ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ជំងឺទឺកនោមផ្អែមប្រភេទ 1 និងថ្នាំ

កែសម្រួលដោយ: 17.03.2025

Kara Winney

Former Project manager HelloType1, A4D

១. ថ្នាំជាអ្វី?

ថ្នាំគឺជាសមាសធាតុគីមីដែលពេលចូលក្នុងរាងកាយយើងអាចផ្លាស់ប្តូររបៀបដែលរាងកាយ ឬខួរក្បាលរបស់យើងដំណើរការ។ យើងប្រើថ្នាំសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត ឬសម្រាប់កម្សាន្ត។ 

២. គ្រឿងញៀន

គ្រឿងញៀនគឺជាសារធាតុគីមីដែលប្រើសម្រាប់កម្សាន្ត។ គ្រឿងស្រវឹង បារី ជាតិកាហ្វេអ៊ីនជាដើមសុទ្ធតែអាចចាត់ទុកជាគ្រឿងញៀន។

ថ្នាំញៀនគឺជាថ្នាំដែលយើងប្រើប្រាស់ដើម្បីកម្សាន្ត មិនមែនដើម្បីការព្យាបាលវេជ្ជសាស្រ្តទេ។ យើងអាចហៅថ្នាំញៀនថាជា ថ្នាំសម្រាប់កម្សាន្ត ដែលមានដូចជាកញ្ឆា អិចស្តាស៊ី កូកាអ៊ីន និងអាំហ្វេតាមីន

។ នៅតាមបណ្តាលប្រទេសជាច្រើននៅលើពិភពលោក ថ្នាំញៀនជាប្រភេទថ្នាំខុសច្បាប់។

សូមពិនិត្យមើលច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ជុំវិញការប្រើប្រាស់គ្រឿងញៀន។

យើងអាច​មាន​អារម្មណ៍​​ចង់​សាកល្បង​ប្រើប្រាស់​ថ្នាំ​ញៀនដើម្បី​សប្បាយ ឬ​ត្រូវ​បាន​​មនុស្ស​ជុំវិញ​ខ្លួន​ដាក់​សម្ពាធ ឬបង្ខំ។

ការប្រើប្រាស់ថ្នាំញៀនមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ និងផ្លូវចិត្តរបស់យើង ជាពិសេសប្រសិនយើងរស់​នៅ​ជា​មួយ​ជំងឺទឹកនោមផ្អែម។ ថ្នាំញៀនក៏អាចជះឥទ្ធិពលអវិជ្ជមានលើការសិក្សា ការងារ និងជីវិតសង្គមរបស់យើងផងដែរ។ ថ្នាំញៀនអាចធ្វើឱ្យយើងមានបញ្ហាជាមួយនឹងផ្នែកផ្លូវច្បាប់ និងអាចបណ្តាលឱ្យយើងជួបបញ្ហាសេដ្ឋកិច្ច។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំញៀន និងថ្នាំទឹកនោមផ្អែមអាចជះឥទ្ធិពលអាក្រក់ច្រើនយ៉ាងដល់សុខភាពយើង។

ប្រសិនបើមាននរណាម្នាក់មានបញ្ហាជាមួយគ្រឿងញៀន យើងមានវិធីសាស្រ្តមួយចំនួនដែលអាចជួយបាន។

៣. អ្នករស់​នៅ​ជាមួយ​ជំងឺទឹកនោមផ្អែមប្រភេទ 1 និងថ្នាំញៀន

ហានិភ័យធំមួយដែលអ្នកជំងឺទឹកនោមផ្អែមប្រើប្រាស់ថ្នាំញៀនគឺថា បើអ្នកជំងឺប្រើប្រាស់ថ្នាំញៀន អ្នកជំងឺអាចភ្លេចខ្លួនចាក់អាំងស៊ុយលីន ឬភ្លេចញ៉ាំអាហារ និងញុំាទឹក ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងឆាប់រហ័ស។ បានន័យថាអ្នកជំងឺអាចមានហានិភ័យខ្ពស់ក្នុងការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងការវិវត្តទៅជាឡើងជាតិអាស៊ីដក្នុងឈាម (DKA) ឬធ្វើឱ្យសរីរាង្គខាងក្នុងរាងកាយឈប់ដំណើរការ។ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាដូចជា ឈឺក្រពះ មានខ្យល់ដង្ហើមស្រដៀងនឹងទឹកថ្នាំលាងក្រចក ដង្ហក់ ក្អួត ឬមានសញ្ញាខ្វះជាតិទឹក ត្រូវបញ្ចូនអ្នកជំងឺទៅពេទ្យជាបន្ទាន់។

នេះក៏អាចជាសញ្ញាបញ្ជាក់ថា យើងប្រហែលជាជួបប្រទះផលវិបាកនៃជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរហើយ ប៉ុន្តែមិនអាចសម្គាល់ដឹង ឬអាចធ្វើអ្វីបាន ដោយសារយើងបានប្រើប្រាស់ថ្នាំញៀន។

សូមអានបន្ថែមពីផលវិបាកជំងឺទឹកនោមផ្អែមនៅទីនេះ និងវិធីគ្រប់គ្រងការចុះជាតិស្ករក្នុងឈាមខ្លាំង/ឡើងជាតិស្ករក្នុងឈាមខ្ពស់ពេកនៅទឹនេះ!

អ្នករស់​នៅ​ជាមួយជំងឺទឹកនោមផ្អែមគួរចង់ចាំចំណុចដូចខាងក្រោម៖

  • ស្គាល់ច្បាស់ពីថ្នាំញៀនដែលកំពុងប្រើប្រាស់ ស្រាវជ្រាវពីផលប៉ះពាល់របស់ថ្នាំញៀនហ្នឹង និងពិភាក្សាជាមួយគ្រូពេទ្យ មុននឹងសម្រេចចិត្តសាកល្បងប្រើវា។

  • ចៀសវាងប្រើប្រាស់ថ្នំាញៀនដែលស្គាល់មិនច្បាស់

  • ចៀសវាងប្រើប្រាស់ថ្នាំញៀននៅពេលនៅតែម្នាក់ឯង។ ប្រសិនបើប្រើប្រាស់ថ្នាំញៀន ត្រូវមាននរណាម្នាក់ដែលមិនប្រើប្រាស់ថ្នាំញៀន ហើយយើងអាចទុកចិត្តបាននៅជាមួយ ព្រមទាំងជាអ្នកដែលដឹងថា យើងរស់នៅ​ជាមួយជំងឺទឹកនោមផ្អែមប្រភេទ 1 ហើយដឹងថា យើងកំពុងប្រើប្រាស់ថ្នាំញៀនប្រភេទអី។

  • ត្រូវស្ថិតនៅកន្លែងដែលមានសុវត្ថិភាព និងមានផាសុកភាព។

  • ចូរកុំបញ្ឍប់ការចាក់អាំងស៊ុយលីន ឬជួសមើលជាតិស្ករក្នុងឈាម។

គ្រូពេទ្យណែនាំមិនឱ្យអ្នកជំងឺទឹកនោមផ្អែមប្រើប្រាស់ថ្នាំញៀនទេ ព្រោះថ្នាំញៀនអាចធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមញៀន បង្កឱ្យមានបញ្ហាសុខភាពជាច្រើន ព្រមទាំងប៉ះពាល់ដល់ការងារ និងទំនាក់ទំនងក្នុងសង្គម និងក្នុងគ្រួសារ។

៤. សរុប​សេចក្តី

អ្នករស់នៅ​ជា​មួយជំងឺទឹកនោមផ្អែមមិនអាចប្រើប្រាស់ថ្នាំញៀនបានទេ ព្រោះក្រៅ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ ឥទ្ធិពល​ថ្នាំ​ញៀនអាច​ធ្វើ​ឱ្យ​អ្នកជំងឺទឹកនោមផ្អែម​ភ្លេច​ចាក់អាំង​ស៊ុយលីន ឬ​ចាក់​អាំង​ស៊ុយលីនខុស​កម្រិត​ដូស ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ អ្នកជំងឺទឹកនោមផ្អែមអាចចៀសវាងបញ្ហាទំាងនេះបានយ៉ាងងាយ ប្រសិនបើមិនប្រើប្រាស់ថ្នាំញៀន។

ឥទ្ធិពលរបស់ថ្នាំញៀនលើអ្នកជំងឺទឹកនោមផ្អែមមិនអាចទាយទុកមុនបានទេ។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រើប្រាស់ថ្នាំញៀនអាចធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បានយ៉ាងងាយស្រួល។ ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម​ត្រូវ​ចៀសវាង​ការប្រើប្រាស់ថ្នាំញៀន។

រូបតំណាង ការបដិសេធ៖