
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
សុខភាពផ្លូវចិត្ត និងជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 17.03.2025
ការគ្រប់គ្រងជីវិតជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អាចជារឿងលំបាកណាស់ លក្ខណៈរុាំរ៉ៃនៃជំងឺនេះគឺតម្រូវឱ្យយើងធ្វើការថែទាំខ្លួនឯងជាប្រចាំ។ ដែលអាចងាយបណ្តាលឱ្យយើងមានភាពតានតឹង
ការមានភាពតានតឹងគ្រប់ពេលវេលាមិនត្រឹមតែប៉ះពាល់ចំពោះសុខភាពផ្លូវចិត្តទេ ថែមទាំងប៉ះពាល់ចំពោះសុខភាពផ្លូវកាយយើងទៀត។ នៅពេលយើងមានភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនស្រ្តេសដែលធ្វើឱ្យថ្លើមបញ្ចេញជាតិស្ករ ប្រសិនបើយើងកើតជំងឺទឹកនោមផ្អែមប្រភេទ 1 ការលើសជាតិស្ករក្នុងឈាមមានន័យថាយើងត្រូវការចាក់អាំងស៊ុយលីនបន្ថែមដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម អ្នកអាចនឹងជួបបញ្ហានៃវដ្តឡើងចុះជាតិស្ករក្នុងឈាមខ្លាំង ដែលសុខភាពផ្លូវចិត្តប៉ះពាល់ដល់សុខភាពផ្លូវកាយ រួចប៉ះពាល់ដល់សុខភាពផ្លូវចិត្តវិញ។
តាមរយៈអត្ថបទនេះ យើងនឹងស្វែងយល់ពីផលប៉ះពាល់របស់សុខភាពផ្លូវចិត្តពេលកើតជំងឺទឹកនោមផ្អែម និងវិធីសាស្រ្តដោះស្រាយវដ្តនៃភាពតានតឹង
តោះយើងស្វែងយល់ពីផ្នែកចិត្តសាស្ត្រផ្សេងៗដែលអ្នកជំងឺទឹកនោមផ្អែមជួបប្រទះ។ អ្នកកើតជំងឺទឹកនោមផ្អែមអាចព្រួយបារម្ភអំពីរបៀបគ្រប់គ្រងជំងឺឱ្យល្អប្រសើរដើម្បីជៀសវាងផលវិបាក។ ការតាមដាន និងកែតម្រូវកម្រិតជាតិស្ករក្នុងឈាមជាប្រចាំតាមរយៈការចាក់អាំងស៊ុយលីន និងការរៀបចំផែនការអាហារយ៉ាងប្រុងប្រយ័ត្នអាចបង្កភាពតានតឹងដល់យើង។
ការបដិសេធនូវអ្វីដែលកំពុងកើតឡើង ការមានអារម្មណ៍មិនល្អ ឬសូម្បីតែខឹងខ្លួនឯងចំពោះអ្វីដែលយើងកំពុងជួបប្រទះនឹងធ្វើឱ្យយើងកាន់តែតានតឹង។ អារម្មណ៍អវិជ្ជមានដូចជាការមិនទទួលយកខ្លួនយើង ការស្តីបន្ទោសអ្នកដទៃ និងការបារម្ភអាចធ្វើឱ្យថាមពលយើងធ្លាក់ចុះឥតប្រយោជន៍ ដែលអាចបណ្តាលឱ្យយើងហេវអស់កម្លាំង ឬមានបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។
អ្នកស្រាវជ្រាវបានរៀបរាប់ថា ការហេវអស់កម្លាំងដោយសារជំងឺទឹកនោមផ្អែមអាចផ្តល់ផលប៉ះពាល់ខ្លាំង ដោយសារតែអ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ប្រហែលជាមិនយកចិត្តទុកដាក់ខ្លាំងដល់សុខភាពផ្លូវកាយ ទំនាក់ទំនងសង្គម និងផ្លូវចិត្តខ្លួនឯង។
ការថែទាំ និងចូលចិត្តខ្លួនឯងអាចពិបាកសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ 1 ដែលមានទស្សនៈអវិជ្ជមានចំពោះខ្លួនឯង។ ដូចនេះការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ការរស់នៅឱ្យបានល្អ និងការនិយាយទៅកាន់ក្រុមថែទាំសុខភាពក៏អាចជារឿងពិបាកដែរសម្រាប់អ្នកជំងឺជំងឺទឹកនោមផ្អែមប្រភេទ 1។
ក. សម្រាក៖ ទោះបីជាយើងមិនអាចព្រងើយកន្តើយចំពោះស្ថានភាពជំងឺរបស់យើងក៏ដោយ ក៏ពេលខ្លះយើងគួរសម្រាកខ្លះដើម្បីសន្សំថាមពល។
ខ. ផ្តោតលើការថែទាំខ្លួនឯង៖ ទុកពេលឱ្យខ្លួនយើងដើម្បីរីករាយនឹងសកម្មភាពដែលខ្លួនចូលចិត្ត។ ការធ្វើបែបនេះនឹងជួយឱ្យយើងលំហែរចិត្តពីការព្រួយបារម្ភពីសុខភាពបានខ្លះ។
គ. ពិនិត្យបន្ថែមដើម្បីដឹងពីព័ត៌មានជាតិស្ករក្នុងឈាមបានច្បាស់៖ នៅពេលដែលយើងមានទិន្នន័យកាន់តែច្រើន មិនថាជាតិស្ករក្នុងឈាមរបស់យើងស្ថិតក្នុងកម្រិតទាប មធ្យម ឬខ្ពស់នោះទេ យើងអាចដឹងពីព័ត៌មានជាតិស្ករក្នុងឈាមរបស់យើងបានច្បាស់ល្អ។ ប្រសិនបើរឿងនេះធ្វើឱ្យយើងមានអារម្មណ៍តានតឹង យើងអាចពិគ្រោះយាបល់ជាមួយក្រុមថែទាំសុខភាពដើម្បីរកជម្រើសក្នុងការសម្រាលបន្ទុក។ ទង្វើសាមញ្ញដោយគ្រាន់តែនិយាយជជែកទៅកាន់នរណាម្នាក់ក៏អាចអាចជួយយើងដោះស្រាយបញ្ហាផ្លូវចិត្តបានដែរ។
ឃ. ធ្វើការទំនាក់ទំនង៖ ការប្រាប់ និងសារភាពទៅកាន់គ្រួសារ និងមិត្តភក្តិរបស់យើងថា យើងមានភាពតានតឹងអាចជួយឱ្យសុខភាពផ្លូវចិត្ត និងជំងឺទឹកនោមផ្អែមរបស់យើងប្រសើរជាងមុន។ ការធ្វើបែបនេះក៏អាចអនុញ្ញាតឱ្យមនុស្សជាទីស្រលាញ់របស់យើងស្វែងយល់ពីរបៀបដែលពួកគេអាចជួយយើង និងជំងឺទឹកនោមផ្អែមប្រភេទ 1របស់យើងបានប្រសើរជាងមុនដែរ។ អ្នកជំងឺដែលរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អាចសុំជំនួយពីមនុស្សជាទីស្រលាញ់ក្នុងការរំលឹករឿងចាក់ថ្នាំអាំងស៊ុយលីន និងទទួលទានអាហារឱ្យទៀងម៉ោង។ ជម្រើសមួយទៀតគឺកំណត់ការរំលឹកនៅលើទូរស័ព្ទប្រសិនបើអ្នកជំងឺមិនចង់ពឹងផ្អែកលើអ្នកដទៃជានិច្ច។
ង. ធ្វើការផ្លាស់ប្តូរបន្តិចបន្តួច៖ យើងអាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យអាចជួយយើងធ្វើការផ្លាស់ប្តូរបន្តិចបន្តួចលើជីវិតប្រចាំថ្ងៃរបស់យើង។ ប្រសិនបើគ្រូពេទ្យអាចណែនាំជម្រើសផ្សេងទៀត ដូចជាបច្ចេកវិទ្យាជំងឺទឹកនោមផ្អែមប្រភេទ 1 (ដូចជាការប្រើប្រាស់ម៉ាស៊ីនបូមអាំងស៊ុយលីន ឬម៉ាស៊ីនតាមដានជាតិស្ករពាក់ជាប់ខ្លួន ) ដើម្បីកាត់បន្ថយភាពតានតឹង នោះពិតជាល្អណាស់។
ច. ផ្លាស់ប្តូរទស្សនៈរបស់យើង៖ យើងប្រហែលជាត្រូវបោះបង់ចោលរបស់មួយចំនួន ប្រសិនបើយើងកើតជំងឺទឹកនោមផ្អែមប្រភេទ 1។ ទោះយ៉ាងណាក៏ដោយ មានពេលខ្លះ អ្វីៗដែលយើងបោះបង់ចោលអាចនាំមកនូវជ័យជំនះ និងសេចក្តីរីករាយតិចតួចដល់យើងក៏ថាបាន។ ជាឧទាហរណ៍ ប្រសិនបើយើងចង់ញ៉ាំអាហារសម្រន់តិចតួច ឬបង្អែមដើម្បីធ្វើឱ្យខ្លួនយើងមានអារម្មណ៍ល្អ យើងអាចញុំាបាន។ គ្រាន់តែត្រូវចាំថា ត្រូវពិនិត្យជាតិស្ករក្នុងឈាម ចាក់អាំងស៊ុយលីនតាមតម្រូវការ និងធ្វើលំហាត់ប្រាណស្រាលៗមួយចំនួន។
ឆ. ស្វែងរកជំនួយ៖ ការស្វែងរកសហគមន៍ ឬវេទិកាអនឡាញដែលមានអ្នកជំងឺរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 នឹងជួយយើងលែងមានអារម្មណ៍ឯកោ បង្រៀនយើងពីរឿងថ្មីៗ ផ្តល់ការគាំទ្រផ្នែកស្មារតី និងផ្តល់កម្លាំងចិត្តដល់យើងដើម្បីធ្វើដំណើរបន្ត។ ការនិយាយជជែកទៅកាន់អ្នកផ្សេងអាចជួយយើងទប់ទល់ជាមួយនឹងសុខភាពផ្លូវចិត្ត និងជំងឺទឹកនោមផ្អែមបានកាន់តែល្អប្រសើរ។
ជ. ទទួលជំនួយជាមួយការព្យាបាល៖ ប្រសិនបើយើងនៅតែមិនអាចដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបាន យើងអាចពិភាក្សាជាមួយវេជ្ជបណ្ឌិត អ្នកចិត្តសាស្រ្ត អ្នកប្រឹក្សាយោបល់ បុគ្គលិកសង្គមកិច្ច ឬអ្នកព្យាបាលរោគ ព្រោះបុគ្គលទំាងនេះអាចជួយយើងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបានល្អបំផុត។ បុគ្គលទាំងនេះនឹងជួយយើងឱ្យឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ និងរកវីធីសាស្រ្តល្អៗជួយយើងគ្រប់គ្រងជំងឺទឹកនោមផ្អែម។
ការទទួលយកភាពតានតឹងក្នុងជីវិតជាបឋមអាចមានន័យថាត្រូវជួបប្រទះបញ្ហាដែលខ្លាំងជាងអ្វីដែលយើងធ្លាប់ជួបប្រទះពីមុនមក។ រឿងលំបាកបំផុត ប៉ុន្តែរឿងល្អបំផុតដែលត្រូវធ្វើគឺការទទួលយក និងស្រឡាញ់ជំងឺទឹកនោមផ្អែមរបស់យើង។
អ្នកដែលបានគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 ជោគជ័យអាចយល់ឃើញថា នេះជាអ្វីដែលធ្វើឱ្យពួកគេរឹងមាំ តស៊ូ និងប្តេជ្ញាចិត្តដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាក និងភាពបរាជ័យ។
វាប្រហែលជាមិនងាយស្រួលទេក្នុងការធ្វើរឿងនេះ។ យើងអាចត្រូវចំណាយពេលវេលា ការខិតខំប្រឹងប្រែង ហើយសំខាន់បំផុតគឺការទទួលយក និងការយល់ដឹងពីជំងឺទឹកនោមផ្អែម ដើម្បីឱ្យយើងជោគជ័យ។ ការមានភាពតានតឹងម្តងហើយម្តងទៀតអាចធ្វើឱ្យយើងលំបាក និងហត់នឿយ ប៉ុន្តែយើងក៏អាចធ្វើឱ្យខ្លួនឯងមានថាមពលឡើងវិញ និងមានអារម្មណ៍ធូរស្រាលម្តងទៀតដែរ។
យើងនឹងមានពេលវេលាដ៏ល្អក្នុងការចៀសផុតពីការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង នៅពេលយើងទទួលយកថា យើងមានជំងឺទឹកនោមផ្អែមប្រភេទ 1។
យើងអាចរៀនពីរបៀបទប់ទល់ជាមួយភាពតានតឹងបានកាន់តែល្អ ប្រសិនបើយើងដឹងថាវានឹងកើតឡើងនៅពេលណា។ អ្នកនឹងទៅដល់គោលដៅឆាប់ៗនេះ! អ្នកនឹងជោគជ័យ! ត្រូវជឿជាក់លើខ្លួនឯង។