
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
កូនរបស់ខ្ញុំទើបតែត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 17.03.2025
ការទទួលបានការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ 1 សម្រាប់កូនរបស់អ្នកអាចមានច្រើនលើសលប់។ ជួនកាលការធ្វើរោគវិនិច្ឆ័យកើតឡើងបន្ទាប់ពីជំងឺទឹកនោមផ្អែម ketoacidosis បានកើតឡើងរួចហើយ។ ឪពុកម្តាយតែងតែមានអារម្មណ៍ថា មានកំហុសដែលដែលនាំឲ្យកើតករណីនេះ ប៉ុន្តែឪពុកម្តាយ រឿងដំបូងដែលអ្នកត្រូវដឹងគឺថា ជំងឺទឹកនោមផ្អែមក្នុងវ័យកុមារភាពមិនមែនជាកំហុសរបស់កូនអ្នកទេ។
ជំងឺទឹកនោមផ្អែមប្រភេទ 1 ចំពោះកុមារមិនអាចការពារបានទេ ហើយក៏មិនមានមូលហេតុជាក់លាក់ណាមួយ ឬការព្យាករណ៍សម្រាប់ជំងឺនេះដូចគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីវិធីដោះស្រាយនឹងការពិនិត្យឃើញពីជំងឺទឹកនោមផ្អែមប្រភេទ 1 របស់កូនអ្នក។
សូមចងចាំថា ការដោះស្រាយជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 របស់កូនអ្នកមិនមែនជាអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯងនោះទេ ប៉ុន្តែ ត្រូវតែស្វែងរកជំនួយពីបុគ្គលិកថែទាំសុខភាពអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះ។ អ្នក និងកូនរបស់អ្នក គឺជាមនុស្សសំខាន់បំផុតក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេ 1 លើកុមារ ប៉ុន្តែអ្នកក៏គួរតែមានអ្នកជំនាញខាងជំងឺទឹកនោមផ្អែមដ៏ជំនាញម្នាក់ អ្នកអប់រំជំងឺទឹកនោមផ្អែម ឱសថការី និងអ្នកចំណីអាហារផងដែរ។ អ្នក និងគ្រូពេទ្យរបស់អ្នក នឹងធ្វើការរួមគ្នាដើម្បីបង្កើតផែនការថែទាំដែលជាក់លាក់ចំពោះតម្រូវការរបស់អ្នក។ អ្នកនឹងត្រូវតែមានភាពស៊ីសង្វាក់គ្នាក្នុងការប្រជុំជាប្រចាំ ដើម្បីប្រាកដថា ការព្យាបាលនៅតែបន្ត។
នេះគឺជាគំនិតមួយចំនួនពីអ្នកដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 «ពីការពិភាក្សាជាក្រុមតូចៗ ខ្ញុំបានឮពីឪពុកម្តាយរបស់អ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 ដែលមិនបង្ហាញពីអារម្មណ៍របស់ពួកគេច្រើននៅពេលពួកគេនិយាយជាមួយកូនរបស់ខ្លួន ដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ។ ធ្វើបែបនេះ គឺដើម្បីបង្កើតភាពរឹងមាំសម្រាប់កូនរបស់ពួកគាត់។ ប៉ុន្តែក្នុងនាមជាអ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 ទំនាក់ទំនងផ្លូវអារម្មណ៍ជាមួយឪពុកម្តាយរបស់ខ្ញុំប ង្កើតនូវចំណង និងឥទ្ធិពលយ៉ាងខ្លាំង»។ ការចែករំលែកអារម្មណ៍របស់អ្នកជាមួយកូនរបស់អ្នកដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានប្រយោជន៍ខ្លាំងណាស់ ហើយអាចនាំមកនូវការព្យាបាលសម្រាប់អ្នកទាំងពីរ។ អ្នកអាចនឹងមានការខកចិត្តនៅពេលដែលអ្នកមិនអាចដឹងថា ហេតុអ្វីបានជាមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទ 1 នៅពេលដែលមិនមានប្រវត្តិគ្រួសាររបស់អ្នកកើតជំងឺនេះ។ សូមចាំថា វាមិនអីទេដែលមិនមានចម្លើយទាំងអស់។ មេឃតែងតែស្រឡះក្រោយភ្លៀង ហើយសូម្បីតែពពកដែលងងឹតបំផុតក៏អាចផ្តល់ផ្លូវទៅកាន់ថ្ងៃល្អជាងមុនដែរ។
ការទទួលបានការអប់រំមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជំងឺទឹកនោមផ្អែមប្រភេទ 1 ឱ្យបានល្អ។ មនុស្សត្រូវមានព័ត៌មាន និងជំនាញត្រឹមត្រូវក្នុងការដោះស្រាយស្ថានភាពរបស់ពួកគេឱ្យល្អបំផុត។ ការអប់រំជំងឺទឹកនោមផ្អែម គ្របដណ្តប់ផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 លើកុមារ។ នេះរួមបញ្ចូលទាំងការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម ការផ្តល់អាំងស៊ុយលីន ការជ្រើសរើសរបបអាហារ ការរាប់កាបូអុីដ្រាត ការកែតម្រូវអាំងស៊ុយលីន និងការផ្លាស់ប្តូររបៀបរស់នៅទូទៅរបស់អ្នក។
ការផ្តល់ឱ្យកូនរបស់អ្នកនូវមូលដ្ឋានគ្រឹះនៃវិធីថែរក្សាស្ថានភាពរបស់ពួកគេ នឹងបង្កើនទំនុកចិត្តរបស់ពួកគេ ផ្តល់ការលើកទឹកចិត្តពួកគេយ៉ាងខ្លាំង និងជួយបង្កើតទម្លាប់ថ្មី។ ការផ្តល់សេរីភាពដល់កូន នឹងជួយពួកគេចេះថែរក្សាខ្លួនឯង និងអភិវឌ្ឍអារម្មណ៍ល្អថា ពួកគេជានរណា។ បង្រៀនពួកគេបន្តិចម្តងៗ អំពីរបៀបជ្រើសរើសអ្វីដែលត្រូវញ៉ាំ ពិនិត្យកម្រិតជាតិស្ករក្នុងឈាម ស្គាល់សញ្ញា និងធ្វើរឿងថែទាំខ្លួនឯងផ្សេងទៀត។ ខណៈពេលដែលអ្នកកំពុងបង្រៀនពួកគេអំពីថ្នាំរបស់ពួកគេ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម និងតម្លៃនៃទម្លាប់ដែលមានសុខភាពល្អ ចូរដឹងពីអារម្មណ៍របស់ពួកគេចំពោះជំងឺទឹកនោមផ្អែមក្នុងពេលកុមារភាពរបស់ពួកគេ។
វាជារឿងសំខាន់ដែលត្រូវដឹងថា នឹងមានការឡើង និងចុះនៅថ្ងៃផ្សេងៗគ្នាព្រោះជំងឺទឹកនោមផ្អែមប្រភេទ 1 ចំពោះកុមារ គឺមានការប្រែប្រួលរយៈពេល 24 ម៉ោងក្នុង1ថ្ងៃ និង7ថ្ងៃ ក្នុង1សប្តាហ៍ ដោយការប្រែប្រួលនោះ គឺមិនទៀងឡើយ។ នៅពេលដែលអ្វីៗ ដូចជាកម្រិតជាតិស្ករក្នុងឈាម មិនដំណើរការដូចការគ្រោងទុក ត្រូវពិភាក្សាជាមួយកូនអំពីបញ្ហានេះភ្លាម ដើម្បីស្វែងរកវិធីធ្វើឱ្យអ្វីៗប្រសើរឡើង។
វាជារឿងសំខាន់ដើម្បីមានភាពក្លាហាន និងបើកចំហអំពីការធ្វើរោគវិនិច្ឆ័យឃើញជំងឺទឹកនោមផ្អែមប្រភេទ 1 លើកូនអ្នក។ វាអាចនឹងផ្តល់នូវការខកចិត្ត និងមិនល្អសម្រាប់សុខភាពផ្លូវចិត្តរបស់កូនអ្នកក្នុងការរក្សាការសម្ងាត់នៃជំងឺទឹកនោមផ្អែមប្រភេទ 1 របស់ពួកគេ។ បង្កើតពេលវេលាដើម្បីទាក់ទងជាមួយក្រុមគាំទ្រក្នុងតំបន់ ឪពុកម្តាយ ឬក្រុមគ្រួសារ ឬអ្នកផ្សេងទៀតដែលមានកូនដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1។ ការធ្វើបែបនេះ ជួយឲ្យយើងមានឱកាសដើម្បីនិយាយអំពីបទពិសោធន៍របស់យើង ទទួលបានចំណេះដឹង និងទទួលបានការគាំទ្រផ្លូវចិត្ត។ ការមានកូនរបស់អ្នកនៅជាមួយនឹងកុមារដទៃទៀតដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមក្នុងវ័យកុមារភាព អាចនាំឱ្យពួកគេមានផាសុកភាព និងសុភមង្គលជាច្រើននៅពេលពួកគេធំឡើង។ ការរក្សាទំនាក់ទំនងជាមួយអ្នកដ៏ទៃ និងការចែករំលែករឿងរ៉ាវរបស់អ្នក គឺជាវិធីដ៏ល្អមួយដើម្បីស្វែងយល់អំពីវិធីថ្មីក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 លើកុមារ
សូមពុកម្តាយទាំងឡាយ ចងចាំថា ការធ្វើរោគវិនិច្ឆ័យឃើញថា កូនអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី 1 គឺគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតរបស់ពួកគេប៉ុណ្ណោះ។ ឆ្លៀតឱកាសនេះដើម្បីបង្រៀនពួកគេពីរបៀបរឹងមាំ ធន់ និងយកចិត្តទុកដាក់លើខ្លួនឯង។ បង្ហាញកូនរបស់អ្នកថា ជំងឺរបស់ពួកគេមិនធ្វើឱ្យពួកគេក្លាយជាអ្នកផ្សេងឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វាធ្វើឱ្យពួកគេកាន់តែរឹងមាំ និងតាំងចិត្តកាន់តែខ្លាំង។ លើកទឹកចិត្តពួកគេដោយបង្ហាញពួកគេថា ពួកគេអាចធ្វើរឿងដ៏អស្ចារ្យ ហើយពិតជារីកចម្រើន។ ប្រាប់ពួកគេថា អ្នកនឹងនៅក្បែរពួកគេជានិច្ច ហើយថា អ្នកស្រឡាញ់ពួកគេមិនថា មានរឿងអ្វីក៏ដោយ។ ក្នុងនាមជាអ្នកតស៊ូមតិលេខមួយរបស់កូនអ្នក ចូរក្រោកឈរឡើង ហើយចែករំលែករឿងរបស់អ្នកដោយមិនភ័យខ្លាច។ បន្ទាប់មក រង់ចាំមើលពេលវេលាដែលកូនរបស់អ្នកមានការរីកចម្រើន ដែលបង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺគ្រាន់តែជាផ្នែកមួយនៃរឿងដ៏អស្ចារ្យរបស់ពួកគេប៉ុណ្ណោះ។