ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ បើជួបបញ្ហាកម្រិតជាតិស្ករក្នុងឈាមចុះទាប តើគួរធ្វើម៉េច?

កែសម្រួលដោយ: 14.07.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

១. តើ​អ្វី​ទៅ​ជា​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម?

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​សំដៅ​លើ​បរិមាណ​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ឈាម​របស់​យើង​។ នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​នេះ​ធ្លាក់​ចុះ​ទាប​ខ្លាំង ​គេ​ហៅ​​បញ្ហានេះ​ថា​ជា​ការ​​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម (Hypoglycaemia)។ កម្រិត​ជាតិ​ស្ករ​​ដែល​ទាប​ពេក អាច​បណ្ដាល​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ភ្លាមៗ។
អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ត្រូវ​ព្យាយាម​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កុំ​ឲ្យ​​ឡើង​ខ្ពស់​ពេក ឬ​កុំឲ្យ​ចុះ​ទាប​ពេក។

២.តើ​យើង​អាច​សម្គាល់​ការធ្លាក់ចុះ​ទាបកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ដូច​ម្ដេច?

សញ្ញា​និង​រោគ​សញ្ញា​នៃការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​ភាព​ផ្សេង​ៗគ្នា​​របស់​មនុស្ស​ម្នាក់​ៗ និងថា​​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុនណា​។
សញ្ញាព្រមាន​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំងរួម​មាន៖

  • បែក​ញើស​

  • ឃ្លាន​ខ្លាំង

  • ចង្វាក់​បេះដូង​លោត​ញាប់

  • ​និយាយ​មិន​ច្បាស់

  • ឆាប់​ខឹង​មួម៉ៅ

  • វិល​មុខ

  • អស់​កម្លាំង

  • ស្រវាំង​ភ្នែក

  • យំ​ដោយ​គ្មាន​មូល​ហេតុ

  • ញ័រ​ដៃ​ជើង

ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​​យើង​​សន្លប់ ឬ​ប្រកាច់​ទៀត​ផង​។
យើង​ត្រូវ​ចាំ​ថា៖ រោគ​សញ្ញា​ទាំង​អស់​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ទេ។ យើង​ត្រូវតែ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​រាល់ពេល​​ដែលយើង​​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​។ យើង​ត្រូវ​ចាំ​ថា​មិន​ត្រូវ​ទាយ​ផ្ដេសផ្ដាស​ពី​រោគ​សញ្ញា​ទាំង​នេះ​ទេ។
ប្រសិន​បើ​យើង​ធ្លាប់​មាន​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ យើង​​អាច​នឹង​យំ​ខ្លាំង មាន​សុបិន្ត​អាក្រក់ ឬ​បែក​ញើស​ពេល​យប់ (មាន​សើម​លើ​កម្រាល​ពូក ឬសំលៀក​បំពាក់​គេង​​យប់) ហើយ​អាច​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​​ឈឺក្បាល។

៣. មូល​ហេតុ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមរបស់​យើង​​ចុះ​ទាប

យើង​​អាច​មាន​បញ្ហា​នេះ​នៅ​ពេល​៖

  • រំលង​ពេល​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​បាយ

  • ហាត់​កីឡា​យូរ​ពេក ឬ​ខ្លាំង​ជា​ងធម្មតា​ពេក ដោយ​មិន​​ញ៉ាំ​អាហារ​បន្ថែម

  • ចាក់​អាំងស៊ុយលីន​លើស​កម្រិត​

  • ចាក់​អាំងស៊ុយ​លីន​មិន​ទៀង​ពេល មិន​សម​ស្រប​នឹង​អាហារ អាហារ​សម្រន់ នឹង​ហាត់​ប្រាណ

  • កើត​អំឡុង​ពេល​គេង ដែល​គេ​ហៅ​ថា nocturnal hypoglycemia

  • ច្រើន​ម៉ោង​ក្រោយ​ហាត់​ប្រាណ ដែល​គេ​ហៅ​ថា delayed post-exercise hypoglycemia

  • បន្ទាប់​ពី​អ្នក​ជំងឺ​ផឹក​ស្រា (ជាតិ​អាល់កុល)។ ជាតិ​អាល់កុលធ្វើ​ឲ្យ​​រាង​កាយអសមត្ថភាព​ក្នុង​ការ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ដែល​នេះ​ជា​មូល​ហេតុ​នាំ​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ភ្លាមៗ។ យើង​អាច​ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​ជាតិ​អាល់កុល​ និង​ថ្នាំ​ញៀន​ចំពោះ​សុខភាព​របស់​យើង។​ 

ក៏​ដូច​គ្នា​នេះដែរ ​សកម្មភាព​​មួយ​ចំនួន​ផ្សេង​ទៀត​អាច​បង្កើន​គ្រោះថ្នាក់​ប្រឈម​នឹង​បញ្ហា​កម្រិត​ជាតិ​ស្ករ​ធ្លាក់​ចុះ​ទាប​ដូច​គ្នា​ដែរ។ សកម្មភាព​ទាំង​នោះ​រួម​មាន៖

  • ការចាក់​អាំងស៊ុយលីន​ចូល​ក្នុង​សាច់ដុំ ជាជាង​ចាក់​ចូល​ស្រទាប់​ខ្លាញ់​នៅ​ក្រោម​ស្បែក។

  • ការចាក់​អាំងស៊ុយលីន​ចូល​ទៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ដែល​ប្រើ​ច្រើន​ក្នុង​សកម្មភាព​កីឡា​ ​ដូច​ជា​ចាក់​នៅ​ជើង​​ មុន​ពេល​លេង​ហាត់​បាល់​ទាត់​ជាដើម​។

ស្ថានភាពដែលបានរៀបរាប់​​ទាំង​អស់​ខាង​លើ​នេះ នឹង​បង្កើន​ឱកាស​​ធ្វើ​ឲ្យ​​យើង​ជា​អ្នក​ជំងឺ​មាន​បញ្ហា​ធ្លាក់​ចុះ​ទាបនៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៤. ការ​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ទាប​នៅ​ក្នុង​ឈាម

វិធី​តែ​មួយ​គត់​ដែល​អាច​ដឹង​ប្រាកដ​​ថា​យើង​​មានបញ្ហា​​កម្រិ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប គឺ​ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តែ​បើ​សិន​យើង​​មិន​អាច​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗទេ ជា​ការ​សំខាន់​យើង​​ត្រូវ​ព្យាបាលដោយ​​ខ្លួន​ឯង ចំពោះ​បញ្ហា​ធ្លាក់​ចុះ​ទាប​នៃកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមភ្លាមៗ ​ដើម្បី​ការពារ​កុំ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ។
ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែមខ្លះ​ ជា​ធម្មតា​មិន​ងាយ​សម្គាល់​​ឃើញ​សញ្ញា​ខ្លះៗ នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​នោះ​ទេ។ ចំពោះ​អ្នក​ទាំង​នោះ​ រឹត​តែ​សំខាន់​ទៅ​ទៀត​ដែល​ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹកញាប់ និង​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​កុំឲ្យ​​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ចុះ​ទាប (សូម​មើល​គន្លឺះ​ការពារ​ខាង​ក្រោម)។ បើ​សិន​យើង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​រោគ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​​ដឹង​រឿង​នេះ​ផង។

៥.តើ​យើងត្រូវ​ព្យាបាល​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ដូច​ម្ដេច?

បើ​សិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​កូន​​ទាប​ជាង ៧២​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(7០​ mg/dl ឬ4.0 mmol/l​) ប៉ា​ម៉ាក់​​​គួរ​តែ​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត។​
ខាង​ក្រោម​នេះ​ជា​ជំហាន​ដែល​យើង​​​ត្រូវ​ធ្វើ៖
- ជា​ជំហាន​ដំបូង​បើ​ដឹង​ថា​កូន​មាន​កម្រិត​ជាតិស្ករ​ទាប​ជាង​៧0​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​)​ យើងត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឃ្មុំ ១​ស្លាបព្រា​បាយ ឬ ផឹក​ភេសជ្ជៈ​ផ្អែម​កន្លះ​ពែងដូច​ជា ទឹក​ផ្លែឈើ ឬ ទឹកក្រូច​ជាដើម និង​ត្រូវ​​សម្រាក១៥​នាទី បន្ទាប់​មក​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​​។
  - ក្រោយពី​ការ​ធ្វើ​​តេស្ត​នេះ បើ​ឃើញកម្រិត​ជាតិ​ស្ក​ក្នុង​ឈាមខ្ពស់ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) យើង​​ត្រូវ​​ញ៉ាំ​អាហារ​សម្រន់ ​ដូច​ជានំប៉័ង១ចំណិត ឬ​ផ្លែ​ប៉ោម​១​ផ្លែ ឬ អាហារ​មួយ​ពេល (ប្រសិន​បើ​ដល់​ពេល​បាយ​ហើយ)។ ផ្ទុយទៅវិញ ​បើ​ករណី​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាមនៅទាប​ជាង​៧០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ​៤មិល្លីម៉ូល/លីត្រ​(70mg/dl ឬ4.0 mmol/l​) យើង​​ត្រូវ​​ញ៉ាំ​​ទឹក​ឃ្មុំ ១​ស្លាបព្រា​បាយ ឬ ផឹក​ភេសជ្ជៈ​ផ្អែម​កន្លះ​ពែង ​ដូច​ជា ទឹក​ផ្លែឈើ ឬ​ទឹកក្រូច ម្តងទៀត រួច​​សម្រាក១៥​នាទី និង​បន្ទាប់​មក​ត្រូវ​តេស្ត​​មើល​ជាតិ​ស្ករ​ក្នុង​ឈាមរបស់​យើង​​ម្ដង​ទៀត​ដែរ​។
​​  - ខុសពី​ចំណុច​ពីរខាងលើ​នេះ យើង​​ត្រូវ​​ប្រុង​ប្រយ័ត្ន​ដែរ​ថា បើ​សិន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​​​ទាបខ្លាំង គឺទាប​ជាង​៤០​មិល្លីក្រាម/ដេស៊ីលីត្រ ឬ២,២​មិល្លីម៉ូល​/លីត្រ ​​(40mg/dl ឬ2.2 mmol/l ) យើង​ត្រូវ​តែ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។


ត្រូវ​ដឹង​ថា​​ប្រសិន​បើ​កូនយើង ឬនរណា​ម្នាក់​​​កំពុងមាន​អាការៈ​ប្រកាច់ ឬ​សន្លប់ ដោយ​សារ​បញ្ហា​នេះ គឺ​មិន​ត្រូវ​ព្យាម​យាម​ផ្ដល់​អាហារ​ដល់​អ្នក​ទាំង​នោះ​ទេ ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​នេះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​អ្នកជំងឺ​​ស្លាក់​បាន តែត្រូវនាំគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ភ្លាមៗ។

ឆ្លើយសំណួរ ពីការចុះជាតិស្ករ ឥឡូវនេះ!

រូបតំណាង ការបដិសេធ៖