ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
ហត់នឿយហើយបាក់ទឹកចិត្តពេលតតាំងជាមួយទឹកនោមផ្អែមប្រភេទទី១៖ ចុះហេតុអ្វីបានជាសុខភាពផ្លូវចិត្តសំខាន់?
កែសម្រួលដោយ: 29.05.2026
ថ្មីៗនេះ ខ្ញុំបានទៅសួរសុខទុក្ខក្មេងស្រីម្នាក់ដែលកំពុងរស់នៅជាមួយនិងជម្នះទឹកនោមផ្អែមប្រភេទ១ ដែលធ្លាប់ព្យាយាមធ្វើអត្តឃាត។ កាលណោះ កម្រិតជាតិស្ករក្នុងឈាមរបស់គាត់ ឡើងខ្ពស់ខ្លាំងណាស់ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថា លេខដែលគ្រប់គ្នាមើលដឹងពីកម្រិតជាតិស្ករគ្រាន់តែជាចំនុចមួយចំណែកនៃសាច់រឿងរបស់ក្មេងស្រីម្នាក់នេះប៉ុណ្ណោះ។
សាច់រឿងនៅពីក្រោយនេះ គឺពិតជាតក់ស្លុតមែនទែន។ ច្រើនឆ្នាំមកនេះ នាងដាក់បន្ទុក ហើយបន្ទោសខ្លួនឯងមិនស្រាក ដិតដាមអារម្មណួខ្មាស់គេ សមាជិកគ្រួសារអត់យល់ចិត្តយល់ថ្លើមគ្រប់គ្រាន់ និងបញ្ហាគ្រប់គ្រងទម្ងន់អត់ជោគជ័យជាដើម សុទ្ធតែជាបន្ទុកធ្ងន់ៗត្រូវរាប់រងតែឯង។
ដូចអ្នកឯទៀតចឹងដែរ អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ គ្រប់គ្នា រួមទាំងនាងម្នាក់ដែរពិតជាទាមទារថែទាំខ្លួនគ្រប់វិនាទី ២៤ម៉ោងលើ២៤ម៉ោង។ ចំណុចសំខាន់ត្រង់ថា នាងត្រូវរាប់រងគ្រប់យ៉ាងតែឯងហើយ បញ្ហាស្រអាប់អស់នេះ បានជម្រុញឲ្យនាងគិតអវិជ្ជមានហើយផ្ដាច់ខ្លួនពីគេឯង មកនៅតែឯងៗ។ ពេលដែលបញ្ហាទឹកនោមផ្អែមមិនត្រឹមតែជាបញ្ហាធ្វើឲ្យកម្លាំងកាយចុះអន់ខ្សោយ តែនៅមានប្រការត្រូវអនុវត្ត ត្រូវធ្វើឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវជាច្រើនទេ នោះ កុំថាឡើយអ្នកមានបញ្ហាផ្លូវចិត្តខ្សោយ ទោះខ្លាំងម៉េចក៏ពិបាកទប់ដែរ។
ជាចំណូលចិត្ត នាងចូលញ៉ាំអាហារផ្អែមៗ ឃើញបែបនេះខ្ញុំក៏ពន្យល់ថា អត់អីទេ ចូលចិត្តរបស់ញ៉ាំផ្អែមៗក៏បានមិនខុសទេ ប៉ុន្តែប្អូនមានទឹកនោមផ្អែម មិនមែនបានន័យថាយើងអត់ញ៉ាំអាហារ ឬភេសជ្ជៈផ្អែមជាចំណូលចិត្តយើងទាំងស្រុងនោះទេ។ យើងនៅតែញ៉ាំបាន ដោយគ្រាន់តែព្យាយាមដកបាយ ចេញ រក្សាតុល្យភាពកម្រិតអាំងស៊ុយលីន ហើយព្យាយាមស្វែងយល់ពីកម្រិតកាបូនអ៊ីដ្រាត (carb) ឲ្យបានត្រឹមត្រូវ។
ប្អូនស្រីម្នាក់នេះ គាត់មិនបានយល់ពីការទាក់ទងគ្នារវាងកម្រិតជាតិស្ករបានពីអាហារដែលគាត់ញុំា និងបរិមាណអាំងស៊ុយលីនដែលត្រូវចាក់នោះទេ ព្រោះគ្មាននរណាម្នាក់បានពន្យល់គាត់ពីរឿងនេះទេ។
អ៊ីចឹង សរុបទៅ មកដល់ចំណុចនេះ គាត់ទទួលអារម្មណ៍ថាបរាជ័យហើយក្នុងការគ្រប់គ្រងទឹកនោមផ្អែម របស់គាត់។ ឯរឿងពិត បរាជ័យត្រង់ចំណុចណាឲ្យប្រាកដ? មិនខុសទេ គឺនាង ឬអ្នករស់នៅជាមួយទឹកនោមផ្អែម បរាជ័យដោយសារ ប្រព័ន្ធសុខាភិបាលមិនបានជួយគាត់ឲ្យបានគ្រប់គ្រាន់ មិនមែនខ្លួនគាត់ទេ។
ទោះជាមានបញ្ហាទាំងអស់នេះក៏ដោយ ក៏គាត់នៅតែមានក្តីសង្ឃឹម។ គាត់ចូលចិត្តលេងកីឡាណាស់ ពិសេសការរត់ និងកីឡាវាយសី (badminton)។ នេះយោងតាមអ្វីដែលគាត់រៀបរាប់ប្រាប់ថាឪពុករបស់គាត់ ដែលជាអតីតអត្តពលិក។ មានឈាមជ័របន្តវង្សត្រកូលមិនខុសពីប៉ាទេ គាត់ក៏មានក្ដីស្រម៉ៃផ្ទាល់ខ្លួនដែរ។ គាត់គ្រោងផ្លាស់ប្ដូរមុខវិជ្ជាសិក្សាមួយចំនួន ធ្វើម៉េចឲ្យសមស្របនឹងស្ថានភាពរាងកាយខ្លួន។ គាត់នៅមានក្ដីសង្ឃឹម និងផែនការជីវិតជាច្រើនទៀតត្រូវសម្រេច។
ដោយឡែក ក្ដីសង្ឃឹមតែម្នាក់ឯង គឺអត់គ្រប់គ្រាន់ទេ។
សុខភាពផ្លូវចិត្តដាច់ខាតជារឿងសំខាន់ ជាស្នូលបាត់មិនបាន សំរាប់អ្នករស់នៅជាមួយទឹកនោមផ្អែម។ យើងអត់អាចនិយាយវែកញែកពីបញ្ហា HbA1C និងបរិមាណកម្រិតរបស់ថ្នាំអាំងស៊ុយលីន ដោយញែកអោយដាច់ពីអារម្មណ៍អៀនខ្មាស តក់ស្លុត ថប់បារម្ភនិងសម្ពាធផ្លូវចិត្តបានទេ។ ជាក់ស្ដែងអ្នករស់នៅជាមួយទឹកនោមផ្អែមច្បាស់ណាស់គឺគាត់មានលក្ខខណ្ឌពិសេសលើសពីអ្នកធម្មតា ព្រោះអ្នក T1D ជាអ្នកដែលព្យាយាមគ្រប់គ្រងបន្ទុកខ្លួនឯងរាល់ថ្ងៃ ដើម្បីរស់នៅជីវិតពេញលេញដូចគេដូចឯងអ៊ីចឹង។
៣ វិធីជួយដល់ការបង្កើតប្រព័ន្ធគាំទ្រ T1D
មានភាពជឿជាក់ហើយទន្ទេញជានិច្ចថា យើងពិតជាអាចធ្វើបានល្អជាងនេះ៖
ជួយចែករំលែកចំណេះដឹងដល់រាល់សមាជិកគ្រួសារអោយយល់ពីល័ក្ខខណ្ឌសុខភាពរបស់ខ្លួន ក្រុមគ្រួសារមិនត្រូវបន្ទោសបង្អាប់ ឬដាក់បន្ទុកគាត់ទេ។
ឧស្សាហ៍បញ្ជាក់ជាមួយគ្រូពេទ្យ ឲ្យជួយពិនិត្យមើលពីសុខភាពផ្លូវចិត្តយើងផង
បង្កើតក្រុម ឬបរិយាកាសសម្រាប់អ្នកដែលរស់នៅជាមួយទឹកនោមផ្អែមអាចជជែកដេញដោល ឬចែករំលែកដោយកក់ក្ដៅពីបញ្ហាមួយនេះ ដោយមិនមានភាពភ័យខ្លាច ឬវាយតម្លៃទាបដល់ការចែករំលែក។
គ្រប់បងប្អូនដែលកំពុងរស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ សូមកុំបាក់ទឹកចិត្ត។ បញ្ហារបស់គ្នាយើងសុទ្ធតែសំខាន់ សម្រាប់គ្រប់គ្នា យើងមិននៅតែឯងឯកោទេ។ លក្ខខណ្ឌសុខភាពយើងម្នាក់ៗកាន់តែល្អប្រសើរឡើង មិនមែនដោយសារតែថ្នាំ (អាំងស៊ុយលីន) តែមួយមុខនោះទេ ប៉ុន្តែកត្តារួមផ្សំផ្សេងទៀតដូចជា ការយល់ចិត្តទំនាក់ទំនងល្អនិងការយកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន គឺជាកត្តាវិជ្ជមាននិងជះផលល្អបំផុតមិនអាចខ្វះបាន។
សូមចូលរួមទាំងអស់គ្នា ដើម្បីជាចំណែកជួយដល់ គ្រប់គ្នាដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ ដាច់ខាតមិនរងទុក្ខទោស តែម្នាក់ឯងដោយស្ងៀមស្ងាត់មិនមានអ្នកអើពើនោះទេ។