ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

Yati៖ ការមិនចុះចាញ់ និងទម្លាប់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

កែសម្រួលដោយ: 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

Yati ជាស្ត្រីវ័យក្មេងដ៏រឹងមាំម្នាក់ មកពីប្រទេសមីយ៉ាន់ម៉ា បានចែករំលែកបទពិសោធន៍ថា៖ «ដំបូងឡើយ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច ខ្ញុំក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ និយាយតាមត្រង់ទៅ ខ្ញុំមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ នៅពេលដឹងថា ខ្ញុំកំពុងរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ១ ប៉ុន្តែបាក់ទឹកចិត្តតិចតួច នៅពេលដឹង​ថា​ ខ្ញុំ​ត្រូវ​ចាក់​អាំងស៊ុយលីនជារៀងរហូត​»​។

Yati ចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់ នៅពេលដែលដឹងថាខ្លួនមានជំងឺទឹកនោមផ្អែមប្រភេទ១។ ដំបូងឡើយ នាងពិបាកទទួលយកការពិតដែលថា ខ្លួនត្រូវចាក់ថ្នាំជាប្រចាំ ប៉ុន្តែមិនយូរប៉ុន្មាន នាងបានរកឃើញវិធីលួងលោមខ្លួនឯង។ នាងបានលើកឡើងថា៖ «នេះមិនមែនជាបញ្ហាធំដុំសម្រាប់ខ្ញុំទេ ប៉ុន្តែវាទាក់ទងនឹងផ្លូវចិត្តច្រើនជាង ដូចខ្ញុំបានរៀបរាប់ខាងលើ ខ្ញុំបាក់ទឹកចិត្តតិចតួច ប៉ុន្តែខ្ញុំអាចជម្នះវាបាន ព្រោះខ្ញុំបានដឹងថា បើខ្ញុំថែទាំខ្លួនឯងជាប្រចាំ នោះខ្ញុំ​​នៅតែ​អាចមាន​សុខភាព​ល្អ។ ជំងឺនេះមិន​ធ្ងន់ធ្ងរ​ណាស់ណាទេ ព្រោះវា​មិន​មែន​ជា​មហារីក ដុំ​សាច់​ក្នុង​ខួរក្បាល។ល។ អ៊ឹចឹងហើយ ​ខ្ញុំក៏​បាន​ធូរស្រាល​ចិត្តច្រើន»។

ម្តាយរបស់ Yati នៅចាំផ្តល់ការគាំទ្រដល់កូន ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់នាង។ នាងបានរៀបរាប់ថា៖ «ម្តាយរបស់ខ្ញុំ ជាមនុស្សសំខាន់ដែលគាំទ្រខ្ញុំ។ គាត់បានបង្រៀនខ្ញុំពីរបៀបញ៉ាំ និងរស់នៅប្រចាំថ្ងៃ ហើយគាត់ថែមទាំងបានផ្តល់ដំបូន្មានល្អៗដល់ខ្ញុំទៀតផង»។

Yati តែងតែពិនិត្យ​សុខភាព​ជា​ប្រចាំ។ ខ្ញុំពិនិត្យ HbA1C រៀងរាល់បីខែម្តង។ ស្ត្រីវ័យក្មេងរូបនេះ បាននិយាយថា៖​ «ខ្ញុំទៅតាមការណាត់របស់គ្រូពេទ្យឯកទេស។ ដោយសារខ្ញុំបានទៅគ្លីនីកទៀងទាត់ ទើបខ្ញុំអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អ»។

Yati សង្កត់ធ្ងន់លើសារៈសំខាន់នៃរបបអាហារតុល្យភាព និងទម្លាប់នៃការញ៉ាំ។ នាងបានបញ្ជាក់ថា៖ «បើយើងញ៉ាំឲ្យបានទៀងទាត់ និងជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករច្រើន នោះជំងឺទឹកនោមផ្អែមប្រភេទ១ គ្មានអ្វីគួរឲ្យខ្លាចទេ»។

នាងក៏ផ្ញើសារទៅកាន់អ្នកជំងឺដ៏ទៃទៀតដែរថា «កុំបាក់ទឹកចិត្តអី បើអ្នកចេះថែទាំខ្លួនឯងបានល្អ និងរស់នៅក្នុងជីវិតដែលអ្នកចង់បាននោះ ខ្ញុំជឿថា អ្នកនឹងមានសុខភាពល្អ ព្រមទាំងមានភាពរីករាយក្នុងជីវិត ទោះបីជា មានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏ដោយ»។

សាច់រឿងរបស់ Yati ស្តែងឲ្យឃើញពីថាមពលនៃការគាំទ្រ ការថែទាំជាប្រចាំ និងផ្នត់គំនិតវិជ្ជមានក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១។ ដំណើរជីវិតនាង ក៏បានបំផុសគំនិតដល់អ្នកដទៃឱ្យទទួលយកលក្ខខណ្ឌរបស់ពួកគេ និងរស់នៅក្នុងជីវិតដ៏ពេញលេញមួយ។

រូបតំណាង ការបដិសេធ៖