
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
គ្រឿងស្រវឹង និងជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 17.03.2025
គ្រឿងស្រវឹងគឺជាភេជ្ជៈបំបាត់ទុក្ខដែលយើងអាចញុំាបានដោយស្របច្បាប់ទៅតាមវ័យ និងច្បាប់ដែលបានកំណត់ក្នុងតំបន់។
សូមពិនិត្យមើលច្បាប់ក្នុងតំបន់អំពីការញុំាគ្រឿងស្រវឹង និងអាយុស្របច្បាប់ដែលអាចញុំាគ្រឿងស្រវឹងបាន។
គ្រឿងស្រវឹងក៏ដូចជាថ្នាំពេទ្យ ឬគ្រឿងញៀនដែរ ដែលអាចមានហានិភ័យ និងប៉ះពាល់សុខភាព សុខុមាលភាព និងទំនាក់ទំនងរបស់យើង។
ការញុំាគ្រឿងស្រវឹងច្រើនពេកអាចនាំឱ្យយើងមិនអាចគ្រប់គ្រងខ្លួនឯងបាន និងងាយធ្វើឱ្យយើងរងគ្រោះ។
ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមប្រភេទ 1 និងគ្រឿងស្រវឹងគឺថា អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 អាចញុំាគ្រឿងស្រវឹងបាន ប៉ុន្តែការញុំាគ្រឿងស្រវឹងនឹងបង្កើនហានិភ័យធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមគ្មានលំនឹង។
ការដឹងពីហានិភ័យទាំងនេះមានសារៈសំខាន់ណាស់ចំពោះអ្នករស់នៅជាមួយជំងឺទឹកនោមផ្អែម ដើម្បីការការពារខ្លួន និងជៀសវាងពីស្ថានភាពគ្រោះថ្នាក់។
ការញុំាគ្រឿងស្រវឹងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។
ញុំាគ្រឿងស្រវឹងប្រភេទផ្សេងគ្នាប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមខុសៗគ្នា។ ឧទាហរណ៍ ស្រាបៀរ និងស្រាទំពាំងបាយជូរមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ស្រាវីស្គី (Whiskey) ស្រាវូដកា (Vodka) និងស្រាជីន (Gin) ធ្វើអាចឱ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ដូច្នេះយើងត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការញុំាគ្រឿងស្រវឹង បើសិនជាយើងរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1។
នៅពេលយើងញុំាគ្រឿងស្រវឹង ថ្លើមរបស់យើងចាត់គ្រឿងស្រវឹងជាសារធាតុពុល ហើយនឹងធ្វើការកម្ចាត់ចោល។
ជាធម្មតា ថ្លើមនឹងបញ្ចេញជាតិគ្លុយកូសតិចតួចចូលទៅក្នុងចរន្តឈាម ដែលធ្វើឲ្យអាំងស៊ុយលីនដែលយើងបានចាក់មានលំនឹង។
នៅពេលយើងញុំាគ្រឿងស្រវឹង ថ្លើមនឹងមមាញឹកក្នុងការកម្ចាត់ជាតិអាល់កុលចេញពីរាងកាយរបស់យើង ដូច្នេះថ្លើមនឹងឈប់បញ្ចេញជាតិគ្លុយកូស ដែលបណ្តាលឱ្យយើងប្រឈមនឹងហានិភ័យចុះជាតិស្ករក្នុងឈាម។
ដំបូងកម្រិតជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ដោយសារជាតិស្ករដែលមានក្នុងបណ្តាលគ្រឿងស្រវឹងមួយចំនួន បន្ទាប់មកកម្រិតជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះ នៅពេលថ្លើមចាប់ផ្តើមកម្ចាត់ជាតិអាល់កុលចេញពីក្នុងរាងកាយរបស់យើង។
យើងប្រហែលជាមិនកត់សំគាល់ពីរោគសញ្ញា និងអាការៈនៃការចុះជាតិស្ករក្នុងឈាមខ្លាំងទេ ព្រោះយើងអាចច្រឡំនឹងអាការៈស្រវឹង។
យើងអាចនឹងពិបាកក្នុងការដឹងថា ជាតិស្ករក្នុងឈាមយើងចុះទាបខ្លាំង ហើយអាចខកខានឱកាសក្នុងការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា និងអាចបង្កឱ្យមានគ្រោះថ្នាក់។
រោគសញ្ញា និងអាការៈនៃការចុះជាតិស្ករក្នុងឈាមអាចមានដូចជា ញ័រដៃជើង បែកញើស វិលមុខ ឈឺក្បាល យំ ឃ្លានអាហារ ប្រែប្រួលអារម្មណ៍ ល្ហិតល្ហៃ វង្វេងវង្វាន់ ចង្វាក់បេះដូងលោតញាប់ ស្ពឹកបបូរមាត់ និងម្រាមដៃ។
ប្រសិនបើយើងមានអាការៈ និងរោគសញ្ញាដូចបានរៀបរាប់ខាងដើម យើងត្រូវធ្វើតេស្តជួសជាតិស្ករក្នុងឈាមភ្លាម។ ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមយើងទាបជាង 4 មិល្លីម៉ូល/លីត្រ ឬ 72 មិល្លីក្រាម/ដេស៊ីលីត្រ (< 4mmol/L / 72 mg/dl) យើងត្រូវញុំាអាហារសម្រន់ភ្លាម ដើម្បីឱ្យជាតិស្ករក្នុងឈាមយើងកើនឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបសម្គាល់ និងការព្យាបាលការចុះជាតិស្ករក្នុងឈាមខ្លាំង សូមមើលអត្ថបទនៅទីនេះ
គន្លឹះសំខាន់សម្រាប់អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 នៅពេលញុំាគ្រឿងស្រវឹងគឺថាអ្នកជំងឺត្រូវពិនិត្យជាតិស្ករក្នុងឈាមមុនពេល អំឡុងពេល និងក្រោយពេលញុំាគ្រឿងស្រវឹង។
យើងអាចប្រឈមនឹងការថយចុះជាតិស្ករក្នុងឈាមខ្លាំង នៅពេលយើងចេញក្រៅ ជាពិសេសពេលយើងរាំ ឬសកម្មជាងធម្មតា!
យើងត្រូវប្រាកដថា យ៉ាងហោចណាស់មាននណារម្នាក់ដឹងថា យើងមានជំងឺទឹកនោមផ្អែមប្រភេទ 1 និងដឹងពីវិធីព្យាបាលការចុះជាតិស្ករក្នុងឈាមខ្លាំំង ហើយអាចរំឭកឱ្យយើងធ្វើតេស្តជួសមើលជាតិស្ករក្នុងឈាម។
យើងគួរញុំាកាបូអ៊ីដ្រាតខ្លះ មុនញុំាគ្រឿងស្រវឹង ហើយមិនត្រូវញុំាគ្រឿងស្រវឹងពេលពោះទទេរទេ។
និងត្រូវបន្តញុំាអាហារសម្រន់ដែលមានជាតិកាបូអ៊ីដ្រាតមួយចំនួនរៀងរាល់ពីរបីម៉ោងម្តងក្នុងអំឡុងពេលញុំាគ្រឿងស្រវឹង
ចំណុចសំខាន់មួយទៀតដែលអ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវចងចាំ នៅពេលញុំាគ្រឿងស្រវឹងគឺថា ត្រូវញុំាយឺតៗ កុំបង្ខំនិងត្រូវញុំាទឹកមួយកែវ បន្ទាប់ពីញុំាគ្រឿងស្រវឹងមួយកែវ។
ត្រូវដឹងពីបរិមាណកាបូអ៊ីដ្រាតនៅក្នុងគ្រឿងស្រវឹងដែលយើងកំពុងញុំា។
ការញុំាគ្រឿងស្រវឹងលាយជាមួយនឹងភេសជ្ជៈផ្សេងៗអាចធ្វើឱ្យជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ខ្លាំង។ ដូច្នេះយើងគួរចៀសវាងញុំាគ្រឿងស្រវឹងលាយជាមួយនឹងភេសជ្ជៈផ្សេងៗ ដែលធ្វើឱ្យយើងពិបាកដឹងពីកម្រិតជាតិស្ករសរុប។
សូមកុំបញ្ឍប់ការចាក់អាំងស៊ុយលីន!
សូមធ្វើការជួសមើលជាតិស្ករក្នុងឈាមមុនពេលចូលគេង
ត្រូវញ៉ាំអាហារសម្រន់មុនពេលចូលគេង ហើយត្រូវចងចាំថា ថ្លើមយើងនៅតែបន្តកម្ចាត់ជាតិអាល់កុលចេញពីក្នុងខ្លួន ទោះបីជាយើងឈប់ញុំាគ្រឿងស្រវឹងក៏ដោយ!
សូមដាក់ឈុតសម្រាប់ព្យាបាលការចុះជាតិស្ករក្នុងឈាមខ្លាំង (Hypo Kit) នៅដៃក្បែរក្បាលគ្រែ ដើម្បីងាយស្រួលយក ប្រសិនបើចាំបាច់ត្រូវប្រើ។
កំណត់ម៉ោងរោទិ៍ ឬស្នើសមាជិកគ្រួសារឱ្យជួយជួសមើលជាតិស្ករក្នុងឈាមឱ្យយើងនៅពេលយប់។
ត្រូវញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងខ្លួននៅថ្ងៃបន្ទាប់ ហើយបន្តតាមដានកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងចាក់អាំងស៊ុយលីនដូចធម្មតា។
អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមមិនគួរញុំាគ្រឿងស្រវឹងទេ ប្រសិនបើមិនចាំបាច់ ព្រោះការញុំាគ្រឿងស្រវឹងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះខ្លាំងដែលពិបាកក្នុងការព្យាបាល។
នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើង និងចុះខ្លាំងញឹកញាប់
ប្រសិនបើមានជំងឺភ្នែក ឬជំងឺប្រព័ន្ធសរសៃប្រាសាទដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមប្រភេទ 1
នៅពេលឡើងគីឡូខ្លាំង
ចៀសវាងញុំាគ្រឿងស្រវឹងពេលពោះទទេរ ហើយត្រូវញុំាអាហារមានផ្ទុកកាបូអ៊ីដ្រាតខ្លះ មុនចាប់ផ្តើមញុំាគ្រឿងស្រវឹង។
ចៀសវាងញុំាគ្រឿងស្រវឹងនៅពេលនៅតែម្នាក់ឯង។ ប្រសិនបើចង់ញុំាគ្រឿងស្រវឹង គួរមាននរណាម្នាក់ដឹងថាយើងមានជំងឺទឹកនោមផ្អែមប្រភេទ 1 ដើម្បីអាចជួយយើងបង្កើនការប្រុងប្រយ័ត្ន។"