
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ពាក្យអ្វីមានន័យចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1?
កែសម្រួលដោយ: 17.03.2025
ផ្នែកមួយដ៏សំខាន់នៃការថែទាំសុខភាពគឺការប្រាស្រ័យទាក់ទងល្អ ជាពិសេសនៅពេលនិយាយដល់ការថែរទាំជំងឺរុំារ៉ៃដូចជាជំងឺទឹកនោមផ្អែមប្រភេទ 1។ គ្រូពេទ្យ និងអ្នកថែទាំមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ព្រោះយើងបានធ្វើការជាច្រើនលើសពីការផ្ដល់ការថែទាំសុខភាព និងផ្តល់ការគាំទ្រផ្នែកស្មារតីដល់អ្នកជំងឺទឹកនោមផ្អែមផងដែរ។ សុខភាពផ្លូវចិត្តរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការកើនឡើងនៃការយល់ដឹងលើភាសាដែលប្រើដោយអ្នកថែទាំ និងគ្រូពេទ្យរបស់ពួកគេ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានគុណភាពជីវិតខ្ពស់ជាងនេះ ដោយសារលទ្ធផលផ្ទាល់នៃភាសាដែលយើងប្រើ។ ភាសាអាចលើកទឹកចិត្ត និងជំរុញអ្នកជំងឺទឹកនោមផ្អែមឱ្យធ្វើតាមផែនការព្យាបាល និងសម្រេចបាននូវអ្វីដែលពួកគេបានកំណត់។
ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជាជំងឺពិបាកដែលអាចរងឥទ្ធិពលដោយកត្តាជាច្រើន ដែលអាចហួសពីសមត្ថភាពអ្នកជំងឺក្នុងការគ្រប់គ្រងភាពប្រែប្រួលនានា។ គ្រូពេទ្យ និងអ្នកថែទាំមិនត្រូវស្តីបន្ទោស ឬមាកងាយអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 នៅពេលដែលអ្នកជំងឺមានបញ្ហាដូចជា ឡើងជាតិស្ករក្នុងឈាម ឬមានផលវិបាកផ្សេងៗទេ គ្រូពេទ្យ និងអ្នកថែទាំចាំបាច់ត្រូវផ្តល់ជំនួយដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ដូចជា ទឹកចិត្ត ការស្រឡាញ់ ការយល់ចិត្ត ការយោគយល់ និងមិនធ្វើការវិនិច្ឆ័យ។
ជាឧទាហរណ៍ គ្រូពេទ្យ និងអ្នកថែទាំអាចនិយាយពាក្យដូចជា «មិនអីទេក្នុងការធ្វើឲ្យមានកំហុសខ្លះ។ តោះយើងនិយាយអំពីរបៀបជ្រើសរើសរបបអាហារដែលប្រសើរជាងមុន»។ ជំនួសឱ្យ «អ្នកគួរតែបានញ៉ាំអាហារដែលល្អចំពោះសុខភាព»។ ការធ្វើបែបនេះជាវិធីសាស្រ្តល្អដើម្បីផ្តល់ការគាំទ្រដល់អ្នកជំងឺទឹកនោមផ្អែម។ ភាសាដែលធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ក៏អាចបន្ថយតម្លៃអ្នកជំងឺ ធ្វើឱ្យសុខភាពផ្លូវចិត្តអ្នកជំងឺកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យអ្នកជំងឺពិបាកក្នុងការរក្សាលំនឹងជាតិស្ករក្នុងឈាម។
ដើម្បីជួយអ្នកជំងឺឱ្យមានអារម្មណ៍ល្អចំពោះខ្លួនឯង គ្រូពេទ្យ និងអ្នកថែទាំត្រូវប្រើភាសាដែលផ្តោតលើមនុស្ស ដែលបំបែកអ្នកជំងឺពីជំងឺទឹកនោមផ្អែមប្រភេទ 1 ដូចជា «អ្នកដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1» ឬ «អ្នកកើតជំងឺទឹកនោមផ្អែម»។ ពាក្យដែលគ្រូពេទ្យ និងអ្នកថែទាំប្រើអាចធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ 1 មានអារម្មណ៍ធូរស្រាល មានកម្លាំងចិត្តជាជាងចុះចាញ់ និងជួយឱ្យអ្នកជំងឺអាចរស់ជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1បាន។
មធ្យោបាយមួយទៀតក្នុងការផ្តល់ការគាំទ្រដល់អ្នកជំងឺទឹកនោមផ្អែមគឺតាមរយៈការយល់ចិត្ត។ ការយល់ចិត្តគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការសន្ទនាដែលគាំទ្រអ្នកជំងឺទឹកនោមផ្អែម។ គ្រូពេទ្យ និងមើលថែអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចស្វែងយល់បន្ថែមអំពីបញ្ហាផ្លូវចិត្ត និងផ្លូវកាយដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ជួបប្រទះ និងត្រូវដោះស្រាយជារៀងរាល់ថ្ងៃ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានអារម្មណ៍ផ្តាស់ប្តូរខ្លាំងចំពោះគ្រូពេទ្យ និងអ្នកថែទាំ ប្រសិនបើយើងនិយាយពាក្យល្អដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថា អ្នកជំងឺត្រូវបានយកចិត្តទុកដាក់។ ជំនួសឱ្យការនិយាយថា «អ្នកត្រូវគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម» ដោយការអាចព្យាយាមនិយាយថា «ខ្ញុំដឹងថាការគ្រប់គ្រងជាតិស្ករក្នុងឈាមអាចជាបញ្ហាប្រឈម ប៉ុន្តែខ្ញុំនឹងជួយអ្នកក្នុងការស្វែងរកដំណោះស្រាយ»។ ការផ្លាស់ប្តូរតិចតួចនៅក្នុងនិយាយបង្ហាញថា យើងចង់ជួយ ណែនាំ គាំទ្រ និងប្រឈមបញ្ហាជាមួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1។
ការថែរទាំជំងឺទឹកនោមផ្អែមប្រភេទ 1 ទាមទារឱ្យធ្វើកិច្ចការប្រចាំថ្ងៃជាច្រើនដូចជា ពិនិត្យកម្រិតជាតិស្ករក្នុងឈាម ចាក់អាំងស៊ុយលីន និងការជ្រើសរើសរបបអាហារសមស្រប។ គ្រូពេទ និងអ្នកថែទាំគួរតែផ្តល់ការណែនាំច្បាស់លាស់ និងវិជ្ជមានជាជាងធ្វើការវាយតម្លៃ និងសួរសំណួរដែលមិនមានប្រយោជន៍ និងមាកងាយ។
ជំនួសឱ្យការនិយាយថា «អ្នកមិនបានធ្វើការចាក់អាំងស៊ុយលីនបានត្រឹមត្រូវតាមកម្រិតជាតិស្ករក្នុងឈាម» មកនិយាយដោយផ្តល់ការគាំទ្រផ្លូវអារម្មណ៍ដូចជា «តោះយើងពិភាក្សាគ្នាដើម្បីកែសម្រួលការចាក់កម្រិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង»។ វិធីសាស្រ្តនេះជំរុញទឹកចិត្តអ្នកជំងឺឱ្យសហការជាមួយគ្រូពេទ្យ និងផ្តល់អំំណាចឱ្យអ្នកជំងឺចូលរួមក្នុងការថែទាំសុខភាពរបស់ពួកគេ។
ដើម្បីឱ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 មានអារម្មណ៍សុវត្ថិភាពក្នុងការសួរសំណួរ និងបញ្ចេញនូវកង្វល់របស់ពួកគេ យើងត្រូវបង្កើតកន្លែងសុវត្ថិភាពដើម្បីឱ្យអ្នកជំងឺធ្វើការប្រាស្រ័យទាក់ទង និងផ្តោះប្តូរយោបល់គ្នាតាមរយៈសហគមន៍គាំទ្រអ្នកជំងឺទឹកនោមផ្អែមជាដើម។ នេះជាមធ្យោបាយសំខាន់មួយទៀតក្នុងការផ្តល់ការគាំទ្រដល់អ្នកកើតជំងឺទឹកនោមផ្អែម។ អ្នកថែទាំ និងអ្នកជំនាញផ្នែកថែទាំសុខភាពគួរជំរុញការសន្ទនាផ្តោះប្តូរយោបល់ជាមួយអ្នកជំងឺឱ្យញឹក។
សូមកុំទាយថាអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ដឹង ឬមានអារម្មណ៍បែបណា។ ជំនួសមកវិញ ចូរសួរអ្នកជំងឺថា «តើអ្នកមានសំណួរអ្វីខ្លះអំពីផែនការព្យាបាលរបស់អ្នក?» និង «តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក?» វិធីសាស្រ្តនេះបង្កើតអារម្មណ៍ក្នុងការធ្វើការជាក្រុម និងត្រូវប្រាកដថាយើងយល់ជ្រួតជ្រាបពីអារម្មណ៍ សំណួរ និងកង្វល់របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1។
ចលនានៃការប្រើប្រាស់ពាក្យពេចន៍បានធ្វើការស្រាវជ្រាវជាច្រើននៅក្នុងសហគមន៍ជំងឺទឹកនោមផ្អែម ដែលបង្ហាញពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាតាមរបៀបវិជ្ជមាន និងផ្តល់អំណាច។
ជំងឺទឹកនោមផ្អែមប្រភេទ 1ត្រូវការការព្យាបាលពេញមួយជីវិត និងពោរពេញដោយឧបសគ្គ និងភាពជោគជ័យជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងជំរុញអ្នកជំងឺឱ្យតម្លៃ និងគោរពខ្លួនឯងតាមវិធីមួយដែលស្ថិតស្ថេរ និងគាំទ្រដល់ភាពជោគជ័យរបស់ពួកគេ។ អ្នកថែទាំ និងធ្វើការជាមួយនឹងអ្នកដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 អាចត្រូវព្យាយាមទទួលស្គាល់ និងលើកសរសើរលទ្ធផលរបស់អ្នកជំងឺ មិនថាលទ្ធផលនោះធំ ឬតូចទេ។
ជាឧទាហរណ៍ ប្រសិនបើអ្នកជំងឺបានរក្សាលំនឹងជាតិស្ករក្នុងឈាមរបស់ពួកគេក្នុងកម្រិតគោលដៅបានរយៈពេលមួយសប្តាហ៍ សូមប្រាប់ពួកគេថា «ខ្ញុំពិតជាភ្ញាក់ផ្អើរនឹងការលះបង់ និងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការខិតខំប្រឹងប្រែងដើម្បីរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតគោលដៅ។ ការខិតខំប្រឹងប្រែងរបស់អ្នកបានទទួលការតបស្នងហើយ!» ការស្តាប់ឮរឿងល្អៗបែបនេះអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានអារម្មណ៍ធូរស្រាល និងបានការគាំទ្រផ្នែកផ្លូវចិត្ត។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានអារម្មណ៍ល្អក្នុងការថែរក្សាខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។ ទង្វើល្អរបស់យើងអាចនឹងជួយអ្នកជំងឺទឹកនោមផ្អែមឱ្យជួយអ្នកផ្សេងទៀតនៅថ្ងៃអនាគតក៏ថាបាន។
ការសន្ទនាផ្តល់ការគាំទ្រដោយប្រើភាសាសមរម្យគឺជាឧបករណ៍ដ៏មានប្រយោជន៍ក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1។
ភាសាដែលយល់ចិត្ត មិនរើសអើង មានទិសដៅច្បាស់លាស់ ការសន្ទនាបើកចំហ ទស្សនវិស័យវិជ្ជមាន និងការទទួលស្គាល់អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1មានសុខុមាលភាពទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។ តាមរយៈការជ្រើសរើសពាក្យនិយាយដោយឆ្លាតវៃ និងផ្តល់ការគាំទ្រឥតឈប់ឈរនេះអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ប្រឈមមុខនឹងជំងឺរុំារ៉ៃនេះដោយភាពជឿជាក់ អត់ធ្មត់ និងអាចបង្កើនគុណភាពជីវិតរបស់ពួកគេ។
ភាសានិយាយមានសារៈសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែមណាស់។ ដើម្បីរស់នៅឱ្យបានល្អជាមួយនឹងជំងឺនេះ គ្រូពេទ្យ អ្នកថែទាំជំងឺ និងអ្នកជំងឺត្រូវសហការគ្នា។