
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
មូលហេតុសំខាន់ៗទាំងនេះហើយ អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវពិនិត្យសុខភាពឲ្យទៀងទាត់
កែសម្រួលដោយ: 17.03.2025
ការពិនិត្យរកមើលកត្តាហានិភ័យ និងផលវិបាកនានា ជាការចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ ទោះបីជាផលវិបាកផ្សេងៗកម្រកើតលើកុមារ និងក្មេងជំទង់ក៏ពិតមែន តែការពិនិត្យរកផលវិបាកផ្សេងៗបានលឿន នឹងអាចឲ្យយើងមានវិធានការទាន់ពេល និងទប់ស្កាត់កុំឲ្យផលវិបាកបង្កដោយជំងឺទឹកនោមផ្អែម វិវត្តទៅមុខលឿន។
ដូចនេះហើយ យើងត្រូវស្វែងយល់ពីការពិនិត្យរកផលវិបាកជំងឺទឹកនោមផ្អែមមកលើខ្លួនយើង និងអ្វីដែលយើងអាចដឹងបានពីការពិនិត្យម្ដងៗ។
ការពិនិត្យបែបនេះ គ្រូពេទ្យនឹងពិនិត្យជាទៀងទាត់លើ៖
កម្ពស់ និងទម្ងន់៖ ដើម្បីដឹងថាយើងមានទម្ងន់ស្ថិតក្នុងស្ថានភាពមួយល្អចំពោះសុខភាព និងមានការលូតលាស់កម្ពស់បានត្រឹមត្រូវ។
កំហាប់ជាតិស្ករក្នុងឈាម(HbA1c)៖ គ្រូពេទ្យនឹងពិនិត្យមើលកំហាប់ជាតិស្ករក្នុងឈាមរបស់យើងក្នុងរយៈពេល ៣ខែចុងក្រោយ។ ការពិនិត្យនេះ សំខាន់ណាស់ដើម្បីដឹងថាកំហាប់ជាតិស្ករនៅក្រោម៧,៥ភាគរយឬ ៥៨មិល្លីម៉ូល/លីត្រ (58 mmol/L)។
នៅតាមមន្ទីរពេទ្យមួយចំនួនមិនអាចផ្ដល់ការពិនិត្យកំហាប់ជាតិស្ករក្នុងឈាមឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បានទៀងទាត់នោះទេ។ ដូចនេះហើយយើងត្រូវតែព្យាយាមធ្វើយ៉ាងណា បានទទួលការធ្វើតេស្តប្រភេទនេះឲ្យបានម្ដងក្នុងមួយឆ្នាំ។
គ្រូពេទ្យនឹងណាត់ជួបយើងដើម្បីពិនិត្យតាមដានលើផលវិបាកមួយចំនួន ព្រមទាំងអាចផ្ដល់យោបល់ឲ្យយើងទៅពិនិត្យតាមដានផលវិបាកផ្សេងៗឲ្យបានញឹកញាប់ផងដែរ ដើម្បីអាចដឹងបានថាយើងមានបញ្ហាសុខភាពឬយ៉ាងណា។ ខាងក្រោមនេះជាអ្វីគ្រូពេទ្យត្រូវពិនិត្យ៖
សម្ពាធឈាម៖ គ្រូពេទ្យពិនិត្យសម្ពាធឈាមរកមើលថាមានឡើងខ្ពស់ឬយ៉ាងណា និងមានប៉ះពាល់សរសៃឈាម និងបេះដូង ឬអត់។
ភ្នែក៖ គ្រូពេទ្យពិនិត្យភ្នែករបស់យើង ដើម្បីដឹងថាតើមានការវិវត្តជាជំងឺភ្នែកឡើងបាយ ឬជំងឺសរសៃបាតភ្នែក(retinopathy) ឬក៏មានជំងឺទឹកដក់បាតភ្នែក(glaucoma)ឬអត់។
ជើង៖ គ្រូពេទ្យនឹងសួរសំណួរមួយចំនួនទាក់ទងនឹងជើងរបស់យើង ព្រមជាមួយនិងការពិនិត្យមើលដោយភ្នែកទទេផងដែរ។
តម្រងនោម៖ គ្រូពេទ្យនឹងយកគំរូទឹកនោម និងឈាមរបស់យើងទៅពិនិត្យមើលពីកម្រិតalbumin និង creatinine ដើម្បីវិភាគមើលថាតម្រងនោមដំណើរការល្អបែបណាដែរ។
ខ្លាញ់ក្នុងឈាម(Blood lipid)៖ គ្រូពេទ្យនឹងពិនិត្យមើលលើកម្រិតជាតិខ្លាញ់នៅក្នុងឈាម ដើម្បីវិភាគឲ្យដឹងថាកម្រិតខ្លាញ់នៅធម្មតាឬយ៉ាងណា។