ព័ត៌មាន T1D

រូបតំណាង

អ្នកជំនាញថែទាំសុខភាព

អំពី​ពួក​យើង

ដំណើររឿងរបស់ Athirah៖ ការជម្នះជំងឺទឹកនោមផ្អែមប្រភេទ១

កែសម្រួលដោយ: 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

ក្នុងនាមជាម្តាយ ជាភរិយា និងជាគ្រូពេទ្យមកពីរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី អ្នកស្រី Athirah បានមានប្រសាសន៍ថា៖ «ការរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ អស់រយៈពេល ៣៥ ឆ្នាំមកនេះ មិនមែនជារឿងងាយស្រួលទេ»។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏គាត់នៅតែមានកម្លាំងចិត្តដែលទទួលបានពីការគាំទ្រ និងភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដូចជា ម៉ាស៊ីនសម្រាប់ចាក់អាំងស៊ុយលីន ជាដើម។

Athirah បានគូសបញ្ជាក់ថា៖ «តាមពិតទៅ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ ត្បិតថា យើងមានជំងឺទឹកនោមផ្អែម ក៏យើងនៅតែមានក្តីសុបិន្ត និងគោលដៅជានិច្ច»។ អ្នកស្រីសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកឱកាស ដំណើរផ្សងព្រេង និងស្វែងរកតុល្យភាពក្នុងជីវិតដែលគ្មានភាពប្រាកដប្រជានេះ។

Athirah បានចែករំលែកថា៖ «ខ្ញុំអាចបន្តដំណើរទៅមុខបាន ដោយសារតែការគិតវិជ្ជមានរហូតមក។ បើយើងស្ត្រេស អាចបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូន និងជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះ នៅពេលដែលខ្ញុំនៅក្បែរមនុស្សវិជ្ជមាន និងបរិយាកាសវិជ្ជមាន គឺអាចជួយឲ្យខ្ញុំមានស្មារតីរឹងប៉ឹង ហើយវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកម្រិតជាតិស្កររបស់ខ្ញុំឱ្យមានស្ថេរភាពដូចគ្នា»។

ជាមួយនឹងភាពរីករាយនៃការញ៉ាំកាហ្វេរាល់ថ្ងៃ ការបំពេញការងារ និងការចិញ្ចឹមបីបាច់កូនពីរនាក់ដ៏ស្វាហាប់ ខ្សែជីវិតរបស់ Athirah សឲ្យឃើញពីភាពមិនចុះចាញ់។ អ្នកស្រី​ទទួល​ស្គាល់​ថា​៖ ​«​ជីវិតមនុស្សយើង​ពោរពេញ​ទៅ​ដោយ​រឿងល្អ និងរឿងមិនល្អ ប៉ុន្តែ​ជំនឿ​ និង​ការ​កំណត់​ព្រំដែន​ច្បាស់លាស់ អាចជួយ​ឲ្យ​ខ្ញុំ​ដើរ​នៅលើផ្លូវដ៏ត្រឹមត្រូវមួយ»។

Athirah បញ្ជាក់​ថា៖ «យើងត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​។ ចូរ​ដោះស្រាយ​បញ្ហាដែលយើងជួបប្រចាំ​ថ្ងៃ ជាមួយនឹង​ភាព​ក្លាហាន មិនចុះចាញ់ និង​សេចក្តី​ស្រឡាញ់—យើង​ជាតួឯកនៅក្នុងដំណើរជីវិតរបស់ខ្លួនឯងផ្ទាល់!»។ ភាពសុទិដ្ឋិនិយមរបស់អ្នកស្រី គឺជាការបំផុសគំនិតដល់យើងគ្រប់គ្នា ដែលកំពុងប្រឈមនឹងបញ្ហារៀងៗខ្លួន ដោយដាស់តឿនយើងថា បើយើងមានការតាំងចិត្ត ភាពអត់ធ្មត់ និងផ្នត់គំនិតវិជ្ជមាន នោះយើងនឹងអាចជម្នះរាល់ឧបសគ្គទាំងឡាយដែលចូលមកក្នុងជីវិតរបស់យើងជាមិនខាន។

រូបតំណាង ការបដិសេធ៖