
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ជំងឺទឹកនោមផ្អែមប្រភេទ 1 និងការរៀនសូត្រ
កែសម្រួលដោយ: 17.03.2025
ការចូលរៀននៅសាលា ស្របពេលកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 គឺចាំបាច់ណាស់សម្រាប់អនាគតរបស់យើងម្នាក់ៗ។ នេះហើយជាមូលហេតុដែលការស្វែងយល់ពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមប្រភេទទី 1 និងការសិក្សានៅសាលា មានសារៈសំខាន់បែបនេះ។
ជំងឺទឹកនោមផ្អែមប្រភេទ 1 មិនមែនជារឿងធម្មតាដូចបញ្ហាសុខភាពផ្សេងទៀតទេ អ៊ីចឹង តើយើងអាចទទួលបានបរិយាកាសនៅក្នុងការសិក្សាប្រកប ដោយសុវត្ថិភាព និងរីករាយដែរទេ?
ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យកាន់តែប្រសើរ ការស្វែងយល់ពីការសិក្សានៅក្នុងសាលា មានសារៈសំខាន់ណាស់ ព្រោះវាជាស្ថានភាពធ្ងន់ធ្ងរពេញមួយជីវិត ដែលចាំបាច់ត្រូវគ្រប់គ្រង និងថែទាំយ៉ាងប្រុងប្រយ័ត្ន។
ជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជាស្ថានភាពសុខភាពមួយក្នុងចំណោមបញ្ហាសុខភាពរយៈពេលវែង ដែលកើតឡើងលើកុមារគ្រប់អាយុចូលរៀន ព្រោះជាធម្មតា ជំងឺនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យលើកុមារ ក្មេងជំទង់ និងមនុស្សវ័យក្មេង យ៉ាងណាមិញ ជំងឺទឹកនោមផ្អែមប្រភេទ 1 ក៏អាចកើតឡើងលើមនុស្សគ្រប់វ័យ។
គួរតែមានការកែតម្រូវមួយសម្រាប់ប៉ាម៉ាក់ និងលោកគ្រូអ្នកគ្រូភាគច្រើន ហើយជាពិសេសសម្រាប់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ដែលទើបតែចាប់ផ្តើមចូលរៀន។ ប៉ុន្តែ តើកូនអាចចូលរៀននៅក្នុងសាលាដោយរលូនដែរទេ?
ការបំពេញការងារជាក្រុមបានល្អក្នុងចំណោមលោកគ្រូអ្នកគ្រូ ប៉ាម៉ាក់ ក្រុមថែទាំសុខភាព មិត្តរួមថ្នាក់ និងអ្នកដែលមានជំងឺទឹកនោមផ្អែម អាចនាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះរបៀបគ្រប់គ្រងជំងឺទឹកនោមផ្អែម។
សម្រាប់កុមារ ការកើតជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានន័យថា ពួកគេនឹងត្រូវចាក់អាំងស៊ុយលីន ពិនិត្យកម្រិតជាតិស្ករក្នុងឈាម ញ៉ាំអាហារសម្រន់ ផឹកទឹកឱ្យបានច្រើន និងហាត់ប្រាណឱ្យបានទៀងទាត់។
ក្មេងភាគច្រើនប្រហែលជាខ្លាចម្ជុល ហើយប្រហែលជាមិនយល់ពីមូលហេតុដែលមិត្តរួមថ្នាក់របស់ពួកគេដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវចាក់អាំងស៊ុយលីន ឬជួសឈាមដើម្បីពិនិត្យកម្រិតជាតិស្ករក្នុងឈាមឡើយ។
ដោយសារពួកគេមិនដឹងថាតើជំងឺទឹកនោមផ្អែមប្រភេទ 1 ជាអ្វី ក្មេងខ្លះប្រហែលជានិយាយពាក្យប្លែកៗ ដែលអាចធ្វើឲ្យមិត្តរបស់ខ្លួនមានការឈឺចាប់។
ការនិយាយជាមួយមិត្តរួមថ្នាក់អំពីជំងឺទឹកនោមផ្អែមប្រភេទ 1 អាចផ្តល់នូវប្រយោជន៍ និងជួយពួកគេឱ្យយល់ពីស្ថានភាពជំងឺនេះ។
នៅពេលមានការជជែកគ្នាអំពីជំងឺទឹកនោមផ្អែមក្នុងចំណោមមិត្តរួមថ្នាក់ និងកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 វាអាចមានប្រយោជន៍ក្នុងការដោះស្រាយស្ថានភាពអាសន្ន ដោយសារអ្វីៗអាចកើតឡើងក្នុងពេលត្រឹមមួយថ្ងៃ។ ហើយពីព្រោះតែជំងឺទឹកនោមផ្អែមប្រភេទ 1 និងការរៀនសូត្រនៅសាលាមានទំនាក់ទំនងគ្នា ការធ្វើបែបនេះ អាចជួយសិស្សដែលមានជំងឺទឹកនោមផ្អែមរៀននៅក្នុងសាលាដោយរលូន។
ការផ្សព្វផ្សាយអំពី #ការយល់ដឹងពីជំងឺទឹកនោមផ្អែម អាចជាវិធីដ៏ល្អមួយក្នុងការទទួលបានការគាំទ្រ និងបញ្ឈប់មនុស្សមួយចំនួនពីការគិតខុសឆ្គង។
ដោយសារជំងឺទឹកនោមផ្អែមប្រភេទ១ និងការរៀនសូត្រនៅសាលាមានទំនាក់ទំនងគ្នា លោកគ្រូអ្នកគ្រូភាគច្រើន ច្បាស់ជាចង់ធ្វើឲ្យប្រាកដថា សិស្សកំពុងរៀនសូត្រក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សប្បាយរីករាយ និងជោគជ័យ។
ដើម្បីទទួលបានបរិយាកាសរៀនសូត្របែបនេះ ប៉ាម៉ាក់អាចសុំឱ្យគ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់ពួកគេ បណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ និងគិលានុបដ្ឋាយិកាប្រចាំសាលា អំពីរបៀបគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 របស់កូនពួកគេ។
កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងប៉ាម៉ាក់របស់ពួកគេ ក៏អាចស្នើសុំឱ្យលោកគ្រូអ្នកគ្រូ បង្កើតកន្លែងដែលមានសុវត្ថិភាពក្នុងថ្នាក់រៀន ដូច្នេះពួកគេអាចជៀសវាងពីការមិនស្មើភាព ឬមិនបានចូលរួម ដែលនឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងអៀនខ្មាស។
ក្មេងតូចៗប្រហែលជាមិនយល់ច្បាស់អំពីស្ថានភាពនេះ ហើយអាចជឿអ្វីដែលមិនពិត។
ឧទាហរណ៍ កុមារខ្លះអាចចាត់ទុកជំងឺទឹកនោមផ្អែមប្រភេទ 1 ជាជំងឺដែលអាចឆ្លង ស្របពេលដែលអ្នកផ្សេងទៀត គិតថាម្ជុលអាំងស៊ុយលីន គឺជាម្ជុលសម្រាប់ចាក់ញៀនថ្នាំ។
វាមានសារៈសំខាន់ណាស់ ដែលកុមារមានជំងឺទឹកនោមផ្អែមតាំងពីវ័យក្មេង ចេះឲ្យតម្លៃខ្លួនឯង និងព្យាយាមមិនគិតពីមតិអវិជ្ជខ្លាំងពេក ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែដឹងច្រើនអំពីជំងឺទឹកនោមផ្អែមប្រភេទ 1 នោះទេ។
ប៉ាម៉ាក់ និងកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 អាចសាកសួរគ្រូពេទ្យ និងលោកគ្រូអ្នកគ្រូរបស់ពួកគេ អំពីផែនការផ្ទាល់ខ្លួនក្នុងអំឡុងពេលសិក្សា ដើម្បីជាជំនួយសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ 1 និងការរៀនសូត្រនៅសាលា។
ផែនការនេះ ត្រូវមានការណែនាំច្បាស់លាស់សម្រាប់ការពិនិត្យជាតិស្ករក្នុងឈាម ការចាក់អាំងស៊ុយលីន ម៉ោងអាហារ ក៏ដូចជាអាហារសម្រន់។
ការពិភាក្សាអំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 មានសារៈសំខាន់ណាស់ មុនពេលចូលរួមក្នុងការអប់រំកាយ ដំណើរកម្សាន្តទៅកាន់តំបន់ផ្សេងៗ ឬសកម្មភាពរីករាយស្រដៀងគ្នាផ្សេងទៀត។
ការជជែកគ្នារវាងប៉ាម៉ាក់ ជាមួយលោកគ្រូអ្នកគ្រូរបស់កូន គិលានុបដ្ឋាយិកាប្រចាំសាលា និងក្រុមថែទាំសុខភាព ដោយបើកចំហ និងទៀងទាត់ មានសារៈសំខាន់ណាស់ ។
គ្រូពេទ្យក៏អាចជួយកុមារដែលមានជំងឺទឹកនោមផ្អែមក្នុងវ័យក្មេង ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដោយបញ្ចូលពួកគេនៅក្នុងក្រុមគាំទ្រ និងបង្វឹកពួកគេ។
ការចូលរួមក្នុងក្រុមគាំទ្រជំងឺទឹកនោមផ្អែម និងជំរុំ អាចលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ឱ្យរៀនសូត្រពីគ្នាទៅវិញទៅមក បង្កើតមិត្តភាពយូរអង្វែង និងមានទំនួលខុសត្រូវចំពោះស្ថានភាពសុខភាពរដោយខ្លួនឯង។
ពិតណាស់! ដោយមានការគាំទ្រត្រឹមត្រូវ និងយុទ្ធសាស្ត្រគ្រប់គ្រងជំងឺទឹកនោមផ្អែម កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 អាចមានភាពរីកចម្រើនក្នុងការសិក្សា និងដឹកនាំជីវិតប្រកដដោយប្រសិទ្ធភាព។
មានសិស្សដែលមានជំងឺទឹកនោមផ្អែមជាច្រើននាក់ ទទួលបានចំណាត់ថ្នាក់ល្អៗនៅក្នុងការសិក្សា ស្របពេលដែលកំពុងគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ខ្លួន។
កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួនរបស់ពួកគេ។ ការទុកឱ្យពួកគេមានទំនួលខុសត្រូវដោយខ្លួនឯង និងផ្តល់ជំនួយនៅពេលចាំបាច់ គឺជារឿងល្អបំផុត។
សរុបមក ការធ្វើការងារជាក្រុម និងអាកប្បកិរិយាវិជ្ជមាន គឺជាកត្តាសំខាន់ក្នុងការទទួលបានភាពជោគជ័យនៅក្នុងសាលា។
លោកគ្រូអ្នកគ្រូក៏អាចផ្តល់យោបល់ដ៏មានប្រយោជន៍ផ្សេងទៀត ដូចជា ការអនុញ្ញាតច្បាប់សម្រាប់ការទៅជួបគ្រូពេទ្យ និងចូលបន្ទប់ទឹក។
ដោយសារជំងឺទឹកនោមផ្អែមប្រភេទ 1 មានទំនាក់ទំនងនឹងការរៀនសូត្រនៅសាលា អ៊ីចឹងហើយ ការរៀបចំផែនការថែទាំផ្ទាល់ខ្លួន និងបរិយាកាសគាំទ្រ អាចជួយឲ្យសិស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 ធ្វើបានល្អ មិនត្រឹមតែការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្គម រាងកាយ និងផ្លូវចិត្តផងដែរ។
ការរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ 1 គឺជារឿងដ៏លំបាក ហើយអាចប៉ះពាល់ដល់អារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នកជំងឺផងដែរ។
ប៉ុន្តែការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ 1 បានល្អ នឹងធ្វើឱ្យការសិក្សាពោរពេញដោយភាពរីករាយ ព្រោះអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់អ្វីមួយ។
កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ1 អាចមានអារម្មណ៍ល្អ ក្នុងការចូលរួមព្រឹត្តិការណ៍សាលា និងបង្កើតបណ្តាញគាំទ្រដ៏រឹងមាំ ជាពិសេស ប្រសិនបើពួកគេជួយអ្នកដទៃឱ្យយល់ពីស្ថានភាពសុខភាពរបស់ពួកគេ។
ជំងឺទឹកនោមផ្អែមប្រភេទ1 មិនអាចបញ្ឈប់សិស្សណាម្នាក់ កុំឲ្យបញ្ចេញសក្តានុពលពេញលេញរបស់ពួកគេនោះទេ។
ចំណុចល្អមួយ គឺនៅពេលដែលជំងឺទឹកនោមផ្អែមប្រភេទ 1 ក្លាយជាផ្នែកនៃដំណើររបស់សិស្សឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ។