ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម

កែសម្រួលដោយ: 17.03.2025

Johanah Co

HelloType1 Digital Learning and Development Manager, A4D

១. សេចក្តី​ផ្តើម

ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 យើងត្រូវការយុទ្ធសាស្រ្តមួយចំនួន ក្នុងនោះការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយ។

សារៈសំខាន់នៃការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់ជំងឺទឹកនោមផ្អែម មានន័យ​ថា តាមរយៈការបង្កើនការប្រុងប្រយ័ត្នលើបរិមាណកាបូអ៊ីដ្រាតដែលយើងបានទទួលទាន អាចជួយយើងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានងាយស្រួល និងបានកាន់តែប្រសើរជាងមុន។

យើងក៏អាចធ្វើការជ្រើសរើសរបបអាហារបានប្រសើរជាងមុនដែរ នៅពេលដែលយើងដឹងអំពីបរិមាណកាបូអ៊ីដ្រាតដែលយើងបានញ៉ាំ។

វិធីសាស្រ្តនេះអាចជួយយើងចាក់អាំងស៊ុយលីនក្នុងបរិមាណត្រឹមត្រូវ ដែលជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានលំនឹងជាងមុន។

នៅពេលកម្រិតជាតិស្ករក្នុងឈាមយើងមានលំនឹងជាងមុន យើងនឹងមានអារម្មណ៍ល្អជាងមុនតាមនឹងដែរ។

កាបូអ៊ីដ្រាត រួមជាមួយនឹងប្រូតេអ៊ីន និងខ្លាញ់គឺជាសារធាតុចិញ្ចឹមចម្បងដែលរាងកាយយើងត្រូវការ។ ទោះបីជាកាបូអ៊ីដ្រាតអាចធ្វើឱ្យជាតិស្ករក្នុងឈាមរបស់យើងកើនឡើងក៏ដោយ ក៏យើងនៅតែត្រូវការដែរ ព្រោះកាបូអ៊ីដ្រាតជាប្រភពថាមពលរបស់រាងកាយដែលជួយឱ្យយើងមានកម្លាំង។

២. ដូច​ម្តេច​ដែលហៅ​ថា ការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត?

កាបូអ៊ីដ្រាតគឺជាជាតិស្ករ ជាតិសរសៃ និងម្សៅដែលមាននៅក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ ពពួកសណ្តែក បន្លែ និងផលិតផលពីទឹកដោះ។ កាបូអ៊ីដ្រាតជាប្រភពថាមពលដ៏សំខាន់សម្រាប់កោសិកា ជាលិកា និងសរីរាង្គក្នុងរាងកាយរបស់យើង។

នៅពេលយើងញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាត ប្រព័ន្ធរំលាយអាហាររបស់យើងនឹងបំបែកកាបូអ៊ីដ្រាតទៅជាជាតិស្ករ រួចបញ្ជូនទៅក្នុងចរន្តឈាម។ ប្រសិនបើយើងញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ ជាតិស្ករក្នុងឈាមរបស់យើងអាចឡើងខ្ពស់យ៉ាងឆាប់រហ័ស។ នេះគឺជាហេតុដែលការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតមានប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែម។

សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ការរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹងអាចជាបញ្ហាប្រឈមរហូត ព្រោះលំពែងរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 មិនអាចផលិតអាំងស៊ុយលីនបានទេ។

នៅពេលដែលយើងប្រើយុទ្ធសាស្ត្ររៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត យើងមានសេរីភាពកាន់តែច្រើនក្នុងការញុំាអាហារប្រភេទផ្សេងៗ ពីព្រោះយើងអាចធ្វើការជ្រើសរើសអាហារនៅក្នុងជម្រើសអាហារដែលបានគ្រោងទុក។

ជម្រើសអាហារដែលបានគ្រោងទុកអាចជួយឱ្យយើងញុំាអាហារប្រកបដោយភាពរីករាយ ព្រមទាំងជួយឱ្យយើងដឹងពីរបៀបដែលអាហារមួយចំនួនអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម។

ការប្រើយុទ្ធសាស្ត្ររៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 និងជួយឱ្យយើងមានចំណេះដឹង និងសេរីភាពក្នុងការញ៉ាំ និងធ្វើម្ហូបដែលយើងចង់ញ៉ាំបានក្នុងកម្រិតមធ្យម។

៣. សារៈសំខាន់នៃរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

ការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតមានសារៈសំខាន់ណាស់ ព្រោះផ្តល់នូវភាពបត់បែនក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 ។

នៅពេលដែលយើងស្ទាត់ជំនាញក្នុងរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត យើងមិនចាំបាច់បោះបង់ចោលអាហារដែលយើងចូលចិត្តញុំាទៀតទេ។

យើងអាចរីករាយនឹងការញុំាអាហារជាច្រើនមុខ និងកែប្រែកម្រិតនៃការចាក់អាំងស៊ុយលីនរបស់យើងដោយផ្អែកលើបរិមាណកាបូអ៊ីដ្រាតដែលយើងគ្រោងនឹងញ៉ាំ។

ការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតក៏អាចជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមខ្ពស់ និងការចុះជាតិស្ករក្នុងឈាមទាបខ្លាំងដែរ។

វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ សុទ្ធតែគាំទ្រគំនិតនៃការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតនេះ ព្រោះវិធីសាស្រ្តនេះអាចជួយឱ្យដំណើរការនៃការព្យាបាលជំងឺទឹកនោមផ្អែមកាន់តែមានប្រសិទ្ធភាព។

នៅពេលដែលយើងធ្វើការថែទាំជំងឺទឹកនោមផ្អែមបានល្អ យើងនឹងមិនសូវមានបញ្ហា ឬជួបផលវិបាកនៅថ្ងៃមុខទេ នេះហើយជាសារៈសំខាន់នៃការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

៤. តើយើងអាចស្វែងយល់ និងបញ្ចូលការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដោយរបៀបណា?

ការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ឬអ្នកជំនាញផ្នែកអាហារូបត្ថម្ភមានសារៈសំខាន់ណាស់ ព្រោះយើងអាចទទួលបានការប្រឹក្សាពីរបបអាហារ និងការណែនាំពីអាហារដែលយើងចូលចិត្តញ៉ាំបានយ៉ាងត្រឹមត្រូវ។

យើងអាចប្រើដៃរបស់យើងដើម្បីប៉ាន់ប្រមាណទំហំ ឬបរិមាណអាហារ។ ការធ្វើបែបនេះមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលយើងញ៉ាំអាហារនៅខាងក្រៅ។

ឧទាហរណ៍ នៅពេលយើងក្តាប់ដៃ យើងអាច​បង្កើត​ជា​រង្វាស់​មួយ​ដែល​មាន​រូប​រាង​ដូច​ជាពែងមួយ។ យើងដឹងទេថា បាយសដែលមានទំហំប៉ុនមួយក្តាប់ដៃរបស់យើងមានកាបូអ៊ីដ្រាតប៉ុន្មាន ហើយត្រូវការអាំងស៊ុយលីនប៉ុន្មានដែរ?

បាយសមួយពែងមានកាបូអ៊ីដ្រាតប្រហែល 30 ក្រាម ឯតម្រូវការអាំងស៊ុយលីនអាចប្រែប្រួលពីអ្នកជំងឺទឹកនោមផ្អែមម្នាក់ទៅអ្នកជំងឺទឹកនោមផ្អែមម្នាក់ទៀត។ ដូច្នេះយល់ល្អយើងគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីដឹងពីតម្រូវការអាំងស៊ុយលីនរបស់យើង។

ការដឹងពីបរិមាណកាបូអ៊ីដ្រាតដែលយើងញ៉ាំអាចជួយយើងក្នុងការសម្រេចចិត្តថា តើយើងត្រូវការចាក់អាំងស៊ុយលីនប៉ុន្មាន។ នេះ​គឺ​ជា​វិធី​ដ៏មាន​សារៈសំខាន់មួយទៀតក្នុងការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតសម្រាប់អ្នក​រស់​នៅ​ជាមួយ​ជំងឺទឹកនោមផ្អែម។

ព័ត៌មានជំនួយដ៏មានប្រយោជន៍មួយទៀតគឺត្រូវអានស្លាកសញ្ញាអាហារូបត្ថម្ភនៅលើកញ្ចប់ ឬប្រអប់អាហារ ដើម្បីជួយឱ្យយើងរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតកាន់តែងាយស្រួល និងត្រឹមត្រូវ។

៥. តើយើងនឹងមានអារម្មណ៍យបែបណាក្នុងការថែទាំជំងឺទឹកនោមផ្អែមប្រភេទ 1 របស់យើងតាមរយៈការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត?

នៅពេលខ្ញុំចាប់ផ្តើមចេះរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតដំបូង វាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការស្វែងយល់ពីរបៀបវាស់ និងគណនាកាបូអ៊ីដ្រាតនៅក្នុងអាហារប្រភេទផ្សេងៗគ្នា។

ដោយសារខ្ញុំមិនដឹងពីបរិមាណកាបូអ៊ីដ្រាតពិតប្រាកដរបស់ប្រភេទអាហារនីមួយ ដូច្នេះខ្ញុំញុំាតែអាហារដែលខ្ញុំធ្លាប់ញ៉ាំប៉ុណ្ណោះ ដើម្បីខ្ញុំអាចដឹងថា ខ្ញុំត្រូវចាក់អាំងស៊ុយលីនប៉ុន្មាន។

ខ្ញុំកត់ត្រានូវអ្វីដែលខ្ញុំញ៉ាំនៅក្នុងសៀវភៅ ឬកម្មវិធីកំណត់ហេតុអាហារ ។ ការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតអាចចំណាយពេលយូរ និងជារឿងរំខានណាស់ ជាពិសេសនៅពេលខ្ញុំប្រញាប់ ប៉ុន្តែវាសមនឹងតម្លៃណាស់ ព្រោះខ្ញុំអាចញ៉ាំអាហារបានច្រើនប្រភេទដោយមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេកឬចុះទាបខ្លាំង។

ទោះបីជាខ្ញុំញ៉ាំអាហារក្នុងបរិមាណដូចគ្នាជារៀងរាល់ថ្ងៃក៏ដោយ កម្រិតជាតិស្ករក្នុងឈាមរបស់ខ្ញុំមិនតែងតែដូចគ្នានោះទេ ដោយសារតែកត្តាផ្សេងទៀតដែលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ដូចជាការហាត់ប្រាណ ការធ្វើសកម្មភាពផ្សេងៗ ភាពតានតឹង ការគេងមិនគ្រប់គ្រាន់ជាដើម។

ខ្ញុំអាចដឹងថា ការគណនាកាបូអ៊ីដ្រាតក្នុងអាហារ និងកម្រិតចាក់អាំងស៊ុយលីនរបស់ខ្ញុំត្រឹមត្រូវឬអត់ តាមរយៈការវាស់កម្រិតជាតិស្ករក្នុងឈាមក្រោយញុំាអាហារពីរម៉ោង។ ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមរបស់ខ្ញុំនៅចន្លោះពី 80-180 មិល្លីក្រាម/ដេស៊ីលីត្រ ឬ 3,9-10 មិល្លីម៉ូល/លីត្រ (80 និង 180 mg/dl, or 3.9 and 10 mmol/L) បានន័យថាការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត និងកម្រិតចាក់អាំងស៊ុយលីនរបស់ខ្ញុំត្រឹមត្រូវ ។

វាអាចត្រូវការពេលវេលាយូរបន្តិចដើម្បីរៀនរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត ប៉ុន្តែនៅពេលដែលយើងរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតកាន់តែច្រើនដង យើងនឹងកាន់តែស្ទាត់ជំនាញ។

៦. ភាពពេញចិត្តពីការចាកផុតពីការឡើងជាតិស្ករក្នុងឈាមខ្ពស់ពេក ឬចុះជាតិស្ករក្នុងឈាមខ្លាំងពេក

អ្នករស់​នៅ​ជាមួយ​ជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានអារម្មណ៍ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ។

សមាគមអ្នក​រស់​នៅជាមួយ​ជំងឺទឹកនោមផ្អែមផ្សេងៗគ្នានៅទូទាំងពិភពលោកបានណែនាំឱ្យអ្នករស់​នៅ​ជា​មួយ​ជំងឺទឹកនោមផ្អែមរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្នុងគោលដៅយ៉ាងតិច 70% ដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាកសរសៃ​ឈាម​តូច និង​សរសៃ​ឈាម​ធំ។

អ្នករស់នៅ​ជាមួយ​ជំងឺទឹកនោមផ្អែមប្រភេទ 1 អាចថែរក្សាខ្លួនឱ្យមានអារម្មណ៍ និងសុខភាពល្អ ប្រសិនបើចេះរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាត។ នេះហើយជាមូលហេតុដែលការរៀបចំរបបអាហារដោយកំណត់បរិមាណកាបូអ៊ីដ្រាតមានសារៈសំខាន់ចំពោះអ្នកជំងឺទឹកនោមផ្អែម។

នៅពេលដែលយើងមានអារម្មណ៍ល្អ យើងទំនងជាអាចទទួលយកការពិតនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ 1 របស់យើងបាន ហើយខិតខំថែរក្សាសុខភាពខ្លួនឯង។

យើងជឿថា អ្នករស់​នៅ​ជាមួយ​ជំងឺទឹកនោមផ្អែមប្រភេទ 1 ដែលគ្រប់គ្រងជំងឺបានល្អគឺគ្រប់គ្រងតាមរបៀបរស់នៅបែបពិសេសរៀងៗខ្លួន ក្នុងនោះមានដូចជា ការយកចិត្តទុកដាក់លើវេលាចាក់អាំងស៊ុយលីន ប្រភេទអាំងស៊ុយលីន ការបញ្ចេញសកម្មភាពរាងកាយ និងការគណនាកាបូអ៊ីដ្រាត។

យើងគួរធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ដើម្បីរកវិធីល្អបំផុតក្នុងការព្យាបាលជំងឺ ព្រោះការចាក់អាំងស៊ុយលីនអាចប្រែប្រួលពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ អាស្រ័យលើប្រភេទអាំងស៊ុយលីន សុខភាពរាងកាយ និងការបញ្ចេញសកម្មភាពរាងកាយ។

រូបតំណាង ការបដិសេធ៖