ព័ត៌មាន T1D
អ្នកជំនាញថែទាំសុខភាព
អំពីពួកយើង
តមអាហារបែបម៉េចទើបសុវត្ថិភាពអំឡុងបុណ្យរ៉ម៉ាឌនចំពោះអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទ១?
កែសម្រួលដោយ: 29.05.2026
អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ ច្រើនណាស់ដែលតម ឬបង្អត់អាហារអំឡុងខែរ៉ម៉ាឌន ឬខែបួស ព្រោះនេះជាជម្រើសផ្នែកជំនឿសាសនាដ៏សំខាន់ ដែលតម្រូវឲ្យសាសនិកឥស្លាមជុំវិញសាកលលោកបូករួមទាំងនៅកម្ពុជាត្រូវអនុវត្តតាម។ ដោយឡែក មានបញ្ហាប្រឈមខ្លះ ពិសេសកត្តាសុវត្ថិភាព ឬបញ្ហាប្រឈមផ្នែកសុខភាព ចំពោះអ្នកដែលមានទឹកនោមផ្អែមដែលទាមទារការយកចិត្តទុកដាក់ជាប់ជាប្រចាំ។
ដើម្បីជួយកាត់បន្ថយហានិភ័យនិងបង្កើនកម្រិតសុវត្ថិភាពដល់អ្នកគោរពសាសនាឥស្លាមនេះដែរ សហព័ន្ធទឹកនោមផ្អែមអន្តរជាតិ (IDF) និងសម្ព័ន្ធ រ៉ម៉ាឌននិងទឹកនោមផ្អែម (DaR) បានពួតដៃគ្នារៀបចំសេចក្តីណែនាំជាក់ស្តែង ដែលផ្តោតលើការការពារ និងគាំទ្រអ្នកជំងឺទឹកនោមផ្អែមក្នុងអំឡុងខែរ៉ម៉ាឌន ឲ្យមានសុវត្ថិភាពខ្ពស់។
សូមប្រឹក្សាជាមួយក្រុមគ្រូពេទ្យ ឬអ្នកផ្ដល់សេវាថែទាំបញ្ហាទឹកនោមផ្អែមរបស់យើង ដើម្បីរៀបចំផែនការជាមុន ដើម្បីសុវត្ថិភាព។ តើគួរផ្ដោតសំខាន់លើចំណុចណាខ្លះ? ចំណុចចាំបាច់រួមមាន៖
គ្រប់គ្រងកម្រិតជាតិស្ករជាអាទិភាពនិងច្បាស់លាស់បំផុត (រាប់ទាំង HbA1C និងប្រវត្តិការឡើងនិងចុះជាតិស្ករ)
ផលវិបាក ឬបញ្ហាសុខភាពនានា
វិធីកែតម្រូវបរិមាណកម្រិតអាំងស៊ុយលីនដែលត្រូវប្រើប្រាស់ ឬ ការកំណត់ម៉ាស៊ីនបូមអាំងស៊ុយលីន (Insulin Pump)
ពេលវេលាត្រូវជួសពិនិត្យជាតិស្ករ និងពេលត្រូវឈប់តមអាហារ ត្រឡប់មកញ៉ាំវិញការប្រឹក្សាមុនពិធីបុណ្យារ៉ម៉ាឌន ឬខែបួស
ជាធម្មតាគួររៀបចំឲ្យបានស្រេចបាច់ហោចណាស់ពី ៤ទៅ៨ សប្ដាហ៍ជាមុន។ ការត្រៀមខ្លួន និងរៀបចំឲ្យបានល្អ គឺល្អចំពោះសុខភាពយើងផ្ទាល់ដូចគ្នា។
ករណីខ្លះមិនអីទេ ប៉ុន្តែមិនធានាថាគ្រប់អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ អាចបង្អត់អាហារ ឬយើងនិយមហៅថា fasting ដោយជោគជ័យហើយសុវត្ថិភាពនោះទេ។ អ្នកមិនអាចបង្អត់អាហារ (fasting) បានទេប្រសិនបើ៖
មានបញ្ហាជាតិស្ករក្នុងឈាមចុះទាបញឹកញាប់ជាប្រចាំ ឬធ្ងន់ធ្ងរ
ទើបតែមានបញ្ហា Diabetic Ketoacidosis (DKA) ថ្មីៗ
មានផ្ទៃពោះ ឬមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗ។
បង្អត់អាហារ ឬតមអាហារអំឡុងខែបួស (រ៉ម៉ាឌន) ជារឿងមួយ ប៉ុន្តែសម្រាប់ករណីពិសេសសម្រាប់អ្នករស់នៅជាមួយទឹកនោមផ្អែមវិញ រឿងសំខាន់បំផុតគឺ កម្រិតជាតិស្ករក្នុងឈាម ត្រូវត្រួតពិនិត្យជាតិស្ករអោយបានទៀងទាត់។
តើស៊ូហូរ(Suhoor)ជាអ្វី ហើយខុសពីអ៊ីហ្វតារ(Iftar)ដូចម្ដេច? ស៊ូហូរ(Suhoor) ជាការញុំាអាហារពេលព្រឹកព្រលឹមមុននឹងចាប់ផ្ដើមតមអាហារ។ រីឯអ៊ីហ្វតារ(Iftar) វិញជា ការញុាំអាហារពេលល្ងាចបន្ទាប់ពីតមអាហារ។
អាចបន្ថយកម្រិត Basal អាំងស៊ុយលីនបន្តិច
ការចាក់ Rapid អាំងស៊ុយលីន បរិមាណត្រូវចាក់ និងពេលវេលាចាក់ នឹងមានការផ្លាស់ប្តូរជាពិសេសនៅជុំវិញពេលស៊ូហូរ (អាហារមុនព្រះអាទិត្យរះ) និងអ៊ីហ្វតារ (អាហារពេលលិចព្រះអាទិត្យ)។
តាមដានជាតិស្ករក្នុងឈាមជាប់ជាប្រចាំ គួរវាស់ជាតិស្ករក្នុងឈាម មុនពេលស៊ូហូរ ពេលថ្ងៃត្រង់ មុនពេលអ៊ីហ្វតារ និងមុនចូលគេង។
សូមបញ្ឈប់ការបង្អត់អាហារ ឬតមអាហារភ្លាមៗ ក្នុងករណី៖
ជាតិស្ករក្នុងឈាមធ្លាក់ចុះក្រោម 70 mg/dL (3.9 mmol/L)
ជាតិស្ករក្នុងឈាមឡើងលើស 300 mg/dL (16.7 mmol/L) ឬមានអារម្មណ៍ វិលមុខ ចង់ក្អួត ឬមានសញ្ញាខ្វះជាតិទឹក។
ត្រូវចាំថា សុខភាពយើង សំខាន់ជាងអ្វីៗទាំងអស់។
នៅពេលស៊ូហូរ (Suhoor) ជ្រើសរើសអាហារមានជាតិម្សៅដែលរំលាយយឺត ដូចជា គ្រាប់ធញ្ញជាតិ សណ្តែក យ៉ាអ៊ួរ ឬស៊ុត ដើម្បីរក្សាថាមពលឲ្យបានយូរពេញមួយថ្ងៃ។នៅពេលអ៊ីហ្វតារ (Iftar) ចាប់ផ្តើមញ៉ាំអាហារស្រាលៗ ដូចជា ផ្លែរមើល និងទឹក ហើយបន្តញ៉ាំអាហារដែលមានតុល្យភាព។
គួរជៀសវាងអាហារផ្អែមខ្លាំង ឬចៀនដែលបៀមខ្លាញ់ច្រើន។ផឹកទឹកឲ្យបានគ្រប់គ្រាន់ ចន្លោះពីអ៊ីហ្វតារដល់ស៊ូហូរ ដើម្បីការពារការខ្វះទឹក។
ការធ្វើលំហាតប្រាណក្នុងខែរ៉ម៉ាឌន ផ្ដល់ផលប្រយោជន៍ច្រើនណាស់ ប៉ុន្តែពេលវេលា និងសកម្មភាពលំហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយហានិភ័យនៃជាតិស្ករក្នុងឈាមទាប ជាពិសេសចំពោះអ្នកដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ (T1D)។
លំហាត់ប្រាណឲ្យបានត្រឹមត្រូវនិងសុវត្ថិភាព គ្នាយើងអាចអនុវត្តបាន៖
ជៀសវាងលំហាត់ប្រាណបែបខ្លាំងពេកមុនអ៊ីហ្វតារ ព្រោះហានិភ័យជាតិស្ករក្នុងឈាមទាបមានខ្ពស់នៅពេលល្ងាច។
លំហាត់ប្រាណស្រាលៗ (ដូចជា ការលាតសន្ធឹងខ្លួន ឬដើរយឺតៗ) អាចធ្វើមុនពេលបញ្ចប់ការតមអាហារ។
ពេលល្អបំផុតសម្រាប់លំហាត់ប្រាណ គឺបន្ទាប់ពីអធិការប្រារព្ធតារាវ៉ៀ (Tarawih) ចន្លោះម៉ោង ៨–៩ យប់ ពីព្រោះជាតិស្ករក្នុងឈាមស្ថិតនៅកម្រិតថេរល្អ ហើយយើងបានញ៉ាំអាហារនិងផឹកទឹករួច។
ជ្រើសរើសលំហាត់សាមញ្ញៗ ដោយផ្តោតលើភាពបត់បែន សកម្មភាពស្រាលៗមិនប្រើកម្លាំងខ្លាំង។
តាមដានជាតិស្ករក្នុងឈាមជាប្រចាំកុំប្រហែស មុននិងក្រោយពីធ្វើលំហាត់ប្រាណ។ មួយទៀតកុំភ្លេចដាក់អាហារចាំបាច់តាមខ្លួនសំរាប់ញុំាពេលជាតិស្ករក្នុងឈាមចុះ ។
ថ្វីត្បិតតែរ៉ម៉ាឌន ឬអំឡុងខែបួស ជារឿងសំខាន់សម្រាប់គ្រប់អ្នកគោរព ឬកាន់សាសនាឥស្លាមនៅលើពិភពលោក ឬប្រជាជាតិខ្មែរ- ឥស្លាមនៅកម្ពុជា ប៉ុន្តែករណីសំខាន់ចាំបាច់បំផុតសម្រាប់អ្នកកំពុងរស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ក៏ជារឿងសំខាន់ ព្រោះវាពាក់ព័ន្ធដល់កត្តាសុវត្ថិភាព។ ដូច្នេះ បើសិនជាការកាន់បួស ធ្វើឲ្យជាតិស្ករក្នុងឈាមប្រែប្រួលខ្លាំង សូមស្រាយបួសមុនកាលកំណត់ភ្លាមកុំនៅកាន់បួសទៀត។
ទោះល្មើសតាមសាសនាក្ដី ប៉ុន្តែយើងជាសាសនិកបានព្យាយាមហើយ គ្រាន់តែលក្ខខណ្ឌរាងកាយយើងមិនអាចចាំដល់ចប់ចុងចប់ដើមបាន។ នេះជាការគោរពដូចគ្នាដែរ ប៉ុន្តែយើងអាទិភាពកត្តាសុវត្ថិភាពជាចម្បង ចៀសវាងផលលំបាកកាន់តែខ្លាំង។
ក្រោយកាន់បួស ឬក្រោយពិធីបុណ្យរ៉ម៉ាឌនចប់សព្វគ្រប់ គ្នាយើងគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យនិងវាយតម្លៃ ចំណុចពាក់ព័ន្ធឡើងវិញតាំងពីទម្លាប់ កម្រិតធ្លាក់ចុះឬឡើងខ្ពស់ជាតិស្ករក្នុងឈាម និងបរិមាណអាំងស៊ុយលីនរាល់ពេលដែលបានប្រើប្រាស់។ ធ្វើដូច្នេះ នឹងយើងបានច្រើនលើផែនការទៅឆ្នាំក្រោយៗទៀត និងអាចចែករំលែកជាបទពិសោធន៍ល្អ ឬមិនល្អ ទៅកាន់សហគមន៍អ្នកដែលរស់នៅជាមួយទឹកនោមផ្អែមដូចគ្នាយើងបានយល់ដឹង។
ករណីខ្លះ អ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទ១ មានគ្នាយើងខ្លះក៏បង្អត់អាហារ (Fasting) បានដែរ ប៉ុន្តែដូចបញ្ជាក់ខាងលើ កត្តាសុវត្ថិភាពគឺអាទិភាពជានិច្ច។ ការធ្វើនិងអនុវត្តតាមផែនការបានល្អ តាមដាន និងទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យជាប់ជាប្រចាំ បូកផ្សំជាមួយសកម្មភាពប្រចាំថ្ងៃដែលអាចបត់បែនជួយអ្នកអោយរក្សាបានទាំងសេចក្តីជំនឿក្នុងសាសនា និងរក្សាសុខភាពរបស់អ្នកឲ្យបានល្អផងដែរ។