១. ផលវិបាកលើជើងដោយសារជំងឺទឹកនោមផ្អែមប្រភេទ១
ការឡើងខ្ពស់កម្រិតជាតិស្ករក្នុងឈាមអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយកូនរបស់យើង និងអាចធ្វើឲ្យមានបញ្ហាចរន្តឈាម និងការឆ្លងមេរោគផ្សេងៗ។ បញ្ហាទាំងនេះអាចធ្វើឲ្យកូនយើងមានអារម្មណ៍ស្ពឹកជើង ឬផ្ទុយពីនេះអាចធ្វើឲ្យកូនមានអារម្មណ៍ឈឺចាប់នៅជើងដូចមានម្ជុលចាក់ ឬក្ដៅៗជាដើម។
បើយើងបណ្ដែតបណ្ដោយមិនយកចិត្តទុកដាក់ព្យាបាលទេ បញ្ហាទាំងនេះនឹងធ្វើឲ្យជើងកូនមានរបួស មិនងាយជាសះស្បើយ ថែមទាំងកូនអាចលែងដឹងថាជើងមានរបួស ឬឈឺចាប់ទៀតផង។ អ្វីទាំងនេះនឹងធ្វើឲ្យជើងកូនយើងមានដំបៅ និងឆ្លងមេរោគ អាចឈានដល់ការកាត់ជើងចោលក៏មាន។
២. របៀបពិនិត្យមើលបញ្ហានៅលើជើង
តាមការណែនាំ ប៉ាម៉ាក់ត្រូវពិនិត្យមើលជើងរបស់កូនឲ្យបានរាល់ថ្ងៃ ដោយត្រូវតាមដានលើសញ្ញាមួយចំនួន ងាយស្រួលផ្ដល់ព័ត៌មានទៅគ្រូពេទ្យ៖
- មានអារម្មណ៍ថាឈឺដូចជាមានម្ជុលចាក់
- ឈឺ ដូចរលាកភ្លើង
- ឈឺជើងមិនងាយបាត់
- ស្បែកលើជើងរបស់កូនឡើងភ្លឺរលោង
- ជ្រុះរោមជើង
- លែងមានអារម្មណ៍ដឹងថាជើង ឬស្ពឹក
- ហើមជើង
- ជើងកូនលែងបែកញើស
- មានស្នាមរបួសមិនជាសះស្បើយ
- ឈឺចាប់នៅកំភួនជើងពេលកំពុងសម្រាក ឬដើរ
ប៉ុន្តែបើប៉ាម៉ាក់សង្កេតឃើញមានការប្រែប្រួលមួយចំនួនដូចខាងក្រោម ត្រូវនាំកូនទៅជួបពេទ្យភ្លាម៖
ជើងប្រែប្រួលពណ៌ និងទ្រង់ទ្រាយ
ជើងចុះត្រជាក់ ឬឡើងកម្ដៅ
មានឡើងពងលើជើង ឬមានមុតអ្វីមួយ តែកូនមិនមានអារម្មណ៍ឈឺ
របួសមានចេញក្លិនស្អុយ
ប៉ាម៉ាក់គួរនាំកូនទៅឲ្យពេទ្យពិនិត្យជើងឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ ដើម្បីតាមដានមើលក្រែងមានការប្រែប្រួលលើប្រព័ន្ធប្រសាទនៅជើង។
ការពិនិត្យជើងជាអ្វី?ការពិនិត្យជើងនឹងធ្វើឡើងដោយគ្រូពេទ្យជំនាញ ដែលនឹងពិនិត្យលើជើង និងប្រអប់ជើងថាមានស្ពឹកឬអត់ ចរន្តឈាមដើរបានល្អឬទេ មានដុំពក និងក្រិនស្បែកឬយ៉ាងណា ក្រចកមានបញ្ហាឬអត់ និងបញ្ហាមួយចំនួនទៀត។ ការពិនិត្យលើចំណុចទាំងនេះ គ្រូពេទ្យនឹងអាចប្រាប់បានថាជើងរបស់កូនយើងមានបញ្ហា ឬអាចប្រឈមនឹងហានីភ័យអ្វីមួយដែរឬយ៉ាងណា។
៣. វិធីកាត់បន្ថយហានិភ័យកើតបញ្ហាលើជើង
- ត្រូវប្រាដកថាកម្រិតជាតិស្ករក្នុងឈាមរបស់កូនស្ថិតក្នុងកម្រិតណែនាំរបស់ពេទ្យ
- លើកទឹកចិត្តកូនឲ្យពាក់ស្បែកជើងដែលផ្ដល់ផាសុកភាពដល់ជើង មិនតឹងរឹបពេក
- រក្សាជើងកូនយើងឲ្យស្អាត និងស្ងួត ចៀសវាងការឆ្លងមេរោគ
- កាត់ក្រចកជើងឲ្យខ្លីជានិច្ច
- ណែនាំកូនកុំឲ្យដើរជើងទទេពេលចេញក្រៅផ្ទះ ចៀសវាងការមុត រលាត់ដោយប្រការណាមួយ
- លើកទឹកចិត្តកូនឲ្យហាត់ប្រាណឲ្យបានយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ។