Steffen Tange
Chartered Psychologist, Coach & Keynote speaker - Denmark
កែសម្រួលដោយ: 27.08.2026
ផ្តល់ការស្រលាញ់ និង ផ្គត់ផ្គង់ដល់សមាជិកគ្រួសារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) អាចមានឥទ្ធិពលលើទំនាក់ទំនង ក្នុងរង្វង់គ្រួសារ មិត្តភ័ក្តិ ឬដៃគូស្នេហា។
ការគ្រប់គ្រង T1D ជាមួយគ្រួសារ មិត្តភ័ក្តិ និងដៃគូស្នេហា អាចជួយឱ្យយើងមិនសូវមានអារម្មណ៍ឯកោ។ ភាពជិតស្និទ្ធ និងទំនាក់ទំនងដែលមានស្រាប់ កាន់តែល្អប្រសើរ។
ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងបើកចំហ មិនថាក្នុងទំនាក់ទំនងណាមួយ សំខាន់ដើម្បី គាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក។
ការយល់ដឹងពីផលប៉ះពាល់ដែល T1D អាចមានលើទំនាក់ទំនងរបស់យើង ព្រមទាំងបញ្ហាទូទៅដែលអាចកើតមានឡើង នឹងជួយឱ្យយើងអាចគ្រប់គ្រងគ្រាលំបាកៗក្នុងទំនាក់ទំនងរបស់យើងបានប្រសើរជាងមុន។
បងប្អូនអន់ចិត្ត ច្រណែន
នៅពេលមានកូនណាម្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទ១ (T1D) នោះច្បាស់ណាស់ថា យើងជាអាណាព្យាបាលនឹង យកចិត្តទុកដាក់លើអ្នកឈឺ ច្រើនលើសពីសមាជិកផ្សេងទៀត ដោយសារត្រូវជូនគេទៅមន្ទីរពេទ្យផង មើលថែទាំគេផង។ ដូច្នេះ កូនដទៃទៀត អាចមានអារម្មណ៍អន់ចិត្ត ថាយើងមិនរវីរវល់ ហើយមិនសប្បាយចិត្តដោយសារតែរឿងនេះ។
កូនអាចមានអារម្មណ៍ថាយើងតឹងតែង នៅពេលកំណត់អ្វីត្រូវញ៉ាំ និងអ្វីៗផ្សេងទៀតគេត្រូវធ្វើ ដើម្បីគ្រប់គ្រង T1D ឱ្យបានល្អ។ សូមរំលឹកកូនឲ្យដឹងថា ទាំងអស់នេះគឺព្រោះតែក្តីស្រឡាញ់ ហើយចង់ឱ្យកូនមានសុខភាពល្អ និងសប្បាយរីករាយ។
គួរឲ្យកូនៗឯទៀត ចូលរួម និងចែករំលែកលើការគ្រប់គ្រង T1D ដើម្បីកុំឲ្យពួកគេចេះតែមានអារម្មណ៍ថាយើងលំអៀង
សូមណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ឱ្យពួកគេយល់ពី T1D កាន់តែច្រើន និងដឹងថា ដែលកូនឈឺ កំពុងឆ្លងកាត់ និងជួបប្រទះផលពិបាកអ្វីខ្លះ។
ឪពុកម្តាយបែកបាក់គ្នា
ការរស់នៅមិនចុះសម្រុងគ្នា ហើយឈានដល់ការបែកបាក់គ្រួសារគឺជាសោកនាដកម្មមួយ
ទោះជាយ៉ាងណាក៏ដោយបើមានកូនកើតទឹកនោមផ្អែមប្រភេទ១ នោះអ្នកទាំងពីរ ត្រូវតែបន្តថែទាំកូនឲ្យបានល្អប្រសើរ មិនថាកូននៅផ្ទះខាងណាក៏ដោយ។
ទោះបីជាលំបាកបន្តិចមែន តែត្រូវទាក់ទងផ្តល់យោបល់ និងព័ត៌មានឲ្យគ្នា ពីការថែទាំកូន ហើយបើយើងមានដៃគូផ្សេងទៀត យើងក៏ត្រូវឲ្យគេដឹងហើយចូលរួមថែទាំកូនយើងទាំងអស់គ្នា
ឪពុក ឬម្តាយដែលមើលកូនតែម្នាក់ឯង
ការមើលថែទាំកូនតែម្នាក់ឯងពិតជាលំបាកណាស់ ព្រោះបន្ទុក និងទំនួលខុសត្រូវទាំងអស់ធ្លាក់មកលើអ្នកតែម្នាក់ឯង
នឿយហត់ពេកអ្នកអាចសុំជំនួយពីមនុស្សជុំវិញខ្លួន អាចជាសាច់ញាតិ ឬជាកូនៗតែម្តង
ត្រូវមានមនុស្សជាទីពឹងក្នុងករណីចាំបាច់ពេលមានអាសន្ន ពេលត្រូវការឲ្យគេជួយមើលកូន ឬ គ្រាន់តែអង្គុយស្តាប់យើងនិយាយរឿងក្នុងចិត្តក៏បាន
ឲ្យកូនធំ ជួយមើលកូនប្អូនដែលឈឺ តែកុំបណ្តោយទាំងស្រុងអី
គ្រួសារធំ
ពេលកូនណាម្នាក់របស់យើងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន T1D លោកតាលោកយាយ មីងពូ បងប្អូនសាច់ញាតិ ជាទូទៅមិនសប្បាយចិត្ត និងព្រួយបារម្ភផងដែរ។
សមាជិកគ្រួសារធំមួយចំនួនអាចមានការយល់ច្រឡំ មិនដឹងថា T1D ជាអ្វី និងមានន័យយ៉ាងណា ជាពិសេសបើពួកគេមកពីជំនាន់ខុសគ្នា មានអាយុខុសគ្នា ឬវប្បធម៌ផ្សេងគ្នា។
សូមណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ដើម្បីឱ្យពួកគេបានអាន ស្ដាប់ ដឹងពីអ្វីជា T1D និងថាតើវាមានន័យយ៉ាងណាសម្រាប់យើង។
ចួនកាល យើងអាចហត់ក្នុងពន្យល់ឱ្យគ្រប់គ្នាយល់ យើងអាចប្រើ HelloType1 ជាជំនួយឲ្យគ្រប់គ្នាស្វែងយល់។
ទំនាក់ទំនងស្នេហា
មានបញ្ហាសុខភាព ដូចជាជំងឺទឹកនោមផ្អែមប្រភេទ១ មិនមានន័យថាកូនៗមិនអាចមានទំនាក់ទំនងស្នេហានោះទេ។
ត្រូវលើកទឹកចិត្តកូនឲ្យស្មោះត្រង់ជាមួយដៃគូខ្លួនអំពីស្ថានភាពសុខភាព។ ប្រតិកម្មរបស់ដៃគូអាចប្រាប់កូនៗ ថាតើគេពិតជាសាកសម សម្រាប់ឲ្យកូនបន្តទៅមុខជាមួយដែរឬទេ។
ដៃគូរបស់កូនគួរតែជាមនុស្សចិត្តទូលាយ បើកចំហស្វែងយល់ពី T1D ហើយពេញចិត្តចូលរួមគ្រប់គ្រង T1D។ ណែនាំវិបសាយ និងហ្វេសប៊ុសផេក HelloType1 ដើម្បីឱ្យគេយល់ និង ចូលរួមសហការគ្រប់គ្រង T1D ជាមួយកូន ។
ឱ្យដៃគូទៅពេទ្យជាមួយកូនៗដើម្បីស្វែងយល់បន្ថែម
ទោះបីជារស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ កូនៗអាចរៀបការ និងបង្កើតគ្រួសារដូចអ្នកដទៃដែរ។
មិត្តភ័ក្តិ
មាន T1D មិនមែនមានន័យថា កូនរបស់យើងមិនអាចមានមិត្តភ័ក្តិ មិនអាចចូលរួមក្នុងព្រឹត្តិការណ៍សង្គម និងសកម្មភាព សប្បាយៗបាននោះទេ។
ត្រូវប្រាប់កូនឲ្យមានភាពស្មោះត្រង់ជាមួយមិត្តភ័ក្តិ ហើយប្រតិកម្មរបស់ពួកគេពេលដឹងថាកូនមាន T1D នឹងបញ្ជាក់ថាតើពួកគេនឹងក្លាយជាមិត្តល្អរបស់កូនដែរឬទេ។
លើកទឹកចិត្តឲ្យមិត្ដជិតស្និទ្ធរបស់កូនយល់ពី T1D និងការគ្រប់គ្រង ដើម្បីអាចជួយ និងមើលថែគ្នាទៅវិញទៅមក
ណែនាំវិបសាយ និងហ្វេសប៊ុកផេក HelloType1 ដើម្បីឱ្យពួកគេស្វែងយល់ និងចួលរួមគ្រប់គ្រង T1D
ទោះបីជាកូនយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏ដោយ ក៏ពួកគេនៅតែអាចមានទំនាក់ទំនងល្អ សុភមង្គល និងស្នេហាជាមួយគ្រួសារ មិត្តភ័ក្តិ និងដៃគូជីវិតដូចអ្នកដទៃដែរ។
សូមសុំជំនួយ និងទទួលយកការគាំទ្រពីមនុស្សជាទីស្រឡាញ់ និងក្រុមគ្រូពេទ្យ។ វាអាចកាត់បន្ថយភាពតានតឹង និងចែករំលែកកង្វល់ក្នុងចិត្ត បាន។ សូមចាំថា គ្រប់គ្នានៅក្បែរអ្នកជានិច្ច!