ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះពិនិត្យជើងឲ្យបានល្អ​ ព្រោះហេតុផលទាំងនេះ

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ផលវិ​បាក​លើជើងដោយសារជំងឺទឹកនោមផ្អែមប្រភេទ១

ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​ដល់​រាង​កាយ​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្ពឹក​ជើង ឬ​ផ្ទុយ​ពី​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ជើង​ដូច​មាន​ម្ជុល​ចាក់ ឬ​ក្ដៅ​ៗ​ជាដើម។
បើ​យើង​បណ្ដែត​បណ្ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​​មាន​របួស មិន​ងាយ​ជា​សះ​ស្បើយ ថែមទាំង​​អាច​លែង​ដឹង​ថា​ជើង​មាន​របួស ឬ​ឈឺ​ចាប់​ទៀត​ផង។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជើង​យើង​មាន​ដំបៅ និង​ឆ្លង​មេរោគ ​ឈាន​ដល់​ការ​កាត់​ជើង​ចោល​ក៏​មាន។

២. របៀប​ពិនិត្យ​មើល​បញ្ហា​នៅ​លើ​ជើង

តាម​ការ​ណែនាំ យើងត្រូវ​ពិនិត្យ​មើល​ជើង​ឲ្យ​បាន​រាល់​ថ្ងៃ ដោយ​ត្រូវ​តាម​ដាន​លើ​សញ្ញា​មួយ​ចំនួន​ ងាយ​ស្រួល​ផ្ដល់​ព័ត៌មាន​ទៅ​គ្រូពេទ្យ៖

    • មាន​អារម្មណ៍​ថា​ឈឺ​ដូច​ជា​មាន​ម្ជុលចាក់
    • ឈឺ ដូច​រលាក​ភ្លើង
    • ឈឺ​ជើង​មិន​ងាយ​បាត់
    • ស្បែក​លើ​ជើង​ឡើង​ភ្លឺរ​លោង
    • ជ្រុះ​រោម​ជើង
    • លែង​មាន​អារម្មណ៍​ដឹង​ថា​ជើង ឬស្ពឹក
    • ហើម​ជើង
    • ជើង​លែង​បែកញើស
    • មាន​ស្នាម​របួស​មិន​ជា​សះ​ស្បើយ
    • ឈឺចាប់​នៅ​កំភួន​ជើង​ពេល​កំពុង​សម្រាក ឬ​ដើរ​​​​

ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​មាន​ការ​ប្រែ​ប្រួល​មួយ​ចំនួន​ដូច​ខាង​ក្រោម ត្រូវ​​ទៅ​ជួប​ពេទ្យ​ភ្លាម៖

  • ជើង​​ប្រែប្រួល​ពណ៌ និង​ទ្រង់ទ្រាយ
  • ជើង​ចុះ​ត្រជាក់ ឬ​ឡើង​កម្ដៅ
  • មាន​ឡើង​ពង​លើ​ជើង ឬ​មាន​មុត​អ្វីមួយ តែ​មិន​មាន​អារម្មណ៍​ឈឺ
  • របួស​មាន​ចេញ​ក្លិន​ស្អុយ​​​

យើង​គួរ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ជើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​តាម​ដាន​មើល​ក្រែង​មាន​ការ​ប្រែ​ប្រួល​លើ​ប្រ​ព័ន្ធ​ប្រសាទ​នៅ​ជើង។​
ការ​ពិនិត្យ​ជើង​ជាអ្វី? ការ​ពិនិត្យ​ជើង​នឹង​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ ដែល​នឹង​ពិនិត្យ​លើ​ជើង និង​ប្រ​អប់​ជើង​ថា​មាន​ស្ពឹក​ឬអត់ ​ចរន្តឈាមដើរ​បាន​ល្អឬទេ មាន​ដុំពក និង​ក្រិន​ស្បែក​ឬ​យ៉ាង​ណា ក្រ​ចក​មាន​បញ្ហា​ឬ​​អត់ និង​បញ្ហា​មួយ​ចំនួន​ទៀត។ ការ​ពិនិត្យ​លើ​ចំណុច​ទាំង​នេះ គ្រូពេទ្យ​នឹង​អាច​ប្រាប់​បាន​ថា​ជើង​របស់​យើង​មាន​បញ្ហា ឬ​អាច​ប្រឈម​នឹង​ហានីភ័យ​អ្វី​មួយ​ដែរ​ឬ​យ៉ាង​ណា។

៣. វិធី​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​លើ​ជើង​

  • ត្រូវ​ប្រាដក​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ស្ថិត​ក្នុង​កម្រិត​ណែនាំ​របស់​ពេទ្យ
  • ត្រូវ​​ពាក់​ស្បែកជើង​ដែល​ផ្ដល់​ផាសុកភាព​ដល់​ជើង មិន​តឹង​រឹប​ពេក​
  • រក្សា​ជើង​​ឲ្យ​ស្អាត និង​ស្ងួត ចៀស​វាង​ការ​ឆ្លង​មេរោគ​
  • កាត់​ក្រចកជើង​ឲ្យ​ខ្លី​ជានិច្ច
  • កុំ​​ដើរជើងទទេ​ពេល​ចេញ​ក្រៅ​ផ្ទះ ចៀសវាង​ការ​មុត រលាត់​ដោយ​ប្រការ​ណា​មួយ
  • ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​ ៣០នាទី​ ក្នុង​មួយ​ថ្ងៃ។

ឆ្លើយសំណួរ ពីផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ១ ទៅលើជើង ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖