
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ការដឹងពីបរិមាណកាបូអ៊ីដ្រាតបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 17.03.2025
នៅពេលនិយាយអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 អាហារូបត្ថម្ភ ក៏ដូចជាការស្រូបយកកាបូអ៊ីដ្រាត ដើរតួនាទីយ៉ាងសំខាន់ ព្រោះវាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមនៅក្នុងអាហារភាគច្រើន។
ការកំណត់កាបូអ៊ីដ្រាត អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ កម្រិតជាតិស្ករក្នុងឈាមល្អបំផុតដែលត្រូវបានណែនាំគឺចន្លោះពី 70 ទៅ 180 មីល្លីក្រាម/ដេស៊ីលីត្រ (3.9 និង 10.0 មីលីម៉ូល/លីត្រ) យ៉ាងហោចណាស់ 70 ភាគរយក្នុងមួយថ្ងៃ។
ប្រសិនបើយើងមិនគិតគូពីបរិមាណកាបូអ៊ីដ្រាត ដែលយើងញ៉ាំជារៀងរាល់ថ្ងៃទេនោះ កម្រិតជាតិស្ករក្នុងឈាមរបស់យើងអាចឡើងខ្ពស់ជ្រុលដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ម្យ៉ាងវិញទៀត ប្រសិនបើយើងមិនទទួលបានកម្រិតកាបូអ៊ីដ្រាតគ្រប់គ្រាន់ទេនោះ កម្រិតជាតិស្ករក្នុងឈាមរបស់យើងអាចធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ (ដែលត្រូវបានស្គាល់ថា ជាការថយចុះជាតិស្ករក្នុងឈាម)។
តាមរយៈការតាមដានកម្រិតកាបូអ៊ីដ្រាតដែលយើងញ៉ាំ យើងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់យើងបានប្រសើរជាងមុន និងជៀសវាងបញ្ហាដែលបណ្តាលមកពីជាតិស្ករខ្ពស់ពេក ឬទាបពេក។ ការឡើងជាតិស្ករខ្ពស់ពេក អាចបណ្តាលឱ្យមានផលប៉ះពាល់រយៈពេលវែងលើរាងកាយរបស់យើងផងដែរ។
កុំតានតឹងពេកអី ប្រសិនបើអ្នកសូវចូលចិត្តគិតលេខ! សូមស្វាគមន៍មកកាន់ក្លឹប!
គួរចាប់ផ្តើមដោយសហការជាមួយក្រុមថែទាំសុខភាពរបស់អ្នក ជាពិសេសអ្នកជំនាញផ្នែកខាងអាហារូបត្ថម្ភ ចំណីអាហារ ឬអ្នកអប់រំផ្នែកជំងឺទឹកនោមផ្អែម ដែលអាចជួយអ្នកក្នុងដំណើរការនេះ។
ពួកគេនឹងផ្តល់ឱ្យអ្នកនូវដំបូន្មានដែលសាកសមបំផុតទៅតាមការចង់បាន ក៏ដូចជារបៀបរស់នៅរបស់អ្នក។ អ្នកនឹងរៀនពីមូលដ្ឋានគ្រឹះនៃការកំណត់កាបូអ៊ីដ្រាត សម្រាប់ជំងឺទឹកនោមផ្អែមពីអ្នកជំនាញទាំងនេះ។ នៅពេលដំបូង ការកំណត់កាបូអ៊ីដ្រាត ហាក់ដូចជាមានការពិបាកបន្តិចក៏ពិតមែន ប៉ុន្តែមានឧបករណ៍ជាច្រើនដែលអាចជួយអ្នកបាន។
ការយល់ដឹងអំពីប្រភេទនៃកាបូអ៊ីដ្រាត និងឥទ្ធិពលរបស់វាទៅលើកម្រិតជាតិស្ករក្នុងឈាមមានសារៈសំខាន់ណាស់។ មានថ្នាក់មូលដ្ឋានចំនួនពីរនៃកាបូអ៊ីដ្រាត គឺកាបូអ៊ីដ្រាតងាយបំបែកនិងកាបូអ៊ីដ្រាតបំបែកយឺត។
កាបូអ៊ីដ្រាតងាយបំបែក ដែលមាននៅក្នុងបង្អែម និងភេសជ្ជៈដែលមានជាតិស្ករ អាចបណ្តាលឱ្យមានការកើនឡើងជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ អាហារប្រភេទគ្រាប់ធញ្ញជាតិ បន្លែ និងសណ្តែក គឺជាឧទាហរណ៍ដ៏ល្អនៃកាបូអ៊ីដ្រាតបំបែកយឺតដែលមានឥទ្ធិពលបន្តិចម្តងៗទៅលើកម្រិតជាតិស្ករក្នុងឈាម។
ការរៀនពីភាពខុសគ្នាទាំងនេះ អាចធ្វើឱ្យមានភាពងាយស្រួល ក្នុងការជ្រើសរើសជម្រើសដ៏ត្រឹមត្រូវនៅហាងលក់គ្រឿងទេស។
ឧបករណ៍មួយចំនួន អាចមានប្រយោជន៍ខ្លាំង នៅពេលប៉ាន់ស្មានទំហំផ្នែក និងបរិមាណនៃកាបូអ៊ីដ្រាត។
អ្នកអាចប៉ាន់ប្រមាណទំហំនៃផ្លែឈើមួយដោយដៃរបស់អ្នក ឬបរិមាណប៉ាស្តាដោយប្រើពែងវាស់។
ឧទាហរណ៍ ទម្រដៃអាចជួយអ្នកឱ្យដឹងថាតើត្រូវដាក់អង្ករ ឬប៉ាស្តាប៉ុន្មាននៅលើចាន។
វិធីសាស្រ្តនេះ ជួយឲ្យអ្នកអាចឃើញច្បាស់នឹងភ្នែក និងជួយអ្នកក្នុងការប៉ាន់ប្រមាណកាបូអ៊ីដ្រាតនៅក្នុងអាហារកាន់តែត្រឹមត្រូវ។
នៅលើផ្លាកសញ្ញាអាហារូបត្ថម្ភនៃអាហារវេចខ្ចប់ភាគច្រើន អ្នកអាចឃើញបរិមាណកាបូអ៊ីដ្រាតដែលមានស្លាកថា «កាបូអ៊ីដ្រាត» ដែលត្រូវបានវាស់ជាក្រាម។ ការធ្វើបែបនេះ អាចបង្កភាពងាយស្រួល ក្នុងការតាមដានចំនួនកាបូអ៊ីដ្រាតដែលអ្នកញ៉ាំ នៅពេលអ្នកកំពុងកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែម។
ជម្រើសនេះ អាចមានប្រយោជន៍ ប្រសិនបើអ្នករវល់ ឬមិនមានពេលច្រើនដើម្បីធ្វើម្ហូប។
តាមការសរសេរអ្វីដែលអ្នកបានញ៉ាំនៅក្នុងសៀវភៅកំណត់ហេតុអាហារ ឬដោយប្រើកម្មវិធីទូរសព្ទ អ្នកអាចតាមដានការវិឌ្ឍន៍របស់អ្នក នៅពេលអ្នកកំពុងកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែម។
វាក៏ងាយស្រួលក្នុងការមើលគំរូ និងផ្លាស់ប្តូរផែនការអាហារ ក៏ដូចជាកាលវិភាគចាក់អាំងស៊ុយលីនរបស់អ្នក ផងដែរ ប្រសិនបើចាំបាច់។
តាមរយៈការប្រើប្រាស់កម្មវិធីម្ហូបអាហារ វាកាន់តែងាយស្រួលក្នុងការកំណត់បរិមាណកាបូអ៊ីដ្រាត ជាពិសេសនៅពេលដែលអ្នកសាកល្បងអាហារថ្មី ឬញ៉ាំអាហារនៅខាងក្រៅ។
កម្មវិធីអាហារក្នុងទូរសព្ទជាច្រើន អាចបង្ហាញពីបរិមាណនៃកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និងជាតិសរសៃ ដូច្នេះអ្នកមិនចាំបាច់គិតលេខនោះទេ។
កម្មវិធីទាំងនេះក៏អនុញ្ញាតឱ្យអ្នកតាមដានចំនួនកាបូអ៊ីដ្រាតដែលអ្នកបានញ៉ាំក្នុងមួយថ្ងៃ និងប្រាប់ពីពេលវេលា ដែលត្រូវពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នក។
ការតាមដានជាប្រចាំ មានសាៈសំខាន់ណាស់ ដើម្បីឱ្យអ្នកអាចដឹងថា តើអាហារណាដែលល្អបំផុត ហើយធ្វើការផ្លាស់ប្តូរ។ ការធ្វើបែបនេះជួយអ្នកឱ្យស្ថិតក្នុងកម្រិតជាតិស្ករក្នុងឈាមល្អបំផុតក្នុងចន្លោះពី 70 និង 180 មីល្លីក្រាម/ដេស៊ីលីត្រ (3.9 និង 10.0 មីលីម៉ូល/លីត្រ)។
ជាមួយនឹងការចំណាយពេលវេលា និងការអនុវត្តជាក់ស្តែង អ្នកអាចរៀនប៉ាន់ស្មានពីបរិមាណកាបូអ៊ីដ្រាតនៅក្នុងអាហារទូទៅ ដោយមិនមើលស្លាកសញ្ញា ឬឧបករណ៍វាស់ច្រើននោះទេ។
ជំនាញនេះ មានអត្ថប្រយោជន៍ នៅពេលដែលយើងមិនអាចកំណត់បរិមាណអ្វីមួយច្បាស់លាស់។
គិតថាការកំណត់បរិមាណកាបូអ៊ីដ្រាត ជាជំនាញមួយផ្សេងទៀតដែលអ្នកអាចរៀន និងយល់ដឹងកាន់តែប្រសើរជាមួយនឹងការអនុវត្ត និងការចំណាយពេលវេលា។
ត្រូវមានភាពអត់ធ្មត់ និងចេះចង់រៀនសូត្រ។ មួយថ្ងៃទៅមួយថ្ងៃ គឺមិនដូចគ្នាទេ។ ការដឹងច្បាស់ពីការឆ្លើយតបរបស់រាងកាយ មានអត្ថប្រយោជន៍ដ៏អស្ចារ្យ។
សមត្ថភាពក្នុងការប៉ាន់ស្មាន និងកំណត់បរិមាណកាបូអ៊ីដ្រាតនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក នឹងប្រសើរឡើងជាមួយនឹងការអនុវត្ត។
ជឿជាក់លើខ្លួនឯង អ្នកអាចធ្វើបាន!
យើងពិតជាអាចកំណត់បរិមាណកាបូអ៊ីដ្រាតបាន។ អនុញ្ញាតឱ្យការកំណត់កាបូអ៊ីដ្រាតជួយអ្នក ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក!
អ្នកដែលរស់នៅជាមួយមានជំងឺទឹកនោមផ្អែមប្រភេទ 1 ប្រហែលជាដឹងរួចហើយថា ការកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់ជំងឺទឹកនោមផ្អែម អាចជាជំនាញដ៏មានប្រយោជន៍មួយ ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់យើងបានប្រសើរជាងមុន។
នៅពេលអ្នកដឹងពីផែនការនេះ អ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកបានល្អប្រសើរ។ ច្បាស់ណាស់ថា អ្នកមិនអាចចេះកំណត់បរិមាណកាបូអ៊ីដ្រាតត្រឹមតែមួយថ្ងៃបានទេ។ វាត្រូវការពេលវេលាដើម្បីសាកល្បងអាហារផ្សេងគ្នា ហើយមើលថាមួយណាល្អបំផុត។ គួរព្យាយាមផ្លាស់ប្តូរអាហារមួយមុខម្តងៗ ដើម្បីឱ្យឃើញថា ការផ្លាស់ប្តូរនីមួយៗប៉ះពាល់ដល់ជាតិស្ករក្នុងឈាមរបស់អ្នកយ៉ាងដូចម៉េច។
កុំខ្លាចក្នុងការសុំជំនួយ។ អ្នកដែលអាចជួយអ្នកបាននៅជិតៗនេះទេ។
អ្នកអាចស្វែងយល់បន្ថែមដោយចូលរួមក្នុងក្រុមសហគមន៍ដូចជា HelloType1 នៅលើហ្វេកបុក ដែលមានអត្ថបទជាច្រើននៅលើប្រព័ន្ធអនឡាញ។
គួរចាំថា ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដោយមិនចាប់អារម្មណ៍ពីបរិមាណកាបូអ៊ីដ្រាតដែលអ្នកញ៉ាំ គឺជារឿងដ៏ពិបាកមួយ។ នេះអាចបង្កជាបញ្ហាបាន។
យើងពិតជាអាចបង្កើតទម្លាប់ប្រចាំថ្ងៃ ដោយការកំណត់បរិមាណកាបូអ៊ីដ្រាត ក៏ដូចជាអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។