
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
បើយើងជួបបញ្ហាកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ត្រូវដោះស្រាយបែបណា?
កែសម្រួលដោយ: 17.03.2025
កម្រិតជាតិគ្លុយកូសក្នុងឈាម គឺជាបរិមាណស្ករមួយប្រភេទនៅក្នុងឈាមរបស់យើង។ នៅពេលដែលកម្រិតជាតិស្ករកើនឡើងខ្លាំងពេក លើសពី២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីម៉ូល/លីត្រ គឺចាត់ទុកថាយើងមានបញ្ហាឡើងជាតិស្ករក្នុងឈាម (hyperglycemia) ហើយ។ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ពេក អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលភ្លាមៗ។
បើសិនជាមិនព្យាបាលទេ បញ្ហានេះអាចនឹងកាន់តែធ្ងន់ធ្ងរ និងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជាបញ្ហាសន្លប់ដោយសារជំងឺទឹកនោមផ្អែមដែលតម្រូវឲ្យយើងមានការថែទាំ និងសង្គ្រោះបន្ទាន់ ជាដើម។
ការដែលមានជាតិស្ករច្រើននៅក្នុងឈាមក្នុងរយៈពេលវែង អាចធ្វើឲ្យយើងខូចប្រព័ន្ធសរសៃប្រសាទ សរសៃឈាម និងសរីរាង្គសំខាន់ៗ ដែលអាចនាំឲ្យមានបញ្ហាដូចជា គាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល (stroke) ខ្សោយតម្រងនោម ងងឹតភ្នែក របួសមិនជាសះស្បើយ និងពិការ ជើង ជាដើម។
សញ្ញា និងរោគសញ្ញានៃការឡើងខ្ពស់ជាតិស្ករនៅក្នុងឈាម អាចខុសៗគ្នាអាស្រ័យលើមនុស្សម្នាក់ៗ។ ទាំងនេះ
គឺជារោគសញ្ញាខ្លះៗដែលយើងអាចធ្លាប់ជួបប្រទះ៖
ស្រេកទឹកគ្រប់ពេល
បត់ជើងតូចច្រើន ជាពិសេសពេលយប់
ស្រវាំងភ្នែក
អស់កម្លាំងខ្លាំងគ្រប់ពេល
ស្ងួតមាត់
បើសិនជាករណីធ្ងន់ធ្ងរ ការឡើងជាតិស្ករខ្ពស់នៅក្នុងឈាម យើងអាចនឹង៖
ចង្អោរ
ឈឺក្រពះ
ដង្ហើមខុសប្រក្រតី
ក្លិនដង្ហើមធុំដូចអាល់កុល
ពេលខ្លះបញ្ហានេះ អាចកាន់តែធ្ងន់ធ្ងរខ្លាំងហើយយើងអាចនឹងសន្លប់ ឬបាត់បង់ស្មារតី។ បើសិនយើងមានចេញសញ្ញាណាមួយ យើងគួរទៅមន្ទីរពេទ្យភ្លាមៗដែរ។
ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ គឺយើងត្រូវរក្សាតុល្យភាព និងតាមដានពីកម្រិតអាំងស៊ុយលីន របបអាហារ និងការហាត់ប្រាណ ឬសកម្មភាពរាងកាយឲ្យបានត្រឹមត្រូវ។
សកម្មភាពទាំងបីខាងលើ គឺត្រូវតែមានតុល្យភាព។ បើសិនមួយក្នុងចំណោមនោះខុសធម្មតា កម្រិតជាតិស្ករនៅក្នុងឈាមក៏ខុសដូចគ្នាដែរ។ ជាទូទៅ កម្រិតជាតិស្ករខ្ពស់ជាងធម្មតាអាចបង្កដោយ៖
ការខកខានចាក់អាំងស៊ុយលីន ឬមិនបានចាក់ត្រូវតាមកម្រិត
អាំងស៊ុយលីនហួសកាលកំណត់ប្រើប្រាស់ ឬរក្សាទុកមិនបានត្រឹមត្រូវ
មិនធ្វើតាមផែនការរបបអាហារ (ដូចជាញ៉ាំច្រើនដងពេក ឬញ៉ាំអាហារសម្រន់ច្រើនពេក)
ញ៉ាំអាហារ ឬភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាត ឬស្ករច្រើនពេក
ហាត់ប្រាណតិចជាងធម្មតា
ការបង្ករោគ ជំងឺផ្សេងទៀត ឬមករដូវ
បញ្ហាអារម្មណ៍ ដូចជារំជួលចិត្តខ្លាំងពេក ឬស្ត្រេស
ពេលខ្លះ នៅអំឡុងពេល ឬបន្ទាប់ពីយើងហាត់ប្រាណខ្លាំងជ្រុល (Stress effect)
ប្រើថ្នាំប្រភេទផ្សេងទៀត ដែលប៉ះពាល់ដល់សកម្មភាពថ្នាំទឹកនោមផ្អែមរបស់យើង
ដោយសារតែការពិនិត្យកម្រិតជាតិស្ករក្នុងឈាម គឺជាផ្នែកមួយនៃផែនការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ យើងអាចនឹងត្រូវពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមច្រើនដងក្នុងមួយថ្ងៃដោយប្រើឧបករណ៍វាស់កម្រិតជាតិស្ករ (Glucometer)។ ការធ្វើដូចនេះ អាចជួយយើងដឹងនៅពេលមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ដែលពេលខ្លះមិនបញ្ចេញរោគសញ្ញា។ អ្នកដែលមិនធ្វើតេស្តកម្រិតជាតិស្ករញឹកញាប់ អាចនឹងមានកម្រិតជាតិស្ករខ្ពស់ ដែលគ្រប់គ្រាន់អាចបំផ្លាញដល់រាងកាយទាំងដែលយើងមិនដឹងខ្លួនសោះ។
បើសិនយើងរកឃើញថាកំពុងមានបញ្ហាឡើងកម្រិតជាតិស្ករក្នុងឈាមច្រើនដង នោះគ្រូពេទ្យអាចនឹងណែនាំឲ្យផ្លាស់ប្ដូរកម្រិតអាំងស៊ុយលីន ឬផែនការរបបអាហារ ដើម្បីធ្វើឲ្យកម្រិតជាតិស្ករត្រលប់មកកម្រិតធម្មតាដែលនាំឲ្យមានសុខភាពល្អវិញ។
យើងត្រូវតែដោះស្រាយបញ្ហានេះភ្លាមៗ ប្រសិនបើជាតិស្ករនៅក្នុងឈាមកើនខ្ពស់ជាង ២៥០មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤មិល្លីមូល/លីត្រ។
ខាងក្រោមនេះ គឺជាជំហានផ្សេងៗ ដែលយើងត្រូវធ្វើ៖
ពិនិត្យមើលកម្រិតជាតិស្ករនៅក្នុងឈាម និងចាក់អាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលខ្លី។
បើសិនជាយើងមិនច្បាស់ពីកម្រិតអាំងស៊ុយលីនដែលត្រូវចាក់បន្ថែមឲ្យសមនឹងកម្រិតដែលយើងត្រូវការ យើងអាចទាក់ទងសាកសួរគ្រូពេទ្យបន្ថែម។
ញ៉ាំទឹកឲ្យបានច្រើន (យ៉ាងហោចណាស់ ១កែវក្នុងពេលមួយម៉ោង)
ចៀសវាងការហាត់ប្រាណខ្លាំង
ពីរម៉ោងក្រោយមកយើងត្រូវពិនិត្យមើលកម្រិតជាតិស្ករនៅក្នុងឈាមជាថ្មី
បើសិនជាតិស្ករនៅក្នុងឈាមរបស់យើង នៅតែលើស ២៥០មិល្លីក្រាម/ដេស៊ីលីត្រ ឬ ១៤មិល្លីមូល/លីត្រ ត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
បើសិនជាតិស្ករក្នុងឈាមយើងខ្ពស់ជាង ៤០០មិល្លីក្រាម/ដេស៊ីលីត្រ ឬ២២មិល្លីម៉ូល/លីត្រ នោះយើងកំពុងមានបញ្ហាឡើងខ្ពស់កម្រិតជាតិស្ករនៅក្នុងឈាម កម្រិតធ្ងន់ធ្ងរហើយ។ យើងត្រូវចាក់អាំងស៊ុយលីនដែលមានសកម្មភាពរយៈពេលខ្លីភ្លាមដែរ (១០% នៃកម្រិតចាក់ប្រចាំថ្ងៃ) និងត្រូវទាក់ទងទៅគ្រូពេទ្យ ឬទៅមន្ទីរពេទ្យជាបន្ទាន់។