
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ផលប៉ះពាល់ពីភាពតានតឹង និងការអស់កម្លាំងលើជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 17.03.2025
ជីវិតរស់នៅប្រចាំថ្ងៃ តែងតែជួបទាំងភាពសប្បាយរីករាយ និងភាពតានតឹង។ ដំណើរជីវិតគឺត្រូវឆ្លងកាត់វដ្តតម្រូវការ ភាពតានតឹង និងភាពសប្បាយរីករាយ ផ្សេងៗគ្នា។
នៅពេលកើតជំងឺទឹកនោមផ្អែមប្រភេទ 1 ដំណើរជីវិតរបស់យើងកាន់តែស្មុគស្មាញដែលតម្រូវឱ្យយើងត្រូវប្រើអស់កម្លាំងកាយចិត្តដើម្បីឆ្លងកាត់ព្យុះភ្លៀង ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធា្លក់ចុះទាបខ្លាំង។ ជំងឺទឹកនោមផ្អែមប្រភេទ 1 ជាជំងឺរុាំរ៉ៃដែលជារៀងរាល់ថ្ងៃតម្រូវឱ្យយើងធ្វើរឿងជាច្រើនដើម្បីគ្រប់គ្រងជំងឺ។ នេះជាដើមចមបង្កឱ្យយើងមានភាពតានតឹង ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមគ្មានលំនឹង។ យើងប្រហែលជាមិនអាចរកបានតុល្យភាពក្នុងជីវិតងាយស្រួលទេ នៅពេលយើងត្រូវទប់ទល់ជាមួយផលប៉ះពាល់នៃភាពតានតឹង និងជំងឺទឹកនោមផ្អែមដំណាលគ្នា។
ការមើលថែជំងឺទឹកនោមផ្អែមប្រភេទ 1 ទាំងថ្ងៃទាំងយប់អាចលំបាកណាស់ ព្រោះយើងត្រូវគិតអំពីរឿងជាច្រើនដែលអាចបង្កឱ្យយើងមានភាពតានតឹង
កត្តាបង្កឱ្យមានភាពតានតឹងដែលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នងឈាមមានដូចជា ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការគ្រប់គ្រងការចាក់អាំងស៊ុយលីន និងការរៀបចំរបបអាហារ។
លើសពីនេះ យើងត្រូវដោះស្រាយ ព្រមទាំងធ្វើឱ្យតម្រូវការជីវិតមានតុល្យភាពដោយផ្អែកលើតួនាទី និងការផ្លាស់ប្តូរ។
ការងារដែលត្រូវធ្វើឲ្យមានតុល្យភាពទាំងនោះ មានដូចជា ការងារសាលា ការងារ ចំណង់ចំណូលចិត្ត ទំនាក់់ទំនងសង្គម ការងារផ្ទះ រួមទាំងកិច្ចការផ្សេងៗ។
ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមតាមគោលដៅ (70-80 មិល្លីក្រាម/ដេស៊ីលីត្រ ឬ 4-10 មិល្លីម៉ូល/លីត្រ) យើងត្រូវធ្វើឱ្យកត្តាមួយចំនួនមានតុល្យភាព។
ចំណីអាហារ ការធ្វើលំហាត់ប្រាណ និងកត្តាដែលមិនអាចវាស់វែងបានដូចជា ភាពតានតឹង ព្រមទាំងកម្រិតអ័រម៉ូន អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នងឈាម។
ការព្យាករណ៍ជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានភាពស្មុគស្មាញដោយកត្តាដែលមិនអាចវាស់វែងបាន។ ដើម្បីពង្រឹងសុខភាព យើងត្រូវការធ្វើការកែតម្រូវ និងធ្វើឱ្យមានតុល្យភាពរវាងសកម្មភាពផ្សេងៗ។
យើងមានដឹងទេថា ភាពតានតឹងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើង ហើយបង្កឱ្យយើងអស់កម្លាំង?
នៅពេលដែលយើងមានភាពតានតឹង រាងកាយរបស់យើងឆ្លើយតបតាមធម្មជាតិដោយការបញ្ចេញអ័រម៉ូន Adrenaline និង Cortisol ដើម្បីឱ្យរាងកាយត្រៀមប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍ដែលអាចបង្កគ្រោះថ្នាក់ ឬការគំរាមកំហែងណាមួយមកលើជីវិតជីវិតយើង។ នេះជាមូលហេតុដែលការមានភាពតានតឹងច្រើនពេកមិនល្អចំពោះជំងឺទឹកនោមផ្អែម។
កម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងខ្ពស់ជាបណ្ដោះអាសន្នដោយសារតែអ័រម៉ូនទាំងនេះដែលផ្តល់ឱ្យយើងនូវថាមពលដើម្បីត្រៀម «ប្រយុទ្ធ»។
ក. ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ៖ នៅពេលយើងមានភាពតានតឹង ទម្លាប់នៃការញ៉ាំរបស់យើងអាចនឹងផ្លាស់ប្តូរដែរ។ យើងអាចចាប់ផ្តើមញ៉ាំអាហារច្រើន ឬតិចជាងធម្មតា ជួនកាលរហូតដល់ជ្រុល។ អ្នកខ្លះអាចទប់ទល់នឹងឥទ្ធិពលនៃភាពតានតឹងដោយការញ៉ាំអាហារដែលមានជាតិកាបូអុីដ្រាតខ្ពស់ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់យ៉ាងឆាប់រហ័ស។ នេះមិនល្អសម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 ទេ។
ខ. ការផ្លាស់ប្តូរទម្លាប់នៃជំងឺទឹកនោមផ្អែម៖ ភាពតានតឹងអាចធ្វើឱ្យអ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 ទំនងជាភ្លេចលេបថ្នាំ ឬតាមដានកម្រិតជាតិស្ករក្នុងឈាម។ កត្តាទាំងនេះអាចរួមចំណែកធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមគ្មានលំនឹង។
គ. ការផ្លាស់ប្តូរទម្លាប់គេង៖ នៅពេលយើងត្រូវធ្វើការច្រើន យើងអាចបោះបង់ចោលទម្លាប់ប្រចាំថ្ងៃរបស់យើង។ ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ប្រសិទ្ធិភាពថ្នាំអាំងស៊ុយលីន និងកម្រិតជាតិស្ករក្នុងឈាមរបស់យើង។
ឃ. ការផ្លាស់ប្តូរកម្រិតធ្វើសកម្មភាព៖ យើងអាចមិនមានពេលវេលាដើម្បីហាត់ប្រាណច្រើនដូចសព្វដង។
នៅពេលដែលយើងមិនបានបញេ្ចញសកម្មភាពរាងកាយ រាងកាយយើងអាចមិនសូវមានប្រតិកម្មតបជាមួយថ្នាំអាំងស៊ុយលីនដែលចាក់ មានន័យថាយើងត្រូវការចាក់អាំងស៊ុយលីនបន្ថែម ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលអាចបណ្តាលយមានភាពធន់នឹងអាំងស៊ុយលីន ឬអាំងស៊ុយលីនគ្មានប្រសិទ្ធិភាព និងបណ្តាលឱ្យពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ការមានភាពតានតឹងក្នុងជីវិតនៅពេលកើតជំងឺទឹកនោមផ្អែមប្រភេទ 1 អាចបង្កឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ក្នងពេលកើតទឹកនោមផ្អែម និងអស់កម្លាំង។ ខាងក្រោមនេះគឺជាវិធីសាស្រ្តដ៏មានប្រយោជន៍មួយចំនួនក្នុងការដោះស្រាយបញ្ហាជំងឺធ្លាក់ទឹកចិត្តក្នុងពេលកើតទឹកនោមផ្អែម។
ក. បោះជំហានទៅមុខដោយខ្លួនឯង៖ ដាក់គោលដៅដើម្បីផ្លាស់ប្តូរទៅរកទម្លាប់ដែលល្អចំពោះសុខភាព។ រក្សាគោលដៅរបស់យើងឱ្យប្រាកដប្រជា ហើយចាប់ផ្តើមយឺតៗ។ បើយើងចង់ហាត់ប្រាណឱ្យបានច្រើន យើងមិនចាំបាច់ហាត់ដូចអត្តពលិកភ្លាមៗទេ។ ប្រសិនបើយើងចង់ដើរ 30 នាទីក្នុងមួយថ្ងៃ យើងគួរចាប់ផ្តើមដើរមួយថ្ងៃ 10នាទីសិន ចាំបង្កើនរយៈពេលនៃការដើរតាមក្រោយ។ សុខចិត្តឱ្យយឺត ប៉ុន្តែមាននិរន្តរភាព!
ខ. ធ្វើអ្វីមួយក្នុងពេលតែមួយ៖ យើងមិនអាចគ្រប់គ្រងការងារច្រើនមុខក្នុងពេលតែមួយបានទេ។ ដើម្បីកាត់បន្ថយកម្រិតនៃភាពតានតឹង យើងអាចធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើ ហើយធ្វើវាម្តងមួយៗ។ ផ្តល់រង្វាន់ដល់ខ្លួនយើងសម្រាប់ការងារដែលយើងបានសម្រេចផង។
គ. ជជែកជាមួយអ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 ផ្សេងទៀត៖ យើងមិនមែនរស់នៅជាមួយភាពតានតឹង និងជំងឺទឹកនោមផ្អែមតែឯងឯកាក្នុងលោកទេ។ យើងអាចស្វែងរកអ្នកដែលយល់ពីអ្វីដែលយើងកំពុងឆ្លងកាត់ដោយចូលរួមសហគមន៍ជំងឺទឹកនោមផ្អែមអនឡាញដូចជា dedoc (www.dedoc.org)។ ក្រុមគ្រូពេទ្យថែទាំសុខភាពអាចដឹងពីក្លឹប ឬក្រុមគាំទ្រអ្នកជំងឺទឹកនោមផ្អែមដែលអាចឱ្យយើងចូលជាសមាជិកបាន។ ការផ្តោះប្តូរយោបល់ និងអារម្មណ៍ជាមួយអ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមផ្សេងទៀតអាចជួយឱ្យយើងមានគំនិតក្នុងការដោះស្រាយបញ្ហា និងប្រយុទ្ធជាមួយភាពតានតឹង និងជំងឺទឹកនោមផ្អែមប្រភេទ 1 បាន។
ការថែទាំំជំងឺទឹកនោមផ្អែមគឺសម្តៅលើការថែរទាំសុខភាពទូទៅរបស់យើង មិនមែនត្រឹមតែរាងកាយប៉ុណ្ណោះទេ គឺទាំងសុខភាពផ្លូវចិត្តផងដែរ។
ប្រសិនបើយើងមិនថែរក្សាសុខភាពផ្លូវចិត្ត សុខភាពផ្លូវចិត្ត និងជំងឺទឹកនោមផ្អែមអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរទាំងព្រម។ ដំណឹងល្អគឺថា សុខភាពផ្លូវចិត្ត និងជំងឺទឹកនោមផ្អែមអាចធូរស្រាលដំណាល់គ្នា។
ការទទួលយកភាពតានតឹងក្នុងជីវិតជាបឋមអាចមានន័យថា ត្រូវដោះស្រាយបញ្ហាដែលធំជាងអ្វីដែលយើងធ្លាប់ជួបប្រទះពីមុនមក។ វាជាការល្អបំផុតក្នុងការទទួលយកថា យើងកើតជំងឺទឹកនោមផ្អែម និងរៀនរស់នៅជាមួយជំងឺនេះ។
យើងដឹងទេថា អត្តពលិក អ្នកដឹកនាំ និងជើងឯកល្បីៗមួយចំនួនរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 ប៉ុន្តែនៅតែអាចទទួលបានជោគជ័យ? អ្នកដែលទទួលបានជោគជ័យក្នុងជីវិត បានចាត់ទុកជំងឺទឹកនោមផ្អែមប្រភេទ 1 ជាធាតុមើលមិនឃើញដែលធ្វើឱ្យពួកគេរឹងមាំ តស៊ូ និងប្តេជ្ញាចិត្តដើម្បីឆ្លងកាត់ការលំបាក និងភាពបរាជ័យ។ ការឱបក្រសោប និងដឹងច្បាស់ពីស្ថានភាពរបស់ខ្លួនអាចជារឿងសំខាន់បំផុតដែលយើងត្រូវធ្វើ តែប្រហែលជាមិនងាយស្រួលទេ។ វាអាចជាការលំបាកក្នុងការបំបែកទម្លាប់នៃភាពតានតឹង ប៉ុន្តែវាក៏មិនមែនមិនអាចទៅរួចដែរ។ ការយល់ដឹងអំពីជំងឺទឹកនោមផ្អែមប្រភេទ 1នឹងជួយយើងដឹងពីដំណើរនៃជំងឺទឹកនោមផ្អែមប្រភេទ 1នេះកាន់តែប្រសើរឡើង។
យើងអាចរៀបចំខ្លួន និងអាចដោះស្រាយស្ថានភាពលំបាកបានកាន់តែល្អ ប្រសិនបើយើងដឹងថា ពេលណាពួកវានឹងកើតឡើង។ ឱកាសដើម្បីរៀន និងជោគជ័យគឺនៅទីនោះ។ សូមចងចាំថា ជាមួយនឹងឧបករណ៍ និងការគាំទ្រត្រឹមត្រូវ យើងអាចរកឃើញភាពជោគជ័យ។