ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

រឿងរ៉ាវរបស់ Tong អំពីភាពខ្លាំង និង ភាពវិជ្ជមាន

កែសម្រួលដោយ: 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

ជួបជាមួយ Tanapol Sukarin ឬ Tong ជាឈ្មោះដែលមិត្តភក្តិរបស់គាត់តែងតែហៅគាត់។ Tong ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទ១ នៅអាយុ ២ ឆ្នាំ ហើយ Tong បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពដែលមនុស្សជាច្រើនកំពុងប្រឈមដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ន​នេះ​ នៅ​អាយុ ១៩ ឆ្នាំ Tong​ គិតតែពីរឿង​វិជ្ជមាន និងពោរពេញទៅដោយ​ភាព​រីករាយ។ សម្រាប់គាត់ ជំងឺទឹកនោមផ្អែមមិនមែនជាបន្ទុកនោះទេ ពោលគឺវាគ្រាន់តែជាផ្នែកនៃទម្លាប់ប្រចាំថ្ងៃរបស់គាត់ប៉ុណ្ណោះ ហើយបញ្ហានេះ កាន់តែមានភាពងាយស្រួល បើមានការគាំទ្រជាហូរហែ ពីក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់គាត់។

Tong មាន​អាយុ​ប្រហែល​ប្រាំពីរ​ឆ្នាំ​ នៅ​ពេល​ដែល​គាត់​យល់ច្បាស់​ពី​អត្ថន័យ​នៃ​ការ​រស់​នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម។ ជំនួសឱ្យអារម្មណ៍ឯកោ ឬអាម៉ាស់ គាត់បានទទួលយក​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ ជារឿងធម្មតានៃជីវិតរបស់គាត់។ ស្របពេលដែលក្មេងៗផ្សេងទៀតកំពុងរៀនពីទំនួលខុសត្រូវជាមូលដ្ឋាន Tong បានចាក់អាំងស៊ុយលីនដោយទំនុកចិត្តនៅចំពោះមុខមិត្តរួមថ្នាក់របស់គាត់។ គាត់ថែមទាំងបានបង្រៀនមិត្តភក្តិរបស់គាត់ ពីរបៀបចាក់ថ្នាំអាំងស៊ុយលីន ក្នុងករណីដែលគាត់ត្រូវការជំនួយពីពួកគេនៅថ្ងៃណាមួយ។ គាត់​និយាយ​ថា​៖ «​ខ្ញុំ​​យល់​ថា គ្មានអ្វី​ដែល​ត្រូវ​លាក់​នោះ​ទេ។ ខ្ញុំបានរស់នៅជាមួយនឹងជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ អស់រយៈពេលយូរមកហើយ - វាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ»។

ទស្សនវិស័យវិជ្ជមាននេះ បានជំរុញឱ្យគាត់ផ្តោតលើក្តីសុបិន្តរបស់ខ្លួន មិនត្រឹមតែសុខភាពរបស់គាត់ប៉ុណ្ណោះទេ។ បច្ចុប្បន្ននេះ Tong កំពុងសិក្សាផ្នែកមនុស្សសាស្ត្រ ជំនាញភាសាអង់គ្លេស ហើយគាត់សង្ឃឹមថា នឹងចាប់អាជីពមួយដែលឱ្យគាត់ទទួលបាននូវឯករាជ្យភាព និងភាពពេញលេញ ដែលអនុញ្ញាតឱ្យគាត់រស់នៅតាមបែបផែនរបស់គាត់។

ប៉ុន្តែ​រឿង​រ៉ាវរបស់ Tong ​មិន​ត្រឹម​តែជាការ​រស់​នៅ​ជាមួយនឹងជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១នោះទេ។ គាត់ក៏ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ផងដែរ ដែលជាលក្ខខណ្ឌហ្សែនផ្សេងគ្នាដែលមិនទាក់ទងទៅនឹងជំងឺទឹកនោមផ្អែមរបស់គាត់ឡើយ។ ការប្រឈមមុខនឹងបញ្ហាសុខភាពពីរក្នុងពេលតែមួយ អាចធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍បាក់ស្បាត ប៉ុន្តែ Tong ប្រឈមនឹងជំងឺទាំង២ ជាមួយនឹងផ្នត់គំនិតវិជ្ជមាន។

Tong ដឹងគុណ​ចំពោះ​មនុស្សជាច្រើនដែលចូលមក​ក្នុង​ជីវិត​របស់​គាត់ រួមមានឪពុក​ម្តាយ ក្រុមគ្រូពេទ្យ និង​មិត្តភ័ក្តិ​ដែល​មិន​ទុក​គាត់ចោល។ ពួកគេ​ព្រមទទួលយកគាត់ ដោយមិនខ្វល់ពីលក្ខខ័ណ្ឌសុខភាពរបស់គាត់នោះទេ។

ការរស់នៅជាមួយជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ បានបង្រៀន Tong ឲ្យយល់ដឹងលើសពីរបៀបពិនិត្យជាតិស្ករក្នុងឈាមរបស់គាត់ ​ព្រមទាំងជួយដុសខាត់អត្តចរិត​របស់​គាត់​ផង​ដែរ។ គាត់យល់ថា ភាពជាប់លាប់មានសារៈសំខាន់ណាស់ដោយដឹងថា ប្រសិនបើគាត់ខកខានក្នុងការលេបថ្នាំ ឬការធ្វេសប្រហែសចំពោះសុខភាពរបស់គាត់ គឺអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ អារម្មណ៍នៃទំនួលខុសត្រូវនេះ មិនត្រឹមតែប៉ះពាល់លើសុខភាពរបស់គាត់ប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់របៀបដែលគាត់គ្រប់គ្រងការសិក្សា មិត្តភាព និងគោលដៅរបស់គាត់ដូចគ្នា ផងដែរ។

Tong បានបញ្ជាក់ថា៖ «ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ បានបង្រៀនខ្ញុំឱ្យមានវិន័យកាន់តែច្រើន។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុខភាព​របស់​ខ្ញុំ​ បានពាក់ព័ន្ធដល់​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​ខ្ញុំ។ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំអាចរស់នៅក្នុងជីវិតធម្មតា និងធ្វើតាមក្តីសុបិនរបស់ខ្ញុំបាន»។

តាមរយៈបទពិសោធន៍របស់គាត់ Tong សង្ឃឹមថា នឹងលើកទឹកចិត្តអ្នកដទៃ ជាពិសេសយុវជនដែលមានជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ ឱ្យមើលឃើញលើសពីស្ថានភាពជំងឺរបស់ពួកគេ។ សាររបស់គាត់គឺច្បាស់ណាស់៖ «អ្នកអាចរស់នៅពេញមួយជីវិត និងចាប់យកក្តីសុបិនរបស់អ្នក។ រក្សាភាពវិជ្ជមាន ថែរក្សាខ្លួនអ្នក និងនៅក្បែរក្រុមមនុស្សដែលគាំទ្រអ្នក»។

គាត់​ក៏​និយាយ​អំពី​ការ​រក្សាផ្លូវចិត្តឲ្យបានល្អ និង​អត់ធ្មត់​ចំពោះ​ខ្លួន​ឯង។ “សូមចាំថា ការប្រៀបធៀបខ្លួនយើង មិនអាចជួយយើងឱ្យរីកចម្រើននោះទេ។ កុំព្រោះតែ​អ្នក​ផ្សេង​សម្រេច​បាន​នូវជោគជ័យអ្វី​មួយ មិន​មាន​ន័យ​ថា​ យើង​មិន​អាច​ធ្វើ​បាន​ទេ។ ដំណើរ​ជីវិតរបស់​គ្រប់គ្នា ​គឺមិនដូចគ្នាទេ ហើយសុទ្ធតែមានបញ្ហាប្រឈមរៀងៗខ្លួន។ យើងទាំងអស់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ប្រសិនបើអ្នកត្រូវការសម្រាក សូមសម្រាកសិនចុះ។ នៅពេលអ្នកសម្រាករួចរាល់ សូមបន្តដំណើរទៅមុខទៀត។ កុំនៅស្ងៀម - បន្តដំណើរទៅមុខកុំបកក្រោយ!”

រឿងរ៉ាវរបស់ Tong គឺជាការក្រើនរំឭកដ៏រឹងមាំថា ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១ ឬស្ថានភាពសុខភាពណាមួយ មិនកំណត់នូវអ្វីដែលនរណាម្នាក់អាចសម្រេចបាននោះទេ។ ជាមួយនឹងផ្នត់គំនិតវិជ្ជមាន ការគាំទ្រដ៏រឹងមាំ និងការប្តេជ្ញាចិត្តដើម្បីបន្តដំណើរ ជីវិតយើងអាចពោរពេញដោយសុភមង្គល ឱកាស និងភាពជោគជ័យ។

រូបតំណាង ការបដិសេធ៖