
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
របៀបប្រើប្រាស់ និងរក្សាទុកដាក់អាំងស៊ុយលីន
កែសម្រួលដោយ: 15.05.2025
អាំងស៊ុយលីនថ្មីដែលមិនទាន់ប្រើគួររក្សាទុកក្នុងទូរទឹកកក ឬឆ្នាំងដីរួចកប់ក្នុងខ្សាច់សើម។
ចំណែកឯអាំងស៊ុយលីនដែលយើងកំពុងប្រើអាចរក្សាទុកនៅក្នុងបន្ទប់មិនមានពន្លឺថ្ងៃ ហើយមានសីតុណ្ហភាពក្រោម៣០អង្សាសេ និងអាចរក្សាទុកបានរហូតដល់៣០ថ្ងៃ។
យកល្អកុំទុកអាំងស៊ុយលីននៅកន្លែងត្រូវពន្លឺថ្ងៃ ឬមានសីតុណ្ហភាពខ្ពស់ដូចជានៅក្នុងឡានពេលអាកាសធាតុក្ដៅ ឬនៅជិតចង្ក្រានជាដើម។ បន្ថែមពីនេះមិនត្រូវរក្សាអាំងស៊ុយលីនទុកក្នុងទូរបង្កកទេ។ អាំងស៊ុយលីនដែលហួសកាលបរិច្ឆេទប្រើប្រាស់ ក៏មិនអនុញ្ញាតឲ្យប្រើដែរ។
យើងគួរពិនិត្យដបថ្នាំអាំងស៊ុយលីនដើម្បីឲ្យប្រាកដថាអាំងស៊ុយលីនមានសភាពប្រក្រតីមុនប្រើប្រាស់អាំងស៊ុយលីននោះ។
ចំណុចសំខាន់ៗ៖
ទុកដាក់ដបថ្នាំដាក់អាំងស៊ុយលីនដែលនៅសល់នៅក្នុងប្រអប់ និងរក្សាក្នុងទូរទឹកកក (ប៉ុន្តែមិនមែនទុកក្នុងផ្នែកបង្កកទេ)។
ដបថ្នាំអាំងស៊ុយលីនដែលអ្នកប្រើលើកដំបូង គួរសរសេរកាលបរិច្ឆេទនៅលើស្លាកចំណាំ
ជៀសវាងការក្រឡុកដបថ្នាំអាំងស៊ុយលីនខ្លាំងៗ។
ការចាក់អាំងស៊ុយលីនគឺត្រូវចាក់ទៅក្នុងស្រទាប់ខ្លាញ់ស្ថិតនៅក្រោមស្បែកប៉ុណ្ណោះ។ កន្លែងចំនួនបួនដែលមានសុវត្ថិភាពក្នុងការចាក់អាំងស៊ុយលីនមាន៖
១. ភ្លៅ៖ យើងអាចចាក់អាំងស៊ុយលីននៅផ្នែកខាងលើ និងចំហៀងភ្លៅផ្នែកខាងក្រៅ។ កុំចាក់អាំងស៊ុយលីននៅផ្នែកខាងក្នុង ឬផ្នែកខាងក្រោយភ្លៅឲ្យសោះ។
២. ដើមដៃ៖ យើងអាចចាក់អាំងស៊ុយលីននៅត្រង់កន្លែងមានសាច់ផ្នែកចំហៀង និងផ្នែកខាងក្រោយ តែជៀសវាងការចាក់ ទៅលើសាច់ដុំ និងស្មា។
៣. ពោះ៖ យើងអាចចាក់អាំងស៊ុយលីននៅបរិវេណពោះវាស់ចេញពីផ្ចិតសងខាង ៥សង់ទីម៉ែត្រ ដោយចាប់ពីក្រោមឆ្អឹងជំនីររហូតដល់ឆ្អឹងត្រគាក។
៤. កំប៉េះគូទ៖ យើងអាចចាក់អាំងស៊ុយលីននៅផ្នែកខាងក្រោយនៃកំប៉េះគូទ។
គួរបញ្ជាក់ដែរថា យើងគួរចាក់អាំងស៊ុយលីននៅកន្លែងផ្សេងគ្នារាល់ពេលចាក់ម្ដងៗ ព្រោះការចាក់នៅកន្លែងដដែលអាចនឹងធ្វើឲ្យហើម ប៉ោង រឹងនៅកន្លែងដែលចាក់ដដែលៗនោះ។
ប្រើថ្នាំអាំងស៊ុយលីនដប
១. លាងដៃឲ្យស្អាត
២. ត្រៀមសឺរ៉ាំង សំឡី និងអាល់កុល ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យបានរួចរាល់
៣. លុញដបថ្នាំអាំងស៊ុយលីនប្រហែល ១៥-២០វិនាទី
៤. សម្អាតដបថ្នាំអាំងស៊ុយលីនជាមួយសំឡីអាល់កុល
៥. សម្អាតកន្លែងត្រូវចាក់អាំងស៊ុយលីនជាមួយសំឡីអាល់កុល
៦. ទាញបឺតខ្យល់ឲ្យចូលក្នុងសឺរ៉ាំង
៧. បាញ់ខ្យល់ចូលក្នុងដបថ្នាំអាំងស៊ុយលីន និងបូបយកអាំងស៊ុយលីនចូលសឺរ៉ាំងវិញ
៨. ត្រូវប្រាកដថាគ្មានខ្យល់នៅសល់ក្នុងសឺរ៉ាំង
៩. ចាក់អាំងស៊ុយលីននៅកន្លែងត្រឹមត្រូវមួយនៃរាងកាយ
១០. បោះចោលសឺរ៉ាំងក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
១១. ទុកអាំងស៊ុយលីនទៅក្នុងកន្លែងត្រជាក់វិញ
ហាមផ្ដាច់ប្រើសឺរ៉ាំង និងម្ជុលរួមជាមួយអ្នកផ្សេង។
ប្រើប៊ិចសម្រាប់ចាក់អាំងស៊ុយលីន
១. លាងសម្អាត និងសម្ងួតដៃឲ្យបានស្អាត
២. យកគម្របប៊ិចចេញ
៣. ដកប្រដាប់ការពារម្ជុលចេញ និងភ្ជាប់ម្ជុលចូលទៅក្នុងប៊ិចវិញ
៤. មួលត្រង់គូទប៊ិចទៅកាន់ចំណុចពីរឯកតា (ចំណុចលេខ២)
៥. កាន់ប៊ិចដោយដាក់មុខម្ជុលឡើងលើ រួចចុចខាងគូទប៊ិចឲ្យឃើញថាទឹកថ្នាំអាំងស៊ុយលីនចេញតាមចុងម្ជុល ហើយឯកតានៃលេខនៅត្រង់គូទប៊ិចវិលមករកលេខសូន្យវិញ។
៦. ជាថ្មីម្ដងទៀតត្រូវមួលកន្លែងគូទប៊ិចទៅរកលេខ ជាដូស ឬកម្រិតអាំងស៊ុយលីនដែលយើងត្រូវប្រើ
៧. សម្អាតកន្លែងត្រូវចាក់អាំងស៊ុយលីនជាមួយសំឡីអាល់កុលឲ្យបានស្អាត
៨. ដៃម្ខាងកាន់ប៊ិចឲ្យជាប់ពេលចាក់អាំងស៊ុយលីន ដោយទុកមេដៃចុចគូទប៊ិចបាញ់បញ្ចូលអាំងស៊ុយលីន
៩. ដៃម្ខាងទៀតច្បិចស្បែកនៅកន្លែងដែលត្រូវចាក់អាំងស៊ុយលីនថ្នមៗ រួចចាក់ម្ជុលចូលក្នុងមុំចន្លោះពី ៤៥-៩០ដឺក្រេ។ ត្រង់ចំណុចនេះយើងអាចសុំការណែនាំពីគ្រូពេទ្យថាតើយើងគួរចាក់ម្ជុលចូលក្នុងមុំប៉ុន្មានដឺក្រេទើបល្អ។ ក្រោយពីចាក់ម្ជុលចូលហើយ យើងត្រូវចុចគូទប៊ិចបាញ់បញ្ជូលអាំងស៊ុយលីន និងពិនិត្យមើលចំណុចលេខវិលមករកលេខសូន្យវិញ រួចបន្តសង្កត់ប្រហែល ១០វិនាទីទៀត(រាប់ពី១ ដល់ ១០)។
១០. ដកម្ជុលចេញវិញ រួចអាចយកសំឡីអាល់កុលបិទកន្លែងចាក់ម្ជុលថ្នមៗបើមានចេញឈាម តែហាមឈ្លីកន្លែងចាក់ម្ជុលជាដាច់ខាត។
១១. ដាក់គម្របម្ជុលគ្របលើម្ជុលវិញមុននឹងមួលដកម្ជុលចេញពីប៊ិច។ កុំទុកម្ជុលជាប់ជាមួយប៊ិចបើមិនប្រើប្រាស់។
១២. បោះចោលម្ជុលដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ
១៣. គ្របគម្របលើចុងប៊ិចវិញ និងយកទុកដាក់នៅកន្លែងត្រជាក់
ហាមដាច់ខាតប្រើម្ជុល ឬសឺរ៉ាំងរួមជាមួយអ្នកផ្សេង។
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១ ការរៀនចាក់អាំងស៊ុលីនដោយខ្លួនឯងគឺជាជំនាញដ៏សំខាន់។ អ្នកមិនអាចមានអ្នកផ្សេងជួយចាក់អាំងស៊ុលីនជានិច្ចបានទេ ហើយការដែលអាចធ្វើវាបានដោយខ្លួនឯង នាំអោយអ្នកមានឯករាជ្យភាព និងមានទំនុកចិត្តក្នុងការគ្រប់គ្រងជំងឺរបស់ខ្លួន។
ជំនាញដ៏សំខាន់មួយទៀតក្រៅពីការចាក់អាំងស៊ុលីនគឺការរក្សាទុកអាំងស៊ុលីនឱ្យត្រឹមត្រូវ។ ប្រសិនបើអាំងស៊ុលីនត្រជាក់ពេក ឬក្តៅពេក វានឹងលែងមានប្រសិទ្ធភាព។ ដូច្នេះ ការរក្សាទុកអាំងស៊ុលីនឱ្យត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។