ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

Wai Yan Aung៖ សារៈសំខាន់នៃការស្វែងរកការគាំទ្រនៅពេលដែលរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ១

កែសម្រួលដោយ: 17.03.2025

Anne-Charlotte Ficheroulle

Pharmacist, Digital Innovation Manager, A4D

Wai Yan Aung ដែលជាសិស្ស​វ័យ​ក្មេង​ម្នាក់​ ហើយក៏ជាអ្នករស់នៅទីក្រុង Yangon បាន​ចែក​រំលែកបទពិសោធន៍របស់ខ្លួន​ថា៖ «ពេល​ខ្ញុំ​​អាយុ១៤ឆ្នាំ និង​រៀន​នៅ​ថ្នាក់​ទី៩ នៅសាលា និងជាសិស្សត្រូវស្នាក់នៅក្នុងសាលាផ្ទាល់ ។ ខ្ញុំត្រូវបាន​គេធ្វើរោគវិនិច្ឆ័យឃើញ​ថា​ កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។ វាពិតជារឿងដ៏គួរឲ្យរន្ធត់ណាស់ ប៉ុន្តែចាប់ពីពេលនោះមក ខ្ញុំបានរៀនចេះពីសារៈសំខាន់នៃការស្វែងរកការគាំទ្រ»។

រស់នៅសាលារៀនដោយគ្មានឪពុកម្តាយ គាត់ចង់ញ៉ាំអីក៏បាន ពិសេសដំឡូងបំពង និងភេសជ្ជៈផ្អែមៗ ដោយមិនសូវខ្វល់ច្រើនឡើយ។ ប៉ុន្តែ​ នៅពេល​កត់​សម្គាល់​ឃើញ​រោគ​សញ្ញា​ស្រដៀង​​ជំងឺ​ទឹក​នោម​ផ្អែម​ឪពុក​គាត់ គាត់​បាន​ទាក់​ទង​ទៅ​ម្តាយ ហើយក៏បានទៅ​ជួប​គ្រូពេទ្យ។ រូបគេបាននិយាយថា៖ «ខ្ញុំរន្ធត់ចិត្តណាស់ នៅពេលដឹងថាខ្លួនកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ប៉ុន្តែដោយមានការគាំទ្រពីសំណាក់ក្រុមគ្រួសាររបស់ខ្ញុំ ពិសេសគឺម្តាយរបស់ខ្ញុំ វាពិតជាមានភាពខុសប្លែកគ្នាជាច្រើន»។

ដំបូងឡើយ វាមិនស្រួលនោះទេក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ប៉ុន្តែការចូលរួមជាមួយAction for Diabetes (A4D) បានផ្តល់ការគាំទ្រដែលមិនអាចកាត់ថ្លៃបាន។ យុវជនរូបនេះបានបន្តថា៖ «A4D បានជួយខ្ញុំឱ្យជួបជាមួយវេជ្ជបណ្ឌិតជាច្រើនរូប ដូចជាវេជ្ជបណ្ឌិត May Htet Lwin និងវេជ្ជបណ្ឌិត Wah Wah Lynn ដែលបានកែតម្រូវអាំងស៊ុយលីន និងត្រួតពិនិត្យ HbA1C របស់ខ្ញុំរៀងរាល់បីខែម្តង។ ការគាំទ្ររបស់ពួកគាត់គឺចាំបាច់ណាស់»។

មិត្តភ័ក្តិនៅសាលាចង់ដឹងមែនទែនពីការចាក់អាំងស៊ុយលីនរបស់គេ ដោយសួរនូវសំណួរជាច្រើន។ Wai Yan Aung បានបញ្ជាក់​ថា​៖ «និយាយទៅ ចំណាប់​អារម្មណ៍​ពួក​គេ ត្បិតថា​ពេល​ខ្លះរឿងហួសហេតុបន្តិចមែន តែវាស្តែងឲ្យឃើញពី​សារៈសំខាន់​នៃ​​ការ​គាំទ្រ»។ មិត្តភ័ក្តិក្មេងប្រុសរូបនេះ បានយល់ដឹង និងយល់ពីស្ថានភាពរបស់គាត់កាន់តែប្រសើរ នៅពេលដែលគាត់អប់រំណែនាំពួកគេពីបញ្ហានេះ។

ប្រព័ន្ធគាំទ្រ មានសារៈសំខាន់ណាស់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។ ពួកគេផ្តល់ការណែនាំផ្នែកវេជ្ជសាស្រ្ដ និងការគាំទ្រផ្លូវអារម្មណ៍ ដែលអាចជួយសម្រាលបន្ទុកក្នុងការគ្រប់គ្រងស្ថានភាពជំងឺរ៉ាំរ៉ៃ។ Wai Yan Aung បានបន្ថែមថា៖ «គ្រួសាររបស់ខ្ញុំ A4D និងគ្រប់គ្នាដែលមើលថែខ្ញុំ បានធ្វើឱ្យខ្ញុំមានសុខភាពល្អ និងមានគំនិតវិជ្ជមាន»។

សព្វថ្ងៃ រូបគេ​កំពុងតែរៀនផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ហើយថែមទាំងសង្កត់ធ្ងន់ថា៖ «កុំបាក់ទឹកចិត្តអី បើទោះជាអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ។ ជាមួយនឹងការគាំទ្រត្រឹមត្រូវ អ្នកពិតជាអាចដឹកនាំជីវិតមួយដ៏ពេញលេញ។ យើងគ្រប់គ្នាតែងជួបឧបសគ្គ ប៉ុន្តែដោយមានការគាំទ្រ យើងច្បាស់ជាអាចសម្រេចនូវគោលដៅរបស់យើងបានជាក់ជាមិនខាន»។

ខ្សែរឿងរបស់ Wai Yan Aung បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃការគាំទ្រ ការថែទាំជាប្រចាំ និងផ្នត់គំនិតវិជ្ជមានក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ ដោយជួយបំផុសគំនិតដល់អ្នកដទៃឱ្យហ៊ានទទួលយកស្ថានភាពជំងឺរបស់ខ្លួន និងរស់នៅក្នុងជីវិតដ៏ពេញលេញមួយ៕

រូបតំណាង ការបដិសេធ៖