
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
គ្នាយើងណាខ្លះដឹងថាអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ១?
កែសម្រួលដោយ: 04.08.2025
ទឹកនោមផ្អែមប្រភេទ១គឺជាជំងឺដែលប៉ះពាល់សមត្ថភាព រាងកាយ ក្នុងការប្រើប្រាស់ជាតិគ្លុយកូស។ គ្លុយកូសជាស្ករមួយប្រភេទដែលជាប្រភពផ្ដល់ថាមពលចំបងចំពោះរាងកាយ។ រាងកាយយើងត្រូវការជាតិស្ករដើម្បីដំណើរការ។
ខាងក្រោមនេះជាវិធីសាស្ត្រដែលរាងកាយយើងដំណើរការ៖
ពេលយើងញ៉ាំអាហារ ជាតិស្ករនៅក្នុងអាហារនឹងចូលទៅក្នុងចរន្តឈាម។ លំពែងផលិតអ័រម៉ូនមួយប្រភេទហៅថា អាំងស៊ុយលីន (Insulin) ដែលជួយដឹកជាតិស្ករ(គ្លុយកូស) ចូលទៅក្នុងកោសិកានានារបស់រាងកាយយើង។ ហេតុនេះហើយទើបរាងកាយយើងអាចមានថាមពលដែលត្រូវការ។
ប៉ុន្តែបើនរណាម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទ១ រាងកាយមិនអាចផលិតអាំងស៊ុយលីនបានទេ ឬផលិតបានដែរ ប៉ុន្តែមានកម្រិតមិនគ្រប់គ្រាន់។ ដោយសារតែគ្មានអាំងស៊ុយលីន ជាតិស្ករដែលបានពីអាហារនឹងមិនអាចចូលទៅក្នុងកោសិការបស់រាងកាយបានទេ ហើយនឹងបន្តកើនឡើងក្នុងចរន្តឈាម។ជាតិស្ករច្រើននៅក្នុងឈាមនឹងធ្វើឲ្យយើងធ្លាក់ខ្លួនឈឺបើសិនជាមិនបានទទួលការព្យាបាលបានត្រឹមត្រូវ។
ពេលចាប់ផ្ដើមកើតដំបូងអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ជាទូទៅមានបញ្ហាដូចជា៖
នោមញឹក៖ ព្រោះរាងកាយព្យាយាមបញ្ចេញចោលជាតិស្ករដែលលើសក្នុងឈាមចេញមកក្រៅរាងកាយតាមរយៈទឹកនោម។
ស្រេកទឹកខ្លាំង៖ ញ៉ាំទឹកច្រើន ដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ដោយសារការនោមញឹក។
ញ៉ាំច្រើន៖ ព្រោះក្រោយពីញាំអាហាររួច ជាតិស្ករដែលកើនក្នុងឈាមមិនត្រូវបានស្រូបចូលក្នុងកោសិកាដើម្បីបំលែងជាថាមពល ដែលនាំអោយឃ្លានជាប្រចាំ
ស្រកទម្ងន់៖ ព្រោះរាងកាយចាប់ផ្ដើមប្រើជាតិខ្លាញ់ និងសាច់ដុំរបស់រាងកាយដើម្បីបង្កើតថាមពល ដោយសារតែមិនអាចប្រើជាតិស្ករតាមវិធីធម្មតាបាន។
អស់កម្លាំង៖ ព្រោះរាងកាយយើងមិនអាចប្រើស្ករធ្វើជាថាមពលបាន។
រោគសញ្ញាផ្សេងទៀតរួមមាន៖
ខ្យល់ដង្ហើមមានក្លិនដូចផ្លែឈើ
ស្រវាំងភ្នែក
ឈឺពោះ
ចង្អោរ ឬក្អួត
សន្លប់បាត់ស្មារតី
ដកដង្ហើមញាប់ ឬដកដង្ហើមធំ
ការចាក់អាំងស៊ុយលីន គឺជាវិធីព្យាបាលតែមួយគត់ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ ការចាក់អាំងស៊ុយលីននឹងជួយជំនួសជាតិអាំងស៊ុយលីនដែលរាងកាយយើងមិនអាចផលិតបាន។ ការធ្វើតេស្តជាតិស្ករក្នុងឈាម ផែនការរបបអាហារ និងការធ្វើលំហាត់ប្រាណ គឺជារឿងសំខាន់ដើម្បីជួយយើងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
មូលហេតុពិតប្រាកដដែលនាំឲ្យមានជំងឺទឹកនោមផ្អែមប្រភេទ១ គឺនៅមិនទាន់ដឹងនៅឡើយទេទោះបីជាកត្តាប្រឈមមួយចំនួនបានរកឃើញហើយក៏ដោយ។ កត្តាប្រឈមដែលនាំឲ្យកើតជាជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងកើនឡើងប្រសិនបើរាងកាយរបស់យើងមានប្រភេទហ្សែនមួយចំនួន។
យើងមិនមែនជាអ្នកបង្កឲ្យមានជំងឺនេះទេ ហើយមិនមានវិធីណាដែលយើងអាចការពារកុំឲ្យជំងឺនេះកើតឡើងបានដែរ។
យើងនៅតែមាន(សភាពធម្មតា=>ជីវិតរស់នៅធម្មតា) បើសិនជាទទួលបានការព្យាបាលត្រឹមត្រូវ ហើយយើងនៅតែអាចធ្វើអ្វីគ្រប់យ៉ាងដូចមនុស្សទូទៅដែរ រួមមាន៖
ទៅសាលារៀន
ធ្វើការ
រៀបការ និងមានកូនចៅទៅអនាគត។
6. តើខ្ញុំអាចធ្វើអ្វីបានចំពោះជំងឺទឹកនោមផ្អែមប្រភេទទី 1?
ទោះជាមិនទាន់មានការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី 1អោយជាសះស្បើយក៏ដោយ តែពេលបច្ចុប្បន្នមានថ្នាំដែលអាចគ្រប់គ្រងជំងឺនេះបាន។ នេះមានន័យថាអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 អាចរស់នៅបានយូរ និងសប្បាយរីករាយ ដរាបណាពួកគេគ្រប់គ្រងស្ថានភាពរបស់ពួកគេបានល្អ។ នេះជារឿងសំខាន់ដែលត្រូវចងចាំ៖
- រៀនបន្ថែម និងតាមដានពត៌មានអំពីស្ថានភាពរបស់អ្នក៖ ការយល់ដឹងបន្ថែមអំពីជំងឺទឹកនោមផ្អែមប្រភេទទី 1 អាចជួយអ្នកក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នកបានប្រសើរជាងមុន។ នេះមានន័យថាការដឹងពីអ្វីៗដូចជាអាហារដែលត្រូវជៀសវាង ថ្នាំអ្វីដែលអ្នកនឹងត្រូវប្រើ រោគសញ្ញាអ្វីខ្លះដែលត្រូវប្រយ័ត្នជាដើម។
- ធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញរបស់អ្នក៖ ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលបានអប់រំ ប្រើប្រាស់ថ្នាំទាំងអស់ដែលបានចេញវេជ្ជបញ្ជា ហើយធ្វើតាមការណែនាំចាំបាច់ផ្សេងទៀតដែលបានបន្ថែមនៅរាល់ការពិគ្រោះជំងឺនិមួយៗ។
- ញ៉ាំអាហារដែលមានសុខភាពល្អ៖ របបអាហារដែលមានសុខភាពល្អអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 1 គ្រប់គ្រងស្ថានភាពរបស់ពួកគេបានប្រសើរជាងមុន។ វាជួយ រក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម ហើយផ្តល់នូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលរាងកាយត្រូវការ។ ការរក្សាសុខភាពឱ្យបានល្អគឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
- រក្សាភាពសកម្ម៖ ក្រៅពីការញ៉ាំអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ និងការរក្សារបៀបរស់នៅសកម្មក៏មានសារៈសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ១។ លំហាត់ប្រាណទៀងទាត់ជួយការពាររាងកាយរបស់អ្នកពីផលវិបាកនៃជំងឺទឹកនោមផ្អែម ដូចជាសម្ពាធឈាមខ្ពស់ បញ្ហាបេះដូងជាដើម។ សូមចំណាំថាសម្រាប់អ្នកជំងឺទឹកនោមផ្អែម វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាជាតិទឹកអោយបានគ្រប់គ្រាន់ ហើយត្រូវញាំអាហារសម្រន់ ជាពិសេសប្រសិនបើអ្នកនឹងធ្វើលំហាត់ប្រាណខ្លាំងក្លាដើម្បីជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងអាចការពារវាមិនឱ្យធ្លាក់ចុះទាបពេក។