ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរ​ដឹង​ពីផលវិបាកអាចកើតលើភ្នែក​

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ផល​វិបាក​ចំពោះភ្នែក​

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្នែក ដែល​គេ​ហៅ​ថា​ការ​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម(diabetic retinopathy) ដែល​បញ្ហានេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំហើញ​អ្នក​ជំងឺ។
បើសិន​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​​យើង​ឡើង​ខ្ពស់​ជា​ប្រចាំ​ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​សរសៃឈាម។ ពេល​ប៉ះ​ពាល់​ដល់​សរសៃឈាម​របស់​ភ្នែក នោះ​ឈាម​នឹង​មិន​មាន​គ្រប់​គ្រាប់​សម្រាប់​ស្រទាប់​​រ៉េទីន (Retina) ដែល​ជា​ផ្នែក​មួយ​របស់​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​។
នៅ​ពេល​សរសៃឈាម​ត្រូវ​បំផ្លាញ នោះ​មានន័យ​ថាស្រទាប់​​រ៉េទីន​មិន​អាច​ទទួល​បាន​ឈាម​គ្រប់​គ្រាន់​​តាម​តម្រូវ​ការ​​​ទេ ហើយ​វាក៏​មិន​អាច​ដំណើរការ​បាន​ត្រឹម​ត្រូវ​ដែរ។ ​មាន​ន័យ​ថា​​យើង​នឹង​​មិន​អាច​មើល​ឃើញ​បាន​ច្បាស់ ហើយ​អាច​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទៀត​ផង​។
ទោះ​យ៉ាងណា​យើង​​អាច​មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​ការ​ពារ​ការ​បាត់​បង់​គំហើញ​នេះ​ សំខាន់​យើង​ត្រូ​វ​ដឹង​ពី​សញ្ញា​ព្រមាន​ផ្សេងៗ​​ឲ្យ​បាន​លឿន​ទាន់ពេល។ រឿង​​​សំខាន់​បំផុត​​​គឺ​ អ្នកជំងឺ​​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​នៅ​កម្រិត​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ផល​វិបាក​ផ្សេងៗ។ ​​​ទៅ​ពិនិត្យ​ភ្នែក​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​អាច​តាម​ដាន​បញ្ហា​ភ្នែក មុន​មានបញ្ហា​ធ្ងន់។

២. បញ្ហា​ផ្សេងៗ​​អាច​កើត​មាន​លើ​ភ្នែក

  • បញ្ហា​ភ្នែក​ឡើង​បាយ៖ គឺ​ការ​ឡើង​ក្រាស់​ និង​មាន​ឡើង​ដុំ​ស​លើ​កញ្ចក់​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​ទៅ​ជា​ព្រឹល ឬ​ពិបាក​មើល​​នៅ​ពេល​យប់។

  • ជំងឺ​​ទឹក​ដក់​នៅ​បាត​ភ្នែក៖ ​​ពេល​មាន​សម្ពាធ​កើតឡើង​ក្នុង​ភ្នែក នោះ​អាច​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្រទាប់​រ៉េទីន និង​ប្រ​ព័ន្ធ​ប្រសាទ​អុបទិក(optic nerve) និង​អាច​ធ្វើ​ឲ្យ​ខូច​ខាត​បាន​។ ​​ពេល​បញ្ហា​នេះ​កើត​ឡើង​យូរអង្វែង មិន​បាន​ព្យាបាល​ទាន់​ពេល ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​ពិការ​ភ្នែក។

  • បញ្ហា​ខូច​សរសៃ​ឈាម​បាត​ភ្នែក​ដោយ​ជំងឺ​ទឹកនោមផ្អែម៖ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ក្នុង​ស្រទាប់​រ៉េទីន ដោយសារតែ​ការ​ខូច​ខាត​ ឬ​ការ​កើត​មាន​បញ្ហា​លើ​សរសៃឈាម​តូចៗ​របស់​ស្រ​ទាប់​រ៉េទីន​។

៣. ការ​ដឹង​បញ្ហា​ភ្នែក​ទាន់​ពេល​វេលា

មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​ភ្នែក​របស់​យើង​មាន​បញ្ហា​ឬ​អត់ គឺ​ការ​ទទួល​បាន​ការ​ត្រូវ​ពិនិត្យ​ភ្នែក​ពី​គ្រូពេទ្យ​ជំនាញ។ ការ​ខូច​ខាត​ភ្នែក​អាច​កើត​ឡើង​បាន​ដូច​គ្នា បើ​ទោះ​បី​ជា​ភ្នែក​រប​ស់​​យើង​មើល​ទៅ​ធម្មតា​ក៏​ដោយ។ បញ្ហា​ភ្នែក មិន​អាច​សម្គាល់​បាន​ត្រឹម​តែ ការ​ត្រូវ​ការ​ពាក់​វ៉ែន​​តា​នោះ​ទេ។
ដូច​ដែល​បាន​និយាយ​អ៊ីចឹង វា​ជា​ការសំខាន់​ណាស់​ដែល​យើង​​ត្រូវ​តាម​ដាន​ និង​ដឹង​ឲ្យ​បាន​ទាន់​ពេល​ពី​បញ្ហា​ភ្នែក​ដែល​អាច​កើត​មាន​ ដើម្បី​ការពារ​ការ​វិវត្ត​ទៅ​ជា​បាត់​បង់​គំហើញ។​ ដើម្បី​បាន​ដឹង​ពី​បញ្ហា​ទាំង​នេះ យើង​​ត្រូវ​រៀប​ចំ​​ពិនិត្យ​ភ្នែក​រៀង​រាល់​ឆ្នាំ ហើយ​ត្រូវ​ចាំ​ថា​​ការ​ពិនិត្យ​នេះ​មិន​មែន​ពិនិត្យ​ដូច​ដែល​យើង​វាស់​ភ្នែក​សម្រាប់​កាត់​វ៉ែន​តា​នោះ​ទេ។
ការ​ពិនិត្យ​ភ្នែក​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ គឺ​​ត្រូវ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ។ គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ចក្ខុ​នឹង​ថត​ភ្នែក​របស់​​យើង​យក​មក​ពិនិត្យ​មើល​ពីភាព​ប្រែប្រួល​ផ្សេងៗ​នៅ​​លើ​ស្រទាប់​រ៉េទីន និង​តាម​ដាន​​មើល​ក្រែង​មាន​សញ្ញា​ណា​មួយ​ទាក់ទង​នឹង​ការ​ខូច​ខាត​សរសៃ​បាត​ភ្នែក​(retinopathy)។
បើ​សិន​ជា​បញ្ហា​អស់នេះ ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល​វេលា យើង​អាច​មាន​វិធី​ព្យាបាល​ ដែល​អាច​ទប់​ស្កាត់​កុំ​ឲ្យ​ភ្នែក​យើង​ឈាន​ដល់​ដំណាក់​កាល​បាត់​បង់​គំហើញ​បាន។ គ្រូ​ពេទ្យ​អាច​​ដឹង​ពី​រឿង​ទាំង​នេះ​បាន​ ដរាប​ណា​​យើង​មាន​របាយកាណ៍​ពិនិត្យ​ភ្នែក​ប្រចាំ​ឆ្នាំ។

៤. តិចនិក​ជួយ​កាត់​បន្ថយ​បញ្ហា​លើ​ភ្នែក

  • រឿង​ដែល​សំខាន់​ត្រូវ​ធ្វើ គឺ​យើង​​ត្រូវ​​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ល្អ​តាម​កម្រិត​ដែល​គ្រូពេទ្យ​បាន​ណែនាំ។

  • យើង​​ត្រូវ​តែ​ទៅ​ពិ​និត្យ​ភ្នែក​ឲ្យ​បាន​ទៀងទាត់​រៀង​រាល់​ឆ្នាំ។

  • ក្រៅ​ពី​នេះ​ក៏​ត្រូវ​តាមដាន​ការប្រែប្រួល​នៅ​លើ​ភ្នែក ដូច​ជា​បញ្ហា​​ព្រឹលភ្នែក ភ្នែក​ឡើងបាយ និង​ភ្នែក​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ជាដើម។

  • វី​ដែល​មិន​អាច​រំលង​បាន​នោះ​គឺ​ញ៉ាំអាហារ​សុខភាព​តាម​គោល​ការណ៍​ណែនាំ និង​ចៀស​វាង​ញ៉ាំ​អាហារ​មាន​កាបូអ៊ីដ្រាត​មិន​ល្អ ដូច​ជា​ភេសជ្ជៈកំប៉ុង បង្អែម ឬ​អាហារ​កែច្នៃ​ ដូច​ជា​ដំឡូង​បារាំង​បំពង​ជាដើម។

  • ចំណុច​មួយ​ទៀត​ ដែល​យើង​​គួរ​ដឹង​ដែរ​គឺ​ត្រូវ​​ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ។

ឆ្លើយសំណួរ ពីផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ១ ទៅលើភ្នែក ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖