ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
សម្រាប់អ្នក T1D៖ មកដឹងពីមូលហេតុស្ត្រេស និងដំណោះស្រាយបញ្ហាស្ត្រេសមិនថានៅសាលាឬកន្លែងធ្វើការ
កែសម្រួលដោយ: 06.05.2026
អ្នកណាក៏ធ្លាប់មានអារម្មណ៍ស្ត្រេសតប់ប្រមល់ដែរត្រូវអត់? ហ្នឹងហើយ! ស្ត្រេសគ្រប់តែគ្នាហ្នឹង តែថ្ងៃនេះយើងមកចែករំលែកបទពិសោធន៍ល្អៗ ដែលបងប្អូនយើងអាចអនុវត្តបាន ហើយបានផលខ្ពស់។ គួរធ្វើម៉េចខ្លះទៅអ៊ីចឹង?
អង្គការសុខភាពពិភពលោក (WHO, ២០២២) បានបកស្រាយថា ស្ត្រេសជាអារម្មណ៍តានតឹងផ្លូវចិត្ត ឬការព្រួយបារម្ភ ដែលកើតឡើងពេលប្រឈមមុខនឹងស្ថានការណ៍លំបាក។ គ្រប់គ្នាអាចមានវិធីផ្សេងៗគ្នាដើម្បីដោះស្រាយបញ្ហាស្ត្រេស ប៉ុន្តែរាល់ការឆ្លើយតប ត្រឡប់ទៅនឹងបញ្ហានេះ ច្បាស់ណាស់វានឹងជះផលទៅដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទទី១ (T1D) បើធៀបទៅដូចជាគីឡូ ឬកម្រិតជាតិស្ករក្នុងឈាមអ៊ីចឹង មានឡើងចុះ។ មានថ្ងៃមានកម្លាំងពលំពេញប៉ិប ហើយពេលខ្លះអស់កម្លាំងពីខ្លួនរលីងហ្មងក៏មាន។ ការប្រែប្រួលនេះ ជាបន្ទុកផ្លូវ ពេលគិតដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ការលៃកម្រិតអាំងស៊ុយលីនឲ្យត្រូវទៅតាមស្ថានភាព ការរៀបចំរបបអាហារ និងហានិភ័យផលប៉ះពាល់រយៈពេលវែង។
Diabetes distress គឺជាបញ្ហាផ្លូវអារម្មណ៍ដែលមានទំនាក់ទំនងផ្ទាល់នឹងការគ្រប់គ្រងជំងឺទឹកនោមផ្អែម (Poole & Hackett, ២០២៤)។ បើ T1D មានបញ្ហានេះកើតឡើង វាអាចបង្កឲ្យមានអារម្មណ៍តានតឹង ខកចិត្ត ឬអស់កម្លាំងរលីងពីខ្លួន នោះមិនមែនដោយសារតែយើងតស៊ូលែងរួចនោះទេ ប៉ុន្តែដោយសារតែទឹកនោមផ្អែមហ្នឹង វាពិបាកក្នុងការគ្រប់គ្រងតែម្ដងក្នុងស្ថានភាពបែបនេះ។
រឿងស្ត្រេស ការពិតកើតឡើងសឹងតែរាល់ថ្ងៃ ពិសេសស្ត្រេសដែលឧស្សាហ៍កើតឡើងចំពោះអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D)។ ដំណោះស្រាយពេលខ្លះបានផល ពេលខ្លះមិនសូវជាបានផល តែទោះយ៉ាងណាក៏ដោយ ការកំណត់បញ្ហាស្ត្រេសអស់ទាំងនោះឲ្យជាក់លាក់ ថាកើតឡើងដោយសារអ្វី ហើយដោះស្រាយឲ្យបានជារឿងល្អបំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់ស្ថានភាព T1D យើង។
ជាតិស្ករឡើងចុះ ឬប្រែប្រួលដោយសារ អារម្មណ៍ស្ត្រេសតប់ប្រមល់ប្រភេទផ្សេងៗគ្នា។
អត្ថបទដែលគ្នាយើងកំពុងអាននេះ នឹងបង្ហាញច្បាស់ពីកត្តា ឬមូលហេតុដែលបណ្ដាលឲ្យមានបញ្ហា "ជាតិស្ករឡើងចុះ ឬជាតិស្ករប្រែប្រួល" ដោយបញ្ហា ឬអារម្មណ៍តប់ប្រមល់ ស្ត្រេសជាប់ជាប្រចាំ។ អារម្មណ៍ស្ត្រេសកើតឡើង មានឫសគល់និងមូលហេតុវា។ ដូច្នេះការបកស្រាយថ្ងៃនេះ គ្រាន់តែបង្ហាញពីមូលហេតុដែលស្ត្រេសធ្វើឲ្យប៉ះពាល់ដល់អ្នកមានទឹកនោមផ្អែមយ៉ាងម៉េច។ ជាការពន្យល់សាមញ្ញៗ មិនមែនជាបកស្រាយតាមបែបក្បួនវេជ្ជសាស្ត្រ ក្បួនពេទ្យនោះទេ។ យ៉ាងណាមិញ ស្ថានភាពម្នាក់ៗមិនដូចគ្នា ដូច្នេះ ចំណុចខ្លះអាចមិនត្រូវ១០០% នឹងស្ថានភាពគ្នាយើងខ្លះ ប៉ុន្តែអាចយកទៅពិចារណាបន្ថែមបាន។
ជាតិស្ករឡើងចុះ ឬជាតិស្ករប្រែប្រួល អាចបណ្ដាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖
សម្ពាធ
ការរងសម្ពាធជះឥទ្ធិពលលឿនបំផុតដល់សុខភាពផ្លូវចិត្តយើងម្នាក់ៗ។ កាលណាអារម្មណ៍តានតឹង ឬរងសម្ពាធ នោះរាងកាយយើងនឹងបញ្ចេញអ័រម៉ូនស្ត្រេស ហើយជាទូទៅជាតិស្ករនឹងឡើងខ្ពស់ (Surwit et al., 1992)។
នៅពេលដែលមានបញ្ហារាំងខ្ទប់អាំងស៊ុយលីន (Insulin Blocker) បណ្ដាលឲ្យរាងកាយឆ្លើយតបអត់បានល្អជាមួយអាំងស៊ុយលីន បើទោះជាយើងខំធ្វើបានផែនការយ៉ាងណាក៏ដោយ។
បញ្ហាដំណេក
បញ្ហាដំណេក ដូចជាគេងមិនឆ្អែត រាងកាយក៏ពិបាកទាញជាតិស្ករក្នុងឈាម (អាំងស៊ុយលីន) មកប្រើប្រាស់ដែរ។ ដូច្នេះបើគេងមិនគ្រប់គ្រាន់កាលណា នោះរាងកាយនឹងអស់កម្លាំងល្អិតល្ហៃ ហើយកម្រិតជាតិស្ករក៏ឡើងខ្ពស់ដែរ។
វីរុសធ្វើទុក្ខ
ទោះជំងឺតិចតួចក៏ដោយដូចជា ពេលផ្ដាសាយ គ្រុន ឬមានជំងឺឆ្លងអីមួយ ហ្នឹងហើយជាមូលហេតុធ្វើឲ្យកម្រិតជាតិស្ករឡើងដោយមិនដឹងខ្លួន ដើម្បីទៅវាយប្រហារទប់ទល់នឹងមេរោគ ឬបាក់តេរីដែលកំពុងធ្វើទុក្ខយើង។
អ័រម៉ូនប្រែប្រួល
ការប្រែប្រួលអ័រម៉ូន ដូចជា អំឡុងពេលវ័យជំទង់ រដូវមក ឬវ័យផុតរដូវ ទាំងពេលកំពុងមករដូវនិងក្រោយមករដូវ សុទ្ធតែអាចបង្កឲ្យមានជាតិស្ករឡើង ឬធ្លាក់ភ្លាមៗ (Chaudhari et al, 2024)។
ព្រឹត្តិការណ៍ធំៗ
ហេតុការណ៍ ឬយើងរាប់ថាព្រឹត្តិការណ៍ធំៗរបស់ជីវិតគ្នាយើងម្នាក់ៗដូចជា បញ្ហាគ្រួសារ សម្ពាធពីសាលារៀន ឬបញ្ហាផ្ទាល់ខ្លួនច្រើនគគោកទៀត ដែលបានកើតឡើង ដែលទាមទារការប្រឈមមុខដោះស្រាយ ឬសម្រេចចិត្ត ច្បាស់ណាស់នឹងប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ហើយជាតិស្ករក្នុងឈាម។
មិនអើពើចំណីចំណុក
ស្ត្រេសអាចធ្វើឲ្យយើងអត់ឃ្លានចំណី ហើយពេលខ្លះមិនអើពើញ៉ាំ ក៏រំលងអ៊ីចឹងទៅ។ អ៊ីចឹងជាតិស្ករអាចធ្លាក់ចុះខ្លាំង ឬឡើងខ្ពស់ខ្លាំងភ្លាមៗ
ការហាត់ប្រាណចាត់ទុកជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងទៀត។
អ៊ីចឹង ការហាត់ប្រាណច្រើនលើសកម្លាំងពេក ឬធ្វើលំហាត់ប្រាណតិចតួចអត់គ្រប់ នឹងប៉ះពាល់ដល់កម្រិតជាតិស្ករជារឿងចៀសមិនរួច។
ស្ត្រេសជាធម្មតាមានទំនាក់ទំនងជាប់លាប់កាត់ផ្ដាច់អត់បានទៅនឹងអារម្មណ៍វិជ្ជមាននិងអវិជ្ជមាន ដូចជាអារម្មណ៍តានតឹង ពេលមានជម្លោះឈ្លោះប្រកែក ឬអស់កម្លាំងរលីងពីខ្លួន ឬពេលមានស្នេហា ចូលរៀនមហាវិទ្យាល័យដំបូងៗ ឬពេលបានការងារធ្វើជាដើម។
ឃើញទេ? ស្ត្រេសកើតរហូត ទោះស្ថានភាពខ្លះល្អ ខ្លះមិនល្អ។ អ្វីដែលសំខាន់ៗ ថាតើយើងម្នាក់ៗកំពុងជួបផ្ទាល់គិតបែបណា ព្រោះកាលៈទេសៈយើងអត់ដូចគ្នាទេ។
កត្តាវប្បធម៌ក៏នៅក្នុងនោះ ក៏ជាចំណែកបណ្ដាលឲ្យមានអារម្មណ៍ស្ត្រេសកើតមានដែរ។ ឧទាហរណ៍ថា របបអាហារដែលសំបូរកាបូអ៊ីដ្រាតខ្ពស់ ពិសេសនៅកម្ពុជាយើង ឬបណ្ដាប្រទេសមួយចំនួននៅអាស៊ីដែលញ៉ាំបាយច្រើនៗ ពិតជាធ្វើឲ្យប៉ះពាល់ដល់អ្នកមានទឹកនោមផ្អែមមែនទែន។ វាជាវប្បធម៌ ជាទម្លាប់នៃការរស់នៅរបស់យើង។ អ៊ីចឹង ការកាត់បន្ថយ ការដកចំណីចំណុក ឬចំណែកណាមួយនៃរបបអាហារដែលបង្កផលប៉ះពាល់ចេញបាន ពិតជាល្អសម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមដូចពួកយើងបាន។
មួយការសិក្សាល្អិតល្អន់មួយ បានរកឃើញថា អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ដែលគ្រប់គ្រងជាតិស្ករមិនបានល្អហើយបណ្ដោយឲ្យជាតិស្ករឡើងចុះ ឬប្រែប្រួល ជាទូទៅសុទ្ធតែមាន មានអារម្មណ៍ស្ត្រេសអវិជ្ជមាន។ ដោយឡែកចំពោះអ្នកដែលគ្រប់គ្រងជាតិស្ករបានល្អ អ្នកទាំងនោះក៏មានស្ត្រេសដែរ តែជាស្ត្រេសវិជ្ជមាន (Lloyd et al., 2005)។
គិតទៅ កុំទៅផ្ដោតលើអ្វីដែលបានកើតហើយធ្វើអី។ យើងរៀបរាប់ច្រើនសន្ធឹកនេះ គ្រាន់តែចង់តើនរំលឹកគ្នាយើងពីការត្រៀមខ្លួន និងវិធីឆ្លើយតបទៅរាល់បញ្ហាអស់នោះប៉ុណ្ណោះ។ មិនថាស្ត្រេសដែលបណ្ដាលមកពីបញ្ហាផ្ទាល់ខ្លួន ឬកត្តាផ្សេងទេ សុទ្ធតែជួយជំរុញយើងទាំងអស់គ្នា ឲ្យចេះរៀបចំផែនការជីវិតឲ្យកាន់តែល្អ ទៅតាមស្ថានភាពជាក់ស្ដែង។
មិនស្រួលទេ ចំពោះការគ្រប់គ្រងស្ត្រេស ព្រោះរាល់ថ្ងៃម្នាក់ៗមានទំនួលខុសត្រូវ មានការងារត្រូវធ្វើដកដៃមិនរួច រកពេលទំនេរអត់បានផង នៅថែមការថែទាំខ្លួន។ ការរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ក៏មិនតិចនាក់ដែរ ក្នុងនោះមានគ្រូពេទ្យ (វេជ្ជបណ្ឌិត) ក៏នៅមានចន្លោះប្រហោងខ្លះដែរ។
ចង់ដឹងថាតើ អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ ទាំងនោះ អាចគ្រប់គ្រងស្ត្រេស និងថែទាំខ្លួនគេរបៀបម៉េច ព្រោះសុទ្ធតែរវល់សឹងអី?
ជួបស្គាល់លោកស្រីវេជ្ជបណ្ឌិត Dr Nkiruka Okoro បានលើកពីចំណាប់អារម្មណ៍ពិសេសខ្លួនក្នុងការស្រាវជ្រាវវេជ្ជសាស្ត្រអំពីផ្លូវចិត្ត និងជំងឺទឹកនោមផ្អែម។ លោកស្រីវេជ្ជបណ្ឌិតជាសាស្ត្រាចារ្យបង្គោលអប់រំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជាអ្នកតស៊ូដ៏អស្ចារ្យដែលបានរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) រយៈ ៣៧ ឆ្នាំហើយនៅតែបន្តគ្រប់គ្រង T1D បានយ៉ាងល្អ។ មានដើមកំណើតនៅប្រទេស នីហ្សេរីយ៉ាងនិងបច្ចុប្បន្នរស់នៅឯប្រទេសស្កុតឡែន វេជ្ជបណ្ឌិតគួរយកជាគំរូរូបនេះ បញ្ជាក់ថា គាត់ដើរតួនាទីជា ម្តាយផង អ្នកស្រាវជ្រាវផង និងអ្នកជំនាញសុខាភិបាលផង បើទោះបីជាខ្លួនក៏ជាអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) ដែលត្រូវគ្រប់គ្រង T1D រៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។
គន្លឹះ ៦យ៉ាងសម្រាប់យកទៅអនុវត្តហើយបានផល មិនថារវល់ប៉ុណ្ណាក៏ដោយ៖
១. អាទិភាពហើយលើកជាផែនការ (គ្រប់គ្រងម៉ោងពេលឲ្យល្អ)
"ខ្ញុំផ្ដោតសំខាន់ទៅលើការគ្រប់គ្រងពេលវេលាឲ្យបានល្អត្រឹមត្រូវ ទាំងការងារ ការសិក្សា និងការគ្រប់គ្រងទឹកនោមផ្អែមរបស់ខ្ញុំ។ ខ្ញុំត្រូវច្បាស់ ១០០% ថាបានពិនិត្យជាតិស្ករ រៀបចំរបបអាហារ និងពេលវេលាហាត់ប្រាណជាប្រចាំ។ ការរៀបចំទុកមុន ពិតជាមួយខ្ញុំច្រើនមែនទែន"។
២. អាហារត្រឹមត្រូវនិងអនាម័យ
"រាល់អាហារខ្ញុំសុទ្ធតែលាយគ្រប់សព្វទាំង កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ល្អ ផ្លែឈើ និងបន្លែ។ ខ្ញុំញ៉ាំទឹកគ្រប់គ្រាន់ ដែលទាំងអស់នេះ ជួយឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ញុំមានលំនឹងល្អ"។
៣. កុំខ្លាចសុំជំនួយ
"ខ្ញុំប្រាប់គ្រប់សមាជិកគ្រួសារខ្ញុំ មិត្តភ័ក្ដទាំងអស់ ឬអ្នករៀនក្នុងថ្នាក់ជាមួយក៏ដោយ។ នៅកន្លែងធ្វើការក៏ខ្ញុំប្រាប់មិត្តរួមការងារដែរ ថាក្នុងស្ថានភាពណា ខ្ញុំត្រូវការពួកគាត់ជួយ។ កាលណាពួកគាត់ដឹង យើងមានជំហ មានកម្លាំងចិត្តរឹងមាំ និងទំនុកចិត្តកាន់តែខ្ពស់"។
៤. អបអរសមិទ្ធផលតូចៗ ដើម្បីខ្លួនឯង
"ទោះតិចតួចក៏ដោយ សំខាន់ឲ្យតែយើងសម្រេចបាន ព្រោះវាជាកម្លាំងចិត្ត ជាខ្សែវាស់ថាខ្ញុំធ្វើរឿងត្រឹមត្រូវ ល្អ ហើយបង្កើនទំនុកចិត្ត"។
៥. ផ្តោតលើចំណូលចិត្ត
“ខ្ញុំសម្រាកដោយឆ្លៀតទៅធ្វើប្ហូម ធ្វើបង្អែម មើលភាពយន្ត អានសៀវភៅ និងថែសួន។ ពេលរវល់អស់នេះជួយឲ្យខ្ញុំសម្រួលអារម្មណ៍បានល្អ”។
៦. រៀនជាប្រចាំ
"ខ្ញុំនៅតែរៀន នៅតែខំព្យាបាលស្វែងយល់ពីការថែទាំទឹកនោមផ្អែម។ ចំណេះដឹង ជាអំណាចអាចជួយខ្ញុំឲ្យដឹងពីការរស់នៅនិងការសម្រេចចិត្តដ៏ត្រឹមត្រូវនិងឆ្លាតវៃ"។
សឹងមិនគួរឲ្យជឿប៉ុន្តែជាការពិត និស្សិតអត្តពលិកនៅហ្វីលីពីន រស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) អស់ ១៤ឆ្នាំ តស៊ូជំនះបញ្ហា T1D ឈ្មោះ Bianca Valimento បានលើកឡើងថា៖
“ពេទ្យបានវិនិច្ឆ័យថាខ្ញុំមានទឹកនោមផ្អែមប្រភេទទី១ តាំងពីអាយុ ៦ ឆ្នាំ ដូច្នេះខ្ញុំរស់នៅនិងគ្រប់គ្រងវាឡើងទៅជារឿងធម្មតាទៅហើយ។ ជានិស្សិតកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកីឡា ច្រើនឆ្នាំមកនេះខ្ញុំបានរៀនច្រើនណាស់ពីការហ្វឹកហាត់ របបអាហារ កម្រិតជាតិស្ករក្នុងឈាម និងសុខភាពទូទៅខ្ញុំដើម្បីឲ្យមានលំនឹងល្អ។ ខ្ញុំបានបង្កើតទម្លាប់ ពិនិត្យជាតិស្ករ ញ៉ាំអាហារសម្រន់មុនចូលគេង និងបង្កើតទម្លាប់គិតអីវិជ្ជមានៗ។ ចឹងតើអ្វីជាការផ្លាស់ប្តូរជីវិតខ្ញុំពិតប្រាកដ? ងាយទេ នោះគឺការទទួលយកហើយរកវិធីរស់នៅជាមួយ T1D។ ខ្ញុំរស់នៅបានធម្មតា ទឹកនោមផ្អែមប្រភេទ១ គ្រាន់តែចំណែកមួយនៃជីវិតរបស់ខ្ញុំប៉ុណ្ណោះ"។
ប្រើពេលអស់ ២៣ឆ្នាំ រស់នៅ និងគ្រប់គ្រងទឹកនោមផ្អែមប្រភេទទី១ (T1D) គ្រូពេទ្យបកស្រាយពីរោគជំងឺ Francesca Yu បានសង្កត់ធ្ងន់លើការគ្រប់គ្រប់ស្ត្រេសនៅពេលការងារច្រើនដោយលើកយកបទពិសោធន៍និងការអនុវត្តផ្ទាល់ជាឧទាហរណ៍ដើម្បីជាការពិចារណាថា៖
"ពេលការងារច្រើន ហើយស្ត្រេសពេក ខ្ញុំដកឃ្លាសម្រាកបន្តិច។ ជាទម្លាប់ខ្ញុំដកដង្ហើមចេញចូលៗវែងៗ ស្ដាប់ចម្រៀងដែលខ្ញុំចូលចិត្ត។ បទសំណព្វចិត្តខ្ញុំចាក់ហើយចាក់ទៀតបួនដប់ដងហើយមិនធុញគឺ បទ Can't Help Falling in Love។ បទអីក៏ដោយឲ្យតែយើងចង់ស្ដាប់ហើយអារម្មណ៍ល្អ ហើយធូរស្រាលមកវិញ។ បានធូរហើយអាចបន្តការងារបានទៀត ខ្ញុំក៏បន្តតាមហ្នឹង"។ ឃើញអត់? ទោះរវល់បែបណាក៏ដោយ ក៏អ្នកដែលមានទឹកនោមផ្អែមប្រភេទទី១ (T1D) អាចរកវិធីដោះស្រាយបានដោយវិជ្ជមានដែរ។ សំខាន់បំផុតគឺខំរកវិធីដោះស្រាយ វិធីដែលយើងចូលចិត្ត។
យើងដឹងហើយទទួលស្គាល់ហើយថាបើស្ត្រេស ពិតជាធ្វើឲ្យប៉ះពាល់ទាំងអារម្មណ៍និងរាងកាយ ដែលធ្វើឲ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែពិបាក។ តែបើស្ត្រេសក៏ស្ត្រេសទៅមានទៅអី។ បើតានតឹងហើយ សម្របខ្លួន ហើយសម្រាក កុំបារម្ភពេក។ យើងហត់ពេកហើយ សម្រាកយកកម្លាំងសិនក៏ល្អ។
១០០% មិនមានអ្នក T1D ឯណាមិនថ្លោះថ្លោយនោះទេ ប៉ុន្តែចំណុចល្អបំផុតគឺ បើមានចន្លោះប្រហោងកន្លែងណាមួយតើយើងត្រូវធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះ។ យកចិត្តទុកដាក់ខ្លួនឯង ស្រលាញ់ខ្លួនឯងឲ្យបានច្រើនបំផុត ជាប់ជាប្រចាំ។ ពេលខ្លះយើងត្រូវស្វែងរកជំនួយ ធ្វើអ្វីដែលយើងចូលចិត្ត ឬធ្វើអ្វី ទោះជារឿងតិចតួច តូចតាចក៏ដោយ ឲ្យអារម្មណ៍យើងល្អ យើងសប្បាយចិត្ត ធ្វើទៅ បើមិនបង្កផលវិបាកអ្វី។
ការរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ (T1D) មិនសំដៅលើភាពល្អឥតខ្ចោះក្នុងការគ្រប់គ្រងបញ្ហាប្រចាំថ្ងៃឲ្យបាន១០០លើ១០០នោះទេ ប៉ុន្តែជាការដឹងខ្លួនថាត្រូវធ្វើអ្វីខ្លះ ជាការត្រៀមខ្លួនជាស្រេច ជាការបើកចិត្តទទួលការយកចិត្តទុកដាក់ ពីមនុស្សជាទីស្រលាញ់រាល់ពេលចាំបាច់ និងជាពិសេសជាការបង្ហាញពីជំហរខ្លួនឯងថា យើងអាចធ្វើបាន អាចរាប់រងបាន។
យើងធ្វើបានល្អណាស់សម្រាប់ខ្លួនឯង សូមញញឹមឲ្យខ្លួនឯង។ យើងជាមនុស្សពូកែ ដែលបានហែលខ្លួនបញ្ហានិងផលវិបាកច្រើនរាប់មិនអស់ដោយជោគជ័យ ហើយនៅតែអាចបន្តធ្វើបានតទៅមុខ។
ថ្ងៃស្អែកជាថ្ងៃថ្មី ថ្ងៃល្អ កុំអស់សង្ឃឹម។ គ្រប់យ៉ាងនឹងប្រែជាល្អ ហើយកាន់តែល្អ។