
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវដឹងពីអាហារណាអាចញ៉ាំបានតិច ឬច្រើន
កែសម្រួលដោយ: 17.03.2025
អាហារដែលយើងញ៉ាំ មានសារៈសំខាន់ណាស់ ដោយផ្ដល់ដល់រាងកាយយើងនូវសារធាតុចិញ្ចឹមផ្សេងៗដែលយើងត្រូវការដើម្បីឲ្យរាងកាយមានសុខភាពល្អ។
អាហារយើងញ៉ាំគឺមានសារធាតុចិញ្ចឹមសំខាន់ៗចំនួនបី គឺកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីន ហើយក្រៅពីនេះក៏នៅមានសារធាតុចិញ្ចឹមបន្ទាប់បន្សំមួយចំនួនទៀតដូចជាវីតាមីន និងរ៉ែផ្សេងៗ។ យើងក៏គួរផឹកទឹកឲ្យបានច្រើន ដើម្បីជួយឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់។
តើសារធាតុចិញ្ចឹមមានតួរនាទីអ្វីខ្លះ?
កាបូអ៊ីដ្រាត៖ ជាប្រភពថាមពលដ៏សំខាន់សម្រាប់ខួរក្បាល និងរាងកាយរបស់យើង
ប្រូតេអ៊ីន៖ ជួយដល់ការលូតលាស់ និងជួសជុលកោសិការាងកាយ
ខ្លាញ់៖ ផ្ដល់ថាមពលសម្រាប់ការលូតលាស់ និងសកម្មភាពរាងកាយ
វីតាមីន និងរ៉ែផ្សេងៗ៖ ជួយគ្រប់គ្រងដំណើរការរបស់រាងកាយ និងជួយឲ្យយើងមានសុខភាពល្អ។-
ទោះបីជាយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ក្ដី តែក៏មិនគួរឈប់ញ៉ាំកាបូអ៊ីដ្រាតនោះដែរ។ ប៉ុន្តែវាជារឿងសំខាន់ដែលយើងត្រូវញ៉ាំកាបូអ៊ីដ្រាតក្នុងកម្រិតត្រឹមត្រូវ ហើយយើងក៏ត្រូវដឹងដែរថាកាបូអ៊ីដ្រាតបែបណាល្អ និងបែបណាមិនល្អ ដែលអាចបង្កជាបញ្ហាដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ របស់យើង។
កាបូអ៊ីដ្រាតដែលល្អមាននៅក្នុងបន្លែស្លឹកបៃតង ផ្ទុកស្ករធម្មជាតិ និងជួយឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងយឺត។
ចំណែកកាបូអ៊ីដ្រាតមិនល្អវិញមាននៅក្នុងបង្អែម ឬភេសជ្ជៈមានជាតិស្ករផ្សេងទៀត ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងលឿន។
ការហាត់ប្រាណ និងចាក់អាំងស៊ុយលីន គឺជាជម្រើសដ៏ឆ្លាតវ័យក្នុងការជួយឲ្យយើងអាចញ៉ាំអាហារដោយរីករាយ និងមានសុខភាពល្អ។
តើកាបូអ៊ីដ្រាតមាននៅក្នុងអ្វីខ្លះ?
ធញ្ញជាតិ និងបន្លែមានជាតិម្សៅ៖ បាយ គុយទាវ នំប៉័ង ដំឡូង ពោត ត្រាវ និងល្ពៅជាដើម។
ទឹកដោះគោ និងទឹកសណ្ដែក
ផ្លែឈើ មានដូចជាល្ហុង ស្វាយ ម្នាស់ ឪឡឹក និងក្រូច ជាដើម។
បន្លែផ្សេងទៀតដូចជា ត្រប់វែង ប៉េងប៉ោះ ត្រសក់ ផ្កាខាត់ណា ឬផ្សិត ជាដើម។
អាហារ និងភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកក្រូច ទឹកផ្លែឈើ ស្ករគ្រាប់ ទឹកដោះគោផ្អែម និងនំខេក ជាដើម។ អាហារទាំងនេះធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្លាំង។
ក្រោយពីយើងញ៉ាំអាហារ រាងកាយយើងនឹងបំប្លែងកាបូអ៊ីដ្រាតទៅជាគ្លុយកូស និងបន្តជ្រាបចូលក្នុងចរន្តឈាមរបស់យើង ហើយការជ្រាបចូលនេះវាក៏អាស្រ័យលើប្រភេទនៃកាបូអ៊ីដ្រាត និងអាហារដែលមានសារធាតុនេះដែរ។
អាហារមានផ្ទុកកាបូអ៊ីដ្រាតមួយចំនួនអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងលឿន និងខ្លះទៀតធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងតិចតួច។
សន្ទស្សន៍ជាតិស្ករ (Glycemic indexឬGI) អាចវាស់វែងដឹងថាអាហារណាមួយអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលឿនកម្រិតណាបាន។
អាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលឿន ជាងអាហារមានសន្ទស្សន៍ជាតិស្ករទាប។
ខាងក្រោមនេះយើងនឹងឃើញថាសន្ទស្សន៍កម្រិតជាតិស្ករនៅក្នុងបន្លែ និងផ្លែឈើដែលប្រជាពលរដ្ឋខ្មែរយើងចូលចិត្តញ៉ាំ។
– លឿង៖ អាចញ៉ាំច្រើនបាន
– ពណ៌ទឹកក្រូច៖ ត្រូវញ៉ាំក្នុងកម្រិតល្មម
– ពណ៌ក្រហម៖ គួរចៀសវាងញ៉ាំ ឬញ៉ាំបានតាមការណែនាំរបស់គ្រូពេទ្យ (ដាក់រូបភាពខាងក្រោម)
ក្រៅតែពីការជួយខ្លួនយើងឲ្យមានកម្រិតជាតិស្ករក្នុងឈាមស្ថិតនៅកម្រិតល្អដោយសាររបបអាហារមានតុល្យភាពជាមួយនឹងកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ យើងក៏អាចមានវិធីផ្សេងមួយចំនួនទៀតដូចជា៖
ត្រូវប្រាកដថាយើងបានធ្វើតេស្តកម្រិតស្ករបានទៀងទាត់ (យ៉ាងហោច៤ដងក្នុងមួយថ្ងៃ)
ត្រូវហាត់ប្រាណបាន៣០នាទីក្នុងមួយថ្ងៃជាប្រចាំ
ត្រូវច្បាស់ថាយើងបានចាក់អាំងស៊ុយលីនក្នុងបរិមាណត្រឹមត្រូវ និងត្រូវតាមពេល
ញ៉ាំអាហារមានសារធាតុកាបូអ៊ីដ្រាតតាមការណែនាំរបស់គ្រូពេទ្យ។