ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ខ្ញុំខ្លាចកូនរបស់ខ្ញុំមានជំងឺទឹកនោមផ្អែមប្រភេទ 1

កែសម្រួលដោយ: 17.03.2025

Yong Xuan Ooi

HelloType1 Coordinator Malaysia, A4D

១. សេចក្តី​ផ្តើម

ឪពុកម្តាយគ្រប់រូបតែងផ្តល់អាទិភាពលើសុខភាពរបស់កូន។

ឪពុកម្តាយភាគច្រើនតែងតែស្វែងរករោគសញ្ញាខុសប្រក្រតីនៅលើកូន។

ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជាជំងឺដែលអាចធ្វើឱ្យឪពុកម្តាយព្រួយបារម្ភអស់មួយជីវិត។

នៅពេលគ្រូពេទ្យប្រាប់ថា កូនរស់នៅ​ជាមួយ​ជំងឺទឹកនោមផ្អែមប្រភេទ 1 ឪពុកម្តាយអាចនឹងពិបាកទទួលយកណាស់។

អ្វីជាជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយត្រូវព្យាបាលបែបណា?

កុមារនៅតែអាចជោគជ័យក្នុងជីវិត ទោះបីជាមានជំងឺទឹកនោមផ្អែមប្រភេទ 1 ក៏ដោយ។

២. ការយល់ដឹងអំពីជំងឺទឹកនោមផ្អែមប្រភេទ 1

ជំងឺទឹកនោមផ្អែមប្រភេទ 1 ជំងឺទឹកនោមផ្អែមអនីតិជន ឬជំងឺទឹកនោមផ្អែមដែលពឹងផ្អែកលើអាំងស៊ុយលីន ជាធម្មតាចាប់ផ្តើមកើតនៅលើទារក កុមារ និងយុវវ័យ។

ប៉ុន្តែ​ជាធម្មតា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​​ 1 ​មិន​បង្ហាញរោគសញ្ញា​ទេ ​រហូតដល់​កុមារមាន​អាយុ​យ៉ាងតិច​ 5 ​ឆ្នាំ​។

យើងតែងតែគិតថា ការញុំាជាតិស្ករច្រើនពេក បណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី 1 ប៉ុន្តែ​ជំងឺ​នេះមែន​មិនកើតឡើងដោយសារ​របប​អាហារ​ទេ ។

ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជាជំងឺដែលត្រូវកើតពេញមួយជីវិតដែលកោសិកាបេតានៅក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំ ដូច្នេះរាងកាយមិនអាចផលិតអាំងស៊ុយលីនបានទេ។

កង្វះអាំងស៊ុយលីនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ការឡើងជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ការឡើងជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឱ្យយើងងាយនឹងកើតជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺតម្រងនោម ជំងឺភ្នែក ឬខូចសរសៃប្រសាទ។

៣. ការយល់ដឹងអំពីសញ្ញា ""4T"" របស់ជំងឺទឹកនោមផ្អែមប្រភេទ 1

ទារក និងកុមារតូចៗតែងតែញុំាទឹកច្រើន ប៉ុន្តែប្រសិនបើកូនភ្លាមៗស្រកគីឡូខ្លាំង ឬហាក់ដូចជាអស់កម្លាំង ឬស្រេកទឹកជាងធម្មតា កូនអាចនឹងមានរោគសញ្ញាកើតជំងឺទឹកនោមផ្អែមប្រភេទ 1។

កុមារដែលរស់នៅ​ជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 ច្រើនតែមិនដឹងថា ខ្លួនឯងមិនស្រួលក្នុងខ្លួន ព្រោះនៅមិនអាចពន្យល់ពីអារម្មណ៍របស់ខ្លួនបាន។

ខាងក្រោម​នេះ​ជា​រោគសញ្ញា​ដំបូង​របស់ ""4T"" ដែល​អាច​ជួយ​ឪពុកម្តាយ​រក​ឃើញ​ថា តើ​កូន​​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១​ឬ​អត់៖

T1. បន្ទប់ទឹក៖ នេះមានន័យថាកូននោមញឹកញាប់។ ទារក និងកុមារអាចនោមដាក់ខោទឹកនោមច្រើន ឬនោមដាក់ខោញឹកញាប់ជាងធម្មតា។

T2. ស្រេកទឹក៖ កូនមានអាការៈស្រេកទឹកខ្លាំងដែលមានរយៈពេលយូរ និងក្រោកឡើងកណ្តាលយប់ច្រើនដងដើម្បីញុំាទឹកដែលអាចជាសញ្ញាគ្រោះថ្នាក់។

T3. អស់កម្លាំង៖ នៅពេលដែលមិនមានអាំងស៊ុយលីនដើម្បីបំប្លែងជាតិស្ករដែលកូនទទួលបានពីអាហារទៅជាថាមពល កម្រិតជាតិស្ករក្នុងឈាមកូននឹងឡើងខ្ពស់។ ការឡើងជាតិស្ករក្នុងឈាមខ្ពស់ធ្វើឱ្យកោសិកាក្នុងរាងកាយមិនអាចប្រើជាតិស្ករជាថាមពលបានទេ ដែលជាហេតុធ្វើឱ្យកូនមានអារម្មណ៍អស់កម្លាំង និងខ្សោយ។

T4. ស្គម៖ នៅពេលដែលមិនមានអាំងស៊ុយលីន ហើយរាងកាយមិនអាចប្រើប្រាស់ជាតិស្ករបានត្រឹមត្រូវ រាងកាយដុតបំផ្លាញជាតិខ្លាញ់ និងសាច់ដុំដើម្បីប្រើជាថាមពលយ៉ាងរហ័ស ដែលបណ្តាលឱ្យកូនឡើងជាតិអាស៊ីដក្នុងឈាម និងស្រកទម្ងន់យ៉ាងលឿន។

ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ស្រកលើសពី 5% នៃទំងន់រាងកាយក្នុងរយៈពេលតិចជាង 5 ខែដោយគ្មានមូលហេតុច្បាស់លាស់ សូមនាំអ្នកជំងឺទៅពិនិត្យសុខភាពជាបន្ទាន់។

៤. រោគសញ្ញាបន្ថែម

ក. ឃ្លានខ្លាំង៖ ទោះបីជាកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ញុំាច្រើនក៏ដោយ ក៏នៅតែអាចមានអារម្មណ៍ឃ្លាន ព្រោះអាហារមិនអាចផ្តល់ថាមពលគ្រប់គ្រាន់តាមតម្រូវការរាងកាយទេ។

ខ. ព្រិលភ្នែក៖ ការឡើងជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ភ្នែក ដែលធ្វើឱ្យកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 មើលមិនច្បាស់។

គ. ខ្យល់ដង្ហើមស្រដៀងទឹកថ្នាំលាងក្រចក៖ ប្រសិនបើខ្យល់ដង្ហើមរបស់កូនស្រដៀងនឹងទឹកថ្នាំលាងក្រចក កូនអាចនឹងមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ 1 ព្រោះនេះជាផលវិបាកដ៏គ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមប្រភេទ 1។

ឃ. ការឆ្លងមេរោគផ្សិត៖ កុមារីដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 អាចជួបប្រទះនឹងការឆ្លងមេរោគផ្សិតញឹកញាប់ជាងធម្មតា។

សូមចងចាំថាយើងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 របស់កូនបានជាមួយនឹងការរួមបញ្ចូលគ្នាយ៉ាងត្រឹមត្រូវនៃចំណេះដឹង ការតស៊ូ ភាពអត់ធ្មត់ និងអាកប្បកិរិយា។

ជាមួយនឹងគម្រោងការព្យាបាលត្រឹមត្រូវ ការគាំទ្រដ៏រឹងមាំពីសង្គម និងការកែសម្រួលរបៀបរស់នៅ កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានឱកាសរស់នៅយូរអង្វែង និងសប្បាយរីករាយ។

៥. ការធ្វើសកម្មភាព

ដើម្បីឱ្យកូនមានកាយសម្បទាមាំមួន និងជៀសវាងបញ្ហា យើងត្រូវស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទ 1 ជាមុន ហើយព្យាបាលជំងឺឱ្យត្រូវតាមក្បួន។

ប្រសិនបើកូនមានរោគសញ្ញាមួយ ឬច្រើនដូចរៀបរាប់ខាងដើម សូមកុំបារម្ភ។ ចូរធ្វើតាមការរៀបរាប់ខាងក្រោម៖

ក. ពិគ្រោះជាមួយវេជ្ជបណ្ឌិត៖ នាំកូនទៅជួបគ្រូពេទ្យឯកទេសកុមារ ដើម្បីធ្វើតេស្តជួសជាតិស្ករក្នុងឈាម និងមើលកម្រិតអេម៉ូក្លូប៊ីន A1c ។ ការធ្វើតេស្តទាំងនេះអាចធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ 1 និងរៀបចំផែនការព្យាបាល។

ខ. ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម៖ ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមរបស់កូនឡើងខ្ពស់ខ្លាំង ត្រូវនាំកូនទៅព្យាបាលជាមួយគ្រូពេទ្យព្យាបាលជំងឺក្រពេញអ័រម៉ូនផ្នែកកុមារ។ ការតេស្តមើលជាតិស្ករក្នុងឈាមជាប្រចាំមានសារៈប្រយោជន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ 1 ណាស់។

គ. ស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទ 1៖ នៅពេលដែលយើងដឹងកាន់តែច្រើនអំពីជំងឺទឹកនោមផ្អែមប្រភេទ 1 (របៀបដែលអាំងស៊ុយលីនដំណើរការ សារៈសំខាន់នៃការធ្វើលំហាត់ប្រាណ និងរបបអាហារមានតុល្យភាព) នោះយើងនឹងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់កូនបានកាន់តែលឿន។

ឃ. ស្វែងរកជំនួយ៖ ការស្គាល់គ្រួសារផ្សេងទៀតដែលកំពុងឆ្លងកាត់រឿងដូចគ្នាតាមរយៈគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយឱ្យគ្រួសារយើងមានអារម្មណ៍ថាមិនសូវឯកកោ និងអាចទទួលបានដំបូន្មានល្អៗពីអ្នកដែលធ្លាប់ឆ្លងកាត់។

៦. សរុបសេចក្តី

នៅពេល​កុមារ​ត្រូវ​បាន​​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 1 កុមារ និង​ឪពុកម្តាយអាចនឹង​ពិបាកទទួលយកការពិតណាស់ ហើយតែងតែមានអារម្មណ៍សោកសៅ មានកំហឹង និងភ័យខ្លាច។

ជារឿងធម្មតាណាស់ដែលយើងព្រួយបារម្ភអំពីសុខភាពរបស់កូន ប៉ុន្តែប្រសិនបើយើងប្រទះឃើញពីរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ 1 របស់កូន និងធ្វើរោគវិនិច្ឆ័យជំងឺបានលឿន យើងអាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ។

យើងចាំបាច់ពិភាក្សាជាមួយវេជ្ជបណ្ឌិតដើម្បីទទួលធ្វើរោគវិនិច្ឆ័យ និងរៀបចំផែនការព្យាបាលច្បាស់លាស់ ដែលអាចផ្តល់ភាពវិជ្ជមានដល់គ្រួសារទាំងមូល ដើម្បីជួយកូនគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 និងបំពេញតម្រូវការផ្លូវចិត្ត និងផ្លូវកាយរបស់កូន។

សូមរក្សាទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យ និងស្វែងយល់ឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីជំងឺទឹកនោមផ្អែមប្រភេទ 1។

សូមចងចាំថាជំងឺទឹកនោមផ្អែមប្រភេទ 1 គ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតរបស់កូនប៉ុណ្ណោះ ហើយជាមួយនឹងជំនួយរបស់យើង កូនអាចរស់នៅបានយ៉ាងល្អ។

គេហទំព័ររបស់ HelloType1, Facebook និងវីដេអូអប់រំតាម YouTube សុទ្ធតែជាកន្លែងដ៏ល្អសម្រាប់សិក្សាស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទ 1 ដែលនឹងជួយអប់រំ ផ្តល់កម្លាំងចិត្ត និងផ្តល់ការយកចិត្តទុកដាក់ចំពោះគ្រួសារលោកអ្នក។ សូមកុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការធ្វើការទំនាក់ទំនងមកកាន់ពួកយើង។

រូបតំណាង ការបដិសេធ៖