
ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ហេតុអ្វីខ្ញុំត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមឲ្យបានជាប់លាប់? (មានវីដេអូ)
កែសម្រួលដោយ: 17.03.2025
ជាតិស្ករនៅក្នុងឈាម គឺសំដៅលើកម្រិតបរិមាណជាតិស្កររបស់យើងនៅក្នុងចរន្តឈាម។ ជាតិស្ករទាំងនោះ គឺមានប្រភពចេញពីអាហារ ឬភេសជ្ជៈដែលយើងញ៉ាំ និងចេញពីការបញ្ចេញសារជាតិស្ករដែលស្តុកបម្រុងទុកនៅក្នុងថ្លើម និងសាច់ដុំរបស់រាងកាយ។ ជាតិស្ករ ជាប្រភពថាមពលដ៏ចម្បងរបស់កោសិកាក្នុងរាងកាយ ហើយជាតិស្ករអាចត្រូវដឹកចូលទៅក្នុងកោសិកាបានតាមរយៈចរន្តឈាម។
ជាការត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងរៀងរាល់ថ្ងៃ ព្រោះថាសំខាន់ណាស់ដើម្បី យើងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន និងការពារពីផលវិបាកផ្សេងៗដោយសារជំងឺនេះ។ កម្រិតជាតិស្ករក្នុងឈាម គឺអាចតេស្តបាននៅផ្ទះ ឬនៅសាលារៀន ដោយប្រើប្រដាប់វាស់ជាតិស្ករក្នុងឈាម ដែលជាឧបករណ៍តូចមួយ សម្រាប់វាស់កម្រិតជាតិស្ករដោយប្រើឈាមតែមួយដំណក់ប៉ុណ្ណោះ ហើយនឹងបញ្ចេញលទ្ធផលនៅលើអេក្រង់របស់វាតែម្ដង។
ការធ្វើតេស្តមើលកម្រិតជាតិស្ករក្នុងឈាមជារៀងរាល់ថ្ងៃ គឺជាវិធីល្អបំផុត ដើម្បីរក្សាលំនឹងរវាងអាហារដែលយើងញ៉ាំ សកម្មភាពដែលយើងត្រូវធ្វើ និងកម្រិតអាំងស៊ុយលីនដែលយើងត្រូវចាក់។
ដើម្បីតាមដានពី ប្រសិទ្ធភាព កម្រិតអាំងស៊ុយលីនដែលយើងប្រើ
អាចដឹងប្រសិនបើកម្រិតជាតិស្ករក្នុងឈាម ខ្ពស់ឬ ទាបខ្លាំង
ដើម្បីស្វែងយល់ពីរបៀបដែលអាហារ និងការហាត់ប្រាណប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម
យល់ដឹង នៅពេលយើងឈឺ ឬ ស្ត្រេស ថាអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមបែបណា។
កម្រិតជាតិស្ករក្នុងឈាមដែលមិនអាចគ្រប់គ្រងបាន មិនត្រឹមតែនាំឲ្យអ្នកជំងឺមានបញ្ហារយៈពេលខ្លី ដូចជា ធ្លាក់ចុះជាតិស្ករក្នុងឈាមទាប (Hypoglycaemia) ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចគំរាមកំហែងដល់អាយុជីវិតផងដែរដូច ជាបញ្ហា Diabeticketoacidosis (DKA-ករណីកើនជាតិអាស៊ីដក្នុងឈាម ដោយសារបរិមាណជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ) និងសន្លប់ដោយសារ ជាតិស្ករក្នុងឈាមឡើងខ្ពស់ (Diabetic coma)។
ប្រសិនបើបញ្ហានេះមានរយៈពេលកាន់តែយូរ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន នឹងធ្វើឲ្យខូចសរីរាង្គសំខាន់ៗ ដូចជាបេះដូង តម្រងនោម ភ្នែក និងសរសៃប្រសាទ។ នេះ មានន័យថា ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺតម្រងនោម បញ្ហាងងឹតភ្នែក និងបញ្ហាសរសៃប្រសាទ គឺអាចកើតមានឡើងចំពោះ អ្នកជំងឺទឹកនោមផ្អែម បានគ្រប់ពេល។
ពេលយើងឈឺ ក៏អាចប៉ះពាល់ដែរ តើកម្រិតអាំងស៊ុយលីនប៉ុន្មានដែលរាងកាយយើងត្រូវការ។ ដឹងពីកម្រិតជាតិស្ករក្នុងឈាម នឹងជួយយើង និងគ្រូពេទ្យរបស់យើងឲ្យសម្រេចចិត្តបានពីការផ្លាស់ប្ដូរផែនការព្យាបាលជំងឺទឹកនោមផ្អែមក្នុងករណីចាំបាច់។ ឧទាហរណ៍ថា តើយើងត្រូវចាក់អាំងស៊ុយលីនតិច ឬច្រើនជាងមុន។
យើងកាន់តែធំហើយ ដូច្នេះជាការសំខាន់ដែលយើងត្រូវចាប់ផ្ដើមរៀនគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយខ្លួនឯង ជាជាងពឹងផ្អែកលើឪពុកម្ដាយ ឬពេទ្យទាំងស្រុង។