ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ជំងឺកូវីដ១៩ និងជំងឺទឹកនោមផ្អែមប្រភេទ 1
កែសម្រួលដោយ: 06.05.2026
ការដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 មិនធ្វើឱ្យអ្នកងាយឆ្លងជំងឺកូវីដ១៩ ឡើយ។ នេះជាការយល់ឃើញខុសឆ្គងទូទៅទាក់ទងអំពីជំងឺកូវីដ ១៩ និងជំងឺទឹកនោមផ្អែម។
ផ្អែកលើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របច្ចុប្បន្ន មិនមានភស្តុតាងបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ 1 មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ឡើយ។
នរណាក៏អាចឆ្លងជំងឺកូវីដ១៩ បានដែរ ហើយគួរតែអនុវត្តតាមវិធានប្រុងប្រយ័ត្ន ដូចដែលបានណែនាំដោយក្រុមគ្រូពេទ្យ និងរដ្ឋាភិបាលក្នុងតំបន់របស់អ្នក។ វិធានការប្រុងប្រយ័ត្នទាំងនេះរួមបញ្ចូលទាំងការចាក់វ៉ាក់សាំង និងការពាក់ម៉ាស់នៅរាល់ពេលចាំបាច់។
លំពែង បង្កើតអ័រម៉ូនម្យ៉ាងឈ្មោះថា អាំងស៊ុយលីន ដែលជួយឱ្យជាតិគ្លុយកូសចូលក្នុងកោសិការបស់រាងកាយ ដើម្បីផ្តល់ថាមពលដល់រាងកាយដែលត្រូវការដើម្បីរស់នៅ។
មេរោគនេះ អាចបង្កការពិបាកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ហើយបង្កើតហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែម ketoacidosis (DKA) ។
ក្នុងករណីដែលអ្នកជួបប្រទះរោគសញ្ញាដូចខាងក្រោម សូមទាក់ទងគ្រូពេទ្យរបស់អ្នក៖
ក្អួត
រាគរូសលើសពី ៦ ម៉ោង
ដកដង្ហើមខ្លីៗ
គ្រុនក្តៅដែលមិនបាត់ទៅវិញ បន្ទាប់ពីរយៈពេលពីរបីថ្ងៃ
តាមដានជាតិស្ករក្នុងឈាមរបស់អ្នកឲ្យបានញឹកញាប់ជាងធម្មតា។ ជារៀងរាល់ ៤ ម៉ោងម្តង។ នេះគឺដោយសារតែជំងឺកូវីដ និងជំងឺទឹកនោមផ្អែមប៉ះពាល់ដល់រាងកាយក្នុងពេលដំណាលគ្នា ដូច្នេះ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមលើកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។
ត្រូវដឹងពីសញ្ញាណាមួយ ដែលបង្ហាញថាកើតជំងឺទឹកនោមផ្អែម ketoacidosis ។
ប្រសិនបើអ្នកក្អួត សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នក ហើយទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
សូមប្រុងប្រយ័ត្នជាមួយថ្នាំដែលអ្នកលេប ក្នុងការព្យាបាលរោគសញ្ញានៃជំងឺកូវីដ ១៩ ព្រោះវាអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក៖
ក្រៅពីអាំងស៊ុយលីន ថ្នាំជាច្រើនដែលមានលក់នៅតាមឱសថស្ថាន ក៏ប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមផងដែរ។
គួរប្រុងប្រយ័ត្ន - មានសុីរ៉ូក្អកជាច្រើននៅលើទីផ្សារមានផ្ទុកជាតិស្ករ ដែលនឹងបង្កើនកម្រិតជាតិស្ករក្នុងឈាម។ គួរស្វែងរកសុីរ៉ូដែលគ្មានជាតិស្ករ ឬថ្នាំគ្រាប់ជំនួសវិញ។
ថ្នាំដែលជួយសម្រួលដល់ការស្ទះ ឬតឹងច្រមុះ ក៏បង្កើនកម្រិតជាតិស្ករក្នុងឈាមផងដែរ។
គួរប្រុងប្រយ័ត្ន អំពីផលប៉ះពាល់នៃថ្នាំដូចជា អាស្ពីរីន (ថ្នាំបំបាត់ការឈឺចាប់) ក្នុងកម្រិតច្រើន ដែលអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយថ្នាំ Ibuprofen (ថ្នាំប្រឆាំងនឹងការរលាក) ក៏គួរតែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្នដែរ ព្រោះវាបង្កើនប្រសិទ្ធភាពជាតិស្ករក្នុងឈាមរបស់អាំងស៊ុយលីន។
សូមអានបន្ថែមនៅទីនេះ អំពីរបៀបគ្រប់គ្រងនៅពេលមិនស្រួលខ្លួន សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ1
ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនដោយសារជំងឺកូវីដ-១៩៖
នៅពេលមានជំងឺកូវីដ១៩ គ្រូពេទ្យជំរុញឱ្យអ្នកជំងឺស្វែងរកជំនួយ ប្រសិនបើពួកគេមានបញ្ហាក្នុងការដកដង្ហើម ឈឺចាប់ជាប់រហូត ឬសម្ពាធក្នុងទ្រូង វង្វេងស្មារតី ឬមិនដឹងខ្លួន ឬបបូរមាត់ ឬមុខឡើងខៀវ។
ត្រូវព្យាយាមរក្សាកម្រិតជាតិគ្លុយកូសក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា ព្រោះថាកម្រិតជាតិស្ករក្នុងឈាមកើនឡើង អាចធ្វើឲ្យអ្នកដែលឆ្លងជំងឺកូវីដ ១៩ មានសុខភាពកាន់តែចុះខ្សោយ។
ប្រសិនបើអ្នកត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ អ្នកគួរតែប្រាប់ដល់ក្រុមគ្រូពេទ្យថា អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ។
ប្រសិនបើអ្នកគិតថា អ្នកមានជំងឺទឹកនោមផ្អែម Ketoacidosis (DKA)៖
ប្រសិនបើអ្នកព្រួយបារម្ភថា អ្នកអាចនឹងបង្ហាញសញ្ញានៃជំងឺទឹកនោមផ្អែម ketoacidosis សូមកុំបង្អង់យូរ ហើយត្រូវស្វែងរកជំនួយភ្លាមៗ។
រោគសញ្ញានៃជំងឺទឹកនោមផ្អែម ketoacidosis រួមមាន៖ មានអារម្មណ៍ស្រេកទឹកខ្លាំង និងនោមញឹកញាប់ មិនស្រួលខ្លួន ឈឺពោះ ដកដង្ហើមញាប់ មានអារម្មណ៍ងងុយគេង ឬវង្វេងស្មារតី និងបាត់បង់ស្មារតី។
បើមិនព្យាបាលទេ ជំងឺទឹកនោមផ្អែម ketoacidosis អាចបណ្តាលឱ្យស្លាប់បាន។