ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

អ្នក​​ជំងឺទឹកនោម​ផ្អែម​ប្រភេទ១ ​គ្រប់​គ្រង​ជំងឺ​បែបណា​​ពេល​មិនស្រួល​ខ្លួន?

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោ​មផ្អែម​ប្រភេទ១ ប្រែប្រួលបែបណា​ពេល​អ្នកជំងឺ​​មិន​ស្រួលខ្លួន​?

យើង​ជា​អ្នក​ជំងឺ​ទឹកទឹក​នោម​ផ្អែម​ប្រភេទ១ ក៏​មិន​ខុស​ពី​​អ្នក​ផ្សេង​ទៀត​ដែរ គឺ​អាច​​ឈឺ ឬមិន​ស្រួល​ខ្លួន​ នៅ​ពេល​ណា​មួយ​មិន​ខាន​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​សារ​តែ​ឥទ្ធិពល​ពី​ជំងឺ ​រាង​កាយ​យើង​អាច​ធ្វើ​ឲ្យ​កើន​ឡើង ឬ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​បាន។ យើង​ក៏​​មាន​វិធី​ខ្លះ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ផង​ដែរ​។
កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​នឹង​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​ឈឺ ​ឬ​មិន​ស្រួល​ខ្លួន​។ យើង​មិន​អាច​ដឹង​ទេ​ថា ជំងឺ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​​ផ្អែម​របស់​យើង​​យ៉ាង​ដូច​ម្ដេច​​ដែរ។ ដូច​នេះ​ហើយ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​​ត្រូវ​ពិនិត្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ញឹកញាប់​ជាង​ធម្មតា នៅ​ថ្ងៃ​ដែល​យើង​មាន​ជំងឺ និង​កែ​តម្រូវ​កម្រិត​អាំងស៊ុយលីន​បើ​ចាំបាច់។
នៅ​ពេល​​​យើង​មាន​ជំងឺ ដូច​ជា​ផ្ដាសាយ ក្ដៅខ្លួន ឬ​ជំងឺ​ផ្សេង​ទៀត ទោះ​​មាន ឬ​មិន​មាន​គ្រុន​ក្ដៅ​​ក៏​ដោយ​​ រាង​កាយ​នឹង​ត្រូវ​ការ​ថាមពល​បន្ថែម ដើម្បបី​ប្រឆាំង​នឹង​មេរោគ ហើយ​វា​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​អាំងស៊ុយលីន​ដែល​យើង​​ចាក់។
កោសិកា​យើង​​អាច​នឹង​ត្រូវ​ការ​អាំងស៊ុយលីន​បន្ថែម​ដើម្បី​ធ្វើការ ឬ​ត្រូវ​ការ​អាំងស៊ុយលីន​តិច​ដើម្បី​ធ្វើការ។ ការ​ញ៉ាំអាហារ ផឹកទឹក​ និង​ចាក់​អាំងស៊ុយលីន គឺ​ចាំបាច់​ខ្លាំង​ណាស់ នៅ​ពេល​ដែលយើង​​មិន​ស្រួល​ខ្លួន​។
ប្រសិន​បើ​កោសិកា​មិន​អាច​ទទួល​បាន​ថាមពល​គ្រប់គ្រាន់​នោះទេ ឬ​មិន​មាន​អាំងស៊ុយលីន​គ្រប់​គ្រាន់​ដើម្បី​ជួយ​ឲ្យ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​ រាង​កាយ​របស់​យើង​នឹង​បំបែក​ជាតិ​ខ្លាញ់​ និង​សាច់ដុំ​ដែល​នៅ​ក្នុង​ខ្លួន​ ដើម្បី​ផ្ដល់​ជា​ថាមពល។ ដំណើរ​ការ​ដូច​នេះ វា​នឹង​ផលិត​ជា​​​សំណល់​ ដែល​ហៅ​ថា​សេតូន (Ketones) ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​នៅ​ពេល​ដែល​មាន​ចំនួន​ច្រើន។
បើ​សិន​ការ​កើន​ឡើង​ជាតិ​ស្ករ​មិន​បាន​ទទួល​ការ​​ព្យាបាល ជាតិ​សេតូននឹង​វិវត្តន៍​ទៅ​មុខ ហើយ​អ្នកជំងឺ​​អាច​នឹង​កាន់​តែ​ឈឺ​ខ្លាំង ដោយ​សារ​បញ្ហា Diabetic Ketoacidosis (DKA) ទោះ​បី​ជា​មិន​មាន​ជំងឺ​អ្វី​ផ្សេង​ក៏​ដោយ។

២. តើ​យើង​​ត្រូវ​ត្រៀម​ខ្លួន​​យ៉ាងម៉េចខ្លះ?

ការ​ដឹង​វិធី​គ្រប់គ្រង​ស្ថាន​ភាព​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ១ នៅ​ពេលយើង​​ឈឺ គឺ​អាច​ការ​ពារ​យើង​ពី​បញ្ហា​ធំៗ​មួយ​ចំនួន​ និង​ផលវិបាក​ផ្សេងៗបាន​។

គោលដៅ​នៃ​ការ​ថែរទាំ​នៅ​ពេល​ឈឺ​រួម​មាន៖

  • ការ​ពារ​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក
  • ការ​ពារ​កុំ​ឲ្យ​មាន​ បញ្ហា Ketoacidosis (កម្រិត​ជាតិ​ស្ករ និងជាតិ​សេតូន​ច្រើន​នៅ​ក្នុង​ឈាម)
  • ការ​ពារ​ពី​បញ្ហាធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប (Hypoglycaemia)

៣. យើង​អាចសម្គាល់​ជាតិ​សេតូនបាន​​យ៉ាង​ដូច​ម្ដេច?

ទាំង​នេះ គឺ​ជា​រោគសញ្ញា​ខ្លះៗ ដែល​យើង​គួរ​ដឹងនៅ​ពេល​ជាតិ​សេតូន​ក្នុង​ឈាម​ត្រូវ​រាងកាយ​​ផលិត​ឡើង​៖

  • ខ្យល់​ដង្ហើម ធុំ​ក្លិន​ដូច​អាល់កុល
  • កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​​ខ្ពស់
  • បត់ជើងតូច​​ញឹក​ញាប់
  • ស្រេកទឹក​គ្រប់​ពេល​
  • នឿយ​ហត់​ខ្លាំង​ជាង​ធម្មតា
  • ឈឺ​ក្រពះ
  • ប្រែ​ប្រួល​ចង្វាក់​ដង្ហើម
  • វង្វេងវង្វាន់
  • សន្លប់
  • មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​

វិធី​ដែល​ល្អ​បំផុត គឺ​ធ្វើ​តេស្ត​មើល​ជាតិ​សេតូន ដោយ​ប្រើ​បន្ទះ​តេស្ត​មើល​ជាតិ​សេតូន​ក្នុង​ឈាម។ យើង​ប្រហែល​ជា​​មិន​មាន​បន្ទះ​តេស្ត​ និង​ម៉ាស៊ីន​មើល​ជាតិ​សេតូន​ក្នុង​ឈាម​នៅ​ផ្ទះ​នោះ​ទេ។ ដូច​នេះ​យើង​គួរ​ទៅ​មន្ទីរ​ពេទ្យ ​ឬ​​គ្លីនិក​ឯកជន​​ដើម្បី​​អាចធ្វើ​តេស្ត​ដោយ​​ឧបករណ៍​ទាំង​នោះ​បាន​។

៤. យើង​​គួរ​ធ្វើ​ម៉េច​​នៅ​ពេលមិន​ស្រួល​ខ្លួន​?

សូម​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទូទៅ​ខាង​ក្រោម​នេះ​ពេល​ដែល​យើង​មាន​ជំងឺ៖

  • មិន​ត្រូវ​ឈប់​ចាក់​អាំងស៊ុយលីន​ដាច់​ខាត
  • កម្រិត​អាំងស៊ុយលីន​ប្រហែល​ជា​អាច​នឹង​ត្រូវ​​ការ​បង្កើន ឬ​បន្ថយ​ អាស្រ័យ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (BG) និង​អាហារ​ដែល​បាន​ញ៉ាំ។
  • សូម​បង្កើន​ការ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​រៀងរាល់ ៣ ទៅ ៤​ម៉ោង​ម្ដង បើ​សិន​ជាមាន​បន្ទះ​តេស្ត​គ្រប់គ្រាន់។
  • បើ​សិន​ជា​មិន​អាច​ធ្វើ​ការ​តេស្ត​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​នៅ​ផ្ទះ​បាន​ទេ សូម​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​​ដើម្បី​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ត​ទៀង​ទាត់។
  • ផឹក​ទឹក​ឲ្យ​ច្រើន និង​ត្រូវ​ប្រាកដ​ថា​​បាន​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ។
  • ព្យាបាល​គ្រុន​ក្ដៅ

ការ​ពិនិត្យ​រក​មើល​ជាតិ​សេតូន​នៅ​ក្នុង​ទឹក​នោម ឬ​ឈាម គឺ​ជា​រឿង​ចាំ​បាច់។ ការ​បន្ថែម​អាំងស៊ុយលីន​ជា​ទូទៅ​គឺ​មាន​សារសំខាន់ណាស់​ក្នុង​ការ​​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម (លើក​លែង​តែ​ជំងឺ​បង្ក​ឲ្យ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម)។

ករណី​យើង​​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​គ្មាន​ ឬ​មាន​សេតូន​តិចតួច​ យើង​ត្រូវ​៖

– ចាក់អាំងស៊ុយលីន​ ៥ ទៅ ១០% នៃ​កម្រិត​ប្រើ​ប្រចាំ​ថ្ងៃ​សរុប ​ដោយ​ប្រើ​អាំងស៊ុយលីន​មាន​សកម្មភាព​ខ្លី ឬលឿន ហើយ​ត្រូវ​​ធ្វើបែប​នេះ​​​​រៀង​រាល់ ២ ទៅ ៤​ម៉ោងម្ដង។

ករណី​​យើង​​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​មាន​សេតូន​ក្នុង​​កម្រិត​មធ្យម​ ឬច្រើន យើង​ត្រូវ​៖

–ចាក់ អាំងស៊ុយលីន ១០ ទៅ ២០% នៃ​កម្រិត​ប្រើ​ប្រចាំ​ថ្ងៃ​សរុប ដោយ​ប្រើ​​អាំងស៊ុយលីន​មាន​សកម្មភាព​ខ្លី ឬលឿន និង​ត្រូវ​​ធ្វើ​បែប​នេះ​​រៀង​រាល់ ២ ទៅ ៤​ម៉ោងម្ដង។​

ក្នុង​ករណី​យើង​មាន​អាការៈ​​ក្អួត នេះ​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​កម្រិត​អាំងស៊ុយលីន​ និង​បញ្ហា Diabetic Ketoacidosis (DKA) ហើយ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ឬទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ។​

ឆ្លើយសំណួរ ពីតំហែទាំសុខភាពពេលឈឺថ្កាត់ ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖