
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
គ្រួសារ និងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប្រភេទ១
កែសម្រួលដោយ: 17.03.2025
ការរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ មិត្តភក្តិ ឬដៃគូស្នេហា។
ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 ជាលក្ខខណៈក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូស្នេហា អាចជួយឱ្យអ្នកមិនសូវមានអារម្មណ៍ឯកោ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងកាន់តែជិតស្និទ្ធ ព្រមទាំងជួយពង្រឹងចំណងទាក់ទងដែលមានស្រាប់ទៀតផង។
ការជជែកគ្នាជាទៀងទាត់ និងបើកចំហនៅក្នុងទំនាក់ទំនងណាមួយ មានសារៈសំខាន់ណាស់ ធ្វើដូច្នេះ ទើបអ្នកអាចគាំទ្រគ្នាទៅវិញទៅមក។
ការយល់ដឹងពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមលើទំនាក់ទំនង និងបញ្ហាទូទៅដែលអាចកើតឡើង នឹងជួយអ្នកគ្រប់គ្រងគ្រាលំបាកក្នុងទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរឡើង។
ការប្រកួតប្រជែងរវាងបងប្អូនបង្កើត
តើជំងឺទឹកនោមផ្អែមមានឥទ្ធិពលយ៉ាងណាចំពោះទំនាក់ទំនង ជាពិសេសក្នុងចំណោមបងប្អូន? អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1 អាចទទួលបានការយកចិត្តទុកដាក់បន្ថែមពីប៉ាម៉ាក់ នៅពេលទៅជួបគ្រូពេទ្យ និងការមើលថែទាំ។ បងប្អូនបង្កើតរបស់អ្នក អាចមានអារម្មណ៍ថាត្រូវបានបោះបង់ចោល ឬមិនសប្បាយចិត្តដោយសារតែរឿងនេះ។
អ្នកអាចមានអារម្មណ៍ថាមិនស្មើភាព នៅពេលដែលសមាជិកគ្រួសារតឹងរ៉ឹងជាមួយអ្នក ដូចជារឹតត្បិតអ្វីដែលអ្នកញ៉ាំ និងអ្វីៗផ្សេងទៀតដែលអ្នកត្រូវធ្វើ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ1 ឲ្យបានល្អ។ ព្យាយាមចងចាំថា ទង្វើទាំងអស់នេះ កើតចេញពីក្តីស្រឡាញ់ ហើយពួកគេចង់ឱ្យអ្នកមានសុខភាពល្អ និងមានភាពរីករាយ។
គួរឲ្យបងប្អូនរបស់អ្នកចូលរួមនៅក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ1 របស់អ្នក ហើយឲ្យពួកគេទៅមន្ទីរពេទ្យជាមួយអ្នក ដើម្បីបង្កើតភាពរីករាយបន្ថែមទៀត! នេះអាចជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមលើទំនាក់ទំនងគ្រួសារ។
គួរណែនាំពួកគេអំពីវេបសាយ HelloType1 និងទំព័រហ្វេកប៊ុក! ធ្វើដូច្នេះ ទើបពួកគេអាចយល់ពីជំងឺទឹកនោមផ្អែមប្រភេទ 1 កាន់តែច្បាស់ និងឥទ្ធិពលដែលជំងឺមួយនេះមានមកលើអ្នក។
រស់នៅឆ្ងាយពីប៉ាម៉ាក់
ការរស់នៅបែកគ្នាពីប៉ាម៉ាក់ អាចជារឿងពិបាកសម្រាប់អ្នករាល់គ្នា។ វាអាចពិបាកក្នុងការគ្រប់គ្រងលើការអនុវត្ត និងអារម្មណ៍។
ត្រូវប្រាកដថា អ្នកមានថ្នាំ/ឧបករណ៍គ្រប់គ្រងជំងឺទឹកនោមផ្អែមទាំងអស់របស់អ្នកនៅជាប់ខ្លួន។ កុំភ្លេចយកទៅផ្ទះជាមួយ។ ប៉ាម៉ាក់របស់អ្នក អាចជួយអ្នកបានក្នុងកិច្ចការមួយនេះ។
តាមដានការពិនិត្យជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនរបស់អ្នកនៅក្នុងកំណត់ហេតុប្រចាំថ្ងៃ ដើម្បីឱ្យប៉ាម៉ាក់របស់អ្នកទទួលបានមានព័ត៌មានត្រឹមត្រូវ។
គ្រួសារដែលមានសមាជិកច្រើន
នៅពេលដែលអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ 1 តាយាយ មីង និងពូក៏ពិបាកចិត្ត និងព្រួយបារម្ភផងដែរ! កត្តានេះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺទឹកនោមផ្អែមលើទំនាក់ទំនងគ្រួសារបាន។
សមាជិកគ្រួសារមួយចំនួនអាចមានការភ័ន្តច្រឡំ ថាតើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយមានន័យយ៉ាងណា ជាពិសេសប្រសិនបើពួកគេស្ថិតក្នុងជំនាន់/វប្បធម៌ផ្សេងគ្នា។
គួរណែនាំពួកគាត់អំពីវេបសាយ HelloType1 និងទំព័រហ្វេកប៊ុក! ដូច្នេះ ពួកគេអាចអាន ឬស្តាប់ ដើម្បីស្វែងយល់អំពីជំងឺទឹកនោមផ្អែមប្រភេទ 1 និងស្ថានភាពជំងឺរបស់អ្នក។
ជួនកាល ការអប់រំអ្នករាល់គ្នាឲ្យយល់ពីជំងឺទឹកនោមផ្អែម គឺជារឿងដ៏ហត់នឿយមួយ ដូច្នេះអ្នកអាចប្រើ HelloType1 ដើម្បីជួយក្នុងការងារនេះ!
ទំនាក់ទំនងស្នេហា
ទោះជាមានបញ្ហាសុខភាពណាមួយ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ 1 ក៏យើងនៅតែអាចមានការណាត់ជួប ឬមានទំនាក់ទំនងស្នេហាបានដែរ។
គួរមានភាពស្មោះត្រង់ជាមួយដៃគូរបស់អ្នកអំពីស្ថានភាពរបស់អ្នក ប្រតិកម្មរបស់ពួកគេអាចប្រាប់អ្នក ឲ្យដឹងថាតើពួកគេសាកសមនឹងអ្នកដែរឬអត់។
គួររកដៃគូណាដែលបើកចំហរចំពោះការរៀនអំពីជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយអាចយល់បាន។ ពួកគេអាចគាំទ្រអ្នកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ1។ នេះគឺជាវិធីមួយ ក្នុងការគ្រប់គ្រងផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមលើទំនាក់ទំនង។
គួរឲ្យពួកគេទៅជាមួយនៅពេលមានការរណាត់ជួបនៅមន្ទីរពេទ្យ ហើយណែនាំវេបសាយ HelloType1 និងទំព័រហ្វេកប៊ុក ដើម្បីឲ្យពួកគេចូលរួមក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ1 របស់អ្នក។
អ្នកអាចរៀបការ និងបង្កើតគ្រួសារដូចអ្នកដទៃបាន ប្រសិនបើអ្នកចង់!
មិត្តភក្តិ
ទោះជាមានជំងឺទឹកនោមផ្អែមប្រភេទ 1 ក៏អ្នកនៅតែអាចរាប់អានមិត្តភ័ក្ភ និងចូលរួមក្នុងកម្មវិធីសង្គម និងសកម្មភាពសប្បាយៗបានដែរ!
ការបង្ហាញភាពស្មោះត្រង់ជាមួយមិត្តភ័ក្តិ មានសារៈសំខាន់ណាស់ ហើយប្រតិកម្មរបស់ពួកគេចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 នឹងបង្ហាញឲ្យអ្នកដឹងថា តើពួកគេនឹងក្លាយជាមិត្តល្អ ឬអត់។
គួរប្រាប់មិត្តភក្តិជិតស្និទ្ធរបស់អ្នកអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 ពួកគេអាចជួយអ្នកបាន! ពួកគេមានការយល់ដឹង និងគាំទ្រអ្នកជានិច្ច។
គួរណែនាំពីវេបសាយ HelloType1 និងទំព័រហ្វេកប៊ុក ដើម្បីអប់រំ និងឲ្យពួកគេចូលរួមក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ1 របស់អ្នក។
ទោះបីជាមានជំងឺទឹកនោមផ្អែមប្រភេទ 1 ក៏ដោយ ក៏អ្នកនៅតែអាចមានសុខភាពល្អ មានសុភមង្គល និងមានទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិ និងដៃគូស្នេហារបស់អ្នកបានដែរ។
ចូរចងចាំថា ត្រូវសុំជំនួយ និងទទួលយកការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ ដៃគូ និងក្រុមគ្រូពេទ្យរបស់អ្នក។ ការធ្វើបែបនេះ អាចកាត់បន្ថយស្រ្តេស និងកាត់បន្ថយបន្ទុកបានមួយចំណែក។ អ្នកមិននៅឯកាទេ។"