានឡើងដុំ-សលើកញ្ចក់ភ្នែក ដែលនាំឲ្យភ្នែកទៅជាព្រឹល ឬពិបាកមើលពេលយប់។
- ជំងឺទឹកដក់នៅបាតភ្នែក៖ នៅពេលមានសម្ពាធកើតឡើងក្នុងភ្នែក នោះអាចនឹងកាត់បន្ថយលំហូរឈាមទៅកាន់ស្រទាប់រ៉េទីន និងប្រព័ន្ធប្រសាទអុបទិក(optic nerve) អាចខូចខាតបាន។ បើបញ្ហានេះកើតឡើងយូរអង្វែង មិនបានព្យាបាលទាន់ពេល ជំងឺនេះនឹងធ្វើឲ្យពិការភ្នែក។
- បញ្ហាខូចសរសៃឈាមបាតភ្នែកដោយជំងឺទឹកនោមផ្អែម៖ បញ្ហានេះកើតឡើងនៅពេលមានការប្រែប្រួលក្នុងស្រទាប់រ៉េទីន ដោយសារតែការខូចខាត ឬការកើតមានបញ្ហាលើសរសៃឈាមតូចៗរបស់ស្រទាប់រ៉េទីន។
៣. ការដឹងបញ្ហាភ្នែកទាន់ពេលវេលា
មធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាភ្នែករបស់កូនយើងមានបញ្ហាឬអត់ គឺការទទួលបានការត្រូវពិនិត្យភ្នែកពីគ្រូពេទ្យជំនាញ។ ការខូចខាតភ្នែកអាចកើតឡើងបានដូចគ្នា បើទោះបីជាភ្នែករបស់កូនយើងមើលទៅធម្មតាក៏ដោយ។ បញ្ហាភ្នែក មិនអាចសម្គាល់បានត្រឹមតែ ការត្រូវការពាក់វ៉ែនតាទេ។
ដូចដែលបាននិយាយអ៊ីចឹង វាជាការសំខាន់ណាស់ដែលប៉ាម៉ាក់ត្រូវតាមដាន និងដឹងឲ្យបានទាន់ពេលពីបញ្ហាភ្នែកដែលអាចកើតមានលើកូនរបស់យើង ដើម្បីការពារការវិវត្តទៅជាបាត់បង់គំហើញ។ ដើម្បីបានដឹងពីបញ្ហាទាំងនេះ ប៉ាម៉ាក់ត្រូវរៀបចំឲ្យកូនបានពិនិត្យភ្នែករៀងរាល់ឆ្នាំ ហើយត្រូវចាំថាការពិនិត្យនេះមិនមែនពិនិត្យដូចដែលយើងវាស់ភ្នែកសម្រាប់កាត់វ៉ែនតានោះទេ។
ការពិនិត្យភ្នែករបស់អ្នកមានជំងឺទឹកនោមផ្អែមគឺត្រូវពិនិត្យដោយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញផ្នែកចក្ខុនឹងថតភ្នែករបស់កូនយើងយកមកពិនិត្យមើលពីភាពប្រែប្រួលផ្សេងៗនៅលើស្រទាប់រ៉េទីន និងតាមដានមើលក្រែងមានសញ្ញាណាមួយទាក់ទងនឹងការខូចខាតសរសៃបាតភ្នែក(retinopathy)។
បើសិនជាបញ្ហាអស់នេះ ត្រូវបានរកឃើញទាន់ពេលវេលា យើងអាចមានវិធីព្យាបាលដែលអាចទប់ស្កាត់កុំឲ្យភ្នែករបស់កូនយើងឈានដល់ដំណាក់កាលបាត់បង់គំហើញបាន។ គ្រូពេទ្យអាចដឹងពីរឿងទាំងនេះបាន ដរាបណាកូនយើងមានរបាយកាណ៍ពិនិត្យភ្នែកប្រចាំឆ្នាំ។
៤. តិចនិកជួយកាត់បន្ថយបញ្ហាលើភ្នែក
រឿងដែលសំខាន់ត្រូវធ្វើ គឺប៉ាម៉ាក់ត្រូវជួយកូនរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅល្អតាមកម្រិតដែលគ្រូពេទ្យបានណែនាំ។
រឿងបន្ទាប់គឺ ប៉ាម៉ាក់ត្រូវតែនាំកូនពិនិត្យភ្នែកឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ។
ក្រៅពីនេះក៏ត្រូវតាមដានការប្រែប្រួលនៅលើភ្នែក ដូចជាបញ្ហាព្រឹលភ្នែកភ្នែកឡើងបាយនិងភ្នែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យជាដើម។
អ្វីដែលមិនអាចរំលងបាននោះគឺ ការញ៉ាំអាហារសុខភាពតាមគោលការណ៍ណែនាំ និងចៀសវាងញ៉ាំអាហារមានកាបូអ៊ីដ្រាតមិនល្អ ដូចជាភេសជ្ជៈកំប៉ុង បង្អែម និងអាហារកែច្នៃ ដូចជាដំឡូងបារាំងបំពងជាដើម។
ចំណុចមួយទៀត ដែលប៉ាម៉ាក់គួរដឹងដែរគឺត្រូវលើកទឹកចិត្តកូនឲ្យហាត់ប្រាណឲ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ និងបើអាចធ្វើបានប៉ាម៉ាក់គួរចូលរួមហាត់ប្រាណជាមួយកូនទៀតកាន់តែល្អ។ ដូចគ្នាដែរ សុខភាពប៉ាម៉ាក់ក៏ជារឿងសំខាន់ដែរ កុំភ្លេចថែទាំសុខភាពខ្លួនឯង។