ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ពិនិត្យកម្រិតជាតិស្ករ​ក្នុងឈាម​ ទាំងនេះជារបៀបពិនិត្យឲ្យបានត្រឹមត្រូវ​

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ឧបករណ៍​ចាំបាច់សម្រាប់​វាស់កម្រិតជាតិ​ស្ករ​ក្នុង​ឈាម​

ឧបករណ៍វាស់កម្រិតជាតិស្ករ
ជា​ឧបករណ៍​អេឡិចត្រូនិក​ដែល​ប្រើ​សម្រាប់​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថា​តើ​មាន​កម្រិត​ប៉ុន្មាន។ ឧបករណ៍​នេះ​អាចវាស់​ជាតិ​ស្ករ​ក្នុង​ឈាមឲ្យ​ដឹង​ដោយ​ត្រូវការ​ឈាម​ពី​ចុង​ម្រាម​ដៃ​ប៉ុណ្ណោះ។ គួរ​ថែរក្សា​ និង​ប្រើប្រាស់​តាម​ការណែនាំ​របស់​ក្រុមហ៊ុន​ផលិត​ ដែល​ការប្រើប្រាស់​មាន​ភាព​ខុសគ្នា​ពី​ប្រភេទ​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយ​ផ្សេង​ទៀត។ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ ​យើង​ត្រូវ​ពិនិត្យ​មើល​ការណែនាំ​ពី​របៀប​ប្រើប្រាស់ របៀប​ទុកដាក់ ដោយ​ខ្លួន​ឯង ​ឬ​សាកសួរ​គ្រូពេទ្យ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់។

បន្ទះតេស្
បន្ទះ​តេស្តជាតិស្ករ​ត្រូវ​ប្រើ​ជាមួយ​ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ដែល​ផលិត​មក​ជាមួយ​គ្នា​ប៉ុណ្ណោះ ហើយ​បន្ទះ​នេះ​មិន​អាច​ប្រើ​លើស​ពី​ម្ដង​ទេ។ មាន​ន័យថា យើង​ត្រូវ​យក​បន្ទះ​ថ្មី​មក​ប្រើ រាល់​ពេល​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ថ្មី។ បន្ថែម​ពី​នេះ ហាម​ប្រើ​បន្ទះ​តេស្ត​ជាតិ​ស្ករ​ដែល​ផុត​សុពលភាព​ដាច់​ខាត ព្រោះ​វា​អាច​ផ្ដល់​លទ្ធផល​មិនត្រឹមត្រូវ។ បន្ទះ​នេះ​ត្រូវ​រក្សាទុក​តាម​ការណែនាំ ​និងហាម​រក្សា​នៅ​ក្នុង​ទូរ​ទឹក​កក។

ប្រដាប់ជោះឈាម
ប្រដាប់​ជោះ​ឈាម​នេះ មាន​ម្ជុល​នៅ​ខាង​ចុង ដែល​អាច​ជោះ​យក​ឈាម​ពី​ចុង​ម្រាមដៃ​យើង​បាន ដើម្បី​យក​ទៅ​ពិនិត្យកម្រិត​​ជាតិ​ស្ករ។

២. ពេលណា និងញឹកញាប់ប៉ុនណាដែលយើងគួរវាស់កម្រិតជាតិស្ករក្នុងឈាម?

យើង​ត្រូវ​ធ្វើតេស្ត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​តិច​ពី​ ២–៤​ដង​ក្នុង​មួយ​ថ្ងៃ​ និង​ត្រូវ​កត់ត្រា​លទ្ធផល​ឲ្យ​បាន​ល្អ។ ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​តេស្ដ​គឺ៖
១. ពេល​យើងភ្ញាក់​ពី​គេង និង​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក​
២. មុន​ពេល​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់
៣. មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ល្ងាច និង
៤. មុន​ពេល​ចូលគេង។”

ករណី​មិន​ស្រួល​ខ្លួន​(ឈឺ) ​យើង​ត្រូវ​វាស់​ជាតិ​ស្ករ​ញឹកញាប់​ជាង​ធម្មតា ឬ​ក្នុង​ករណី​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ផែនការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ឬ ទម្លាប់​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង។ ការ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​បញ្ហា​រយៈ​ពេល​ខ្លី​ដូចជា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ទេ នៅអាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដូចជា ករណី ​diabeticketoacidosis (ករណី​កើន​ជាតិ​អាស៊ីដ​ក្នុង​ឈាម ដោយសារ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​រយៈ​ពេល​យូរ) និង​អាច​ធ្វើ​ឲ្យ​យើង​សន្លប់​ដោយ​សារជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ទៀត​ផង(diabetic coma )។​

៣. របៀបវាស់កម្រិតជាតិស្ករ

១. លាង​សម្អាត​ដៃ និង​សម្ងួត​ដៃ​របស់​យើង​ឲ្យ​ស្អាត
២. ដាក់​បន្ទះ​តេស្ត​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​ឧបករណ៍​វាស់​ជាតិ​ស្ករ
៣. យក​ប្រដាប់​ជោះ​ឈាម​មក​ជោះ​លើ​ចុង​ម្រាមដៃ​របស់​យើង​
៤. ដាក់​ដំណក់​ឈាម​លើ​បន្ទះ​វាស់​ជាតិ​ស្ករ​រហូត​ឈាម​ជ្រាប​ចូល​បាន​ល្អ​
៥. រង់ចាំ​ប៉ុន្មាន​វិនាទី​ ឧបករណ៍​នេះ​នឹង​បង្ហាញ​​លទ្ធផល​លើអេក្រង់
៦. កត់ត្រា​លទ្ធផល​តេស្ត​ជាតិ​ស្ករ​នេះ​ក្នុង​កូន​សៀវភៅ​ទុក​ឲ្យ​បាន​ល្អ
៧. បោះ​ចោល​ប្រដាប់​ជោះ​ឈាម និង​បន្ទះ​វាស់​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រក្សា​ឧបករណ៍​វាស់​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ស្រួលបួល។

ចំណាំ៖ យើង​មិន​គួរ​ជោះ​ឈាម​ពី​ម្រាម​ដៃ​ដដែលៗ​ទេ ហើយ​ដើម្បី​កុំឲ្យ​មាន​អារម្មណ៍​ថា​ឈឺ​ពេល​ជោះ​ឈាម យើង​អាច​ជោះ​ត្រង់​ចំហៀង​ចុង​ម្រាមដៃ។

៤. របៀបមើលលទ្ធផល

កម្រិតជាតិស្ករក្នុងឈាមដែលល្អគឺនៅចន្លោះ ៥–១០ មិល្លីម៉ូល/លីត្រ (៩០ – ១៨០ មិល្លីលិក្រាម/ដេស៊ីលីត្រ)
កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ល្អ​គឺ​មាន​កម្រិត​ខុសៗ​គ្នា​ទៅ​តាម​បុគ្គល​ស​ម្នាក់ៗ។ ដូចនេះ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​កម្រិត​ជាតិ​ស្ករ​ថា​ចំនួន​ប៉ុន្មាន​ដែល​ល្អ​សម្រាប់​យើង។
បើ​សិន​ជា​លទ្ធផល​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ក្រោម ៥ មលីលិម៉ូល/លីត្រ (៩០មិល្លីក្រាម/ដេស៊ីលីត្រ) នោះ​បង្ហាញ​ថា​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ទាប។ ដូចនេះ​ដើម្បី​ដឹង​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​មាន​ផល​ប៉ះពាល់​យ៉ាងម៉េច យើង​ត្រូវ​ទៅ​អាន​ព័ត៌មាន​បន្ថែម ដែល​និយាយ​ពី​រឿង​នេះ។
ពេល​ខ្លះ​ទៀត​លទ្ធផល​អាច​ចេញ​មក​លើស ឬ​ប្រហែល​ ៥មិលីលិម៉ូល/លីត្រ (៩០ មិល្លីក្រាម/ដេស៊ីលីត្រ) តែ​ក៏​នៅ​តែ ចាត់​ទុក​ថា​មានកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ដែរ។
ក្នុង​ករណី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​មុន​ពេល​ញ៉ាំ​អាហារ ​នោះ​មាន​ន័យ​ថា​ដំណើរ​ការ​នៃ​កម្រិត​អាំងស៊ុយលីន​ក៏​ប្រហែលជា​ទាប​ដែរ។
ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ទាប​មុន​ពេល​ញ៉ាំ​អាហារ​ នោះ​មាន​ន័យ​ថា​ដំណើរការ​នៃ​កម្រិត​អាំងស៊ុយលីន ក៏​ប្រហែល​ជា​ខ្ពស់​ដែរ។
ក្នុង​ករណី​ដែល​ពេលខ្លះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ពេលខ្លះ​ទៀត ទាប​មុន​ពេល​ញ៉ាំ​អាហារ ​ នោះ​អាច​មក​ពី​មូល​ហេតុ​ច្រើន​ដូចជា​បរិមាណ​អាំងស៊ុយលីន​ របប​អាហារ​ដែល​យើង​ញ៉ាំ និង​ការ​ហាត់ប្រាណ​ជាដើម។ បើ​មាន​ករណី​នេះ​ យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ឆ្លើយសំណួរពីរបៀបតាមដានជាតិស្ករ ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖