ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

កែសម្រួលដោយ: 13.05.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. ការ​ស្វែង​យល់ ​និង​ទទួល​យក​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​រាង​កាយ​របស់​យើងទេ ជំងឺនេះក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​​​​ដែរ។ យុវវ័យ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​មានការ​​ព្រួយ​បារម្ភ​ពី​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ ក្នុង​ការ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​របស់​ខ្លួន និង​អនាគត។ ក្នុង​នាម​ជា​មនុស្ស​ធំ​ម្នាក់​ ជា​ពេល​សំខាន់​មួយ​ដែល​យើង​ត្រូវ​​​រៀន​ពី​វិធី​សាស្ត្រ​ឯករាជ្យ​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង ចេញ​ពី​ឪពុក​ម្ដាយ និង​រៀប​ផែន​ការ​ជីវិត​បន្ទាប់ ដូច​ជា​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ការងារ ឬ ចាប់​ផ្ដើម​បង្កើត​គ្រួសារ​​ដោយ​ខ្លួនឯង។
វា​ជា​រឿង​ធម្មតា​ទេ ដែល​​មាន​អារម្មណ៍​សោកសៅ ខឹង ឬ​មិន​សប្បាយ​ចិត្ត នៅ​ក្នុង​ដំណាក់​កាល​នេះ ដោយ​សារ​តែ​ភាគ​ច្រើន​នៃ​យុវវ័យ​ដទៃ​ទៀត​មិន​មាន​រឿង​ប្រឈម​ដូច​យើង។ ប៉ុន្តែ​ត្រូវ​ជឿជាក់​ថា ពេល​យើងមាន​ភាព​ឯករាជ្យ​ម្ចាស់​ការ កាន់​តែ​ខ្លាំង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក៏​​កាន់​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង ហើយ​កាន់​តែ​មាន​អារម្មណ៍​ថាយើង​មាន​ជីវិត​ធម្មតា​ដូច​យុវវ័យ​ដទៃ​ទៀត​ដែរ។
ពេល​ខ្លះ យើង​​អាច​នឹង​បាក់ទឹក​ចិត្ត ហើយ​ពេល​ខ្លះទៀត​យើង​ក៏​អាច​នឹងបន្លប់​ខ្លួន​ឯង​ថា​ជំងឺ​នេះ​បាន​បាត់ ឬ​មិន​មាន​ទាល់​តែ​សោះ​នៅ​លើ​ខ្លួន​យើងដែរ​។ ប៉ុន្តែ​សូម​យល់​ថា​វិធី​ដែល​ល្អ​បំផុត​ដែលយើង​​ត្រូវ​ធ្វើ គឺ​ទទួល​យកការ​ពិត​ ហើយ​គិត​វា​ដូច​ជា​មិត្ត មិន​មែន​សត្រូវ​ឡើយ។ ភាព​សោក​សៅ និង​កំហឹង នឹង​មិន​អាច​ជួយ​នរណា​ម្នាក់​បាន​យូរ​នោះ​ឡើយ។ ប្រសិន​បើ​យើងមិន​គិត ឬ​មិន​ចង់​និយាយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម នោះ​ស្ថានភាព​នឹង​កាន់​តែ​អាក្រក់។
ដូច​នេះ​ហើយ​ សូម​យើង​កុំ​ធ្វើ​ជា​មិត្ត​អាក្រក់​នឹងជំងឺ​មួយ​នេះ សូម​ធ្វើ​ជា​មិត្ត​ល្អ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​។ មួយ​ទៀត​​សូម​ធ្វើ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ទាក់​ទង​គ្នា​ជា​ប្រចាំ ជា​មួយ​មនុស្ស​ម្នាក់​ទៀត​ដែល​ជិត​ស្និទ​ខ្លាំង។ ធ្វើ​ដូច​នេះ យើង​នឹង​រៀន​ពី​ជំងឺ​នេះ​កាន់​តែ​ឆាប់ និង​ដឹង​ពី​វិធី​ដោះ​ស្រាយ​កាន់​តែ​លឿន ដើម្បី​អាច​គ្រប់​គ្រង​ស្ថានភាព​ជំងឺបាន​កាន់​តែ​ប្រសើរ។
ដឹង​ថាពេល​ខ្លះ យើង​ធំដឹង​ក្ដី​ហើយ ពិតជាចង់មានឯករាជ្យ​លើ​ខ្លួន​ឯង​មែន តែ​គ្នា​យើង​ដឹង​ទេ​ ពេល​ខ្លះ​យើង​ក៏​នៅ​តែ​ត្រូវ​ការ​ប៉ាម៉ាក់​ ដើម្បីជា​កម្លាំង​ចិត្ត​ដែរ។ ដូច​ជា​ពេល​នេះ អ៊ីចឹង យើង​គឺ​ពិត​ជា​ត្រូវ​ការ​ពួកគាត់​ដើម្បី​លើក​ទឹក​ចិត្ត ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភែត​១ នេះ។ ដូចនេះ​ហើយ បើ​យើង​មាន​បញ្ហា​ពិបាក​ចិត្ត ត្រូវ​ចែក​រំលែកជាមួយ​ពួកគាត់ ព្រោះថា​ទោះ​យើង​អាយុ​ច្រើនប៉ុណ្ណា ក៏​ប៉ាម៉ាក់​នៅ​តែ​បារម្ភ​ពី​យើង។ នេះ​មាន​ន័យ​ថា​ទោះ​ជា​យើងធំ​ដឹង​ក្ដី​ហើយ​មែន យើង​ក៏​នៅ​តែ​ត្រូវ​ការ ការ​គាំទ្រ​ពី​ប៉ាម៉ាក់​នៅ​ពេល​ខ្លះ​ដែរ។

២. ដំណោះ​ស្រាយ​ជាមួយ​​អារម្មណ៍

ជំហាន​ដ៏​សំខាន់​មួយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ​គឺ​ការ​ទទួល​យក​ការ​ពិត ដោយ​រៀន​ពី​វិធី​ដែល​យើង​​អាច​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ភាពជំងឺ និង​​អាច​គ្រប​គ្រង​វាបាន​នៅ​ក្នុង​ជីវិតយើង។ យើង​មិន​គួរដាក់​ចិត្ត​ឲ្យ​ខ្វល់លំបាក​តែ​ពី​ជំងឺនេះទេ តែ​យើង​ត្រូវ​​រៀន​ពី​វា​វិញ នោះ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​នឹង​កាន់​តែ​ប្រសើរ​បន្តិច​ម្ដងៗ។
យើង​​មិន​មែនរស់​នៅ​ក្នុង​ផែន​ដី​នេះតែ​​ម្នាក់​ឯង​ទេ ដូច​នេះ យើង​ព្យាយាម​រក​ជំនួយ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ហើយ​ស្នើ​​ឲ្យ​ពួក​គេ​ជួយ​គាំទ្រ​យើង​ និង​ផ្ដល់​ព័ត៌មានដែល​យើង​ត្រូវ​ការ។
អ្វីៗ​ស្ថិត​ក្នុង​ដៃ​របស់​យើង​ បើ​យើង​​ចង់​គ្រប់​គ្រងជំងឺ​នេះ​ យើង​​នឹង​អាច​ធ្វើ​បាន។ ដូច​គ្នា​ដែរ អ្នក​ដែល​អាច​បញ្ឈប់​យើង​ពី​ការ​តាំង​ចិត្ត​នេះ​ ក៏​មាន​តែ​ខ្លួនយើង​ដែរ​។ ដឹង​ថា​យើង​មិន​​អាច​​​មាន​អារម្មណ៍​ល្អ និង​រឹងមាំ​ ​រាល់​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​យើង​​គឺ​ខ្លាំង​ជាង​អ្វី​ដែល​ខ្លួន​យើង​គិត​ទៅ​ទៀត។ យើង​អាច​ធ្វើ​ការ​ងារ​ដ៏​​អស្ចារ្យ​បាន ប៉ុន្តែ​យើង​​ត្រូវ​តែ​ព្យាយាម​ដើម្បី​ធ្វើ​វាដែរ​។
វា​ជា​រឿង​ធម្មតា​ទេ​ដែលយើង​​មាន​អារម្មណ៍​ប្រែ​ប្រួល​ខុសៗ​គ្នា ទៅ​លើ​ស្ថាន​ភាព​ជំងឺរបស់យើង ប៉ុន្តែយើង​​នឹងអាច​​សម្រប​ខ្លួន មើល​​ថែ​ជំងឺ​ខ្លួន​ឯង​បាន ហើយ​នឹង​ធ្វើ​ឲ្យ​ការ​ថែ​ទាំ​នោះ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៀត​ផង​​។ យើង​​នឹង​នៅ​តែ​ជា​យុវវ័យ ធម្មតា​ម្នាក់ ដូច​ទៅ​នឹង​អ្នក​ដទៃ​ដែរ ដោយ​គ្រាន់​តែ​បន្ថែម​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ក្នុង​ជីវិត មិន​ខុស​អី​​ដូច​យើង​ទម្លាប់​​ដុះ​សម្អាត​ធ្មេញ​ជា​ប្រចាំ​ថ្ងៃ​អ៊ីចឹង​។ ពេល​យើង​​ជោគជ័យ​ក្នុង​ការ​បន្ថែម​ទម្លាប់​ប្រចាំ​ថ្ងៃ​កាន់​តែ​ច្រើន នោះយើង​នឹង​គិត​ពី​រឿង​អាក្រក់​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​​កាន់​តែ​តិច ហើយ​ផល​វិបាក​នៃ​ជំងឺ​ក៏​មាន​កាន់​តែ​តិច​ទាំង​នៅ​ពេល​នេះ នឹង​ពេល​ខាង​មុខ។

៣. ក្លាយ​ជា​បុគ្គល​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង​

នៅ​ពេល​វ័យ​យើង​កាន់តែ​ច្រើន ការ​ត្រូវ​ចេះ​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ក៏​ត្រូវ​មាន​កាន់​តែ​ច្រើន​ដែរ ដូច​ជា​យើង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង និង​ចេះ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ របស់​យើង​អ៊ីចឹង​ដែរ។​ យើង​ត្រូវ​ចេះ​រៀបចំពេល​លេវា​ចាត់​ចែង​បញ្ហា​ម្ដង​មួយ​ៗ និង​មិន​ចាំ​បាច់ប្រញាប់​ពេក​នោះទេ ព្រោះ​វា​វាមិន​មែន​ជា​រឿង​ងា​យស្រួល​ទេ​ពេល​យើង​ត្រូវ​ទម្លាប់​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ទៀង​ទាត់​នោះ។​
នៅពេល​មួយ​ដែល​យើង​អាច​សម្រប​ខ្លួន​ទៅ​នឹង​ទម្លាប់​របស់​យើង គ្រប់គ្រង​ជំងឺ​របស់​យើង​បាន នោះ​យើង​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​កាន់តែ​ឯករាជ្យ​ម្ចាស់​ការ​ថែមទៀត​។

៤.​ ថែរក្សា​ផ្លូវ​ចិត្ត​ឲ្យ​បានល្អ

ដឹងថា​យើង​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ក្នុង​កា​រ​រស់​នៅ​ជាមួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១​រាល់ថ្ងៃនោះ ពេល​ខ្លះ​យើង​អាច​ពិបាក​ចិត្ត ដែល​នេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​យើង​ទេ។​

– បាក់​ទឹក​ចិត្ត
បើ​យើង​ចេះ​តែ​ពិបាក​ចិត្ត​ ហើយ​​អារម្មណ៍បែបនេះ​មិន​បាត់​ទៅ​វិញ​ទេ យើង​​ប្រហែល​ជា​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ។ ការ​​មាន​ជំងឺ​បាក់​ទឹក​ចិត្ត ពេល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ពេក​ទេ​ អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​ដល់​ទៅ​ពីរ​ដងខ្ពស់​​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ។
ការ​ដែល​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត គឺ​នៅ​ពេល​​ខ្លះ​យើង​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម និង​មិន​មាន​អារម្មណ៍​វិជ្ជមាន​ទាល់​តែ​សោះ​ពី​ជីវិត​របស់​ខ្លួន​ឯង។ យើង​អាច​នឹង​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ឯកោ កាន់​តែ​ច្រើន និង​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​កាន់​តែ​ច្រើន។ អ្វី​ដែល​យើង​ត្រូវ​ដឹង​នោះ គឺ​ថាយើង​​​មិន​មែន​ឯកា​ទេ ទោះ​ជា​មាន​អារម្មណ៍​ដូច​នោះ​ម្ដង​ម្កាល​ក៏​ដោយ។ ដូច​នេះ​ហើយ ជា​ការ​សំខាន់ ដែល​យើង​ត្រូវ​ដឹង​ពី​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ចែក​រំលែក​បញ្ហា​នេះ ទៅ​គ្រួសារ​ និងគ្រូពេទ្យ​របស់​យើង។​

ពិបាក​ចិត្ត​
ពេល​ខ្លះ​យើង​អាច​នឹង​មាន​អារម្មណ៍​ខក​ចិត្ត ស្ដាយ​ក្រោយ សោក​សៅ ឬ​ព្រួយ​បារម្ភ។ ក្រៅពីនេះ​យើង​ ​ក៏​អាច​នឹង​មាន​បញ្ហា​ថប់​អារម្មណ៍ ពី​ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ឬ​ក៏​មាន​ផល​វិបាក​ផ្សេង​ទៀត​ដោយ​សារ​ជំងឺ​នេះ​ដែរ​។ ប្រសិន​បើ​អារម្មណ៍​ទាំង​នេះ​មិន​បាត់​ទៅ​វិញ​ទេ ឬ​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង​​មាន​បញ្ហា នោះ​វា​ជា​ការ​សំខាន់​ដែល​យើង​​ត្រូវ​និយាយ​ប្រាប់​​នរណា​ម្នាក់​ហើយ និង​វា​ក៏​មិន​ចម្លែក​អី​ដែរ បើ​សិន​ជា​យើង​មាន​អារម្មណ៍​បែប​នេះ​នៅ​ពេល​ខ្លះ តែ​កុំ​ភ្លេង​យើង​មិន​មែន​រស់​នៅ​តែ​ម្នាក់​ឯង​នោះទេ ត្រូវ​ស្វែង​រកជំនួយ​។​

– អារម្មណ៍​ និង​អាហារ​ត្រូវ​ញ៉ាំ​
ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ​គឺ​តម្រូវ​ឲ្យយើង​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារដែល​យើង​ត្រូវ​​ញ៉ាំ។ ដោយ​ហេតុ​នេះហើយ ទើប​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ស្ត្រេស​បាន។ អ្នកជំងឺ​​ខ្លះ អាច​ញ៉ាំ​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​ស្ត្រេស ឬ​ញ៉ាំ​តិច ពេល​ដែល​គេ​ពិបាក​ចិត្ត។ ការ​ញ៉ាំ​អាហារ​ខុសៗ​គ្នា អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​យើង​​ដូច​គ្នា។
ពេល​ខ្លះ ​អាច​មក​ពី​ការ​ផ្ដោត​សំខាន់​ទៅ​លើ​រូប​រាង​ និង​ទម្ងន់​រាង​កាយ​ខ្លាំង​ពេក​ផង​ដែរ។ ទាំង​នេះ ហើយ​ គឺ​សុទ្ធ​តែ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​​សុខភាព​ ដែល​ពេល​ខ្លះ​គេ​ហៅ​ថា​បញ្ហា​ក្នុង​ការ​ញ៉ាំ​ទៀត​ផង។ អ្វីទាំងនេះ ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​អាច​កើត​មាន។ ប្រសិន​បើ​យើង​​មាន​បញ្ហា​ដូច​នេះ ជា​ការ​សំខាន់​ដែល​​គួរ​លើក​យក​បញ្ហា​នេះ​ឡើង​ដើម្បី​ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ ឬ​អ្នក​ផ្សេង​ទៀត​។

៥. រៀបចំផែនការ

ដោយសារតែ​​យើង​ជា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ យើង​ត្រូវ​តែ ត្រៀម​ខ្លួន​ជានិច្ច​ចំពោះ​​បញ្ហា​ប្រ​ឈម​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សុខ​ភាព​យើង​។ ទោះ​បីជា​​យើង​បាន​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​នេះ​បាន​ទៅ​ហើយ​ក្ដី តែ​មាន​ពេល​ខ្លះ​ក៏​យើង​នៅ​តែ ប្រ​ឈម​ខ្លះទៅ​នឹង​បញ្ហា​ឡើងចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ បើ​ទោះ​បីជា​យើង​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់គ្រូពេទ្យ​ហើយ​ក្ដី​។
អ្វី​ទាំងនេះ គឺទាម​ទារ​ឲ្យ​យើង​​ព្យាយាម​អត់​ធ្មត់ និង​ត្រូវ​សម្លឹង​មើល​ទៅមុខដោយ​​ជំនឿ​ចិត្ត សេចក្ដី​ក្លាហាន និង​មោទនភាព​ចំពោះ​អ្វី​ដែលយើង​បានធ្វើ​​។
ចំពោះ​ការ​ប្រឈម​មុខ​នឹងជំងឺទឹក​​នោម​ផ្អែម យើង​ក៏​ត្រូវ​ចេះ​សម្របខ្លួនរៀន​គិត​ពី​ចំណុច​វិជ្ជមាន​ដូច​គ្នា​ដែរ។​ ពេល​យើង​អាច​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​បាន យើង​នឹង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម ទទួល​បាន​ការ​គាំទ្រ និង​កាន់​តែ​រឹងមាំ។
នៅ​ពេល​មួយ ​យើង​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​ការ​យល់​ និង​អាចដោះ​ស្រាយ​ជាមួយ​នឹង​អារម្មណ៍​ខ្លួន​យើង​បាន​ ហើយ​ក៏​អាច​ថែទាំ​សុខភាពបាន​កាន់​តែ​ល្អ​ប្រសើរ។ ជា​ការ​ពិត​ទៅ​ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្រៀន​យើង​​ពី​វិធី​ដើម្បី​ដោះស្រាយ​និង​សម្រប​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ជីវិត​តាម​របៀប​ដែល​មនុស្ស​វ័យ​ក្មេង​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន។ ប៉ុន្តែ​សូម​ចង់​ចាំ​អ្វី​ដែល​មាន​សរសេរ​នៅ​ក្នុង​អត្ថបទ​នេះ។ យុវវ័យ​គឺ​ជា​វ័យ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១។
​ជា​ពេល​វេលា​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ក្នុង​ខ្លួន​របស់យើង​ ​ហើយ​វា​ជា​ពេល​វេលា​ដែល​ការ​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ ជា​ការ​ចាំបាច់ ​ប្រសិន​បើ​ចង់​ជៀស​វាង​ផល​វិបាក​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ។
សូម​កុំ​ខ្លាច គ្រាន់​តែ​ទទួល​យក​ការ​ពិត​នេះ​ ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​អាច​ទទួល​បាន​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ល្អ​បំផុត។ នោះ​គឺ​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​អាច​ធ្វើបាន។ ដូច​ដែល​និយាយ​អ៊ីចឹង​ ​គឺ​មាន​រឿង​តែ​មួយ​គត់​ដែល​បញ្ឈប់​យើង​បាន នោះ​គឺ​ខ្លួន​យើង​​ផ្ទាល់។

រូបតំណាង ការបដិសេធ៖