Mrs. Sroeu Phannsy
Nutrition Team Leader at Angkor Hospital for Children, Siem Reap, Cambodia
កែសម្រួលដោយ: 27.08.2026
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ មិនចាំបាច់ត្រូវតែមានរបបអាហារតឹងរឹងពេកនោះទេ តែអ្វីដែលសំខាន់គឺយើងត្រូវយកចិត្តទុកដាក់ពីអ្វីដែលយើងត្រូវញ៉ាំ និងក្នុងកម្រិតប៉ុន្មាន។ ហេតុអ្វី? ព្រោះថាការដឹងបែបនេះជួយឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងស្ថិតក្នុងកម្រិតល្អសម្រាប់សុខភាព។ ការរៀបចំផែនការអាហារបានត្រឹមត្រូវនឹងជួយយើងឲ្យញ៉ាំអាហារបានត្រឹមត្រូវ និងមានសុខភាពល្អ។
ដោយសារតែយើងជាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ យើងត្រូវរក្សាឲ្យបាននូវតុល្យភាពរវាងកាបូអ៊ីដ្រាតដែលត្រូវញ៉ាំ និងអាំងស៊ុយលីនដែលត្រូវចាក់ ក៏ដូចជាកម្រិតសម្មភាពរាងកាយប្រចាំថ្ងៃ ដើម្បីអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យនៅល្អបាន។ ការធ្វើដូចនេះ គឺដើម្បីការពារកុំឲ្យយើងកើតមានបញ្ហាសុខភាពរយៈពេលវែងដោយសារជំងឺទឹកនោមផ្អែម។
ម្យ៉ាងទៀត វាជាការចាំបាច់ណាស់ដែលយើងត្រូវដឹងពីសារធាតុចិញ្ចឹមមាននៅក្នុងអាហារដែលយើងត្រូវញ៉ាំ។ រឿងដែលសំខាន់គឺត្រូវដឹងថា អាហារណាមានផ្ទុកកាបូអ៊ីដ្រាត ហើយជាកាបូអ៊ីដ្រាតល្អ ឬមិនល្អទៀតផង។
កាបូអ៊ីដ្រាតល្អ យើងអាចរកបាននៅក្នុងបន្លែមានស្លឹកបៃតង និងបន្លែផ្សេងទៀតដូចការ៉ុត និងត្រប់វែង។ ចំណែកកាបូអ៊ីដ្រាតមិនល្អវិញមាននៅក្នុងអាហារកែច្នៃ និងអាហារមួយចំនួនទៀតដូចជានំខេក នំផ្អែម សូកូឡា និងស្ករគ្រាប់ ឬភេសជ្ជៈផ្អែមជាដើម។ ដូចគ្នាដែរ យើងក៏ត្រូវប្រយ័ត្នពេលញ៉ាំអាហារតាមផ្លូវមួយចំនួន ដែលអាចមានបន្ថែមទឹកដោះគោខាប់ ឬស្ករច្រើនជាដើម។
ពេលយើងទៅទិញម្ហូបអាហារនៅតាមផ្សារទំនើប ក៏យើងត្រូវពិនិត្យដែរ ទៅលើព័ត៌មានពីសារធាតុចិញ្ចឹម គ្រឿងផ្សំ និងបរិមាណកាឡូរី ដែលមានបិទនៅលើម្ហូបអាហារទាំងនោះ។
មួយវិញទៀត បើយើងទិញអាហារគេចម្អិនលក់តាមផ្លូវ យើងកុំស្ទាក់ស្ទើរក្នុងការសួរនាំអ្នកលក់ពីគ្រឿងផ្សំ និងសួរថាមានបន្ថែមស្ករដែរឬយ៉ាងណា។
យើងត្រូវព្យាយាមរក្សាតុល្យភាពរបស់កាបូអ៊ីដ្រាត និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងអាហារ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ ក៏ដូចជាធានាថាយើងបានញ៉ាំអាហារឆ្ងាញ់ដូចគ្នា។
ដើម្បីទទួលបានអ្វីទាំងនេះ យើងអាចប្រើវិធីបែងចែកអាហារលើចានជាភាគៗដូចខាងក្រោម៖
● ញ៉ាំកន្លះចានសម្រាប់បន្លែស្លឹកបៃតង និងបន្លែគ្មានជាតិម្សៅ មានដូចជាស្ពៃក្ដោប ខាត់ណាខៀវ ការ៉ុត ត្រសក់ និងត្រកួនជាដើម។
● ញ៉ាំ១ភាគ៤ នៃចានសម្រាប់កាបូអ៊ីដ្រាតបានពីធញ្ញជាតិ និងបន្លែមានជាតិម្សៅ ដូចជាបាយ ឬនំប៉័ង ពោត ដំឡូងបារាំង ឬត្រាវ។
● ញ៉ាំ១ភាគ៤នៃចានសម្រាប់ប្រូតេអ៊ីន មានដូចជាសាច់ទ្រូងមាន់ ត្រី និងស៊ុតជាដើម។
សម្រាប់ជម្រើសផ្សេងទៀត៖ញ៉ាំទឹកដោះគោមានខ្លាញ់ទាបមួយកែវ ឬផ្លែឈើស្រស់។
វាជារឿងចាំបាច់ដែលយើងអាចទទួលបានទាំងអាហារមានសុខភាពល្អ និងអាហារឆ្ញាញ់ៗ តែយើងក៏ត្រូវស្គាល់ច្បាស់ពីអាហារទាំងនោះ និងផលប៉ះពាល់របស់វាដែរ។ អាហារប្រៀបដូចជាមិត្តភក្ដិអ៊ីចឹងដែរ បើយើងជ្រើសរើសបានអាហារល្អ គឺដូចជាយើងមានមិត្តល្អ និងជួយរក្សាសុខភាពឲ្យបានល្អដូចគ្នា។
● កុំឲ្យរំលងពេលញ៉ាំអាហារ និងត្រូវញ៉ាំអាហារឲ្យបានទៀងពេលជាប្រចាំ
● ញ៉ាំសារធាតុកាបូអ៊ីដ្រាត ឬអាហារមានសារធាតុកាបូអ៊ីដ្រាតក្នុងកម្រិតថេរជារៀងរាល់ថ្ងៃ
● ញ៉ាំទឹកឲ្យបានច្រើនរាល់ថ្ងៃ
● ញ៉ាំបាយដាំពីអង្គរសម្រូប ជាជាងញ៉ាំបាយអង្ករស ឬអង្ករដំណើប
● ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
● បើចង់ញ៉ាំអាហារសម្រន់ គួរញ៉ាំផ្លែឈើ
● ត្រូវហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ
ប្រការគួរចៀសវាង ឬកាត់បន្ថយ៖
● ភេសជ្ជៈមានជាតិស្ករ អាហារសម្រន់ ឬបង្អែម
● អាហារកែច្នៃដូចជាសាច់កំប៉ុង ឬសាច់ក្រក
● កាត់បន្ថយអំបិលក្នុងរបបអាហារ។
គ្រឿងស្រវឹងមានផ្ទុកកាបូអ៊ីដ្រាត ហើយការផឹកគ្រឿងស្រវឹងនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់យើង។ ការផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួចអាចធ្វើឲ្យឡើងកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែបើផឹកក្នុងកម្រិតច្រើនជ្រុលនឹងធ្វើឲ្យមានបញ្ហាធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមទៅវិញ។
យើងនៅតែអាចផឹកគ្រឿងស្រវឹងបានម្ដងម្កាលដែរ តែត្រូវផឹកក្នុងកម្រិតសមល្មម ហើយត្រូវប្រាដកថាយើងបានញ៉ាំអាហារត្រឹមត្រូវដូចគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវតែពិនិត្យកម្រិតជាតិស្ករឲ្យបានទៀងទាត់ និងត្រូវផឹកទឹកឲ្យបានច្រើននៅថ្ងៃបន្ទាប់។ យើងក៏ត្រូវប្រយ័ត្នខ្ពស់ក្រែងមានបញ្ហាធ្លាក់ចុះកម្រិតជាតិស្ករផងដែរ និងត្រូវដោះស្រាយឲ្យបានទាន់ពេលបើចេញរោគសញ្ញានេះ។